ករណីវាយប្រហារលើលោក ផន ផាន់ណា សកម្មជននយោបាយបក្សភ្លើងទៀន បណ្ដាលឲ្យមានរបួសលើមុខ និងទ្រូង កាលពីថ្ងៃទី២២ ខែសីហា ថ្មីៗនេះ នាំឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងមន្ត្រីគណបក្សភ្លើងទៀនថ្កោលទោស និងជំរុញឱ្យមានការស៊ើបអង្កេតលើជនដៃដល់ ខណៈរដ្ឋាភិបាលកម្ពុជាបដិសេដនៅពីក្រោយរឿងនេះ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ជំរុញឱ្យអាជ្ញាធរថៃ និងកម្ពុជាមានការស៊ើបអង្កេតក្នុងករណីនេះ ដោយយុត្តិធម៌ និងតម្លាភាព ដើម្បីវែកមុខជនដៃដល់ យកមកកាត់ទោសតាមផ្លូវច្បាប់។ ដោយឡែកលោកថាបើសិនបន្តឱ្យករណីនេះកើតឡើងជាដដែលៗ ដោយគ្មានការដោះស្រាយប្រកបដោយយុត្តិធម៌ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសជនភៀសខ្លួនក្នុងរឿងនយោបាយ កាន់តែច្រើនទៅៗ ទទួលរងការវាយដំ និងប្រើអំពើហិង្សា ដោយគ្មានខ្លាចរអេង។
លោកបន្ថែមថា៖ «ភៀសខ្លួនទៅដល់ស្រុកគេហើយ នៅតែទទួលរងគ្រោះ យើងគិតថារាល់ទង្វើបែបហ្នឹង វាជារឿងមួយព្រៃផ្សៃមែនទែន ហើយវាមិនត្រូវគួរឱ្យកើតមានជុំវិញបញ្ហាទាំងអស់ហ្នឹង»។
តាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(HRW) បានចេញផ្សាយអត្ថបទព័ត៌មានមួយ កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣នេះ ជុំវិញបញ្ហាប្រើប្រាស់អំពើហិង្សាទៅលើលោក ផន ផាន់ណា។ បើតាមលិខិតនោះ បានលើកសំណើទៅអាជ្ញាធរថៃឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ និងដោយឥតលំអៀងលើករណីវាយប្រហារលើលោក ផន ផាន់ណា សកម្មជននយោបាយកម្ពុជាមួយរូបកាលពីថ្ងៃទី២២ខែសីហាថ្មីៗ នេះ ក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ យោងតាម(HRW) លោក ផន ផាន់ណា រងការវាយតប់ពីបុគ្គលនិយាយភាសាខ្មែរចំនួន៣នាក់ បណ្ដាលឲ្យមានរបួសលើមុខ និងទ្រូង។
លោកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃHRWបានថ្លែងថា រដ្ឋាភិបាលថៃ មានកាតព្វកិច្ច ក្នុងការការពារសិទ្ធិគ្រប់បុគ្គលដែលជ្រកកោនក្នុងប្រទេសថៃ រួមទាំងជនភៀសខ្លួន។
លោកស្រីបន្ថែមថា៖ «អាជ្ញាធរថៃ គួរបើកការស៊ើបអង្កេតជាបន្ទាន់ លើករណីវាយប្រហារលើលោក ផន ផាន់ណា និងចាត់រាល់វិធានការដើម្បីការពារសុវត្ថិភាពរបស់សកម្មជននយោបាយរូបនេះ»។
