យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាបានយល់ព្រមពន្យាពេលសាកសួរតេជគុណ ឌួង ឆាយ ជាឧកញ៉ាដែលបានវាយដំប្រពន្ធរបស់ខ្លួន មួយរយៈពេលដោយមិនបានកំណត់ ខណៈពេលលោកបួសជាព្រះសង្ឃ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា មេធាវីរបស់តេជគុណ ឌួង ឆាយ បានស្នើសុំពន្យាពេលការសួរ បន្ទាប់ពីលោកបានបួសជាព្រះសង្ឃកាលពីថ្ងៃទី២១ ខែមីនា។ យោងតាមលោក ស ថេត ថា សំណើនោះត្រូវបានយល់ព្រម។
លោក ស ថេត បានមានប្រសាសន៍ថា៖ «ឥឡូវ ព្រះរាជអាជ្ញាទុកពេលឲ្យគាត់បួសសិន»។ ដោយលោកបានបន្ថែមថា៖ «យើងរង់ចាំអនុវត្ត [ការសាកសួរ ] តាមបញ្ជារបស់ព្រះរាជអាជ្ញា។ បើសិនបញ្ជឲ្យធ្វើយ៉ាងម៉េច យើងនឹងធ្វើតាម»។
ដំបូងឡើយប៉ូលីសត្រូវបានបង្គាប់ឲ្យសាកសួរព្រះតេជគុណ ឌួង ឆាយ បន្ទាប់ពីអតីតភរិយារបស់លោកឈ្មោះ ដេត ម៉ាលីណា បានបង្ហោះវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែមីនា ដែលបង្ហាញពីសកម្មភាពហិង្សារបស់លោកមកលើអ្នកស្រីជាច្រើនលើកច្រើនសា។ ប៉ូលីសបានអះអាងថា មុនពេលខ្លួនអាចនាំព្រះតេជ គុណ ឌួង ឆាយ មកធ្វើការសាកសួរ លោកបានសាងផ្នួសជាព្រះសង្ឃ ប៉ុន្តែទាំងមន្ត្រីនគរបាលនិងមន្ត្រីតុលាការមិនបានពន្យល់ពីមូលហេតុ ដែលធ្វើឱ្យគេមិនមានសិទ្ធិសាកសួរព្រះតេជគុណ ឌួង ឆាយ នោះទេ។
លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «សំណុំ រឿងនេះ ត្រូវបានបញ្ជូនទៅមន្ត្រីនគរបាល ដើម្បីស៊ើបអង្កេត»។ លោកបានមានប្រ សាសន៍ថា លោកមិនបានដឹងថា ព្រះរាជអាជ្ញាយល់ព្រមពន្យារពេលសាកសួរទេ ប៉ុន្តែលោកនឹងពិនិត្យមើលព័ត៌មាននេះ។
នៅមិនទាន់ច្បាស់ថា តើព្រះតេជគុណ ឌួង ឆាយ ត្រូវបានអនុញ្ញាតឱ្យបួសជាព្រះសង្ឃតាមរបៀបណានោះទេ។ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈ សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាមានសង្ឃដីកាថា មុនពេលបុគ្គលម្នាក់ក្លាយ ជាព្រះសង្ឃ អាជ្ញាធរសង្ឃនឹងសួរទៅអាជ្ញាធរមូលដ្ឋានថា តើបុគ្គលនោះប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌលេចធ្លោឬការស៊ើបអង្កេតណាមួយឬទេ។
ព្រះអង្គ ឃឹម សន មានសង្ឃដីកាថា៖ « ប្រសិនបើគាត់ [ឆាយ] មានបញ្ហាទាក់ទងនឹងបទល្មើសណាមួយនោះ ព្រះសង្ឃនឹងមិនអនុញ្ញាតឱ្យគាត់បួសជាព្រះសង្ឃឡើយ»។ ប៉ុន្តែព្រះអង្គមានសង្ឃដីកាថា ប្រហែលអាជ្ញាធរអាចផ្តល់ការអនុញ្ញាតពិសេសដល់គាត់ ដើម្បីបួសជាសង្ឃ បើទោះបីជាមានបណ្តឹងនៅតុលាការក៏ដោយ។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ឌួង ឆាយ ទំនងជាមានបំណងបួសជាព្រះសង្ឃមួយរយៈពេលខ្លី ដូច្នេះច្បាប់អាចត្រូវបានអនុវត្តនៅពេលគាត់លាចាកសិក្ខាបទ ។
អ្នកស្រី ម៉ាលីណា បានដាក់ពាក្យបណ្តឹងទៅតុលាការប៉ុន្មានថ្ងៃ បន្ទាប់ពីបានបង្ហោះវី ដេអូលើទំព័រហ្វេសប៊ុករបស់អ្នកស្រី ដែលបានដកចេញពីកាម៉េរ៉ាសុវត្ថិភាពនៅក្នុងគេហដ្ឋានរបស់អ្នកទាំងពីរច្រើនលើកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
វីដេអូនេះបង្ហាញពីសកម្មភាពរបស់ លោក ឆាយ ទាញអ្នកស្រី ម៉ាលីណា វាយនិងទាត់អ្នកស្រី ពេលខ្លះនៅចំពោះមុខកូនៗ ខណៈមនុស្សផ្សេងទៀតព្យាយាមធ្វើអន្តរាគមន៍។ អ្នកស្រីបានសរសេរថា អ្នកស្រីបានបង្ហោះវីដេអូ ចំពេលមានវិវាទទាក់ទងនឹងសិទ្ធិគ្រប់គ្រងលើកូនទាំងបីរបស់ប្តីប្រពន្ធទាំងពីរ។ នៅក្នុងសារមួយផ្សេងទៀតកាលពីថ្ងៃទី១៩ ខែមីនា អ្នកស្រី ម៉ារីណា បានសរសេរថា អ្នកស្រីរងការវាយដំ «ប្រហែល ១០០ដង»។
លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) បានមានប្រសាសន៍ថា អំពើហិង្សាក្នុងគ្រួសារនៅតែកើតមានជាទូទៅ ប៉ុន្តែកម្រត្រូវបានដោះស្រាយតាមរយៈមធ្យោបាយច្បាប់ណាស់។
លោកស្រី សុភាព បានមានប្រសាសន៍ថា៖ «ពួកគេភាគច្រើនដោះស្រាយ [អំពើហិង្សាក្នុងគ្រួសារ] ទៅតាមទម្លាប់ ទោះបីពួកគេស្ថិតក្នុងគ្រួសារអ្នកមានទ្រព្យសម្បត្តិឬឋានៈខ្ពស់ក៏ដោយ … ពួកគេធ្វើតាមទម្លាប់គឺខុសទាំងស្រុង»។
លោកស្រីបានកត់សម្គាល់ថា ក្នុងករណីរបស់លោក ឆាយ មានប្រតិកម្មរិះគន់ពីក្រ សួងកិច្ចការនារីនិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលកំពូលៗផ្សេងទៀត ប៉ុន្តែនៅតែមិនទាន់មានការឆ្លើយតបតាមផ្លូវច្បាប់នោះទេ។
លោកស្រីបានមានប្រសាសន៍ថា៖ « ខ្ញុំសូមស្នើរដ្ឋាភិបាលជំរុញឱ្យមានការអនុវត្តច្បាប់ដើម្បីដោះស្រាយបញ្ហានោះ។ ប្រសិនបើគេមិនដោះស្រាយដោយផ្អែកលើច្បាប់ ហើយបណ្តោយឲ្យមានអ្នករំលោភច្បាប់ វាអាចធ្វើឲ្យសង្គមក្លាយទៅជាអនាធិបតេយ្យ»។
លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិហៅកាត់ (CWCC) បានមានប្រសាសន៍ថា វាជាករណីកម្រ ដែលស្ត្រីបានយកករណីអំពើហិង្សាក្នុងគ្រួសារទៅប្តឹងតុលាការ ដោយភាគច្រើនមិនសូវមានជំនឿលើការធ្វើអន្តរាគមន៍និងប្រព័ន្ធតុលាការក្នុងការស្វែងរកយុត្តិធម៌ឬជំនួយសម្រាប់ពួកគេ។
លោកស្រី បញ្ញាវិចិត្រ បានមានប្រសាសន៍ថា៖ « ស្ត្រីត្រូវមានភាពក្លាហានក្នុងការស្វែង រកយុត្តិធម៌ ពីព្រោះពេលខ្លះ ស្ត្រីខ្លះនៅពេលពួកគេត្រូវបានគេវាយដំ ពួកគេនៅតែមិនហ៊ាន ពីព្រោះប្រហែលពួកគេមិនជឿលើអន្តរាគមន៍និងប្រព័ន្ធយុត្តិធម៌។ ខ្ញុំលើកទឹក ចិត្តស្ត្រីអោយធ្វើវា» ដោយជម្រុញឲ្យនគរបាលចាត់វិធានការសកម្ម ដើម្បីជួយដល់អ្នករងគ្រោះ នៅពេលពួកគេដាក់ពាក្យបណ្តឹង៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Police say no questioning for tycoon filmed beating wife until he leaves the monkhood