សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋក្នុងស្រុកមោងឬស្សីមិនពេញចិត្ដនឹងវិធានការឲ្យអ្នកជំងឺកូវីដ១៩ ទៅសម្រាកព្យាបាលនៅតាមផ្ទះ និងនៅមណ្ឌលជាយដែន

អនុវិទ្យល័យមោងឬស្សី ក្នុងខេត្តបាត់ដំបង ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែមណ្ឌលនេះនឹងរំសាយក្នុងពេលឆាប់ៗនេះដើម្បីបើកដំណើរការសាលាឡើងវិញ។ រូបថតដោយ បាន ធារ៉ា
អនុវិទ្យល័យមោងឬស្សី ក្នុងខេត្តបាត់ដំបង ដែលប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ប៉ុន្តែមណ្ឌលនេះនឹងរំសាយក្នុងពេលឆាប់ៗនេះដើម្បីបើកដំណើរការសាលាឡើងវិញ។ រូបថតដោយ បាន ធារ៉ា

បាត់ដំបង៖ ពលរដ្ឋមួយចំនួនធំដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងអនុវិទ្យាល័យមោងឬស្សី ស្ថិតក្នុងស្រុកមោងឬស្សីខេត្ដបាត់ដំបង សម្តែងការមិនពេញចិត្ដចំពោះវិធានការថ្មីដែលតម្រូវ​ឲ្យពលរដ្ឋព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ និងអ្នកខ្លះត្រូវបញ្ជូនទៅតាមមណ្ឌលនៅជាយដែន ប្រសិនបើពួកគេ​ចង់ព្យាបាលនៅមណ្ឌល។

ប្រភពពីពលរដ្ឋដែល​សុំមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពបាន​ថ្លែងឲ្យដឹងថា លោកបានចូលមកសំរាកព្យាបាលជំងឺកូវីដ១៩ ជាងមួយសប្ដាហ៍មកហើយនៅក្នុងសាលាអនុវិទ្យាល័យមោងឬស្សី។ មកទល់នឹងថ្ងៃនេះអាការៈរបស់លោកមានភាពធូរស្រាលច្រើនហើយដែរ ដោយបានទទួលថ្នាំព្យាបាលពីក្រុមគ្រូពេទ្យ។

លោកបានឲ្យដឹងបន្ថែមថា «ខ្ញុំ​មិនបានតាមដានព័ត៌មានអ្វីឡើយស្រាប់តែកាលពី ២ទៅ៣ថ្ងៃមុនក្រុមគ្រូពេទ្យបានប្រកាសអនុញ្ញាតឲ្យអ្នកជំងឺដែលចង់ទៅព្យាបាលខ្លួននៅផ្ទះអាចទៅបាន និងអ្នកដែលមិនចង់ទៅគឺនៅបន្តព្យាបាលនៅមណ្ឌលបន្តចុះ។ ប៉ុន្តែស្រាប់តែថ្ងៃទី២២ ខែតុលានេះក្រុមគ្រូពេទ្យបានប្រកាសម្ដងទៀតថានឹងរំសាយមណ្ឌលព្យាបាលកំរិតស្រាលអនុវិទ្យាល័យមោងនេះក្នុងពេលឆាប់ៗនេះហើយ» ។

ស្លាកសញ្ញាដើម្បីបង្ហាញដល់ពលរដ្ឋមកទទួលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ រូបថតដោយ បានធារ៉ា
ស្លាកសញ្ញាដើម្បីបង្ហាញដល់ពលរដ្ឋមកទទួលព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ រូបថតដោយ បានធារ៉ា

ពលរដ្ឋម្នាក់ទៀតបានថ្លែងបញ្ជាក់ថា នៅថ្ងៃដែលក្រុមគ្រូពេទ្យប្រកាសថានឹងរំសាយមណ្ឌលព្យាបាលនេះ។ គ្រូពេទ្យក៏បានប្រាប់ថាគ្រប់អ្នកជំងឺគឺអាចទៅព្យាបាលនៅផ្ទះទាំងអស់គ្នា សម្រាប់អ្នកដែលចង់សម្រាកព្យាបាលនៅមណ្ឌលនឹងត្រូវបញ្ជូនដោយឡានក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសម្រាកព្យាបាលនៅជាយដែន។

ពលរដ្ឋដដែល​បានលើកឡើងថា «មិនឲ្យពលរដ្ឋសម្រេចចិត្ដទៅព្យាបាលនៅផ្ទះម៉េច បើវិធានការនេះប្រៀបបាននឹងការដាក់គំនាបដល់ពលរដ្ឋទៅហើយនោះ »។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ លោក សុខ លូ អភិបាលខេត្ដបាត់ដំបង ដែលទើបឡើងកាន់តំណែងថ្មី បានធ្វើការព្រមានធ្ងន់ៗពីការប្រឈមដកតំណែងប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី ដោយសារថ្មីៗកន្លងមកនេះបានប្រើអាកប្បកិរិយា និងពាក្យសម្ដីមិនសមរម្យដាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកសេវាសុខាភិបាលនៅទីនោះ។

ទាក់ទងនឹងបញ្ហា​នេះ លោក ពៅ សុវណ្ណារិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី បាន​បដិសេធ​ធ្វើ​​ការ​អត្ថាធិប្បាយ​។

គួរបញ្ជាក់ដងដែរថា ក្នុងឱកាសចុះពិនិត្យមើលមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលធ្វើចត្តាឡីស័កនៅឃុំសន្តិភាព និង ឃុំជ្រៃសីមា ស្រុកសំពៅលូន កន្លងមក លោក សុខ លូ បានណែនាំដល់មន្ត្រីមន្ទីរសុខាភិបាលត្រូវសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការផ្ទេរអ្នកជំងឺកូវីដ​១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ចេញពីសាលារៀនមកដាក់នៅទីតាំងខាងលើឲ្យបានឆាប់បំផុត ដើម្បីប្រគល់សាលារៀនទាំងអស់ឲ្យមន្ទីរអប់រំខេត្ត ចាត់ចែងរៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកទ្វារឲ្យសិស្សានុសិស្សចូលរៀន។

ក្រសួងអប់រំ បានជូនដំណឹងកាលពីសប្តាហ៍មុនថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់៕

ដោយ៖ ពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

214 views

ព័ត៌មានទាក់ទង