កម្មករជាង ១.០០០នាក់នៅរាជធានីភ្នំពេញ ដែលត្រូវបានបញ្ឈប់ពីការងារកាលពីសប្តាហ៍មុនពីក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី បាននិយាយថា ពួកគេកំពុងជួបការលំបាកក្នុងការស្វែងរកការងារថ្មីក្នុងក្រុមហ៊ុនប្រមូលសំរាម ខណៈមានការលើកឡើងថា នេះជាការរើសអើងប្រឆាំងនឹងសមាជិកសហជីព។
លោក ឈុន នី គឺជាកម្មករម្នាក់ដែលបានជួបការលំបាក បន្ទាប់ពីក្រុមហ៊ុន ស៊ីនទ្រី បានបញ្ឈប់កម្មករប្រមាណជាងពាក់កណ្តាលកាលពីថ្ងៃទី០១ ខែកក្កដា។ អតីតអ្នកបើកបរឡានសំរាមឲ្យក្រុមហ៊ុនស៊ីនទ្រី វ័យ ៣៦ឆ្នាំរូបនេះ បាននិយាយថា គាត់ត្រូវបានជ្រើសឲ្យធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមមួយទៀតឈ្មោះ 800 Super/Global Action for Environment Awareness បន្ទាប់ពីត្រូវបានបញ្ឈប់ពីការងារ។ ការងារថ្មីរបស់លោកទើបតែចាប់ផ្តើម ប៉ុន្តែលោកត្រូវបានបញ្ឈប់ពីការងារនៅក្រុមហ៊ុនថ្មីនេះកាលពីថ្ងៃទី០២ ខែកក្កដា។
លោកបានថ្លែងថា៖ «ខ្ញុំត្រូវបានតំណាងក្រុមហ៊ុនទូរសព្ទប្រាប់នៅម៉ោង ៩យប់ ដោយថា ខ្ញុំត្រូវបានបញ្ឈប់ពីការងារ ហើយ គេចោទប្រកាន់ខ្ញុំថាជា សកម្មជនសហជីព»។
លោក នី បានថ្លែងប្រាប់ខេមបូចា ថាលោកបានធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី ចាប់តាំងពីឆ្នាំ ២០០៦ មក ដោយដំបូងជាអ្នកប្រមូលសំរាម មុនពេលត្រូវបានដំឡើងតួនាទីជាអ្នកបើកឡានសំរាមនៅឆ្នាំ២០០៩។ លោកបាននិយាយថា លោកបានដាក់ពាក្យសុំធ្វើការជាថ្មីនៅក្រុមហ៊ុនស៊ីនទ្រី ប៉ុន្តែត្រូវបានប្រាប់ថា ក្រុមហ៊ុនមានកម្មករពេញហើយ។ ឥឡូវនេះ លោក នី បានដាក់ពាក្យធ្វើការនៅក្រុមហ៊ុន Mizuda Group ដែលជាក្រុមហ៊ុនប្រមូលសំរាមទីបីកំពុងមានប្រតិបត្តិការនៅក្រុងភ្នំពេញ។
ដោយរំឭកពីបញ្ហារបស់លោកកាលពីពេលថ្មីៗនេះ លោកបាននិយាយថា៖ «ខ្ញុំមិនជឿថា ខ្ញុំមិនអាចបំពេញលក្ខខណ្ឌជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុនទាំងនោះទេ ពីព្រោះខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការប្រមូលសំរាម និងបើកឡានសំរាម។ ខ្ញុំខកចិត្តដែលគេបញ្ឈប់ខ្ញុំពីការងារដោយមិនមានហេតុផល»។
លោក នី បានបន្ថែមថា៖ «ពួកគេគួរតែជ្រើសបេក្ខជនដោយផ្អែកលើបទពិសោធន៍ និងចំណេះដឹង ប៉ុន្តែពួកគេបានរើសអើងពួកយើង ហើយឥឡូវនេះ ខ្ញុំគ្មានការងារធ្វើនោះទេ»។
ក្រុមហ៊ុនស៊ីនទ្រី ដែលកំពុងសហការជាមួយក្រុមហ៊ុនមួយទៀតឈ្មោះថា Everbright ពីមុនមកមានកិច្ចសន្យាប្រមូលសំរាមផ្តាច់មុខក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានរងការចោទប្រកាន់ជាប្រចាំពីការផ្តល់សេវាកម្មអន់ខ្សោយ។ ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានដាក់ក្រោមការគ្រប់គ្រងដោយរដ្ឋវិញនៅឆ្នាំ ២០១៩ បន្ទាប់ពីអាជ្ញាធរបានដកសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននេះ។ កាលពីឆ្នាំមុន ថ្នាក់ដឹកនាំរដ្ឋបាលក្រុងភ្នំពេញបានបែងចែកក្រុងភ្នំពេញជាបីតំបន់សម្រាប់ការគ្រប់គ្រងសំរាម ហើយបន្ទាប់មក ដំណើរការដេញថ្លៃបានផ្តល់កិច្ចសន្យាថ្មីដល់ក្រុមហ៊ុនចំនួនពីរបន្ថែមទៀត រួមមាន ក្រុមហ៊ុន 800 Super និងក្រុមហ៊ុន Mizuda ចំពោះការប្រតិបត្តិការគ្រប់គ្រងសំណល់រឹង។
ការបញ្ឈប់ការងារកម្មករជាបន្ទាន់ពីសំណាក់ក្រុមហ៊ុន Cintri បានធ្វើឡើងកាលពីសប្តាហ៍មុន ខណៈអតីតតំបន់គ្រប់គ្រងដោយក្រុមហ៊ុននេះត្រូវបានផ្តល់ឲ្យជាផ្លូវការដល់ក្រុមហ៊ុនប្រមូលសំរាមដែលជាគូប្រជែងដទៃទៀត។ ប៉ុន្តែនៅស្របពេលកម្មករដែលត្រូវបានបញ្ឈប់ពីការងារត្រូវបានរំពឹងថា នឹងត្រូវផ្លាស់ទៅក្រុមហ៊ុនដទៃទៀត ដំណើរការនេះគឺ មិនមានភាពងាយស្រួលនោះទេ។
លោក នី បាននិយាយថា លោកកំពុងជួបការលំបាកដើម្បីបង់ការប្រាក់ប្រចាំខែចំនួន ៣៤៩ដុល្លារលើកម្ចីធនាគារចំនួន ១ម៉ឺនដុល្លារ។ លោក នី និងភរិយា ដែលជាកម្មករកាត់ដេរ កំពុងរិះគិតថាតើពួកគេនឹងត្រូវចិញ្ចឹមកូនស្រីតូចៗរបស់ខ្លួនបានយ៉ាងដូចម្តេច។
លោកបានបន្ថែមថា៖ «វាប៉ះពាល់ដល់គ្រួសារខ្ញុំទាំងផ្លូវចិត្ត និងស្ថានភាពរស់នៅរបស់យើង។ ប្រពន្ធខ្ញុំ និងខ្ញុំដេកមិនលក់អស់ពេលប៉ុន្មានថ្ងៃនេះ ពីព្រោះយើងកំពុងគិតពីរបៀបរកលុយបង់ធនាគារ»។
លោក ដួង ស៊ីឡែន បុគ្គលិកផ្នែករដ្ឋបាលក្រុមហ៊ុនស៊ីនទ្រី បានបដិសេធបញ្ជាក់ពីចំនួនជាក់លាក់ នៃកម្មករដែលត្រូវបញ្ឈប់ពីការងារ ដោយលើកឡើងថា តួលេខនៅមិនទាន់ច្បាស់នៅឡើយ។
លោកបានថ្លែងថា៖ «រហូតមកដល់ពេលនេះ យើងមិនអាចកំណត់ចំនួនកម្មករបាននៅឡើយទេ ដោយសារតែពួកគាត់អាចចេញចូលក្រុមហ៊ុនបាន»។
លោក ស៊ីឡែន បានបន្តថា ក្រុមហ៊ុនស៊ីនទ្រី បានផ្តល់ប្រាក់ខែចុងក្រោយឲ្យកម្មកររួចរាល់ហើយ តែឥឡូវនេះកំពុងរៀបចំឯកសារពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភផ្សេងទៀត ដែលក្រុមហ៊ុនគ្រោងនឹងបង់នៅថ្ងៃទី១៤ ខែកក្កដា។
កាលពីខែតុលា កម្មករក្រុមហ៊ុនស៊ីនទ្រី ប្រមាណ ១.០០០នាក់បានធ្វើកូដកម្មអស់រយៈពេលបួនថ្ងៃ ដើម្បីទាមទារប្រាក់ឧបត្ថម្ភផ្សេងៗ ខណៈរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឡើងវិញលើកិច្ចសន្យាផ្តាច់មុខរបស់ក្រុមហ៊ុននេះនៅក្រុងភ្នំពេញ។ កម្មករព្រួយបារម្ភថា បញ្ហាកិច្ចសន្យាអាចធ្វើឲ្យក្រុមហ៊ុនស៊ីនទ្រី បិទទ្វារ ដោយមិនចាំបាច់បង់ប្រាក់ខែចុងក្រោយ ឬប្រាក់ឧបត្ថម្ភផ្សេងៗ។ កូដកម្មខាងលើនេះគឺ បានបង្កឲ្យមានគំនរសំរាមយ៉ាងច្រើននៅតាមដងផ្លូវនានា។
លោក កៅ សុខវ៉ាត អតីតអ្នកដឹកនាំសហជីពកម្មករក្រុមហ៊ុនស៊ីនទ្រី បាននិយាយថា កម្មករដែលត្រូវបានបញ្ឈប់ពីការងារ ពីមុនមកត្រូវបានកំណត់ឲ្យប្រមូលសំរាមនៅសង្កាត់ចំនួន១០ ដែលក្រុមហ៊ុន Cintri បាត់បង់អាជ្ញាបណ្ណទៅឲ្យក្រុមហ៊ុនប្រមូលសំរាមដទៃទៀត។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Cintri និងក្រុមហ៊ុន Everbright ផ្តល់សេវាកម្មប្រមូលសំរាមនៅខណ្ឌចំការមន បឹងកេងកង មានជ័យ និងច្បារអំពៅតែប៉ុណ្ណោះ។
លោក សុខវ៉ាត បានបន្តថា លោកស្ថិតនៅក្នុងចំណោមកម្មករជាង ១.០០០នាក់ ដែលបានបាត់បង់ការងារ។ ឥឡូវនេះលោកកំពុងរង់ចាំទទួលប្រាក់ឧបត្ថម្ភផ្សេងទៀតពីកិច្ចសន្យាសម្របសម្រួលផ្តល់ដោយក្រុមហ៊ុន Cintri ត្រួតពិនិត្យពីលើដោយរដ្ឋបាលក្រុងភ្នំពេញ បន្ទាប់ពីមានកូដកម្ម កាលពីខែតុលាឆ្នាំមុន។
លោកសុខវ៉ាត បានសង្កត់ធ្ងន់ថា អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញបានប្រាប់កម្មករថា ការកែទម្រង់រចនាសម្ព័ន្ធសេវាកម្មគ្រប់គ្រងសំរាមនឹងមិនធ្វើឲ្យពួកគេបាត់បង់ការងារនោះទេ ដោយបង្គាប់ឲ្យពួកគេដាក់ពាក្យធ្វើការដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនថ្មី។ ទោះបីជាមន្រ្តីសាលាក្រុងបានប្រាប់ទៅកម្មករក្រុមហ៊ុន Cintri ថា ពួកគេនឹងជាបេក្ខជនអាទិភាពក្នុងដំណើរការជ្រើសរើសក៏ដោយ លោកសុខវ៉ាត បាននិយាយថា នេះមិនអាចបញ្ឈប់ការបាត់បង់ការងារដែលកើតមាននោះទេ។
លោកបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា សាលាក្រុងភ្នំពេញនឹងជួយសម្រួលរកការងារឲ្យយើង។ សម្តេច ហ៊ុន សែន បាននិយាយថា [លោក]នឹងមិនឲ្យកម្មករបាត់បង់ការងារនោះទេ ហើយប្រសិនបើក្រុមហ៊ុនថ្មីឈ្នះការដេញថ្លៃ កម្មករពីមុននឹងត្រូវធ្វើការនៅទីនោះ»។
មន្រ្តីជាន់ខ្ពស់មួយរូបនៅសាលារាជធានីភ្នំពេញបាននិយាយថា លោកជំរុញឲ្យកម្មករក្រុមហ៊ុន Cintri ដែលត្រូវបានបញ្ឈប់ការងារដាក់ពាក្យសុំធ្វើការជាមួយនឹងក្រុមហ៊ុនប្រមូលសំរាមដទៃទៀត។
លោកបាននិយាយថា៖ «ខ្ញុំបានប្រាប់ទៅក្រុមហ៊ុនទាំងនោះថា ពួកគេត្រូវទទួលពាក្យសុំធ្វើការពីកម្មករក្រុមហ៊ុន Cintri»។ ដោយលោកបន្ថែមថា និយោជកមានលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការជ្រើសរើសកម្មកររបស់គេ។
បើទោះបីជាតំណាងកម្មករក្រុមហ៊ុន Cintri ដែលនៅសេសសល់បានប្រាប់ខេមបូចា ថា លក្ខខណ្ឌផ្សេងៗគឺមានលក្ខណៈធម្មតាសម្រាប់អ្នកដែលមិនត្រូវបានបញ្ឈប់ពីការងារ កម្មករមួយចំនួនដែលអាចផ្លាស់ទៅធ្វើការនៅតាមក្រុមហ៊ុនថ្មីបានលើកឡើងថា ដំណើរការផ្លាស់ទៅធ្វើការនេះគឺមានការលំបាក។
កម្មករម្នាក់ដែលកំពុងធ្វើការនៅក្រុមហ៊ុន 800 Super ដែលស្នើសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថភាពការងារ បានត្អួញត្អែរពីលក្ខខណ្ឌមិនសូវល្អចំពោះការងារថ្មីរបស់លោក បើប្រៀបជាមួយនឹងការងារនៅក្រុមហ៊ុន Cintri។ លោកបានថ្លែងប្រាប់ខេមបូចា ថា លោកត្រូវបានជ្រើសរើសសម្រាប់តួនាទីបច្ចុប្បន្នដោយស្វ័យប្រវត្តិ បន្ទាប់ពីតំបន់ការងាររបស់លោកសម្រាប់ក្រុមហ៊ុន Cintri ត្រូវបានផ្លាស់កិច្ចសន្យាប្រមូលសំរាមថ្មី។
លោកបានថ្លែងថា៖ «ខ្ញុំធ្លាប់មានពេលប្រមូលកំប៉ុង ដប និងដែកយកទៅលក់ ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវប្រមូលសំរាមពីរទៅបីដងក្នុងមួយថ្ងៃជាមួយឡាន ៨០០តោន»។
លោក ជី វ៉ុន ដែលមានឈ្មោះចុះបញ្ជីតាមប្រព័ន្ធអនឡាញជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន 800 Super មិនបានផ្តល់ការអធិប្បាយ ដោយនិយាយថា លោកជាប់រវល់ខ្លាំង។
លោក សៀង សាមុទ្រមាស តំណាងក្រុមហ៊ុន Mizuda និយាយថា ក្រុមហ៊ុនរបស់លោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមពាក់ព័ន្ធនឹងសំរាមកកកុញ បន្ទាប់ពីបានទទួលសិទ្ធិពីក្រុមហ៊ុន Cintri។
លោកបានថ្លែងថា៖ «យើងត្រូវប្រើកម្មករ ពេលវេលា រថយន្ត និងអ្វីផ្សេងៗដើម្បីប្រមូលសំរាមទាំងអស់នៅក្នុងទីក្រុង។ ជាការលំបាកក្នុងការប្រមូលនៅថ្ងៃដំបូង ប៉ុន្តែយើងប្រឹងប្រែងតាមតែអាចធ្វើទៅបាន»។
លោក សាមុទ្រមាស ក៏បានលើកឡើងថា ដំណើរការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន Mizuda គឺមិនមានបញ្ហានោះទេ។
លោកបានបន្តថា៖ «យើងមិនរើសអើងប្រឆាំងនឹងអ្នកដាក់ពាក្យណាម្នាក់នោះទេ ពីព្រោះយើងចង់បានមនុស្សធ្វើការ និងសម្អាតទីក្រុង។ យើងបានជ្រើសរើសដោយផ្អែកលើប្រវត្តិការងារ ឯកសារពាក់ព័ន្ធ និងការប្តេជ្ញា»។
លោកសាមុទ្រមាស បានបន្ថែមថា មកទល់ពេលនេះ ក្រុមហ៊ុនបានជ្រើសរើសកម្មករចំនួន ៥៣១នាក់មកធ្វើការ ដែលជាង ៨០ភាគរយមកពីក្រុមហ៊ុន Cintri។
លោក ទូច កុលស ប្រធានសហព័ន្ធសហជីពកម្មករក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដែលមើលការខុសត្រូវលើសហជីពនៅក្រុមហ៊ុន Cintri បាននិយាយថា លោកកំពុងតែតាមដានថាតើក្រុមហ៊ុន Cintri បានផ្តល់ប្រាក់ឧបត្ថម្ភសមស្របដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារឬទេ។
លោកបានថ្លែងថា៖ «ទោះបីជា[ថ្នាក់ដឹកនាំ]សាលាក្រុងភ្នំពេញជួយសម្របសម្រួល យើងនៅតែព្រួយបារម្ភពីការរើសអើងប្រឆាំងនឹងសមាជិកនិងសកម្មជនសហជីព» ដោយលោកបានលើកឡើងថា កម្មករក្រុមហ៊ុន Cintri ដែលពុំទាន់មានការងារធ្វើនាពេលបច្ចុប្បន្ន អាចជាមុខសញ្ញានៃការរើសអើងប្រឆាំងនឹងសហជីព៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New garbage collectors begin service as more than 1,000 Cintri workers struggle with layoffs