បាត់ដំបង៖ នៅក្នុងឆ្នាំ២០២១ រដ្ឋបាលឃុំកំពង់ព្រៀង នៃស្រុកសង្កែ ខេត្ដបាត់ដំបង បានដាក់ដេញថ្លៃ គម្រោងកសាងផ្លូវគ្រួសក្រហមចំនួន ៣ភូមិ ដែលមានប្រវែងសរុប៥៥០០ម៉ែត្រ។ នេះបើយោងទៅតាមការអះអាងរបស់លោក សំ ឈើន មេឃុំកំពង់ព្រៀង។
លោក សំ ឈើន បានថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង នាថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២១ថា ក្នុងឃុំកំពង់ព្រៀងបានទទួលថវិកាមូលនិធិក្នុងឆ្នាំ២០២១ បូករួមទាំងថវិការដ្ឋបាលបានចំនួនប្រមាណ ៥០០លានរៀល។
លោកបន្តថា ៖«សំរាប់ថវិកានៅក្នុងឆ្នាំ២០២១នេះរដ្ឋបាលឃុំ បានមានគម្រោងកសាងផ្លូវគ្រួសក្រហម ដែលបានដេញថ្លៃប្រគល់ឱ្យក្រុមជំនាញសាងសង់រួចរាល់ហើយដែលក្នុងនោះមាន ៣ភូមិគឺ ភូមិសំបុក មានប្រវែង២៥០០ម៉ែត្រ ភូមិកាច់រទេះ មានប្រវែង១៥០០ម៉ែត្រ និងភូមិអូរទូក មានប្រវែង១៥០០ម៉ែត្រ។ គម្រោងត្រូវកសាងនូវពេលអាកាសធាតុអំណោយផលឈប់ភ្លៀងដីស្ងួត»។
លោកបន្តថា សំរាប់ថវិកាឆ្នាំ២០២១រដ្ឋបាលឃុំក៏មានគម្រោងកសាងសាលាមត្តេយ្យផងដែរ តែដោយសារថវិកានៅខ្វះខាតទើបមិនទាន់សម្រេចថាបាននៅឡើយទេ។
ពលរដ្ឋម្នាក់រស់នៅក្នុងឃុំកំពង់ព្រៀងក៏មានសំណូមពរឱ្យរដ្ឋបាលឃុំពន្លឿនការសាងសង់ផ្លូវមួយខ្សែរដែលបានខូចខាតដោយសារប្រជាពលរដ្ឋធ្វើដំណើរ ដឹកស្រូវឆ្លងកាត់ច្រើនបណ្ដាលឱ្យដាច់មានប្រវែងជាង ២០០ម៉ែត្រផងដែរ។
លោកមេឃុំបានឆ្លើយតបទៅកាន់ការលើកឡើងរបស់ប្រជាពលរដ្ឋថា ក្នុងចំនុចដែលពលរដ្ឋលើកឡើងនេះគឺនៅចំនុចភូមិអូរទូក ដែលជាគោលដៅរដ្ឋបាលឃុំ គ្រោងនឹងសាងសង់នៅពេលដីស្ងួត នាពេលខាងមុខនេះ។ លោកថា រដ្ឋបាលឃុំតែងតែចុះត្រួតពិនិត្យជាប្រចាំ ឃើញថាមិនមែនមានតែផ្លូវប្រវែងជាង ២០០ម៉ែត្រនេះទេដែលខូចខាតខ្លាំងនោះគឺមានចំនុចផ្សេងៗទៀតផងដែរ៕
ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា