សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្សារអូរឫស្សីត្រូវបិទទ្វារ ខណៈយានជំនិះជាង១០០គ្រឿងត្រូវដកហូត ក្រោយបំពានបំរាមគោចរ

មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅលើផ្លូវមុខផ្សារអូរឫស្សី ដែលផ្សារនេះបានបិទបន្ទាប់ពីអ្នកលក់ និងសន្តិសុខផ្សារមានវិជ្ជមានកូវីដ១៩ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅលើផ្លូវមុខផ្សារអូរឫស្សី ដែលផ្សារនេះបានបិទបន្ទាប់ពីអ្នកលក់ និងសន្តិសុខផ្សារមានវិជ្ជមានកូវីដ១៩ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សមត្ថកិច្ចឲ្យ​ដឹង​ថា​ម៉ូតូ​ និង​រថយន្ត​ជាង​១០០​គ្រឿង​ត្រូវ​បាន​ដក​ហូត​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​បំពាន​បំរាម​គោ​ចរ ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​រយៈពេល​បី​ថ្ងៃ​មក​នេះ ហើយ​ផ្សារ​អូរឫស្សី​វិញ​ត្រូវ​បាន​បិទ ខណៈ​អ្នក​លក់​ដូរ​​ប្រហែល​៥ ០០០​នាក់នឹង​ត្រូវ​នាំ​ទៅ​ធ្វើ​តេស្ត​កូវីដ​១៩​ បន្ទាប់​ពីមាន​អាជីវករ និង​សន្តិ​សុខ​ផ្សារ​នេះ​មាន​វិជ្ជមាន​កូវីដ១៩​។​​

មន្ត្រី​ឲ្យ​ដឹង​ទៀត​ថា អាជីវករនៅ​ផ្សារ​ចាស់​ក្នុង​ខណ្ឌ​ដូនពេញ​ឯណោះ​វិញ ក៏​ត្រូវ​បាន​ហៅ​ទៅ​យក​សំណាក​តេស្ត​កូវីដ​១៩​ដែរ បន្ទាប់​ពី​មាន​អាជីវករ​ក្នុង​ផ្សារ​ម្នាក់​មាន​វិជ្ជមាន​កូវីដ​១៩ ខណៈ​នៅ​ថ្ងៃ​ចន្ទ​ល្ងាចនេះ ផ្សារ​នៅ​បន្ត​ដំណើរ​ការ​ធម្មតា​។​

បើ​តាម​​មន្ត្រី​ដដែលឲ្យដឹងថា ​អ្នក​បើក​បរ​ម៉ូតូ និងរថយន្ត​បំពាន​បំរាម​គោចរ ដែល​ដាក់​១៤​ថ្ងៃ ក្នុង​ខែ​មេសា​ ចាប់ពី​ម៉ោង​៨យប់ ដល់​ម៉ោង​៥​ព្រឹក ត្រូវ​​បញ្ជា​ឲ្យ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ដោយ​ខ្លួន​ឯង និង​ថា​ក្រោយ​ពី​មាន​ការ​រឹត​បន្តឹង​ជា​បន្ត​បន្ទាប់ពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ ចំនួន​អ្នក​បំពាន​បំរាម​បាន​ថយ​ចុះ​គិត​ត្រឹម​យប់​ថ្ងៃអាទិត្យ។​

អ្នក​នាំ​ពាក្យ​​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា មាន​ប្រ​សាសន៍​ថា​៖ «បើ​តាម​គោល​ការណ៍​របស់​អភិបាល​សាលារាជធានី​ភ្នំពេញ ពេល​អ្នក​ទាំង​នោះ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ ពួកគាត់​អាច​ទៅ​យក​ម៉ូតូ ឬ​រថយន្ត​​វិញ​បាន»។ បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ យាន​យន្ត​ដែល​ដក​ហូត​មាន​ម៉ូតូ​១៣៨​គ្រឿង និង​រថយន្ត​ចំនួន​២៧​គ្រឿង​។​

លោក​បន្ថែម​ថា៖ «យើង​ចង់​ឃើញ​រាល់​យប់​គ្មាន​ម៉ូតូ ឬ​រថយន្ត​ត្រូវ​បាន​ដក​ហូត មាន​ន័យ​ថា​រាល់​យប់​គ្មាន​អ្ន​ក​​បំពាន​ និង​ពួកគាត់​គោរព​បំរាម​គោចរ​១០០​ភាគ​រយ​»។

កាល​ពី​ថ្ងៃ​អាទិត្យ ផ្សារ​អូរឫស្សី ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​រយៈ​ពេល​១៤​ថ្ងៃ ក្នុង​នោះ​មាន​អ្នក​លក់​ដូរ និង​សន្តិសុខ​ផ្សារ​ផង​មាន​វិជ្ជមាន​កូវីដ​១៩​ ធ្វើ​ឲ្យ​​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ ក្នុងព្រឹត្តិការណ៍​២០ កុម្ភៈ ឡើង​ដល់​២២២២​ករណី និង​អ្នក​ឆ្លង​សរុប​មាន​ចំនួន​២៧៥២​ករណី​។​

ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយចុះថ្ងៃទី៣ ខែមេសា​ ​អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង លើក​ឡើង​ថា​សន្តិសុខ​​​ និង​សុវត្ថិភាព​ផ្សារ​នឹង​ត្រូវ​ធានាការ​ដោយ​សាលា​រាជធានី​ភ្នំពេញ ខណៈ​​ផ្សារ​នេះ​ក៏​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ផង​ដែរ​។​

លោក ឃួង ស្រេង​ បញ្ជាក់ថា៖ «​ស្ថាន​ភាព​នេះ បាន​រីក​រាល​ដាល​ជាបន្ត​បន្ទាប់ ច្រើន​តូប​ និង​មាន​ទី​តាំង​ខុសៗ​គ្នា​ក្នុង​បរិវេណ​ផ្សារ​»។ លោកបន្ថែម​ថា​ផ្សារ​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១​។​

​​បើ​តាម​សេចក្ដីជូន​ដំណឹង​ដដែល​​ បានឲ្យដឹងថា ​​ខណៈ​អ្នក​លក់​បាន​បិទ​តូប រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ធានា​សន្តិសុខ និង​សុវត្ថិភាព​រាល់​សម្ភារ និង​អីវ៉ាន់​ទាំងអស់​នៅ​ក្នុង​ផ្សារ និង​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​ឲ្យ​ភាគីណា​មួយ​ឡើយ។

នាយ​ប៉ុស្ដិ៍​រដ្ឋ​បាលសង្កាត់​ផ្សារ​អូរឬស្សី លោក ថង ម៉ារ៉ាឌី ប្រាប់​ខេមបូចា ថា៖ «ឥឡូវនេះ​កម្លាំង​នគរបាល​របស់​ខ្ញុំ​កំពុង​យាម​ផ្សារ រក្សា​សន្តិសុខ និង​សុវត្ថិភាព ដើម្បី​កុំ​ឲ្យ​មនុស្ស​អាក្រក់​លួចសម្ភារ និង​ទំនិញ»។ លោក​ឲ្យ​ដឹង​ដែរ​ថា​ ផ្សារ​ត្រូវ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់ហើយ​។

លោក ហ័ត វ៉ាន់ធី ប្រធាន​​ផ្សារ​អូរឫស្សី មាន​ប្រ​សាសន៍​ថា​អ្នក​លក់​ដូរ​ប្រហែល​៥០០០​នាក់​​ត្រូវទៅធ្វើ​តេស្ត​កូវីដ​១៩ បន្ទាប់ពី​អ្នក​លក់​ និងសន្តិសុខមាន​វិជ្ជមាន​វីរុស​នេះ​។​

អ្នកស្រី​ អួន ញឹម អ្នក​លក់​ដូរ​វត្ថុអនុស្សាវរីយ៍​នៅ​ផ្សារ​អូរឫស្សី​ជាង​១០​ឆ្នាំ​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា​​អ្នក​ស្រី​បាន​ឮ​ថា​អ្នក​ឆ្លង​នៅ​ជាន់​ផ្ទាល់​ដី​របស់​ផ្សារ​កាលពី​ថ្ងៃទី​១ ខែមេសា ហើយ​អ្នក​ស្រី​ក៏​បាន​បិទ​តូប​ខ្លួន​នៅ​ជាន់​ទី​១​ នៅ​ថ្ងៃជាមួយ​គ្នា​ដែរ​។​

អ្នកស្រី​បន្ថែម​ថា៖ «​វា​ប៉ះពាល់​ដល់ជីវភាព​របស់​យើង ព្រោះ​យើង​មិន​​មាន​ចំណូល ពេល​ផ្សារ​ត្រូវ​បិទ»។​

អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​ទេ​។​

លោក​ លឹម សុភា អភិបាល​ខណ្ឌ​៧មករា បដិសេធ​ធ្វើអត្ថាធិប្បាយ​លើរឿង​នេះ​។​

លោក សឹង​ សែនករុណា អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក មាន​ប្រ​សាសន៍​ថា ការ​ដក​ហូត​យាន​ជំនិះ​គឺ ជា​រឿង​ធ្ងន់​ធ្ងរ​ ហើយ​ថា​ការ​ដាក់​​ឲ្យ​អ្នក​បំពាន​ធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួន​ឯង​១៤​ថ្ងៃ គឺ មិន​មាន​ចែង​ក្នុង​អនុក្រឹត្យ​ចេញ​កាលពី​សប្ដាហ៍​មុន​​នោះទេ​។​

លោក​បន្ថែម​ថា៖ «អ្នកខ្លះមិនជាប់ពាក់ព័ទ្ធជាមួយនឹងកូវីដ១៩ទេ»។ លោក​អំពាវនាវ​ឲ្យ​អនុវត្ត​ច្បាប់​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ បើមិនដូច្នេះទេ វា​អាច​ធ្វើ​ឲ្យ​គ្រួសារ​មួយ​ចំនួន​បាត់​ចំណូល។​​

លោក​ថា៖ «ខ្ញុំគិតថារដ្ឋាភិបាលត្រូវគិតពីជីវភាពរបស់ប្រជាពលរដ្ឋ»។

ក្រ​សួង​សុខាភិបាល​​នៅ​ថ្ងៃ​ចន្ទនេះ ឲ្យ​ដឹង​ថាអ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩ ឡើង​ដល់​២១​នាក់  ដោយ​អ្នក​ស្លាប់ចុងក្រោយគឺ​ស្រ្តី​ខ្មែរ និង​បុរសជនជាតិ​ចិន ស្លាប់​​នៅ​ថ្ងៃទី​៣ និង​ទី​៤ ខែមេសា​ បន្ត​បន្ទាប់​គ្នា​។​

អ្នក​នាំ​ពាក្យ​ក្រ​សួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​តាម​ប្រព័ន្ធ​តេលេក្រាម​​នៅ​ថ្ងៃចន្ទនេះថា មនុស្ស​ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មាន​ចំនួន​៤១៨ ៥៦៩​នាក់​។​

បំរាម​គោចរ​​ក្នុង​រាជធានី​ភ្នំពេញ​នឹង​បន្ត​រហូត​ដល់ថ្ងៃទី​១៤ ខែមេសា។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ O’Russei Market Closed; 100 vehicles confiscated during curfew

615 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម