មន្ត្រីនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលរដ្ឋដែលរកការងារធ្វើ នៅប្រទេសថៃ គប្បីធ្វើចំណាកស្រុកដោយស្របច្បាប់ ដើម្បីកុំឲ្យចាញ់បោកមេខ្យល់ និងហានិភ័យក្នុងការធ្វើដំណើរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីអាជ្ញាធរបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។
មន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបាត់ដំបង លោក ទេព សត្យា បានលើកឡើងក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិចំការចេក ថា បច្ចុប្បន្នមានការបើកច្រកព្រំដែនដូចជា ច្រកអន្តរជាតិកម្ពុជាថៃដែលធ្វើឲ្យប្រជាពលរដ្ឋ ងាយស្រួលត្រឡប់មកស្រុកកំណើត ក៏ដូចជាទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
លោកទេព សត្យា បន្ថែមទៀតថា ការធ្វើចំណាកស្រុកខុសច្បាប់ គឺអាចជួបបញ្ហាប្រឈមដូចជា ចាញ់បោកមេខ្យល់ ខាតបង់ថវិកា ពេលវេលា និងហានិភ័យក្នុងការធ្វើដំណើរ ឆ្លងកាត់ព្រៃ ស្ទឹង អូរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាដើម។ លោកបន្ថែមថា ៖«ខ្ញុំសំណូមពរឲ្យប្រជាពលរដ្ឋ ធ្វើការចំណាកស្រុកដោយស្របច្បាប់ ជាមួយក្រុមហ៊ុនដែលមានចុះបញ្ជីជាមួយក្រសួងការងារ និងទាក់ទងមន្ទីរការងារ ឬមណ្ឌលការងារ រកការងារធ្វើនៅក្នុងស្រុក ដើម្បីសុវត្ថិភាព និងពុំបាច់មានភាពភ័យខ្លាចដោយលួចលាក់ឯកសារ»។
លោកបានថ្លែងថា ខេត្តបាត់ដំបង ស្រុកដែលមានការចំណាកស្រុកច្រើនជាងគេ គឺស្រុកដែលនៅជាប់ព្រំដែនដូចជា កំរៀង សំពៅលូន ភ្នំព្រឹក សំឡូត ហើយភាគច្រើនជាប្រជាពលរដ្ឋដែលនៅតំបន់ដាច់ស្រយាល។ បើគិតតាំងពីដើមឆ្នាំ២០២២មក មានចំនួនអ្នកឆ្លងដែនចំនួន ៣០៥៤០នាក់ ក្នុងនោះស្រ្តី ១២៩៨២នាក់ និងកុមារ ៣៦៦៥ នាក់។
បើតាមការមើលឃើញរបស់លោក សាវេត ពលរដ្ឋរស់នៅក្នុងស្រុកសំឡូត បានថ្លែងថា ប្រជាពលរដ្ឋមានការវិលចូលស្រុកវិញច្រើននិងឆ្លងដែនទៅរកការងារនៅប្រទេសថៃច្រើនផងដែរ នៅពេលបើច្រកព្រំដែនប្រទេសទាំងពីរ បន្ទាប់ពីបិទដោយសារជំងឺកូវីវ១៩កន្លងមក។
ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកបានឱ្យដឹងកន្លងមកថា ច្រកព្រំដែនកម្ពុជា-ថៃចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។
ស្ថានទូតកម្ពុជាបន្តថា ចំពោះអ្នកដំណើរចូលប្រទេសថៃត្រូវបែងចែកជា ៣ ប្រភេទ គឺ (១) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (២) អ្នកដំណើរមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់បណ្ណព្រំដែន។
បើតាមស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក អ្នកធ្វើដំណើរចូលទៅប្រទេសថៃត្រូវបង្ហាញ Thailand Passបណ្ណចាក់វ៉ាក់សាំង, បណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១០ ០០០ ដុល្លារ លទ្ធផលការធ្វើតេស្តដោយ RT-PCR និងការធ្វើចត្តាឡីស័កត្រូវបានអនុវត្តតាមប្រភេទអ្នកដំណើរ។