យ៉ាងហោចណាស់តំបន់ការពារចំនួន២០ ត្រូវបានពង្រីកដោយបញ្ចូលរបៀងអភិរក្សជីវៈចម្រុះ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដើម្បីប្រែក្លាយជាតំបន់ការពារ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញកាលពីខែកក្កដា ឆ្នាំ២០២៣ និងបានចេញផ្សាយជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «បាទ ទីមួយ យើងបានបញ្ចូល [របៀងអភិរក្សជីវៈចម្រុះ] ដែលជាកន្លែងណាមិនប៉ះពាល់ ហើយទីពីរ យើងកំពុងពិនិត្យមើលដីផ្សេងទៀតដែលអាចវៃបញ្ចូលគ្នាបាន ដូច្នេះនេះជាជំហានដំបូង ហើយយើងនឹងបន្តការងាររបស់យើងជំហានទីពីរទៀត»។ .
យោងតាមអនុក្រឹត្យដែលបានចេញផ្សាយជាសាធារណៈគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ផ្ទៃដីជាង ៨៦ម៉ឺន ហិកតានៅទូទាំង១៤ខេត្តត្រូវបានប្តូរទៅជាតំបន់ការពារ។
ក្រុមអ្នកអភិរក្ស និងសកម្មជនបរិស្ថានព្រមានថា ការពង្រីកផ្ទៃដីដ៏ធំនេះ ទំនងជានឹងបង្កឱ្យ មានជម្លោះដីធ្លី ដោយសារកង្វះការពិគ្រោះយោបល់ជាមួយសហគមន៍ដែលរស់នៅក្នុង ឬជុំវិញព្រំប្រទល់ថ្មី ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
ពួកគេក៏បានចោទសួរអំពីឆន្ទៈ និងសមត្ថភាពរបស់អាជ្ញាធរក្នុងការការពារផ្ទៃដីដែលបានកំណត់ថ្មីនេះផងដែរ ដោយសារតែមានការកាប់ព្រៃឈើ និងការផ្តល់ដីសម្បទានដល់ក្រុមអ្នកមានច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ការពារដែលមានស្រាប់នោះ។
លោក ហេង ស្រស់ សកម្មជននៅក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់គឺថា តើមានព្រៃឈើក្នុងតំបន់ដែលត្រូវការពារនោះឬអត់? ពេលខ្លះអត់មានព្រៃដែលត្រូវការពារ»។ លោកបន្តថា៖ «ទំហំដែនជម្រកសត្វព្រៃបានកើនឡើង ប៉ុន្តែអ្វីដែលយើងបារម្ភគឺអាជ្ញាធរ… ហាក់ដូចជាមិនបានទប់ស្កាត់ [ការកាប់បំផ្លាញព្រៃឈើ]នោះទេ»។
ដែនជម្រកសត្វព្រៃលំផាត់ ភ្នំណាមលៀ ភ្នំព្រេច កែវសីមា គូលែនព្រហ្មទេព និងឧទ្យានជាតិបូកគោ និងវើនសៃ-សៀមប៉ាង សុទ្ធតែត្រូវបានពង្រីកព្រំប្រទល់របស់ខ្លួន ហើយករណីខ្លះត្រូវបានពង្រីកដល់រាប់ម៉ឺនឬរាប់សែនហិកតា។
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងភាគខាងត្បូងបានរួមបញ្ចូលគ្នា រួមជាមួយនឹងការកំណត់ឡើងវិញនូវច្រករបៀងអភិរក្សជីវចម្រុះដែលនៅជាប់គ្នាជាង ១១៤ ០០០ហិកតា ទៅជាឧទ្យានជាតិភ្នំក្រវាញដែលមានផ្ទៃដី ៩២៦ ១២៣ហិកតា។
មុនពេលមានការពង្រីកផ្ទៃដីតំបន់ការពារនៅក្នុងខែកក្កដា តំបន់ការពារបានគ្របដណ្តប់ជាង៤០ភាគរយនៃផ្ទៃដីរបស់ប្រទេសកម្ពុជារួចហើយ ហើយដោយសារតែកង្វះនៃការកំណត់តំបន់ ជាធម្មតាធ្វើឲ្យមានសហគមន៍នៅតែរស់នៅក្នុងតំបន់ទាំងនោះ។
មានតែតំបន់ការពារចំនួនពីរប៉ុណ្ណោះ គឺឧទ្យានជាតិបុទុមសាគរ និងដែនជម្រកសត្វព្រៃស្រែពក បានថយចុះទំហំផ្ទៃដី បើផ្អែកលើអនុក្រឹត្យដែលមានស្រាប់។ ឧទ្យានជាតិបុទុមសាគរ ដែលភាគច្រើនត្រូវបានបែងចែកឲ្យឧកញ៉ារួចហើយ ត្រូវបានគេកាត់ចេញអស់ ២៧ ៣៥៥ ហិកតា។ ដែនជម្រកសត្វព្រៃស្រែពកត្រូវបានគេកាត់ចេញតែ២៦៤ហិកតាប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាលបានអះអាងប្រាប់ខេមបូចាថា នឹងមិនមានបញ្ហាជាមួយនឹងការបំប្លែងដីរាប់សែនហិកតាទៅជាតំបន់ការពារនោះទេ ដោយអះអាងថា សហគមន៍នឹងមិនរងផលប៉ះពាល់ឡើយ។
