ប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប សំណូមពរទៅកាន់អាជ្ញាធរជួយពង្រឹងការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងភូមិកាន់តែមានយល់ដឹងបន្ថែមទៀត។
យុវជន ហេង លី រស់នៅក្នុងឃុំខ្នាសណ្តាយ បានរៀបរាប់ថានៅពេលដែលប្រជាពលរដ្ឋនាំគ្នាទៅលេងល្បែងស៊ីសងគឺអាចមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហើយអាចឈានដល់ទៅការប្រើប្រាស់អំពើហិង្សាទៀតផង។ លោកបានថ្លែងឲ្យដឹងបន្តទៀតថា៖ «ខ្ញុំសំណូមពរទៅកាន់អាជ្ញាធរជួយពង្រឹងការផ្សព្វផ្សាយបន្តទៀតដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់កាន់តែមានយល់ដឹងបន្ថែមទៀត»។
មិនខុសពីការលើកឡើងខាងលើប៉ុន្មាន ប្រជាពលរដ្ឋមួយរូបទៀតកញ្ញាឃីម ស៊ីម រស់នៅក្នុងមូលដ្ឋានដូចគ្នា បានរៀបរាប់ថា នៅក្នុងមូលដ្ឋានរបស់កញ្ញា ការលេងល្បែងស៊ីសងគឺមានការកាត់បន្ថយបានយ៉ាងច្រើនពីព្រោះ អាជ្ញាធរបានចុះល្បាត និងបានចុះផ្សព្វផ្សាយជាប្រចាំ ពីផលប៉ះពាល់នៃការលេងល្បែងស៊ីខុសច្បាប់។ កញ្ញាបានឲ្យដឹងបន្តទៀតថា៖ «ខ្ញុំសំណូមពរទៅអាជ្ញាធរមានសមត្ថិកិច្ចសូមធ្វើយ៉ាងណាជួយចុះផ្សព្វផ្សាយ ឲ្យបានញឹកញាប់ពីគ្រោះថ្នាក់នៃការលេងល្បែងស៊ីសងនេះ»។
ឆ្លើយតបហ្នឹងការលើកឡើងខាងលើ លោក មាស រ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី បានដឹងថា ដើម្បីទប់ស្កាត់ការលេងល្បែងស៊ីសងឲ្យកាន់តែមានប្រសិទ្ធភាព លោកតែងតែធ្វើការចុះផ្សព្វផ្សាយជាប្រចាំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសគឺក្នុងចំណុចល្បែងស៊ីសងនេះតែម្ដង។
លោកបានឲ្យដឹងទៀតថា៖ «បន្ទាប់ពីបានអនុញ្ញាត ឲ្យមានការបង្កើតក្រុមការងារបង្រ្កាប ស្ដីពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេសកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជារួចមក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប បានបង្កើនសកម្មភាពបង្ក្រាបយ៉ាងសកម្ម តាមតួនាទីនិងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់»។
លោកបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញ និងផ្សព្វផ្សាយនូវផែនការសកម្មភាពនានា ជាពិសេស អាជ្ញាធរមូលដ្ឋាន មានដូចជា អាជ្ញាធរក្រុងស្រុក ឃុំ-សង្កាត់ មេភូមិ អធិការដ្ឋាននគរបាលក្រុងស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និង ប្រជាពលរដ្ឋ ពីទំនួលខុសត្រូវ លើការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តទូទាំងខេត្ត។
គួរបញ្ជាក់ផងដែរថា កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យគ្រប់រដ្ឋបាលរាជធានីខេត្ត និងមូលដ្ឋានទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ច ត្រូវបើកយុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចជា ល្បែងឆ្នោតកន្ទុយលេខ បៀរ អាប៉ោង ឬល្បែងតាមប្រព័ន្ធអនឡាញនានា ឲ្យមានប្រសិទ្ធភាព។ ការដាក់បទបញ្ជារបស់រាជរដ្ឋាភិបាលនេះ ធ្វើឡើងចំពេលដែលគេសង្កេតឃើញថា បញ្ហាប្រឈមជាច្រើន ដែលកើតចេញពីការលេងល្បែងស៊ីសងខុសច្បាប់ នាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចជាតិ៕