សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ផ្សាររដ្ឋនិងភោជនីយដ្ឋានបើកឡើងវិញ ខណៈករណីឆ្លងជំងឺកូវីដ-១៩នៅតែជាក្តីបារម្ភ

អាជីវករលក់ម្ហូបអាហារនិងបន្លែនៅផ្សារអូរឫស្សី បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការឡើងវិញនៅថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជីវករលក់ម្ហូបអាហារនិងបន្លែនៅផ្សារអូរឫស្សី បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យផ្សាររដ្ឋទាំងអស់នៅរាជធានីភ្នំពេញបើកដំណើរការឡើងវិញនៅថ្ងៃទី២៤ ខែឧសភាឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

ផ្សាររដ្ឋនិងភោជនីយដ្ឋានបានបើកទ្វារទទួលអតិថិជនឡើងវិញ បន្ទាប់ពីមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ។ ប៉ុន្តែដោយសារតែករណីឆ្លងថ្មីប្រចាំថ្ងៃនៅមានរាប់រយនោះ អ្នកឃ្លាំមើលសង្គមខ្លះមានការព្រួយបារម្ភថា ការបញ្ចប់ការបិទខ្ទប់នេះធ្វើឡើងលឿនពេក។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានប្រាប់ខេមបូចាថា ប្រជាជនកម្ពុជានឹងត្រូវរៀនរស់នៅជាមួយវីរុសនេះតាមគន្លងថ្មី ដោយប្រៀបធៀបជំងឺកូវីដ-១៩ទៅនឹងជំងឺដូចជាអេដស៍និងជំងឺផ្តាសាយ ដែលមិនទាន់មានប្រទេសណាអាចកំចាត់បាននៅឡើយ។

លោកបានមានប្រសាសន៍ថា៖ «អ្វីដែលយើង​បើកសេដ្ឋកិច្ច​បណ្តើរៗនេះ មាន​ន័យថាយើងបានគិតគូរអំពីអត្រាឆ្លងនៅតំបន់ណារួចហើយ…ករណីដែលឆ្លងគឺឆ្លងនៅតំបន់​កម្មករជួល​ផ្ទះ​នៅឡើយទេ​ អត់ទាន់ឆ្លងនៅកណ្តាលក្រុងយើង​នៅ​ឡើយ​ទេ»។

លោក កើត ឆែ បានព្រមានថា អាជីវកម្មដែលខកខានមិនបានគោរពតាមគោលការ ណ៍ ណែនាំរបស់ក្រសួងសុខាភិបាលស្តីពីអនាម័យនិងការការពារជំងឺកូវីដ-១៩នឹងត្រូវទទួលទោសតាមច្បាប់។

លោកបានបន្តថា៖ «ប្រសិនបើពួកគាត់មិនអនុវត្តតាម [ការណែនាំទាំងនេះ] យើងនឹងចាត់វិធានការរដ្ឋបាលតាមរយៈ ការ​ដក​អាជ្ញាបណ្ណ​លក់ដូរ ឬបិទហាងជាស្ថាពរ»។ លោកបានបន្ថែមទៀតថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​គឺ​មាន​កំណត់​កន្លែង​ត្រឹមត្រូវ ​លឿងទុំមិនឲ្យបើកទេ ហើយ​ចំនួន​ឆ្លង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​គឺ​ស្ថិត​នៅ​តំបន់​លឿងទុំ ហើយ​ឆ្លង​មួយ​ចំនួន​ទៀត​នៅ​​ខណ្ឌ​មួយ​ចំនួន​ទៀត​មិន​ស្ថិត​នៅ​ក្នុង​តំបន់​លឿងទុំ ប៉ុន្តែស្ថិតក្នុងតំបន់រោងចក្រ។

ថ្លែងកាលពីថ្ងៃចន្ទ លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឬស្សីបាននិយាយថា មន្រ្តីផ្សារបាននិងកំពុងធ្វើការជាមួយបុគ្គលិកក្រសួងសុខាភិបាល ដើម្បីបាញ់ថ្នាំសម្លាប់មេរោគតាមកន្លែងដែលត្រៀមសម្រាប់តូបលក់គ្រឿងឧបភោគ​បរិភោគចំនួន៩៨៣តូប ប៉ុន្តែ​មិន​មែន​អ្នក​លក់​ទាំងអស់​សុទ្ធតែ​អាច​ចាប់​ផ្តើម​មុខរបរ​របស់ខ្លួនឡើងវិញនោះទេ។

លោក វ៉ាន់ធី បានមានប្រសាសន៍ថា៖ «មានតែតូបលក់សាច់ លក់ត្រី និងបន្លែ​ចំនួន៤០ តូប ប៉ុណ្ណោះដែលបានបើកដំណើរការវិញនៅព្រឹកនេះ»។

លោកមានប្រសាសន៍បន្តថា៖ «យើងបានស្កេនកម្តៅរបស់ពួកគាត់និងឲ្យគាត់សម្អាតដៃនឹងអាល់កុលឬជែល មុនពេលយើងអនុញ្ញាតឲ្យពួកគាត់ចូលក្នុងផ្សារ»។ លោកបានបន្ថែមទៀតថា អាជីវករផ្សារទាំងអស់ត្រូវបានតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ -១៩ មុនពេលត្រឡប់ធ្វើការងារវិញ។ តាមធម្មតា ផ្សារនេះមានតូបជាង៦០០០។

អ្នកស្រី សុំ ផល្លី អាយុ៣៥ឆ្នាំជាអ្នកលក់សាច់ជ្រូកនៅផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាននិយាយថា មន្រ្តីរដ្ឋបាលផ្សារបានប្រាប់អ្នកស្រីថា អ្នកស្រីមិនទាន់អាចបើកអាជីវកម្មរបស់អ្នកស្រីឡើងវិញនៅឡើយទេ រហូតទាល់តែគេបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារសិន។

អ្នកស្រីបាននិយាយថា៖ «គេប្រាប់ខ្ញុំថា ក្នុងរយៈពេលពីរថ្ងៃទៀត គេនឹងអនុញ្ញាតឲ្យ អ្នកលក់ម្ហូបអាហារលក់វិញហើយ»។

ទោះបីមានការបើកផ្សារឡើងវិញជាទូទៅក៏ដោយ ភ្ញៀវ​ជា​ប្រចាំ​របស់​ភោជនីយដ្ឋាន​ជាច្រើននៅតែមានការប្រុងប្រយ័ត្ន។ លោក វ៉ុន មុន្នីរ័ត្ន ម្ចាស់​ហាង​ស៊ុបហុយហុយ​ដែលមានសាខាចំនួន៥កន្លែងនៅរាជធានីភ្នំពេញបាននិយាយថា ភោជនីយដ្ឋានរបស់លោកបានបើកឡើងវិញកាលពីថ្ងៃទី២២ ខែឧសភា គឺមួយថ្ងៃ បន្ទាប់ពីសាលាក្រុងប្រកាសកែប្រែគោលនយោបាយ។

លោក មុន្នីរ័ត្ន និយាយថា៖ «មានភ្ញៀវខ្លះមកញ៉ាំ ប៉ុន្តែភ្ញៀវនៅមានចំនួនតិចតួចនៅឡើយរហូតមកដល់ពេលនេះ ប្រហែលជាប្រជាពលរដ្ឋនៅមានអារម្មណ៍ភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩នៅឡើយ… ប្រសិនបើយើងប្រៀបធៀបមុនពេលមានការផ្ទុះជំងឺកូវីដ-១៩ មានភ្ញៀវប្រហែល ២០ភាគរយ ដែលបានចូលហូបនៅភោជនីយដ្ឋានរបស់ខ្ញុំ»។

លោកបានបន្ថែមថា ភោជនីយដ្ឋានរបស់លោកគោរពតាមការណែនាំរបស់ក្រសួងសុ ខាភិបាល ដូចជា ការពាក់ម៉ាស លាងដៃនិងរក្សាគម្លាតសង្គម។ ជាពិសេស បុគ្គលិកទាំង៥០នាក់របស់លោកបានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះរួចហើយ។

ភោជនីយដ្ឋានបើកបម្រើអតិថិជនឡើងវិញ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលដកការបិទខ្ទប់នៅភ្នំពេញ។ ខេមបូចា / បញ្ញា ឆព័ណ្ណ

លោក មឿន តុលា នាយកប្រតិបត្តិនៃអង្គការសិទ្ធិការងារសង់ត្រាល់ (CENTRAL) បានមានប្រសាសន៍ថា លោកជឿជាក់ថា ការបើកឡើងវិញនេះគឺជាការសម្របសម្រួលពីអាជ្ញាធរបន្ទាប់ពីអាជ្ញាធរមានការពិបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋនៅតំ បន់ក្រហម អំឡុងពេលបិទខ្ទប់។

លោកបានបន្ថែមទៀតថាគម្រោងគាំទ្រថវិកាធ្វើឡើងបានតែសម្រាប់កម្មកររោងចក្រ ប៉ុន្តែសម្រាប់សាធារណៈទូទៅមិនអាចធ្វើបានទេ ដូច្នេះ​រដ្ឋាភិបាល​ប្រញាប់ប្រញាល់បើកផ្សាររដ្ឋនិងភោជនីយដ្ឋានឡើងវិញ ដើម្បីជួយសម្រួលផ្នែកសេដ្ឋកិច្ចបានខ្លះឡើងវិញ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំនៅតែស្ទាក់ស្ទើរក្នុងការបើកភោជនីយដ្ឋាន ដែលអនុញ្ញាតឲ្យភ្ញៀវចូលអង្គុយទទួលទាន។ សម្រាប់ខ្ញុំ ខ្ញុំនៅតែនិយាយថា វាមិនគួរត្រូវបានអនុញ្ញាតឡើយ» ដោយលោកបន្ថែមថា៖ « វាជាប្រសើរ បើយើងអនុញ្ញាតឲ្យពួកគាត់លក់ម្ហូបវេចខ្ចប់សម្រាប់ភ្ញៀវ ដែលត្រូវការទទួលទាន»។

លោក នី សុខា ប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសា សន៍ថា ខណៈដែលលោកនៅតែមានការព្រួយបារម្ភអំពីតួលេខនៃករណីឆ្លងជំងឺកូវីដ -១៩ រដ្ឋាភិបាលមិនអាចបន្តបិទខ្ទប់ប្រជាពលរដ្ឋ ដោយមិនប៉ះពាល់ដល់ជីវភាពរស់ នៅរបស់ពួកគេនោះទេ។

លោកបានមានប្រសាសន៍ថា៖ «ទោះបីគេអនុញ្ញាតឱ្យផ្សាររដ្ឋបើកឡើងវិញនិងឲ្យភោជនីយដ្ឋានអនុញ្ញាតឱ្យភ្ញៀវចូលអង្គុយទទួលទានអាហារក៏ដោយ ក៏រដ្ឋាភិបាលត្រូវតែតម្រូវឱ្យពួកគាត់បន្តរក្សាអនាម័យឬរក្សាគម្លាតសង្គម…ហើយរដ្ឋាភិបាលត្រូវបន្តអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋបន្ថែមទៀត»។

លោក នី សុខា មានប្រសាសន៍ថា វាចាំបាច់ណាស់ ដែលរដ្ឋាភិបាលត្រៀមចែកចាយស្បៀងអាហារ ដែលមិនត្រឹមតែជូនដល់ប្រជាពលរដ្ឋ អំឡុងពេលបិទខ្ទប់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់អ្នកដែលជួបការលំបាកដោយសារខ្វះខាតស្បៀងអាហារចំពេលមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោកបានឲ្យដឹងថា ទោះបីផ្សាររដ្ឋបើកដំណើរការឡើងវិញក៏ដោយ ក៏អ្នកលក់នៅតាមផ្សារតូចៗរួមទាំងផ្សារសហគមន៍និងផ្សាររោងចក្រនៅខ្វះកន្លែងលក់នៅឡើយ។

លោកបានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋដែលរកស៊ីមុខរបរក្រៅប្រព័ន្ធមិនអាចរស់បានដោយសារការលក់ដូរនៅតាមផ្សារធំៗទេ។ ពួកគាត់ភាគច្រើនអាចរស់បានដោយសារការលក់ដូរនៅតាមផ្សារតូចៗ ដូច្នេះរដ្ឋាភិបាលគួរតែរៀបចំកន្លែងសម្រាប់ពួកគាត់លក់ ដើម្បីជួយពួកគាត់ក្នុងស្ថានភាពឆ្លងរាតត្បាតនេះ»។

នៅថ្ងៃអង្គារ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីជំងឺកូវីដ- ១៩ចំនួន ៥៦៨ករណី ដោយធ្វើឱ្យករណីឆ្លងសរុបកើនឡើងដល់២៦.៣២៩ករណី ចាប់តាំងពីការឆ្លងរាលដាលផ្ទុះឡើងនៅឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នក ជាសះស្បើយសរុប១៩.០២២ករណី និងស្លាប់១៨៣នាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Public markets and restaurants reopen amid concern about COVID-19 cases

306 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម