សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រី៖ រដ្ឋាភិបាលមិនគួរជ្រៀតជ្រែកកិច្ចការតុលាការ ខណៈអាមេរិកស្នើឲ្យទម្លាក់ការចោទប្រកាន់លើសមាជិកបក្សប្រឆាំង

រថយន្តពន្ធនាគារព្រៃសដឹកអតីតសកម្មជនគណបក្សសង្គ្រោះជាតិត្រឡប់ទៅពន្ធនាគារវិញ បន្ទាប់ពីសវនាការរបស់ពួកគេ ខណៈពេលមន្ត្រីនគរបាលព្យាយាមរារាំងអ្នកគាំទ្រនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
រថយន្តពន្ធនាគារព្រៃសដឹកអតីតសកម្មជនគណបក្សសង្គ្រោះជាតិត្រឡប់ទៅពន្ធនាគារវិញ បន្ទាប់ពីសវនាការរបស់ពួកគេ ខណៈពេលមន្ត្រីនគរបាលព្យាយាមរារាំងអ្នកគាំទ្រនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើអតីតសមាជិកគណបក្សសង្គ្រោះជាតិ តំណាងរដ្ឋាភិបាលកម្ពុជានិយាយថា រដ្ឋាភិបាលមិនគួរជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគ្រាន់តែបានដឹងសំណើទាំងនោះ ប៉ុន្តែ [យើង] មិនអាចធ្វើអ្វីបានទេ ពីព្រោះវាជាកាតព្វកិច្ចរបស់តុលាការ»។

លោកបានមានប្រសាសន៍ថា៖ «កម្ពុជាសហរដ្ឋអាមេរិក យើងគោរពនីតិរដ្ឋទាំងស្រុងដូច្នេះ រដ្ឋាភិបាលគ្មានសិទ្ធិឬបុព្វសិទ្ធិបញ្ជាតុលាការទេ» ដោយលោកបន្ថែមថា៖ «បញ្ហាផ្សេងទៀត គឺជាកាតព្វកិច្ចរបស់តុលាការ។ វាមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ»

កាលពីថ្ងៃអង្គារ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋ អាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវអ្វី ដែលលោកស្រីបានចាត់ ទុកថា ជាការចោទប្រកាន់ដែលមានហេតុផលនយោបាយលើសកម្មជន អ្នកសារព័ត៌ មាននិងសមាជិកនៃគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារ ហើយបើកលំហនយោបាយឡើងវិញ មុនការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជាតិនាពេលខាង មុខ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចបានគាំទ្រសំដីលោក ផៃ ស៊ីផាន ដោយមានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកកិច្ចការតុលាការបានទេ។

លោកបានមានប្រសាសន៍ថា៖ «គាត់ [Wendy Sherman] បានស្នើទៅរដ្ឋាភិបាល គឺខុសកន្លែង ព្រោះតុលាការបានចោទប្រកាន់ជនជាប់ចោទទាំងនោះ»

លោកបានបន្ថែមថា៖ «យើងមិនអាចធ្វើអ្វី ដែលរំលោភច្បាប់ឬជ្រៀតជ្រែកកិច្ចការតុលាការបានទេ»

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ខេមបូចាថា រដ្ឋាភិបាលនឹងពិនិត្យមើលសំណើទាំងនេះ ប៉ុន្តែថា តើសំណើទាំងនោះអាចត្រូវបានពិនិត្យឬយ៉ាង ណានោះ គឺអាស្រ័យលើតុលាការ។

លោកបានមានប្រសាសន៍ថា៖«ជាកិច្ចប្រឹងប្រែងផ្នែកការទូត រដ្ឋាភិបាលនឹងទទួលយកសំណើទាំងនោះ ប៉ុន្តែថា តើយើងអាចអនុវត្តបានឬអត់ គឺផ្អែកលើច្បាប់របស់កម្ពុជា»

កាលពីឆ្នាំមុន សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមបើកសវនាទ្រង់ទ្រាយធំជំនុំ ជម្រះលើសំណុំរឿងរបស់អតីតសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១៣០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់និងរួមគំនិតក្បត់ ដែលសំណុំរឿងនេះ គឺទាក់ទងនឹងការគាំទ្ររបស់ពួកគេចំពោះការប៉ុនប៉ងវិលត្រឡប់មិនបានជោគ ជ័យកាលពីឆ្នាំ២០១៩ របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ស្របពេលជាមួយគ្នានោះ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោកត្រូវបានផ្អាកកាលពីខែមីនា ឆ្នាំ២០២០ ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកស្រី Sherman បានសរសេរសារតាមទ្វីតធើថា លោកស្រីបានជួបជាមួយលោកកឹម សុខា និងបានពិភាក្សាពីបញ្ហានៃសារៈសំខាន់ រួមទាំងការធានាសន្តិភាព វិបុលភាព អធិបតេយ្យភាព និងអនាគតប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា។

លោកស្រីបានសរសេរថា៖ «សហរដ្ឋអាមេរិកគាំទ្រប្រជាពលរដ្ឋកម្ពុជា សេចក្តីប្រាថ្នារបស់ពួកគេចង់បានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិក្នុងការប្រើប្រាស់សេរីភាពជាមូល ដ្ឋានរបស់ពួកគេ»

លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យ បានមានប្រសា សន៍ថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាលើសំណើរបស់លោកស្រី Sherman ក្នុងការទម្លាក់ការចោទប្រកាន់ ដើម្បីរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដើម្បីស្តារលទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។

លោកបានមានប្រសាសន៍ថា៖ «អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក [Wendy Sherman] ដែលមកបំពេញទស្សនកិច្ចនេះ កំពុងផ្ញើសារដែលថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»

លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសកម្ពុជាបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ។

ដោយលើកឡើងពីគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ព្រមទាំងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរនោះ លោក ច័ន្ទរឿន បានមានប្រសាសន៍ថា៖ «ប្រសិនបើកម្ពុជាចង់បន្តទំនាក់ទំនងល្អក្នុងការទទួលបានផលប្រយោជន៍ពាណិជ្ជកម្មក្រៅប្រទេសជាមួយសហរដ្ឋអាមេរិក យើងត្រូវតែអនុវត្តគោលការណ៍ដែលត្រូវបានលើកឡើង»

លោកបានបន្ថែមថា៖«[ការទម្លាក់ការចោទប្រកាន់បែបនយោបាយ] គឺជាដំណោះស្រាយ ដែលមេដឹកនាំខ្មែរគួរតែពិចារណាឡើងវិញទាក់ទងនឹងការស្តារស្មារតីនៃការផ្សះផ្សារជាតិ»

សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃអង្គារដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោកស្រី Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វីដែលស្ថានទូតបានចាត់ទុកថាជាវត្តមានយោធាចិននិងការបន្តសាងសង់និងសកម្ម ភាពវាយកម្ទេចចោលមូលដ្ឋានកងទ័ពជើងទឹករាមតាមបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា មូលដ្ឋានយោធាចិននៅកម្ពុជាដែលច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាមិនអនុញ្ញាតឲ្យមាននោះ នឹង«ធ្វើឱ្យអន្តរាយដល់អធិប តេយ្យភាពរបស់ខ្លួន គំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government shouldn’t meddle in court decisions, officials say after US urges charges against opposition members dropped

582 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម