អង្គការអុកស្វាមបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធានាថា ហិរញ្ញប្បទានឥតសំណងចំនួន ២៤០លានដុល្លារដែលប្រកាសផ្តល់ឲ្យដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចកម្ពុជានោះ ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ក្រុមប្រឹក្សាភិបាលរបស់ IMF បានអនុម័តមូលនិធិពិសេស (Special Drawing Rights (SDRs)) កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ដែលមានទឹកប្រាក់៦៥០ពាន់លាន ដុល្លារអាមេរិក ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយរបស់សកលលោករួមទាំង ប្រទេសកម្ពុជាផងដែរ នេះបើយោងតាមអង្គការអុកស្វាម ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម បានស្នើឱ្យរដ្ឋាភិបាលបន្តធ្វើការប្រកបដោយតម្លាភាពជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីធានាថា មូលនិធិនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
លោកស្រីថ្លែងថា៖ «យើងសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDRនេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឱ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាតមានលក្ខណៈបរិយាប័ន្ន ។ ប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្តនូវស្នាដៃដ៏សំខាន់នេះ»។
លោកស្រីបានមានប្រសាសន៍ថា មូលនិធិនេះគួរផ្តល់ផលប្រយោជន៍ដល់ក្រុមងាយរងគ្រោះ ដូចជាស្ត្រីនិងក្មេងស្រីដែលប្រឈមនឹងអំពើហិង្សាផ្លូវភេទនិងអំពើហិង្សាពាក់ ព័ន្ធយេនឌ័រ ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាព ជនជាតិដើមនិងជនជាតិដើម ភាគតិច អ្នកផ្ទុកមេរោគអេដស៍ ជនអនាថា និងជនទេសន្តរប្រវេសន៍ដែល វិលត្រឡប់មកប្រទេសវិញ។
លោកស្រីថ្លែងថា៖ «ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធានាថា កម្មវិធីផ្តល់ជំនួយ សង្គ្រោះរបស់ខ្លួន ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការគាំទ្រកម្មក រសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា»។
អង្គការអុកស្វាមបានអះអាងថា ផ្អែកលើតួលេខពីអង្គការពលកម្មអន្តរជាតិ (ILO) និងក្រសួងផែនការ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលនេះ តំណាងឲ្យ ៨៧,៥ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា។ ក្រសួងបានព្រមានថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៦លាន នាក់ប្រឈមនឹងការបាត់បង់មុខរបរដោយសារការរាតត្បាតជំងឺ។
លោក ស៊ឹម កុសល មកពីខេត្តព្រៃវែងបាននិយាយថា លោកងាកមកធ្វើការជាកម្មករ សំណង់ប្រហែលមួយខែហើយដោយសារមិនអាចរកប្រាក់ពីរបររត់រ៉ឺម៉កកង់បីបាន ។ កន្លងមក លោក កុសល យកប្រាក់កម្ចីចំនួន៥.០០០ដុល្លារ ដើម្បីសាង សង់ផ្ទះថ្មីនៅឯស្រុកកំណើតរបស់លោកក៏ដូចជាទិញរ៉ឺម៉កកង់បី។
លោកបាននិយាយថា៖ «ខ្ញុំសំរេចចិត្តធ្វើការជាកម្មករសំណង់ ព្រោះខ្ញុំអាចរកប្រាក់ បានខ្លះសម្រាប់គ្រួសារខ្ញុំ និងបង់ការប្រាក់ខ្លះទៅធនាគារ»។ ដោយលោកបន្ថែមថា៖ «ប្រពន្ធរបស់ខ្ញុំគ្មានការងារធ្វើទេពីមុន គាត់ធ្លាប់លក់ពងទាកូន និងប្រហិតនៅមុខ វាំងនិងតាមមាត់ទន្លេ ប៉ុន្តែឥឡូវនេះ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យលក់ នៅទីតាំងនោះទៀតទេ»។
បច្ចុប្បន្ន លោក កុសល កំពុងរស់នៅជាមួយកូនទាំងបីរបស់លោក នៅក្នុងបន្ទប់ដែលលោកជួលក្នុងមួយខែ២០ដុល្លារ។ លោកបាននិយាយថា លោកអាចរកប្រាក់បានប្រហែល ១០ដុល្លារក្នុងមួយថ្ងៃពីការងារសំណង់។
លោក ស៊ុន ខេង អ្នកលក់អាហារតាមផ្លូវនៅភ្នំពេញបាននិយាយថា ប្រាក់ចំណូល របស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីអាជ្ញាធរក្រុងបានដាក់បំរាមគោចរ ដើម្បី កាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកបាននិយាយថា៖ «យើងអាចលក់បានតែ៤ទៅ៥ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានមនុស្សដើរក្បែរនោះទេ។ មុនមានកូវីដ ខ្ញុំអាចរកបាន៧០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះ ខ្ញុំរកស្ទើរតែមិនបាន៣០ដុល្លារផង»។
រដ្ឋាភិបាល ដែលកំពុងស្ថិតក្នុងដំណើររៀបចំផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ- ១៩ កំពុងអនុវត្តកម្មវិធីផ្តល់ជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះព្រម ទាំងគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម។ ទាំងលោក ខេង និងលោក កុសល បាននិយាយថា កន្លងមក ពួកលោកបានទទួលជំនួយស្បៀងអាហារនិងប្រាក់ផ្ទាល់ មួយចំនួន អំឡុងពេលមានការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ខណៈពួកលោក មិនអាច ចេញទៅធ្វើការបាន។
កាលពីខែមិថុនា ធនាគារពិភពលោកបានអនុម័តឥណទានរបស់ សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលមានទឹកប្រាក់២០០លាន ដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩និងការស្តារសេដ្ឋកិច្ចឡើងវិញនៅកម្ពុជា។
សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលជំងឺកូវីដ -១៩។ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានឈ្មោះ Fitch Ratings ដែលមានមូល ដ្ឋាននៅអង់គ្លេសបានកែប្រែការព្យាករកំណើនផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ ២០២១ សម្រាប់កម្ពុជាត្រឹម២,៥ភាគរយ ធ្លាក់ចុះពីការព្យាករ ពីមុនក្នុងកម្រិត ៣,៨ភាគរយ។
លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management Holding បានលើកឡើងថា គោលបំណងរបស់ IMFគឺមួយផ្នែកជួយ សម្រួលនិងគាំទ្រដល់ការលុបបំបាត់ការរាតត្បាតជំងឺឲ្យ បានឆាប់រហ័ស។
លោកថ្លែងថា៖ «ខ្ញុំរំពឹងថា ធនធានទាំងនេះនឹងត្រូវបានបែងចែកជាសំ ខាន់សម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យដែលរងផលប៉ះ ពាល់ធ្ងន់ធ្ងរ។ ការបែងចែក SDRនេះ នឹងរួមចំណែកជាមួយធនធានហិរញ្ញវត្ថុ ក្នុងការជួយដល់ការងារនេះ ជាពិសេសសម្រាប់ការទិញវ៉ាក់សាំងនិង ផ្តល់ការថែទាំសុខ ភាពដល់ជនងាយរងគ្រោះ»។
លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលមានអ្នកប្រកបរបរ និងកម្មករក្រៅប្រព័ន្ធជាង ១៥.០០០នាក់ទូទាំងប្រទេស ជាសមាជិក បាននិយាយថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះ ប្រជាជនងាយរងគ្រោះ អំឡុងពេលមានការរីករាលដាលជំងឺ។
លោកថ្លែងថា៖ «រដ្ឋាភិបាលត្រូវជំរុញ អាជ្ញាធរមូលដ្ឋានតាមដាន និងផ្សព្វផ្សាយព័ត៌ មានឱ្យបានដិតដល់ជូនដល់ប្រជាពលរដ្ឋនិងសហការជាមួយសង្គមស៊ីវិល ជាពិសេស អ្នកដែលធ្វើការដោយផ្ទាល់ជាមួយជនងាយរងគ្រោះ ដូច្នេះ កម្មវិធីនេះនឹងត្រូវបាន អនុវត្តប្រកបដោយប្រសិទ្ធភាព។ តាមខ្ញុំដឹង ប្រជាពលរដ្ឋបានត្អូញត្អែរថា មានការរើសអើងខ្លះ ពីអាជ្ញាធរមូលដ្ឋាន ក្នុងការចែកអំណោយ»៕ ( រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Oxfam urges government to use IMF COVID recovery fund transparently