សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) នឹងបិទទ្វារបណ្ដោះអាសន្នយ៉ាងតិចមួយឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា នេះបើតាមការបញ្ជាក់របស់តំណាងសណ្ឋាគារ ខណៈបុគ្គលិកនៅបន្តការតវ៉ាទាក់ទងនឹងការបញ្ឈប់បុគ្គលិកសណ្ឋាគារចំនួនបីនាក់កាលពីខែកក្កដា។
សណ្ឋាគារនេះ គឺជាបណ្ដាញសណ្ឋាគារខ្នាតធំលំដាប់អន្តរជាតិដំបូងគេ ដែលបានប្រកាសបិទអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារតែវិបត្តិកូវីដ១៩ ដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ពិភពលោក និងទីក្រុងនានាពឹងលើវិស័យទេសចណ៍ ដូចជាខេត្តសៀមរាបជាដើម។ ក្រុមបុគ្គលិកសណ្ឋាគារបានធ្វើការតវ៉ា បន្ទាប់ពីបុគ្គលិកបីនាក់ ត្រូវបានបញ្ឈប់ នៅពេលដែលពួកគេស្នើសុំអ្នកគ្រប់គ្រងមិនឲ្យកាត់ប្រាក់ខែ កាលពីខែកក្កដា។
លោកស្រី Sabreena Jacob អ្នកចាត់ការទូទៅរបស់សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ បានបញ្ជាក់នៅថ្ងៃពុធនេះថា សណ្ឋាគារពិតជាបិទបណ្ដោះអាសន្នរយៈពេលមួយឆ្នាំមែន ព្រោះថាវិបត្តិកូវីដ១៩ បានធ្វើឲ្យអតិថិជនធ្លាក់ចុះ។
លោកស្រីបញ្ជាក់តាមរយៈអ៊ីម៉ែលថា៖ «ការបិទអាជីវកម្មនេះនឹងធ្វើឡើងរយៈពេលមួយឆ្នាំ។ សណ្ឋាគារមិនអាចមានលទ្ធភាពចំណាយលើថ្លៃបុគ្គលិកបាន»។
លោកស្រីឲ្យដឹងទៀតថា «កិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ» បានផ្ដល់ជូនបុគ្គលិកទាំងអស់មានលក្ខណៈប្រសើរជាងអ្វីដែលមានចែងក្នុងច្បាប់ស្ដីពីការងារ ហើយបុគ្គលិកនឹងទទួលបាន«ការផ្ដល់ប្រាក់បន្ថែមផ្សេងៗខ្ពស់ជាងការទូទាត់ទៅតាមច្បាប់» ដែលមាន។
យ៉ាងណា លោកស្រី មិនបានឆ្លើយតបនឹងសំណួរទាក់ទងនឹងការបញ្ឈប់បុគ្គលិកបីរូប កាលពីខែកក្កដា ដែលរងការចោទថាបានញុះញង់បុគ្គលិកសណ្ឋាគារនោះទេ។
សកម្មជនសហជីពបីនាក់ គឺកញ្ញា ឌឿម ឆៃយ៉ា អ្នកនាង សុខ ណារ៉ែន និងអ្នកនាង ខាំ ស្រីភ័ក្រ បានស្នើឲ្យកម្មករចុះហត្ថលេខាលើញត្តិទាមទារឲ្យខាងសណ្ឋាគារកុំកាត់ប្រាក់ខែបុគ្គលិកច្រើនពេកក្នុងពេលមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដោយសារវិបត្តិកូវីដ១៩។
ក្រុមបុគ្គលិកសណ្ឋាគារធ្លាប់បានធ្វើការតវ៉ានៅខាងមុខមន្ទីរការងារខេត្ត និងសណ្ឋាគារ ក្នុងគោលបំណងស្វែងរកដំពោះស្រាយលើជម្លោះដែលមិនទាន់ដោះស្រាយចេញ។
លោក លី លីនដា ប្រធានសហជីពក្នុងសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ បានឲ្យដឹងនៅថ្ងៃពុធ នេះថា លោកទើបបានទទួលដំណឹងពីខាងសណ្ឋាគារអំពីការបិទអាជីវិកម្ម ពេលប្រជុំបុគ្គលិកនៅថ្ងៃទី២៣ ខែវិច្ឆកា។
ប្រធានសហជីពរូបនេះ បានប៉ាន់ស្មានថាសំណងសរុបសម្រាប់បុគ្គលិកគ្រប់រូបអាចមានចំនួនជិតកន្លះលានដុល្លារ ព្រោះថាបុគ្គលិក និងថ្នាក់ដឹកនាំមានចំនួន១៤០នាក់ ដែលត្រូវបានសំណងចន្លោះពី៧០០ដុល្លារ ទៅ១ម៉ឺនដុល្លារ។
លោកឲ្យដឹងថា៖ «សម្រាប់ខ្ញុំ បានធ្វើការនៅសណ្ឋាគារនេះជិត១៦ឆ្នាំ ហើយខ្ញុំគួរតែទទួលបានអត្ថប្រយោជន៍ច្រើនជាង៥ ០០០ដុល្លារ»។
លោកបន្ថែមថាក្រុមហ៊ុនបានផ្ដល់ឲ្យបុគ្គលិកនូវប្រាក់អត្ថប្រយោជន៍ចំនួនប្រាំ ប៉ុន្តែបានផ្ដល់អត្ថប្រយោជន៍ឲ្យបុគ្គលិកដែលត្រូវបញ្ឈប់កាលពីខែកក្កដា តិចតួច។
អ្នកនាង ខាំ ស្រីភ័ក្រ សហជីពម្នាក់ក្នុងចំណោមបីនាក់ដែលត្រូវបញ្ឈប់ពីការងារ បានឲ្យដឹងថាក្រុមហ៊ុនមិនបានទូទាត់ប្រាក់តាមការទាមទារនោះទេ ហើយថាការបិទអាជីវកម្មជាចេតនាចង់រំលាយសហជីព ក្នុងពេលណាមួយប្រសិនបើសណ្ឋាគារចាប់ដំណើរការឡើងវិញ។
អ្នកនាងបន្តថា៖ «ខ្ញុំគិតថាក្រុមហ៊ុនយកវិបត្តិកវីដ១៩ ជាលេសបិទសណ្ឋាគារ…ហើយសណ្ឋាគារចង់រំលាយសហជីពប្រចាំសណ្ឋាគារ»។
អ្នកនាងលើកឡើងថា វាជារឿងចម្លែកណាស់ដែលក្រសួង និងមន្ទីរការងារមិនបានពិនិត្យលើគម្រោងបិទសណ្ឋាគារនេះ ហើយថាពួកគេនឹងជួបជាមួយមន្ត្រីនៅថ្ងៃពុធនេះ ដើម្បីដាក់ពាក្យបណ្ដឹង។
លោក ស្វាយ ស៊ីថុល បុគ្គលិកម្នាក់ នៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ បាននិយាយថា បុគ្គលិកមិនពេញចិត្តនឹងកញ្ចប់សំណងដែលក្រុមហ៊ុនផ្ដល់ឲ្យនោះទេ ហើយថាពួកគេមានបំណងចរចាជាមួយសណ្ឋាគារដើម្បីរកដំណោះស្រាយជូនដល់អ្នកទាំងបីដែលពុំទាន់ទទួលសំណង។
លោកបន្ថែមថា៖ «សកម្មជនសហជីពទាំងបីនាក់ មិនយល់ព្រមទៅនឹងការសម្រេចរបស់ក្រុមហ៊ុននោះទេ ដូចនេះតំណាងក្រុមហ៊ុននឹងជួបជាមួយតំណាងសហព័ន្ធ និងសហជីពនៅរសៀលថ្ងៃពុធនេះ»។
លោក ស្វាយ ស៊ីថុល បានម្រើការនៅសណ្ឋាគារនេះជាង១៥ឆ្នាំមកហើយ និងរំពឹងថាបានប្រាក់អត្ថប្រយោជន៍ជាង៣ ០០០ដុល្លារ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTUWF) លោក ទូច កុសល មានអារម្មណ៍ថាការបិទដំណើរការអាជីវកម្ម និងការបញ្ឈប់បុគ្គលិក ក្នុងគោលបំណងរំលាយសហជីព។
លោកបន្ថែមថា៖ «ខាងសណ្ឋាគារបានប្រកាសបិទអាជីវកម្មបណ្ដោះអាសន្ន ប៉ុន្តែពួកគេគួរតែ បានបញ្ជូនលិខិតទៅក្រសួងការងារ និងក្រសូងពាណិជ្ជកម្ម និងបុគ្គលិកទាំងអស់ ប៉ុន្តែបុគ្គលិកមិនបានទទួលលិខិតជូនដំណឹងពីខាងសណ្ឋាគារនោះទេ»។
លោក ច័ន្ទ សុខុម ចិត្តា ប្រធានមន្ទីរការងារខេត្តសៀមរាប បានឲ្យដឹងថាខាងសណ្ឋាគារបានជូនដំណឹងពីការបិទអាជីវកម្មបណ្ដោះអាសន្ននេះទៅមន្ទីរកាលពីថ្ងៃទី២៣ ខែវិច្ឆកា ថាការបិទនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា។
លោកបន្ថែមថា៖ «ខាងក្រុមហ៊ុនបានបូកសរុបកញ្ចប់ប្រាក់សំណងដោយខ្លួនឯង»។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថាមានទេសចរបរទេសតិចតួចបានមកកម្ពុជានៅអំឡុងវិបត្តិកូវិដ១៩នេះ ប៉ុន្តែលោកសង្ឃឹមថាទេសចរក្នុងស្រុកនឹងបន្តធ្វើដំណើរកម្សាន្តក្នុងប្រទេស។
លោក ឲ្យដឹងថា៖ «តំបន់ទេសចរណ៍ក្នុងខេត្តផ្សេងៗ ជាពិសេសខេត្តសៀមរាប បានរងផលប៉ះពាល់ជាខ្លាំង បើធៀបទៅខេត្តផ្សេងៗទៀត»។ លោកបន្ថែមថា សណ្ឋាគារជាង១០០នៅខេត្តសៀមរាប បានរងផលប៉ះពាល់។
វិស័យទេសចរណ៍ទទួលរងគ្រោះធ្ងន់ជាងគេក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ដោយចំនួនភ្ញៀវបរទេសបានធ្លាក់ចុះ៩៨ភាគរយនៅត្រីមាសទី២ និង៤០ភាគរយនៅត្រីមាសទី១ក្នុងឆ្នាំ២០២០។ រដ្ឋាភិបាលបានជួយផ្ដល់ថវិកាមួយចំនួនដល់បុគ្គលិកធ្វើការក្នុងវិស័យទេសចរណ៍ក្នុងអំឡុងពេលព្យួការងារ តែក្រុមអ្នកតាមដានសង្គមថាថវិកាទាំងនេះមិនបានផ្ដល់ឲ្យបានស្មើភាពនោះទេ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុង តុងហាប់ បានសរសេរលើទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ថាចំនួនភ្ញៀវទេសចរបរទេសមានការធ្លាក់ចុះចំនួន៨០ភាគរយ និងអ្នកទេសចរក្នុងស្រុកធ្លាក់ចុះ៥០ភាគរយ និងគិតជាទឹកប្រាក់ខាតក្នុងវិស័យនេះមានប្រហែល៣ពាន់លានដុល្លារ។ ដោយសារតែបញ្ហានេះ បានប៉ះពាល់ដល់ជំនួយពាក់ព័ន្ធផ្នែកទេសចរណ៍១ភាគ៣ និងធ្វើឲ្យបាត់បង់ការងារជិត៥១ ០០០កន្លែង។