សកម្មជននយោបាយលោក ផន ផាន់ណា បានប្រាប់ HRW ថា កន្លងមក ជនបង្កបានតាមឃ្លាំមើល និងតាមដានលោកនៅក្បែរៗកន្លែងដែលលោកធ្វើការ ព្រមទាំងបានថតរូបលោកពីរថយន្តរបស់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ សកម្មភាពវាយតប់មកលើលោកនេះ ត្រូវបានថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់ហាងដែលនៅក្បែរកន្លែងកើតហេតុ និងមានសាក្សីប្រមាណ១០នាក់ បានឃើញហេតុការណ៍នេះផ្ទាល់។
យ៉ាងណាមិញមន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន លើកឡើងថា ករណីប្រើប្រាស់អំពើហិស្សា ទៅលើលោកផន ផាន់ណា កាលពីថ្ងៃអង្គារ ទី២២ ខែសីហានេះ វាជារឿងខុសឆ្គងអំពីច្បាប់មនុស្សហើយ ព្រោះមនុស្សម្នាក់ៗនៅអាចនិយាយគ្នាបាន យើងអាចសម្រួលគ្នាបាន។ តាមការសង្កេតរបស់លោកសុផុន ប្រជាពលរដ្ឋខ្មែរដែលទៅរស់នៅប្រទេសថៃមានច្រើនដែរ ដែលហ៊ាននិយាយរិះគន់ពីសង្គម និងរដ្ឋាភិបាល ហើយក៏ទទួលរងប្រើប្រាស់អំពើហិង្សាជាញឹកញាប់ផងដែរ។
លោកបន្តថា៖ «គាត់(ផន ផាន់ណា)បច្ចុប្បន្ននេះកំពុងតែស្វែងរកជម្រក ដើម្បីស្នាក់នៅសុវត្ថិភាព សម្រាប់ក្រុមគ្រួសារគាត់ និងប្រពន្ធកូនគាត់»។
មន្ត្រីផ្នែកការពារសិទ្ធិពលកររូបនេះយល់ឃើញថា ការកើតឡើងនូវអំពើហិង្សា ដោយការរឹតត្បិត មិនឱ្យពលរដ្ឋ ឬពលករសម្តែងមតិជាសាធារណៈ ក្នុងន័យរិះគន់ទៅលើអ្វីដែលពួកគាត់មិនពេញចិត្ត វាក៏ជាហេតុធ្វើឱ្យពួកគាត់ភ័យខ្លាច និងបិទសិទ្ធិសេរីភាពពួកគាត់ផងដែរ។ ហើយនេះមិនមែនជាសង្គមប្រជាធិបតេយ្យទេ ព្រោះសង្គមប្រជាធិបតេយ្យគេមិនធ្វើបាបដល់អ្នកបញ្ចេញមតិ ដល់អ្នកបង្ហាញទិដ្ឋភាពជាក់ស្តែងអំពីសង្គម និងរបៀបការរស់នៅរបស់ពលរដ្ឋ ដែលទទួលរងភាពអយុត្តិធម៌ទេ។
លោកបញ្ជាក់បន្ថែមថា៖ «មានការប្រើអំពើហិង្សា មានការតាមដាន មានការរឹតបន្តឹងអ៊ីចឹងទៅ។ អាហ្នឹងបញ្ជាក់ឱ្យឃើញថា វាមិនមែនជាសង្គមសេរីភាព មិនមែនជាសង្គមលទ្ធិប្រជាធិបតេយ្យ មិនមែនជាសង្គមដែលបង្ហាញអំពីសុវត្ថិភាព សន្តិភាពទេ មានតែសង្គមបញ្ជាក់អំពីការយាយីគ្នា អំពីការហិង្សាជិះជាន់គ្នា»។
ទោះបីយ៉ាងណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បដិសេធជុំវិញករណីប្រើអំពើហិង្សាលើលោកផន ផាន់ណា សកម្មជននយោបាយ ដែលកំពុងរស់នៅប្រទេសថៃ ដែលចោទថាបានពាក់ព័ន្ធ ឬមានការបញ្ជាពីរដ្ឋាភិបាលកម្ពុជា គឺជារឿងមិនពិត។ ដែលលោកទាមទារឱ្យបង្ហាញភស្តុតាង ហើយលោកថាព័ត៌មានទាំងអស់នោះ ជាការប្រឌិតឡើងដើម្បីចោទប្រកាន់ និងដាក់បន្ទុកលើរដ្ឋាភិបាល។
លោកបន្ថែមថា៖ «គាត់ជាសកម្មជនបក្សប្រឆាំង គាត់រងអំពើហិង្សា ដឹងថារដ្ឋាភិបាលបញ្ជា អ៊ីចឹងម៉េចត្រូវ!»។