ប៉ុន្តែការពិនិត្យមើលតាមរូបភាពពីផ្កាយរណបបង្ហាញថា ដីស្រែ និងសម្បទានដីសេដ្ឋកិច្ច និងសម្បទានដីសង្គមកិច្ចទាំងអស់ទំនងជាស្ថិតនៅក្នុងផ្នែកខ្លះក្នុងព្រំប្រទល់នៃតំបន់ការពារដែលត្រូវបានពង្រីកថ្មីៗ។
ឧទាហរណ៍ដូចជា ព្រំប្រទល់ឧទ្យានជាតិវើនសៃ-សៀមប៉ាង បានពង្រីកពី ៥៧ ៤៦៩ហិកតា ដល់ ២៨០ ៣៥៩ហិកតា នៅទូទាំងខេត្តរតនគិរី និងស្ទឹងត្រែង។ ព្រំប្រទល់តំបន់ការពារថ្មីនេះគ្របដណ្តប់លើទាំងផ្ទៃដីជាង៥០០០ហិកតា ដែលក្រសួងកសិកម្មបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចកាលពីឆ្នាំមុន ដែលឥឡូវនេះត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការកាប់ឈើទ្រង់ទ្រាយធំ។
ព្រំដែនដែលបានពង្រីករបស់ឧទ្យានជាតិក៏រួមបញ្ចូលផងដែរនូវតំបន់ដែលកំណត់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បីចែកចាយដល់គ្រួសារក្រីក្រសម្រាប់ធ្វើកសិកម្ម។
លោក សេក សុធា អ្នកសម្របសម្រួលមណ្ឌលអេកូទេសចរណ៍ឃុំអូរស្វាយខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា លោកមិនបានដឹងថា ព្រំប្រទល់នៃឧទ្យានជាតិវើនសៃ-សៀមប៉ាងទំនងជានៅពេលនេះគ្របដណ្តប់លើដីស្រែចម្ការរបស់សហគមន៍លោកនោះទេ។
លោក សុធា មានប្រសាសន៍ថា៖ «យើងគាំទ្រតំបន់អភិរក្ស ប៉ុន្តែរដ្ឋាភិបាលត្រូវតែសិក្សាឱ្យបានហ្មត់ចត់ពីផលប៉ះពាល់ទៅលើអ្នកភូមិ ព្រោះនៅតំបន់ទាំងនោះ អ្នកភូមិមានដីស្រែរបស់ពួកគាត់ រួមទាំងព្រៃសហគមន៍ផងដែរ»។
កន្លងមក ដីភាគច្រើនដែលគេចាត់ជាឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រូវបានកំណត់ថា ជារបៀងអភិរក្សជីវចម្រុះដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដែលជាការធ្វើអនុប្បយោគដាច់ដោយឡែកដែលមានបំណងតភ្ជាប់ជាមួយនឹងតំបន់ការពារ។
ខណៈដែលតាមលក្ខណៈបច្ចេកទេសរបៀងអភិរក្សជីវចម្រុះបានហាមឃាត់មិនឲ្យមានកម្មសិទ្ធិដីធ្លី ជាក់ស្តែង សហគមន៍ជាច្រើនហាក់ដូចជាបានអះអាងថា បានប្រើប្រាស់ដីដែលមានស្រាប់នៅក្នុងតំបន់ទាំងនោះ។


កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យើងនឹងបោះបង្គោលកំណត់កន្លែងណាជាតំបន់ការពារ[ត្រូវបានពង្រីក]ដើម្បីធ្វើឲ្យប្រាកដថា សហគមន៍មានការយល់ដឹង។ មិនមានផលប៉ះពាល់ដល់សហគមន៍ទេ» ។
លោកបានដាក់ទូរសព្ទចុះនៅពេលសួរអំពីការត្រួតស៊ីគ្នានៃព្រំប្រទល់តំបន់ការពារថ្មីជាមួយនឹងដីសម្បទានសង្គមកិច្ចដែលមានស្រាប់។
អ្នកស្រី ផ្លឹក ភារម្យ អ្នកសម្របសម្រួលបណ្តាញជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបាននិយាយថា អាជ្ញាធរមិនបានពិគ្រោះយោបល់ជាមួយសហគមន៍ជនជាតិដើមភាគតិចអំពីការពង្រីកតំបន់ការពារចំនួនបួននៅទូទាំងខេត្តរបស់អ្នកស្រីនោះទេ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនមានសុទិដ្ឋិនិយមចំពោះការការពាររបស់អាជ្ញាធរបរិស្ថានទេ ព្រោះខ្ញុំឃើញថា កន្លែងណាដែលពួកគេនៅ កន្លែងនោះនឹងត្រូវបំផ្លាញ។ នៅពេលអាជ្ញាធរបរិស្ថានចូលមក [ដើម្បីការពារតំបន់] ការព្រួយបារម្ភរបស់ខ្ញុំគឺថា ដីទាំងអស់នឹងត្រូវប្រគល់ឲ្យក្រុមហ៊ុន»។
មានការផ្តល់បណ្ណកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចមួយចំនួនតូចប៉ុណ្ណោះ ខណៈដែលអាជ្ញាធរក៏បានរារាំងការស្នើសុំរបស់សហគមន៍ក្នុងការទទួលបានកម្មសិទ្ធិលើដីរបស់ពួកគាត់ ហើយជំនួសមកវិញ បានបែងចែកដីទុកសម្រាប់គោលបំណងផ្សេងទៀត។
លោក Tim Frewer សាស្ត្រាចារ្យនៅ School of Field Studies នៅខេត្តសៀមរាបមានប្រសាសន៍ថា ដំណើរការនៃការកែប្រែដីទៅជាតំបន់ការពារគួរតែធ្វើឡើង «ដោយមានការចូលរួមយ៉ាងពេញលេញពីជនជាតិដើមភាគតិច ដែលបាននិងកំពុងការពារតំបន់ទាំងនេះច្រើនជំនាន់មកហើយនោះ»។
លោក Frewer បានថ្លែងថា៖ «នៅតែមានព្រំប្រទល់ត្រួតស៊ីគ្នារវាងតំបន់ការពារ ដីរបស់កសិករតូចតាច និងតំបន់ដែលត្រូវបានស្នើសុំចុះបញ្ជីជាដីសហគមន៍ជនជាតិដើមភាគតិច។ សហគមន៍ជនជាតិដើមភាគតិច សង្គមស៊ីវិល និងម្ចាស់ជំនួយបានចំណាយច្រើនណាស់ក្នុងដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច»។
បណ្ណកម្មសិទ្ធិដីសហគមន៍ផ្តល់នូវការទទួលស្គាល់សិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចចំពោះព្រៃឈើដ៏ពិសិដ្ឋ ដីស្រែចម្ការវិលជុំ និងដីព្រៃបម្រុងទុកសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្តែកង្វះការកំណត់តំបន់ច្បាស់លាស់ និងកង្វះការផ្តល់បណ្ណកម្មសិទ្ធិ បានធ្វើឲ្យទាំងសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មិនមែនជនជាតិដើមភាគតិច ដែលរស់នៅ និងធ្វើកសិកម្មនៅក្នុងតំបន់ការពារក្លាយជាប្រភពនៃជម្លោះជាយូរមកហើយ។
លោក Frewer បានបន្តថា៖ «វាមានសារៈសំខាន់ផងដែរក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនកសិករតូចតាចដែលមិនមែនជាជនជាតិដើមភាគតិចនិងក្រីក្រដែលបានប្រើប្រាស់ដីដែលត្រូវបានឈូសឆាយរួចហើយនៅក្នុងច្រករបៀងអភិរក្សជីវចម្រុះទាំងនេះ សម្រាប់សកម្មភាពចិញ្ចឹមជីវិតជាមូលដ្ឋាន»។
រដ្ឋាភិបាលធ្លាប់បានប្រកាសកាលពីឆ្នាំមុនថា ខ្លួនគ្រោងធ្វើអនុប្បយោគតំបន់ការពារដែលមានផ្ទៃដីជិតមួយលានហិកតា ដោយបែងចែកសម្រាប់កម្មសិទ្ធឯកជន និងកំណត់តំបន់នោះឡើងវិញ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការបែងចែកដីនេះ ប៉ុន្តែក៏មានសុទិដ្ឋិនិយមផងដែរថា ជាមធ្យោបាយដោះស្រាយវិវាទដីធ្លីនៅក្នុង និងជុំវិញតំបន់ការពារ។
លោក វ៉ែន វ៉ន អ្នកនាំពាក្យសហគមន៍ជនជាតិដើមភាគតិចជង ដែលរស់នៅខាងក្នុង និងជុំវិញឧទ្យានជាតិភ្នំក្រវាញដែលបានកែសម្រួលបាននិយាយថា ព្រំប្រទល់នៅតែមិនច្បាស់លាស់រវាងដីស្រែសហគមន៍ និងគម្រោងឥណទានកាបូនជាកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (REDD+) ដែលមានស្រាប់។ .
លោក វ៉ែន វ៉ន បាននិយាយថា៖ «ពួកគេមិនទាន់កំណត់ព្រំប្រទល់រវាងការប្រើប្រាស់ដីស្រែចម្ការ និងដីអភិរក្សទេ ដូច្នេះយើងមិនទាន់ដឹងពីផលប៉ះពាល់នៅឡើយទេ។ ប៉ុន្តែអ្នកស្រុកគ្មានសិទ្ធិប្រមូលអនុផលព្រៃឈើក្នុងតំបន់ការពារទេ»។ រឿងនេះអាចបណ្តាលឱ្យមានការហាមឃាត់សហគមន៍មិនឱ្យធ្វើកសិកម្ម។
តំណាងមកពីអង្គការសម្ព័ន្ធសត្វព្រៃបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើការផ្លាស់ប្តូរទៅជាតំបន់ការពារនឹងប៉ះពាល់ដល់គម្រោងរ៉េដបូកភ្នំក្រវាញខាងត្បូង (Southern Cardamom REDD+) បែបណានោះទេ ដែលគម្រោងនេះទើបត្រូវបានផ្អាកនាពេលថ្មីៗនេះ ដោយសារតែមានការស៊ើបអង្កេតកំពុងបន្តដោយអង្គការ Verra បន្ទាប់ពីមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។
លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានប្រាប់ ខេមបូចា ថា ការកំណត់តំបន់ការពារថ្មី «មិនប៉ះពាល់ដល់ [គម្រោង REDD+] ទេ ដែលនៅតែបន្តជាធម្មតា»។
លោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម។
ការពង្រីកទំហំ
- ដែនជម្រកសត្វព្រៃព្រែកប្រសព្វ បានកើនឡើង ១២ ៧៧០ ដល់ ១៤ ២២១ហិកតា = ១ ៤៥១ហិកតា
- ដែនជម្រកសត្វព្រៃព្រៃឡង់ បានកើនឡើងពី ៤៣១ ៦៨៣ ដល់ ៤៨៩ ៦៦៣ហិកតា = ៥ ៧៩៨ហិកតា
- ដែនជម្រកសត្វព្រៃឆែប-ព្រះរការ បានមកពីបូកបញ្ជូលពីដែនជម្រកសត្វព្រៃឆែប ១៩០ ០២៧ហិកតា ជាមួយនឹងជម្រកសត្វព្រៃព្រះរការទំហំ ៩០ ៣៦១ហិកតា រួមជាមួយនឹងការធ្វើអនុប្បយោគបន្ថែម ៦៧ ១៨០ហិកតាពីរបៀងអភិរក្សជីវចម្រុះដែលនៅជាប់គ្នាជាតំបន់ការពារ ស្មើ ៦៧ ១៨០ហិកតា។
- ដែនជម្រកសត្វព្រៃតាតៃ បានកើនឡើងពី ១៤៤ ២៧៥ ដល់ ១៤៤ ៥៣៩ហិកតា = ២៦៤ហិកតា។
- ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានកើនឡើង ២៥៣ ៧៥០ ដល់ ២៥៨ ១៧២ហិកតា = ៤ ៤២២ហិកតា
- ដែនជម្រកសត្វព្រៃបឹងពែរ បានកើនឡើង ២៤២.៥០០ ទៅ ២៦៥.៨៨៣ ហិកតា = ២៣.៣៨៣ ហិកតា
- ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានកើនឡើង ៤២ ០៩៧ ដល់ ៥១ ៧៣០ ហិកតា = ៩ ៦៣៣ ហិកតា
- ដែនជម្រកសត្វព្រៃភ្នំសំកុស បានកើនឡើង 333,750 ៣៣៣ ៧៥០ដល់ ៣៦២ ៣៨៤ហិកតា = ២៨ ៦៣៤ហិកតា
- ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម (ភ្នំគូលែន) បានកើនឡើង ៣៧ ៥០០ ទៅ ៦២ ៨៨៣ ហិកតា = ២៥ ៣៨៣ ហិកតា
- ឧទ្យានជាតិកែបបានកើនឡើងពី ១ ១៥២ ទៅ ១ ២៣០ហិកតា = ៧៨ហិកតា
- ឧទ្យានជាតិអូរយ៉ាដាវ បានកើនឡើង ១០១ ៣៤៨ ដល់ ១០៥ ០១៩ ហិកតា = ៣ ៦៧១ ហិកតា
- ឧទ្យានជាតិវីរៈជ័យ បានកើនឡើងពី ៣៣២ ៥០០ ទៅ ៤០៥ ៧៦៦ហិកតា = ៧៣ ២៦៦ហិកតា
- ដែនជម្រកសត្វព្រៃលំផាត់បានពង្រីកពី ២៥០ ០០០ ទៅ ៣៥៦ ០៨៧ ហិកតា = ១០៦ ០៨៧ ហិកតា
- ដែនជម្រកសត្វព្រៃភ្នំណាមលៀ កើនឡើងពី ៤៧ ៥០០ ទៅ ៦៤ ៨៣៥ ហិកតា = ១៧ ៣៣៥ ហិកតា
- ដែនជម្រកសត្វព្រៃភ្នំព្រេច បានកើនឡើងពី ២២២ ៥០០ ទៅ ២៦២ ៦៤២ ហិកតា = ៤០ ១៤២ ហិកតា
- ដែនជម្រកសត្វព្រៃកែវសីមា បានកើនឡើងពី ២៩២ ៦៩០ ទៅ ៣១៧ ៤៥៦ ហិកតា = ២៤ ៧៦៦ ហិកតា
- ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានកើនឡើងពី ៤០២ ៥០០ ទៅ ៤២៨ ៩៧១ហិកតា = ២៦ ៤៧១ហិកតា
- ឧទ្យានជាតិបូកគោបានកើនឡើងពី ១៥៤ ៤៥៨ ទៅ ១៥៦ ១១៦ ហិកតា = ១ ៦៥៨ ហិកតា
- ឧទ្យានជាតិវើនសៃ-សៀមប៉ាង បានកើនឡើងពី ៥៧ ៤៦៩ ទៅ ២៨០ ៣៥៩ហិកតា = ២២២ ៨៩០ហិកតា
- ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល (ពីមុន ៤០១ ៣១៣ហិកតា) បូកបញ្ចូលគ្នាជាមួយឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង (ពីមុន ៤១០ ៣៩២ហិកតា) រួមជាមួយនឹងការធ្វើអនុប្បយោគបន្ថែម ១១៤ ៤១៨ហិកតាពីរបៀងអភិរក្សជីវចម្រុះដែលនៅជាប់គ្នាជាតំបន់ការពារ = ១១៤ ៤១៨ហិកតា។
- ការកើនឡើងសរុបនៃផ្ទៃដីតំបន់ការពារថ្មី = ៨៦០ ០០០ ហិកតា
ការថយចុះទំហំ
- ឧទ្យានជាតិបុទុមសាគរ ថយចុះពី ១៧១ ២៥០ មកត្រឹម ១៤៣ ៨៩៥ ហិកតា = ២៧ ៣៥៥ ហិកតា
- ដែនជម្រកសត្វព្រៃស្រែពក បានកាត់បន្ថយទំហំពី ៣៧២ ៩៧១ មកត្រឹម ៣៧២ ៧០៧ហិកតា = ២៦៤ហិកតា
- ចំនួនថយចុះសរុបនៃទំហំតំបន់ការពារ = ២៧ ៦១៩ហិកតា
ខេត្តដែលរងផលប៉ះពាល់
ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពត ព្រះសីហនុ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង កំពង់ធំ បាត់ដំបង ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Expands Protected Areas by More Than 550,000 Hectares និង Government Reclassifying Biodiversity Corridors Into Protected Areas