សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្និទ្ធលោកកែម ឡី បង្ហាញហេតុការណ៍មុនឃាតកម្មលើរូបលោក

លោក កែម ឡី ថ្លែងក្នុងកម្មវិធីមួយ កាលពីខែមករា ឆ្នាំ២០១៤។ខេមបូចា/ បញ្ញា ឆព័ណ្ណ
លោក កែម ឡី ថ្លែងក្នុងកម្មវិធីមួយ កាលពីខែមករា ឆ្នាំ២០១៤។ខេមបូចា/ បញ្ញា ឆព័ណ្ណ

ភរិយា និងអ្នកធ្វើការស្និទ្ធស្នាលជាមួយលោក កែម ឡី លើកឡើងពីហេតុការណ៍ និងការចងចាំមួយចំនួន​ដែលពួកគេហ៊ានអះអាងថា ការសម្លាប់អ្នកវិភាគរូបនេះមិនពាក់ព័ន្ធជាមួយករណីខ្ចីលុយ ៣០០០ដុល្លារនោះទេ។

​ ពេលសាកសួរដល់ករណីដែលមានការចោទថា លោក កែម ឡី បានខ្ចីលុយ លោក​ អឿត អាង ហៅជួបសម្លាប់ ហើយមិនសងទើបមានការបាញ់សម្លាប់នោះ អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ចាត់ទុកថា ការចោទនេះជា ការប្រមាថធ្ងន់ធ្ងរដល់ស្វាមីអ្នកស្រីដែលជាអ្នកខិតខំធ្វើកិច្ចការងារដើម្បីសង្គមជាតិ។​

អ្នកស្រី អះអាងថា ស្វាមី របស់អ្នកស្រី មិនដែលនិយាយពីការខ្ចីលុយលោក អឿត អាង នោះទេ ហើយម្យ៉ាងទៀត គ្រួសារគាត់ក៏មិនមានអ្វីខ្វះខាតដែរ។​

ចំពោះករណីឃាតកម្មនេះ អ្នកស្រី ប៊ូ រចនា ក៏មិនជឿថា លោក អឿត អាង ជាអ្នកសម្លាប់ដែរ ដោយអ្នកស្រីនិយាយថា មានអ្នកធំ ឬ អ្នកមានឥទ្ធិពលណាមួយជាអ្នកធ្វើ។ ការអះអាងបែបនេះ ដោយអ្នកស្រី សំអាងថា ស្វាមីរបស់អ្នកស្រីមិនដែលមានទំនាស់ឬបញ្ហាផ្សេងៗជាមួយអ្នកណាទេក្រៅពីវិភាគបញ្ហាសង្គមឱ្យពលរដ្ឋបានយល់។

ទោះជាអះអាងថា មិនដែលមានទំនាស់ជាមួយអ្នកណាក៏ដោយ ប៉ុន្តែពេលដែលស្វាមីរបស់អ្នក​ស្រី ចេញក្រៅផ្ទះដើម្បីបំពេញការងារតែងតែមានកម្លាំងបង្កប់ឃ្លាំមើលជាប្រចាំ។​

អ្នកស្រី ប៊ូ រចនា និយាយថា៖ «រឿងមុនកើតឡើង ខ្លួនគាត់ផ្ទាល់ក៏គាត់ដឹងដែរ ហើយគាត់តែងតែប្រាប់ខ្ញុំ អញ្ចឹងដែរ។ ពួកយើងក៏គិតថា ប្រហែលជាវាមិនមានបញ្ហាអ្វីទេ។ ឱ្យគេតាមដានអីតាមទៅ ធ្វើអីធ្វើទៅ ព្រោះពួកយើងអត់បានធ្វើអីគេ អត់បានធ្វើអីខុសច្បាប់ទេ។​ គាត់ទៅធ្វើការ គេតាមគាត់រហូតហ្នឹង។ ការដែលគេតាមហ្នឹង គាត់ប្រាប់រហូតហ្នឹងឯង»។​

ឆ្លើយតបសំណួររបស់ខេមបូចា តាមបណ្តាញទំនាក់ទំនងសង្គមពីប្រទេសអូស្ត្រាលី ជាទីដែលអ្នកស្រី និងកូនៗកំពុងស្នាក់នៅភៀសខ្លួន ក្រោយពីមានឃាតកម្មលើប្តីរបស់អ្នកស្រី ដោយបារម្ភពីសុវត្ថិភាពនោះ អ្នកស្រី ប៊ូ រចនា ឱ្យដឹងទៀតថា អ្វីដែលគាត់ចាំជាព្រឹត្តិការណ៍ចុងក្រោយគឺមានគេឃ្លាំមើលផ្ទះអ្នកស្រីនៅជិតផ្សារបឹងកេងកង រាជធានីភ្នំពេញ២សប្តាហ៍មុនការបាញ់សម្លាប់ លោកកែម ឡី។​​