ទន្ទឹងនឹងនេះលោកថានៅប្រទេសកម្ពុជាប្រជាពលរដ្ឋមានសិទ្ធិ និងសេរីភាពពេញលេញនៅក្នុងការបញ្ចេញមតិ ប៉ុន្តែបញ្ហានៅត្រង់ថាយើងអត់ចេះប្រើប្រាស់សេរីភាព ហើយប្រើប្រាស់រំលោភបំពាន និងប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដូច្នេះលោកទាមទារឱ្យប្រជាពលរដ្ឋត្រូវបញ្ចេញមតិដោយគោរពគ្នាទៅវិញមក ដោយគោរពច្បាប់ ដោយគោរពសិទ្ធិបុគ្គលម្នាក់ៗ នោះគឺគ្មានមានបញ្ហាអ្វីទាំងអស់។
លោកអះអាងថា÷ «សិទ្ធិសេរីភាពបញ្ចេញមតិនៅស្រុកយើងនេះ វាពោលពេញ មានសេរីភាពពេញទី សំខាន់នៅត្រង់ថាតើយើងចេះប្រើប្រាស់សេរីភាពឬក៏អត់? នៅក្នុងបច្ចុប្បន្ននេះ»។
លោក ស៊ឹង សែនករុណា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា សូមមិនគាំទ្រចំពោះការបញ្ចេញមតិណា ដែលនាំឱ្យមានអំពើហិង្សា ឬការជេរប្រមាទគ្នា ព្រោះវាមិននាំផលប្រយោជន៍ដល់សង្គមជាតិឡើយ។ ប៉ុន្តែបើពាក់ព័ន្ធនឹងបញ្ហារឿងនយោបាយ រដ្ឋាភិបាលគួរតែបើកចិត្តទូលាយ ទោះបីពាក្យរិះគន់ខ្លះវាអាក្រក់យ៉ាងណាក៏ដោយ ក៏គួរមានការវិនិច្ឆ័យពីសាធារណជនជាជាងធ្វើទុក្ខបុកម្នេញ ដោយគ្រាន់តែឱ្យបុគ្គលនោះមកបំភ្លឺ និងការឆ្លើយតបណាមួយជាលក្ខណៈវិជ្ជាជីវៈ។
លោកបន្ថែមថា៖ «ទទូចឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ហ្នឹង គាត់ធ្វើការស៊ើបអង្កេត ជាពិសេសសមត្ថកិច្ចនៅបាងកកហ្នឹង។{…}។ យើងកត់សម្គាល់ថាសកម្មជននយោបាយដែលហ៊ានរិះគន់ ហ៊ានលើកឡើងទាំងអស់ហ្នឹង ត្រូវបានក្រុមជនមិនស្គាល់មុខ ភាគច្រើនគឺប្រើប្រាស់អំពើហិង្សា ឬចាប់ខ្លួនជាបន្តបន្ទាប់ »។
ដោយឡែកលោកមិនហ៊ានចោទប្រកាន់ថារឿងវាយប្រហារលើលោក ផន ផាន់ណា មានរដ្ឋាភិបាលនៅពីក្រោយនោះទេ ប៉ុន្តែលោកជំរុញឱ្យរដ្ឋាភិបាលស៊ើបអង្កេត ដើម្បីទប់ស្កាត់បញ្ហានេះ ព្រោះចង់ ឬមិនចង់ក៏វាប៉ះពាល់ដល់តម្លៃ និងកិត្តិយសគណបក្សកាន់អំណាចដែរ។ ស្របគ្នានេះរដ្ឋាភិបាលគួរបើកលំហនៃការគោរពសិទ្ធិនយោបាយ គោរពសិទ្ធិមនុស្ស ឱ្យពួកគេអាចអនុវត្តសិទ្ធិរបស់ខ្លួនដោយសេរី ហើយរដ្ឋាភិបាលនឹងទទួលបានការគាំទ្រកាន់តែច្រើន។
លោក សែនករុណា បញ្ជាក់ថា៖ «ជាប្រទេសដែលប្រជាធិបតេយ្យ តែអ្នកនយោបាយហ្នឹង មិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានពេញលេញបាន ដូច្នេះចង់ ឬមិនចង់គឺរងការរិះគន់បែបហ្នឹងហើយ រាល់សកម្មភាពកន្លងមក»។លោកបន្ថែមថា៖ «ចឹងគួរតែបញ្ឈប់រាល់អំពើទាំងឡាយរំលោភបំពាន គំរាមគំហែង ធ្វើទុក្ខបុកម្នេញរាល់រូបភាព»៕