សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករកាត់ដេរបិទផ្លូវមួយនៅភ្នំពេញ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ

កម្មករមកពីរោចក្រកាត់ដេរ Y&W បានបិទផ្លូវ២១៧ក្នុងខណ្ឌដង្កោ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍។ ឃួន ណារីម
កម្មករមកពីរោចក្រកាត់ដេរ Y&W បានបិទផ្លូវ២១៧ក្នុងខណ្ឌដង្កោ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍។ ឃួន ណារីម

កម្មកររោងចក្រកាត់​ដេរ​រាប់​ពាន់​នាក់​បាន​បិទ​ផ្លូវ​សំខាន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ខណៈ​ក្រុម​កម្មករ​បាន​ចោទ​ប្រ​កាន់​និយោជក​ថា​បាន​ប្រើ​កិច្ច​សន្យាការ​ងារ​ខ្លី​ដើម្បី​គ្រប់​គ្រង់​បុគ្គលិក គេចវេសក្នុងការផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត និង​បំបិទ​ការ​តវ៉ាជា​ដើម។

បុរស​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃពុធ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិចគ្នា​មួយ​ប្រាវ​រវាង​កម្មករ និង​កម្លាំង​សម្ថកិច្ច តែ​ក៏​ត្រូវ​បាន​ដោះ​លែង​វិញ​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីអភិបាល​រង​ខណ្ឌ​ដង្កោ លោក ជ គឹមស៊ និង​ជា​អ្នក​បានចុះជួប​កម្មករ​​រោង​ចក្រ​កាត់​ដេរ​ Y&W ដែលតវ៉ាបិទ​ផ្លូវ​២១៧។

លោក គឹមស៊ បាន​អំពាវ​នាវ​ឲ្យ​កម្មករ​ទាំង​អស់រក្សា​ភាព​ស្ងៀម​ស្ងាត់ ព្រោះ​ថា​ក្រុម​ការងារ​រដ្ឋា​ភិបាល​កំពុង​ស្វែង​រកដំណោះស្រាយ​​លើ​ជម្លោះ​រវាង​កម្មករ និង​រោងចក្រ​មាន​ម្ចាស់ជា​ជនជាតិ​ចិន​មួយ​នេះ ខណៈ​ក្រុម​កម្មករ​ក៏​បាន​ទាមទារ​ប្រាក់​អតីតភាពការងារ និង​ប្រាក់​លើក​ទឹក​ចិត្ត​ផ្សេងៗ​ ដែល​ខាង​រោងចក្រ​ជំពាក់​បន្ទាប់ពី​បានធ្វើ​ការ​ក្នុង​កិច្ច​សន្យា​ខ្លី​អស់ពេល​ជាច្រើ​ន​ឆ្នាំ។​​

លោក គឹមស៊ បាន​ប្រាប់​ទៅ​កម្មករ​ថា​ ៖ «ដំណោះ​ស្រាយ​ត្រូវ​ការ​ពេល​ ហើយ​ក្រុម​ការងារ​កំពុងធ្វើការ​លើ​បញ្ហា​នេះ»

​​និយោជក​យក​ចំណេញ​លើ​កិច្ច​សន្យាការងារ​ខ្លី​អស់ជា​ច្រើន​ឆ្នាំ ដែល​កិច្ច​សន្យា​ប្រ​ភេទ​នេះ​ធ្វើ​ឲ្យ​កម្មករ​មិន​ហ៊ាន​រាយការណ៍ពីការ​បំពាននានា ពិបាក​ក្នុង​ការ​ចូល​រួម​សហជីព ឬបាត់​បង់​ការងារ​ថែម​ម៉ោង និង​​កម្មករ​មិន​ហ៊ាន​​តវ៉ាព្រោះ​ខ្លាច​បាត់​បង់​ការងារ។ យ៉ាងណា នៅ​ឆ្នាំ​២០១៩ ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល បាន​ប្រកាសថា​កម្មករ​ត្រូវ​តែ​ទទួលបាន​កិច្ច​សន្យាមិន​កំណត់ និង​​អត្ថប្រយោជន៍​ផ្សេងៗ​បើ​ធ្វើ​ការ​ជាប់​គ្នា​បាន​រយៈពេល​ពីរ​ឆ្នាំ​ឡើង​។​​

កម្មករជា​ច្រើន​របស់​ក្រុម​ហ៊ុន​ Y&W បា​ន​និយាយ​ថា​ពួកគេ​បាន​ធ្វើ​ការ​ក្នុង​កិច្ចសន្យាខ្លីៗ​នៅ​រោង​ចក្រ​នេះ​អស់ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែលថា​​ពួកគេ​ត្រូវ​ទទួល​បាន​កិច្ច​សន្យា​ការងារ​មិន​កំណត់ បាន​ប្រាក់​អតីតភាព​ការងារ សម្រាកមាតុភាព និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ​ទៀត​។​

កម្មករ​ម្នាក់​ឈ្មោះ​ ហេង ហឹម វ័យ​ ៣៥​ឆ្នាំ បាន​ឲ្យ​ដឹងថា៖ «​ពួក​យើង​ទាមទារ​ប្រាក់​អតីតភាព​ការងារ យើង​មាន​គ្រួសារ​ត្រូវ​រ៉ាប់​រង»។ លោក​ថា​ថៅកែ​រោង​ចក្រ​បាន​សន្យា​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​​លើកទឹក​ចិត្ត​ពី​ឆ្នាំ​២០២០ ដែល​អាចបាន​ម្នាក់​១០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ក៏​ទាម​ទារ​ប្រាក់​សំណង​​៥​ភាគ​រយ​ផង​ដែរ​។​

កម្មករកំពុង​តវ៉ា​​ម្នាក់​ទៀត​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះព្រោះ​ខ្លាច​បាត់​បង់​​ការងារ​​ថា​៖ «​ពួកគេ​បាន​បំពាន​សិទ្ធិ យើង​ប្រើ​កម្លាំង​ដើម្បី​ធ្វើ​ការ ហើយ​គ្មាន​ទទួល​បានអ្វី​ទាំង​អស់»។ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​​ត្រូវ​បង់​ប្រាក់​កម្ចីទៅ​ធនាគារក្នុង​មួយ​ខែ​១០០​ដុល្លារ​។​

ម្ចាស់​រោង​ចក្រ​ជា​ជន​ជាតិ​ចិន​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាននោះទេ។​

អ្នក​នាំ​ពាក្យ​​​ក្រ​សួង​ការងារ លោក ហេង​ សួរ មាន​ប្រ​សាសន៍​ថាក្រុម​ការងារ​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​លើជម្លោះ​នេះ និងថា «រោងចក្រ​នានា​អាច​មាន​កិច្ចសន្យាការងារ​ខ្លី ប៉ុន្តែ​មិន​​ត្រូវ​លើស​ពី​បួន​ឆ្នាំ​នោះទេ»។​

ដូច​គ្នា​ដែរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រ​សួងការ​ងារ​បាន​ចេញសេចក្ដី​ប្រកាស​ឲ្យ​ដំណើ​រ​ការ​ឡើង​នូវការ​បើ​ក​ប្រាក់​អតីតភាពការងារជូន​កម្មករ​កិច្ច​សន្យា​មិន​កំណត់ បន្ទាប់​ពីបាន​ពន្យា​ពេល​មួយ​​រយៈ​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩​។​

​ការ​ស្ទង់​មតិមួយ​ធ្វើឡើង​ដោយ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជាកាលពី​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា​កម្មករ​ជាង​ពីរ​ភាគ​បី នៃរោងចក្រចំនួន៤៦៤ ត្រូវ​ថៅកែ​ប្រើ​កិច្ចសន្យាការងារ​ខ្លី​ដោយ​ខុស​ច្បាប់។​

លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព C.CAWDU មាន​ប្រ​សាសន៍ថា៖ «កិច្ច​សន្យាការ​ងារ​ខ្លី​ពិត​ជា​មាន​ប្រ​សិទ្ធភាព​ខ្លាំង​លើ​ការ​កំណត់​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ចូល​សហជីព ឬ​សមាគម»។ លោក​បន្ថែមថា រោងចក្រ​នៅ​ក្នុង​ប្រទេស​៧០ភាគរយ​កេង​ប្រវ័ញ្ច​កម្មករ​ដោយ​វិធី​នេះ។​​

លោក​មាន​ប្រសាសន៍​ថា៖ «​យើង​បារម្ភ​ពី​ការ​បំពាន​សិទ្ធិ ហើយ​កម្មករ​បាត់​បង់​អត្ថប្រយោជន៍​ផ្សេងៗ»។ លោក​ន្តថា​កម្មករ​ក្នុង​កិច្ច​សន្យាការងារ​ខ្លី​កម្រ​​ហ៊ាន​ចូល​រួម​ការ​តវ៉ាណាស់។​

ចំណែក​លោក ឃុន ថារ៉ូ មន្ត្រី​សម្រប​សម្រួល​គម្រោងសិទ្ធិ​ការងារ​អង្គការ​សង់ត្រាល់​  លើ​ក​ឡើង​ថា៖ «​កម្មករ​កិច្ច​សន្យាខ្លី​មាន​ហានិភ័យ​គ្រប់​យ៉ាង។​ ​ការងារមិនសុវត្ថិភាព និង​ប៉ះ​ពាល់​លើ​ការ​ទទួល​បាន​សិទ្ធិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment workers block Phnom Penh road and call for bonuses

269 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម