សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុបន្តបិទខ្ទប់មួយសប្តាហ៍ទៀត ខណៈពលរដ្ឋខ្លះត្អូញត្អែរពីបញ្ហាខ្វះស្បៀង

មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងតំបន់ក្រហមរបស់ខេត្តព្រះសីហនុ ថ្ងៃទី៦ ខែឧសភា ដែលរូបភាពនេះត្រូវបានបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។
មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ក្នុងតំបន់ក្រហមរបស់ខេត្តព្រះសីហនុ ថ្ងៃទី៦ ខែឧសភា ដែលរូបភាពនេះត្រូវបានបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋ​បាល​ខេត្ត​ព្រះ​សី​ហនុ​បាន​ប្រកាសកាលពី​ថ្ងៃព្រហស្បតិ៍​ថា​នឹង​​បន្ថែម​​រយៈ​ពេល​​បិទខ្ទប់​​​ចំនួន​មួយ​សប្ដាហ៍​ទៀត  ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​ពល​រដ្ឋ​ក្រី​ក្រ​មួយ​ចំនួន​មានការ​ព្រួយ​បារម្ភ​ជីវភាពប្រចាំថ្ងៃ។​

អភិបាល​ខេត្ត​ព្រះ​សី​ហនុ លោក គួច ចំរើន កាលពី​ថ្ងៃទី​៦ ខែឧសភា បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ ដោយ​បាន​កំណត់តំបន់​ក្រហមថ្មី តំបន់​លឿងទុំ និង​តំបន់​លឿង ដោយ​ផ្អែក​លើ​អត្រា​ឆ្លង​វីរុស​កូវីដ១៩​។​

ភូមិ​១ ភូមិ​២ ភូមិ​៣ ភូមិ៤ និង​ភូមិ​៥ ក្នុង​សង្កាត់​៤ ក្រុង​ព្រះ​សីហនុ នៅ​តែ​ជា​តំបន់​ក្រហម​ដដែល។ ចំណែក​សង្កាត់​១ សង្កាត់២ និង​សង្កាត់​៣ និង​ភូមិ​៦ ក្នុង​សង្កាត់​៤ ត្រូវ​បាន​កំណត់​ថា​ជា​តំបន់​លឿង​ទុំ និង​ឃុំបិត​ត្រាង ក្នុង​ស្រុកព្រៃនប់ ខេត្ត​​ព្រះសីហនុ ត្រូវ​កំណត់ជា​តំបន់លឿង​។

បើ​តាម​សេចក្ដី​ប្រកាស​នេះ អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រហម​មិន​ត្រូវ​អនុញ្ញាត​ឲ្យចាក​ចេញពី​លំនៅដ្ឋាន ឬទីសំណាក់ទេ លើក​លែង​តែមាន​ករណី​ចាំបាច់​។

ក្នុង​សេចក្ដី​សម្រេច​នោះ លោក គួច ចំរើន បញ្ជាក់ថា​៖ «​អាជ្ញាធរ​ដែល​អនុវត្ត​វិធានការ​បិទខ្ទប់​នេះ​ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​វិធានការ​តឹង​រឹង​បំផុត»។ លោក​បន្ថែម​ថា អាជ្ញាធរ​អាច​ដក​ហូត​យានជំនិះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ដំណើរ​បំពាន​បម្រាម​នេះ។​

​ដូច​ទៅ​នឹង​អ្នក​រស់​នៅ​ភ្នំពេញ​ដែរ ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​ក្នុង​ខេត្ត​ព្រះ​សីហនុជា​ច្រើន​ថា​ពួក​គេ​បាន​តស៊ូ​​ចិញ្ចឹមជីវិតដោយលំបាក​បន្ទាប់​ពី​ការ​បិទខ្ទប់​រយៈពេល​ពីរ​សប្ដាហ៍។

លោក សុល័យ ចាវ អ្នក​រត់​កង់​បី មកពី​សង្កាត់​១ បាននិយាយថា លោក​មិន​បាន​ចេញ​រកស៊ី​អស់ពេល​មួយ​ខែ​មក​ហើយ បន្ទាប់​ពីចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់​ចុះ​ ក្រោយ​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ថ្មី​ទាក់ទង​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ត្រូវ​បាន​ហាមឃាត់។​ ប៉ុន្តែ​លោក​ថា កាល​មុនមាន​ការ​បិទ​ខ្ទប់ លោក​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ ដោយ​មាន​ទាំង​កូន​បី​នាក់​ផង តាម​រយៈការ​លក់​គ្រឿង​សមុទ្រ​។ ​

លោក ចាវ លើកឡើង​ថា​៖«ឥឡូវនេះ​បញ្ហា​ធំ គឺ​ខ្ញុំ​មិន​មាន​ចំណូល​ប្រ​ចាំ​ថ្ងៃ…ខ្ញុំ​មិន​មាន​ប្រាក់​ត្រៀម​ទុក​ទេ ព្រោះ​ការ​ងារ​ខ្ញុំរកចំណូល​បាន​ត្រឹម​មួយថ្ងៃសម្រាប់មួយថ្ងៃ»

លោក​បន្ថែមថា៖ «ឥឡូវយើង​មិន​មាន​លុយ​សម្រាប់​ទិញ​ម្ហូបអាហារទេ ដូច​នេះ យើង​ហូប​តែ​អាហារ​​នៅ​សេសសល់ ដែល​យើង​បានទិញនាពេល​កន្លង​មក ដូច​ជា​ត្រីខកំប៉ុង និងត្រីងៀត»។​

លោក​ថា​អាជ្ញាធរ​មូល​ដ្ឋាន​មិនបាន​ចុះ​ឈ្មោះនរណា​ម្នាក់ ឬនាំ​យក​អំណោយ​មក​ចែក​នោះទេ​។

លោក​បានបន្ថែមថា៖ «​ប្រ​ជា​ពល​រដ្ឋ​នៅ​តំបន់​ខ្ញុំ​ភាគច្រើន​គឺ​ក្រីក្រ ព្រោះ​ពួកគេ​សុទ្ធតែ​ជា​កម្មករ​រោង​ចក្រ»។​

លោក​ឲ្យ​ដឹង​ថា លោកបាន​ខ្ចី​ប្រាក់ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ដើម្បី​ទិញ​កង់​បី និង​សម្រាប់​រកស៊ី​លក់​គ្រឿង​សមុទ្រ និង​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ផង សរុប​១ម៉ឺន​ដុល្លារ។ លោថា ជាធម្មតា​លោក​ត្រូវ​បង់​ប្រាក់​៣៥០​ដុល្លារ​ទៅ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។​

​លោក​និយាយ​ទៀត​ថា​​៖ «​ខ្ញុំ​មិនដឹង​ថា​ត្រូវ​ទៅ​រក​លុយ​ពី​ណា​ដើម្បី​សង​គេ​ទេ ព្រោះ​ថា​ខ្ញុំ​មិន​អា​ច​លក់ដូរ​អ្វី​បានទេ»។​

លោក ញឹម សុផល អ្នក​រត់​កង់​បី​ម្នាក់ទៀត រស់​នៅ​ភូមិ​៥ ក្នុង​សង្កាត់​៤ ក្រុង​ព្រះ​សីហនុ លើក​ឡើង​ដែរ​ថា​ លោក​មិន​អាច​ចេញ​រក​ស៊ី​តាំងពី​ក្រុង​ត្រូវ​បិទខ្ទប់​កាលពី​ពីរ​សប្ដាហ៍​មុន និង​មិន​មាន​ប្រាក់ចំណូល​នោះទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​សូវបារម្ភពី​ការ​ខ្វះ​ស្បៀង​ទេ ព្រោះ​លោក​បានទទួលអំណោយ​ មាន​ដូច​ជា​អង្ករ មី ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ពី​រដ្ឋាភិបាល ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​ថា៖ «បញ្ហា​របស់​ខ្ញុំ​គឺ ខ្ញុំ​មិន​មាន​ប្រាក់​ចំណាយ​​លើ​ថ្លៃបន្ទប់​ជួល ថ្លៃទឹក​ ថ្លៃភ្លើង និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃលើ​ការ​ទិញ​ត្រី សាច់ និង​បន្លែ ព្រោះ​ខ្ញុំ​មិន​អាច​រក​ចំណូល​បាន»។​

លោក សុផល បន្ត​ថា កូន​របស់​លោក​បី​នាក់​កំពុង​រស់​នៅ​ជាមួយ​សាច់ញាតិ​ខាង​ប្រពន្ធ ហើយ​ប្រ​ពន្ធ​របស់​លោក​ដែល​ជា​កម្មករ​រោង​ចក្រ ពេល​នេះក៏មិន​អាច​ករក​ចំណូល​អ្វី​បាន​ដែរ ក្នុង​រយៈពេល​ថ្មីៗ​នេះ។​

លោក សេង នីម ចៅ​សង្កាត់​៤ មាន​ប្រ​សាសន៍ថា អំណោយ​ជា​ស្បៀង​អាហារ​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋ​បាន​៩០​ភាគ​រយហើយ ក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​១០ ០០០​គ្រួសារ​រស់​នៅ​ក្នុង​តំបន់​ក្រហម​។

លោក​បន្ថែមថា៖ «​ដោយសារ​តែ​វិធានការបិទខ្ទប់​ប៉ះពាល់ជីវភាព​របស់​គួក​គាត់ ទើប​អាជ្ញាធរ​ចែក​អំណោយ​ដល់ពូកគាត់»។​

លោក ឃាង ភារម្យ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ មាន​ប្រ​សាសន៍ថា អាជ្ញាធរខេត្ត​ទើប​បាន​ទទួល​អំណោយ​ស្បៀង​អាហារ ៣៦ ០០០​កញ្ចប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ត្រូវ​ចែក​ជូន​អ្នក​រស់​នៅ​ក្នុង​តំបន់​ក្រហម និង​លឿង​ទុំ។ លោក​ថា កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ក៏​បាន​ចែក​អំណោយ​ដល់ពល​រដ្ឋ​ដែរ​។

លោកមានប្រសាសន៍ថា៖ «ការ​បិទខ្ទប់​ពិតជា​ប៉ះពាល់​ដល់ជីវភាព​របស់​ប្រជាពល​រដ្ឋ ដូច​នេះ យើង​ចាប់​ផ្ដើម​យុទ្ធនាការ​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈមការ​ខ្វះខាត​ស្បៀង»។​

លោក​បន្ថែមថា៖ «​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅ​ចែកអំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ជួប​ការ​ខ្វះខាត​ស្បៀងបន្ទាន់ និង​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្វះ​ខាត​ស្បៀង​នោះទេ»។

អ្នកនាំពាក្យ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​បាន​ផ្ដល់អាទិភាព​ចាក់​វ៉ាក់សាំងដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជា​ពល​រដ្ឋមានអាយុ​៦០​ឆ្នាំ​ឡើង គ្រួសារ​កង​ទ័ព អ្នក​រត់កង់បី អ្នក​រត់រថយន្ត​ឈ្នួល ប៉ុន្តែ​ថា​លោក​មិន​បាន​ដឹង​ពី​ចំនួន​សរុប​នៃ​អ្នក​បានទទួល​វ៉ាក់សាំង​ទេ​។​

កាលពីសប្ដាហ៍មុន លោក​ថា រដ្ឋបាល​ខេត្ត​បាន​ស្នើសុំ​វ៉ាក់សាំងឲ្យបាន​គ្រប់​គ្រាន់​សម្រាប់​គ្រប់​គ្នា​រស់​នៅ​តំបន់​ក្រហម និង​លឿងទុំ ក៏​ដូច​ជាសម្រាប់​កម្មកររោង​ចក្រ និង​ជនបរទេស​កំពុង​រស់​នៅ​ក្នុង​ខេត្ត​នេះ។

លោក​និយាយ​ទៀត​ថា ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​មាន​ការ​ឆ្លង​កូវីដ១៩​ សរុប ២ ១៦៨​ករណី ហើយ​មាន​អ្នក​ជាសះស្បើយ​ចំនួន​៩០០នាក់ និង​មាន​អ្នក​​កំពុង​ឈឺសម្រាកព្យាបាល​១២០០​នាក់​។​​

លោក អាន រ៉ាម៉ា មន្ត្រីសម្រប​សម្រួល​​របស់​អង្គការ​សង់ត្រាល់ ដែល​ធ្វើ​ការ​ប្រចាំ​ខេត្ត​ព្រះសីហនុ កំពត កែប និង​កោះកុង បាន​ឲ្យ​ដឹង​ថា តំបន់​ទាំងនេះ​រងគ្រោះ​ខ្លាំង ដោយ​សារ​តែ​ជា​តំបន់ពឹង​លើ​វិស័យ​ទេសចណ៍​ខ្លាំង​។

លោក​បន្ថែមថា៖ «​អ្នក​ខ្លះ​បាត់​បង់​ការងារ​ ឬអាជីវកម្ម ព្រោះពួក​គេរស់​នៅ​ក្នុង​តំបន់​ក្រហម ហើយ​អ្នក​ខ្លះ​ក៏​បាន​ជួបបញ្ហា​ខ្វះ​ស្បៀង​ដែរ​»។​

លោក ឲ្យ​ដឹង​ទៀត​ថា វា​អាច​ជា​ការ​ប្រ​សើរ​បើ​សិនជា​អាជ្ញាធរ​អាច​ជូន​ដំណឹង​ដល់​ពល​រដ្ឋ​ពីរ ឬ​បី​ថ្ងៃមុន​ពេលបិទខ្ទប់ ដូចនេះ​អ្នក​ទាំង​នោះអាច​មានពេល​ប្រមូល​ស្បៀង​អាហារ​ទុក​គ្រប់​គ្រាន់​។​

បើ​តាម​​រដ្ឋបាលខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃសុក្រ​ មាន​ចំនួន​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​៤២​ករណី​បន្ថែម​ទៀត ខណៈក្រសួង​សុខាភិបាល​ប្រកាស​ថាមាន​អ្នក​ឆ្លង​ថ្មី សរុប​ចំនួន​៥៥៨​ករណី​នៅទូទាំង​ប្រទេស និង​មាន​មួយ​ករណី ជា​ករណីនាំចូល​។ គិត​ត្រឹម​​ថ្ងៃសុក្រ​នេះដែរ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ១៩ មានចំនួន​១១៤​នាក់ ដែល​ជាអ្នក​ឆ្លង​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០ កុម្ភៈ។ បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​២០ កុម្ភៈ មានចំនួន​១៧ ៦២៣​ករណី​ ដែល​នាំ​ឲ្យ​ចំនួន​ឆ្លង​សរុប​មាន​១៨ ១៧៩​ករណី គិត​តាំងពី​មានការ​ផ្ទុះរាលដាល​ជំងឺ​នេះ​តាំងពី​ដើម​ឆ្នាំ​២០២០​។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Preah Sihanouk Provincial Administration extends lockdown as some residents complain of food shortages

283 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម