បញ្ហាក្មេងទំនើងនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានការថយចុះខ្លាំង ដោយសារអាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងភូមិ-ឃុំ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។
លោកស្រី ម៉ិល សុគង្គា មេឃុំកណ្ដែក បានឲ្យដឹងថា ទាក់ទងនិងបញ្ហាក្មេងទំនើងនៅឃុំកណ្តែក មិនសូវកើតមានដូចមុនទៀតទេ ព្រោះអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបជារឿយៗគ្រប់ប្រភេទបទល្មើសដែលកើតមានក្នុងភូមិ-ឃុំ។
លោកស្រីក៏បានបន្ថែមថា៖ «ជារៀងរាល់ខែ [អាជ្ញាធរ] ឃុំបានមានវិធានការក្នុងការពង្រឹងនិងផ្សព្វផ្សាយជាប្រចាំ។ ដើម្បីអាចកាត់បន្ថយឬឈានទៅលុបបំបាត់ក្រុមក្មេងទំនើងបានទាមទារឱ្យបានការចូលរួមទាំងអាណាព្យាបាល គ្រឹះស្ថានអប់រំដែលមានលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ»។
លោកស្រីបានឲ្យដឹងបន្ថែមទៀតថា ការបន្ថយបទល្មើសក្មេងទំនើងនេះ ដោយសារមានការចូលរួមពីអាណាព្យាបាល គឺនៅផ្ទះ មានឪពុកម្ដាយអប់រំ នៅសាលារៀនមានលោកគ្រូ អ្នកគ្រូ ហើយចន្លោះពេលនៅផ្ទះនិងនៅសាលា គឺមានអាជ្ញាធរមូលដ្ឋាននេះឯងជាអ្នកតាមដានបន្ដទៀត ដើម្បីឲ្យសហគមន៍មានសុខសន្តិនិងសុវត្ថិភាព។
កញ្ញា ម៉ាលី រស់នៅក្នុងភូមិត្រព្រាំងទឹម ឃុំកណ្ដែក បានលើកឡើងថា កន្លងមកបញ្ហាក្មេងទំនើងនៅតែកើតមានឡើង ទោះបីមានចំនួនតិចតួចយ៉ាងណាក៏ដោយ ដែលបញ្ហានេះទាមទារឲ្យអាណាព្យាបាលនិងអាជ្ញាធរភូមិឃុំយកចិត្តទុកដាក់ក្នុងការចុះអប់រំផ្សព្វផ្សាយនិងការបង្រ្កាបឲ្យមានប្រសិទ្ធិភាព។
កញ្ញាបានឲ្យដឹងបន្តទៀតថា៖ «ព្រោះបើនៅក្នុងមូលដ្ឋានមានក្មេងទំនើងច្រើនធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាមិនខានឡើយ»។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យអនុវត្ដនៅថ្នាក់មូលដ្ឋានរួចហើយ ដែលលក្ខណៈសម្បត្ដិភូមិ-ឃុំមានសុវត្ថិភាព គឺក្ដោបទៅលើចំណុចសំខាន់ដូចជា៖ ១ គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ, ២ គ្មានការផលិត ចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ៣ គ្មានអំពើអាណាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, ៤ គ្មានក្មេងទំនើង និង ទី៥ គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ប៉ុន្ដែយ៉ាងណា ការអនុវត្ដជាក់ស្ដែងហាក់នៅមានភាពខ្វះចន្លោះនៅឡើយ ហើយនេះក៏ជាអ្វីដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងបន្ថែម៕