អ្នកស្រី ប៊ូ រចនា បន្តថា៖«គេតាមហ្នឹងវាស៊ាំទៅហើយ គ្រាន់ថា មុនកើតហេតុ២អាទិត្យ ឃើញម៉ូតូធំៗជិះក្រឡឹងមុខផ្ទះខ្ញុំ២អាទិត្យហ្នឹង។ បន្ទាប់ពីជិះក្រឡឹង២អាទិត្យហ្នឹងហើយក៏មានរឿងហ្នឹងកើតឡើងទៅ»។​

 ករណីមានអ្នកតាមដានសកម្មភាពលោក កែម ឡី ពេលទៅធ្វើការនៅកន្លែងផ្សេងៗ និង ការឃ្លាំមើលនៅផ្ទះនេះ អ្នកស្រីប៊ូ រចនា ចាត់ទុកជាការរៀបចំផែនការទុកមុនរបស់អ្នកមានឥទ្ធិពលណាម្នាក់ឬក្រុមណាមួយ មិនមែនជាសកម្មភាពរបស់លោក អឿត អាង ហៅជួបសម្លាប់នោះទេ។​

លោក កែម ឡី ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើង ក្នុងហាងកាហ្វេមួយ នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច(Caltex) ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

លោក មាស នី ជាអ្នកធ្វើកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមជាមួយលោក កែម ឡី តាំងពីឆ្នាំ២០១២មកថ្លែងថា  ការស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី មិនបានធ្វើពេញលេញទេ ព្រោះភស្តុតាង និងសាក្សី មិនបានលាតត្រដាងឱ្យអស់។​

លោក មាស នី ហៅលោក កែម ឡី ថា ជាបុរសដើរពេលថ្ងៃនិយាយពេលយប់គឺអ្វីដែលលោកបានឃើញលោកតែងតែនិយាយ ឬ វិភាគតាមប្រព័ន្ធផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹង។ លោក មាស នី យល់ថា ការលាតត្រដាងការពិតរបស់លោក កែម ឡី ជាការប្រឈមខ្លាំងជាមួយប្រព័ន្ធដឹកនាំរដ្ឋាភិបាល។​

លោក មាស នី មានប្រសាសន៍ថា៖«ការវិភាគរបស់គាត់ជាការវិភាគតាមបែបប្រមូលទិន្នន័យភស្តុតាងទាំងអស់។ ដូច្នេះការបង្ហាញការពិតនេះនៅក្នុងសង្គមនៃរបបមួយដែលមានដំណើររបបផ្តាច់ការ  ការនិយាយការពិតមិនមានសុវត្ថិភាពល្អសម្រាប់អ្នកនិយាយទេ»។​

លោក កែម ឡី តែងតែវិភាគដោយនិយាយចំៗជុំវិញស្ថានភាពការអភិវឌ្ឍ អំពើពុករលួយ បក្ខពួកនិយម ឥទ្ធិពលវៀតណាមលើកម្ពុជា អ្នកមានអំណាចក្តោបក្តាប់សេដ្ឋកិច្ច ឬ ការបំផ្លាញធនធានធម្មជាតិជាដើម។​

មុនថ្ងៃបាញ់សម្លាប់២ថ្ងៃគឺលោក កែម ឡី បានវិភាគវែកញែកលើរបាយការណ៍របស់អង្គការ Global Witness ដែលនិយាយពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្តោបក្តាប់លើមុខជំនួញនានា។ ការវិភាគរបស់លោក ធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងតាមរយៈតុមូលជជែកដេញដោល និងតាមរយៈការសម្ភាសប្រើក្នុងសារព័ត៌មានជាដើម។​

លោក កែម ឡី ក្រៅពីការវិភាគតាមប្រព័ន្ធផ្សព្វផ្សាយ លោកក៏ជាអ្នកដែលសកម្មក្នុងការចូលរួមយុទ្ធនាការការពារធនធានធម្មជាតិដែរដូចជា លោកចូលរួមសកម្មភាពជាមួយសកម្មជនបរិស្ថាននៅតំបន់អារ៉ែងខេត្តកោះកុង និង តំបន់ព្រៃឡង់ជាដើម។ ចំពោះសកម្មភាពតវ៉ាផ្សេងៗរបស់កម្មករ ឬ អ្នកមានជម្លោះដីធ្លីក៏លោកតែងតែទៅឃ្លាំមើលជាប្រចាំដែរ។​

យុវជន គង់ រ៉ៃយ៉ា ជាអ្នកសកម្មក្នុងសកម្មភាពចូលរួមការពារបរិស្ថាន និងសិទ្ធិមនុស្ស លើកឡើងថា លោក បានស្គាល់លោក កែម ឡី នៅឆ្នាំ២០១៤ ហើយពេលខ្លះបានចុះធ្វើកម្មភាពការពារបរិស្ថាន រួមជាមួយលោក កែម ឡី។ យុវជនរូបនេះឱ្យដឹងថា គម្រោងមួយចំនួនរបស់ក្រុមលោកគឺធ្លាប់បានសុំយោបល់ពីលោកកែម ឡី មុនអនុវត្តន៍។​

យុវជនគង់ រ៉ៃយ៉ា និយាយថា៖«អំឡុងពេលក្រុមយុវជនធ្វើសកម្មភាពការពារព្រៃនៅតំបន់អារ៉ែងហ្នឹង ពួកយើងតែងតែជួបប្រាស្រ័យទាក់ទងគាត់ហើយស្នើសុំយោបល់ពីគាត់ខ្លះៗ ដើម្បីធ្វើយុទ្ធសាស្ត្រដើម្បីតស៊ូមតិការពារតំបន់អារ៉ែង»

រ៉ៃយ៉ា បង្ហាញការជឿជាក់ថា លោក កែម ឡី និងលោក អឿត អាង មិនស្គាល់គ្នាទេ ដោយសារការងារមិនទាក់ទងគ្នា ហើយយុវជនរូបនេះយល់ថា លោក អឿត អាង មានជីវភាពក្រខ្សត់គ្មានលុយឱ្យអ្នកដទៃខ្ចីទេ។​

លោក យ៉ង សាំងកុមារ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានកត់សម្គាល់ថា លោក កែម ឡី ជាមនុស្សមានចំណេះដឹង មានចិត្តទូលាយ ចែករំលែក  និងខិតខំធ្វើការងារដើម្បីសង្គមជាតិ។​

លោក យ៉ង សាំងកុមារ ស្គាល់លោក កែម ឡី អំឡុងឆ្នាំ២០១០ ហើយធ្វើកិច្ចការងារកាន់តែស្និទ្ធនៅឆ្នាំ២០១៤នៅពេល លោកជាមួយលោកកែម ឡី និងមន្ត្រីសង្គមស៊ីវិលមួយចំនួន​ទៀត រួមគ្នាបង្កើតបណ្តាញខ្មែរដើម្បីខ្មែរ​ ហើយឈានដល់ការរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។​

លោក យ៉ង សាំងកុមារ បន្តថា រូបលោកផ្ទាល់ និងប្រជាពលរដ្ឋផ្សេងទៀតដែលលោកស្គាល់គឺមិនអស់ចិត្តចំពោះការស៊ើបអង្កេតលើសំណុំរឿងលោក កែម ឡីទេ។​

លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «គួរតែបន្តស្វែងរកយុត្តិធម៌ជូនគាត់ ហាក់ដូចជាមិនទាន់អស់ចិត្ត វាមិនគ្រាន់តែខ្ញុំទេ គឺពលរដ្ឋទូទៅដែលស្គាល់គាត់ក៏គាត់ហាក់អត់ទាន់អស់ចិត្ត»។​

គ្រួសារ និង អ្នកគាំទ្រលោក កែម ឡី បានចូលរួមដង្ហែសពទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងខេត្តតាកែវ។ រូបភាពថតនៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក Phil Robertson  ថ្លែងថា ការបាញ់សម្លាប់លោក កែម ឡី ជាអំពើព្រៃផ្សៃដែលធ្វើឡើងទាំងកណ្តាលថ្ងៃនៅក្នុងរាជធានីភ្នំពេញ ហើយវាបានបង្ហាញបន្ថែមទៀតនៅនិទណ្ឌភាព ឬ ភាពគ្មានទោសចំពោះអ្នកប្រព្រឹត្តិ។​ លោកចាត់ទុកថា ឈ្មោះ អឿត អាង ជាបុគ្គលដែលត្រូវបានគេរៀបចំឡើងជាល្បែងដើម្បីបិទបាំងការពិត។

លោក Phil Robertson និយាយថា៖«អឿត អាងគ្រាន់តែជាល្បែងដែល មេខ្លោងរៀបចំឡើង ដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ហើយត្រូវបានយកមកប្រើនៅក្នុងតុលាការ»។​

លោក Phil Robertson ចោទថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រប់គ្រងតុលាការ ដូច្នេះមិនអាចស្វែងរកការពិតក្នុងករណីឃាតកម្មលើលោក កែម ឡី បានទេ។​

ចាប់តាំងពីករណីឃាតកម្មបាញ់សម្លាប់លោកកែម ឡី កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦មក រហូតដល់ខែកក្កដា ឆ្នាំ២០២១គឺរយៈពេល៥ឆ្នាំ តុលាការបានរកឃើញអ្នកពាក់ព័​ន្ធតែម្នាក់គត់ គឺលោក អឿត អាង ហៅជួបសម្លាប់។ ក្រោយពីជំនុំជម្រះរយៈពេលកន្លះថ្ងៃកាលពីថ្ងៃទី២៣ខែមីនាឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យលោក អឿត អាង ជាប់ពន្ធនាគារអស់មួយជីវិត។

បើទោះជាសាលាដំបូងរាជធានីភ្នំពេញបំបែកសំណុំរឿងក្តីនេះជា២ ហើយអះអាងថា នៅបន្តស៊ើបអង្កេតលើសំណុំរឿងលោកកែម ឡី ក៏ដោយក៏រហូតដល់ខែកក្កដាឆ្នាំ២០២១នេះ តុលាការមិនទាន់បង្ហាញថា មានអ្នកណាខ្លះពាក់ព័ន្ធលើរឿងនេះទៀតក្រៅពីលោក អឿត អាងទេ។​​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ករណីលោក កែម ឡី ស្ថាប័​ន្ធពាក់ព័ន្ធបានប្រឹងប្រែង និងបំពេញកិច្ចការងាររបស់ខ្លួនរួចរាល់អស់ហើយ។ លោកថា បើសិនជាគ្រួសារ និងអ្នកពាក់ព័ន្ធផ្សេងទៀត មានភស្តុតាងពាក់ព័ន្ធផ្សេងទៀត អាចបន្តដាក់ពាក្យប្តឹងទៅតុលាការ។​

លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «អ្វីដែលគាត់ចោទប្រកាន់ថា ជនល្មើសហ្នឹងមិនមែនជាជនល្មើសពិតប្រាកដ ប៉ុន្តែសមត្ថកិច្ចគេរកទៅឃើញថា ជនហ្នឹងជាជនល្មើស ហើយត្រូវបានផ្តន្ទាទោសហើយ។ ចឹងបើគាត់ថា ជនល្មើសហ្នឹងមិនមែនជាជនល្មើសពិតប្រាកដមានភស្តុតាងផ្សេង ឱ្យគាត់ដាក់ភស្តុតាងផ្ទុយ។ ប៉ុន្តែវាអត់មាន បានតែត្រឹមចោទប្រកាន់ច្បាប់គេធ្វើយ៉ាងម៉េចកើត?»។​

លោក ជិត ម៉ាលីន ពន្យល់ថា សាលក្រមផ្តន្ទាទោសលោក អឿត អាង ចូលជាស្ថាពរហើយ ក៏សាច់ញាតិឬ អ្នកសិ្នទ្ធលោក កែម ឡី អាចដាក់ពាក្យប្តឹងទៀតបានដែរគឺប្តឹងទៅសាលាដំបូង បើសិនជាមានភស្តុតាងជាក់លាក់។​

ពេលសួរថា ហេតុអ្វីបានជាវីដេអូនៅកន្លែងឃាតកម្មលោកកែម ឡី មិនបានបង្ហាញទាំងអស់ ដើម្បីសាធារណជនបានមើលហេតុការណ៍នោះផ្ទាល់ លោកជិន ម៉ាលីន បញ្ជាក់ថា សមត្ថកិច្ចធ្វើការតាមជំនាញ និងច្បាប់។​

លោក ជិន​ ម៉ាលីន បានបន្ថែមថា៖«សមត្ថកិច្ចគេធ្វើការស៊ើបអង្កេត កន្លែងណាគេបង្ហាញបានគេបង្ហាញ  កន្លែងណាគេបង្ហាញមិនបានគេមិនបង្ហាញ មិនមែនភស្តុតាងទាំងអស់ត្រូវតែបង្ហាញជាសាធារណៈឯណា!» ។​

លោក មាស នី ថ្លែងថា ករណីដែលក្រុមគ្រួសារ និងអ្នកស្និទ្ធជាមួយលោក កែម ឡី មានការភ័យខ្លាចមិនហ៊ានប្តឹងនោះ ប៉ុន្តែតុលាការអាចបន្តការស្រាវជ្រាវបានតាមភស្តុតាងនានាដែលប្រព័ន្ធផ្សព្វផ្សារកឃើញ និងចេញផ្សាយ។​

លោក មាស នី បានបន្ថែមថា៖«ការស្រាវជ្រាវជាពិសេសដែលទូរទស្សន៍  Al Jazeera ដែលគេរកឃើញ តម្រុយជាច្រើន​ដែលក្រុមអ្នកស៊ើបអង្កេត ឬអាជ្ញាធរមានសមត្ថកិច្ចគួរតែយកមកពិនិត្យមើល ….. រឿងហ្នឹងទាក់ទងតាំងពីជួបសម្លាប់ចេញពីភូមិ ហើយនិយាយប្រាប់គេអ្នកផឹកជុំគ្នាថា គាត់ឡើងមកធ្វើការនៅភ្នំពេញមានគេផ្តល់ឱ្យផលប្រយោជន៍ឱ្យគាត់ ឱ្យគាត់ឡើងឡានតាក់ស៊ីពីសៀមរាបមកទៀត»។​

សំណួរជាច្រើនដែលអ្នកស្និទ្ធជាមួយលោក កែម ឡី លើកឡើងដូចជា លោក អឿត អាង មានជីវភាពក្រីក្រស្ទើរគ្មានបាយបរិភោគ ហេតុអ្វីមានលុយទិញកាំភ្លើងតម្លៃរាប់ពាន់ដុល្លារ គាត់មកភ្នំពេញតាមរយៈអ្នកណា? អ្នកណាជាអ្នកទំនុកបម្រុងពេលមកដល់ភ្នំពេញ?

បើទោះជាភរិយាលោក កែម ឡី អះអាងថា មិនទទួលបានយុត្តិធម៌តែអ្នកស្រីបញ្ជាក់ថា មិនដាក់ពាក្យប្តឹងទៀតទេ ដោយសារមិនមានជំនឿលើតុលាការកម្ពុជា។  អ្នកស្រីបាននាំកូនប្រុស៥នាក់ចេញពីប្រទេសកម្ពុជាទៅរស់នៅក្រៅប្រទេសតាំងពីពេលធ្វើបុណ្យសពស្វាមីហើយភ្លាមៗ ដោយសារបារម្ភពីសុវត្ថិភាព។​

សម្រាប់គ្រួសារ និងអ្នកចូលចិត្តលោកកែម ឡី គឺយុត្តិធម៌ហាក់នៅឆ្ងាយមើលមិនទាន់ឃើញពន្លឺនៅឡើយ បើទោះជាក្រសួងយុត្តិធម៌បញ្ជាក់ថា ករណីនេះមានយុត្តិធម៌ពេញលេញហើយក៏ដោយ។

លោក មាស នី បញ្ជាក់ថា សុំណុំរឿងលោក កែម ឡី ត្រូវតែមានការស៊ើបអង្កេតបន្តទៀត បើមិនដូច្នោះទេកេរ្តិ៍ឈ្មោះប្រព័ន្ធយុត្តិធម៌របស់កម្ពុជាកាន់ប៉ះពាល់ថែមទៀត។​ លោកមាស នី មានប្រសាសន៍ថា៖«ត្រូវស៊ើបអង្កេតបន្តទៀត មិនមែនរឿងប៉ុណ្ណឹងចប់ទេ។ វាអត់ត្រូវរឿងមួយដែលល្បីខ្ទរខ្ទារពេញពិភពលោក ហើយយើងមកធ្វើការស៊ើបអង្កេត ដែលខ្មែរយើងហៅថា «កាឡេះប៊េះ» បែបនេះអាចធ្វើឱ្យគេវាយតម្លៃលើប្រព័ន្ធយុត្តិធម៌យើងបន្តទៀត»

726 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម