សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសង់ត្រាល់បញ្ជាក់ថា របាយការណ៍គឺដើម្បី​កែលម្អ​លក្ខខណ្ឌការងាររបស់​កម្មករ ខណៈក្រសួងមហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត

សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)
សហជីពប្រហែល៧០នាក់បានតវ៉ានៅមុខការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។(ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការងារ​និងសិទ្ធិមនុស្ស ហៅកាត់ សង់ត្រាល់ (CENTRAL) បានបញ្ជាក់ថា របាយការណ៍របស់ខ្លួន ដែល​លើកឡើង​ពីការរឹតត្បិត​សេរីភាពនៃសមាគម​ មានចេតនា​សំដៅ​កែលម្អ​លក្ខខណ្ឌ​របស់​កម្មករ​ និង​ធានាការគោរព​សិទ្ធិ​របស់​សហជីពកម្មករនិងមេដឹកនាំ​សហជីព ។

ក្រសួងមហាផ្ទៃ បច្ចុប្បន្នកំពុង​ស៊ើបអង្កេត​ការចោទប្រកាន់​ពីសំណាក់​សហជីព​និង​សហព័ន្ធ​នានា​ដែល​បានធ្វើឡើង​ប្រឆាំងនឹង​អង្គការសង់ត្រាល់ ។

ស្របពេលជាមួយគ្នានេះ សហព័ន្ធសហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា (CWPUC) បានដាក់ពាក្យបណ្ដឹង​​ប្រឆាំងនឹង​អ្នកគ្រប់គ្រង​កម្មវិធីសង់ត្រាល់ លោក ឃុន ថារ៉ូ ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ។

ទន្ទឹមនឹងនេះដែរ សហជីព​និង​សហព័ន្ធ​ជាច្រើន​បាន​បន្ត​ការតវ៉ា​ប្រឆាំងនឹង​អង្គការ សង់ត្រាល់ ដោយនិយាយថា ពួកគេ«នៅតែមិនអាចទទួលយក»សេចក្ដី​បំភ្លឺនេះ​បានទេ ។

កាលពីថ្ងៃពុធ សង់ត្រាល់ បានចេញ​សេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺ ដោយថ្លែងថា របាយការណ៍របស់​ខ្លួន​មានបំណងរំលេចឡើង​នូវ​ការវាយតម្លៃ​របស់​គម្រោង​រោងចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា (BFC) ដែលថា សេរីភាព​សហជីព​អាច​បង្កើតឱ្យមាន​​បរិយាកាសសម្រាប់​សហជីព​កម្ពុជាទាំង​អស់​អាច​ប្រតិបត្តិការ​កាន់តែមានសុវត្ថិភាព​និង​ប្រកប​ដោយ​ការគោរព​ ។

សេចក្ដីថ្លែងការណ៍​បាន​សរសេរថា៖ «ចេតនា​របស់​យើង​ គឺ​ដើម្បី​ជំរុញ​​ឱ្យមានការ​កែសម្រួល​ក្នុងការពិនិត្យ​តាមដានអនុលោមតាមច្បាប់ ដែល​អាចនាំ​ឱ្យមានទិន្នន័យកាន់តែសុក្រឹត អាចប្រើប្រាស់​បាន​សម្រាប់​គ្រប់កម្មករ​និយោជិតនៅក្នុងការចរចា​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​​និង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន» ។

សេចក្ដីថ្លែងការណ៍ដដែល​បាន​បន្តថា៖ «កម្មករនិយោជិត​ និងសហជីពជាច្រើន​ ដែល​អង្គការ សង់ត្រាល់ បានធ្វើការជាមួយ បានជួបនូវការរឹតបន្តឹង​ទៅលើ​លទ្ធភាពរបស់ពួកគេ​ក្នុងការ​ចងក្រងជាសហជីព​ដោយ​សេរី» ។

របាយការណ៍​នេះមានគោលបំណង​ផ្ដល់​ព័ត៌មានលម្អិត​ពី​បទពិសោធន៍ជាក់ស្ដែង​របស់មេដឹកនាំ​សហជីព​និង​កម្មករ​និយោជិត​ដែលបានចូលរួមផ្ដល់ព័ត៌មាន​​នៅក្នុង​ការសិក្សាស្រាវជ្រាវនេះ និង​បង្ហាញថា អ្វីដែលបានកើតឡើង​នៅតាមរោងចក្រ​មូលដ្ឋាន«មិនត្រូវបានរាយការណ៍ទាំងស្រុង»នៅក្នុង​ទិន្នន័យសាធារណៈ​ស្ដីពី​​អនុលោមភាពរបស់ BFC នៅឡើយ ដោយសារមូលហេតុជាច្រើនទាក់ទងនឹង​វិធីសាស្ត្រ​ កិច្ចការស្ថាប័ន និង​កិច្ចការភស្តុភារ​ ក៏ដូចជាលក្ខណៈសម្បត្តិផ្នែកសវនកម្មសង្គម ។​​

សេចក្ដីថ្លែងការណ៍​បាន​និយាយថា៖ «យើងទទួលស្គាល់ទាំងស្រុងថា សំណាក​របស់​យើង​ពុំ​មានភាពជា​តំណាង​ឱ្យវិស័យកាត់ដេរ​កម្ពុជា​ទាំងមូលនោះទេ។ យើង​សូមបញ្ជាក់ជាថ្មីទៀត​ថា របាយការណ៍នេះ​ពុំមានចេតនាជាការវាយប្រហារ​ទៅលើ​ភាគី​ណាមួយ ឬស្ថាប័នណាមួយ ហើយ​ក៏មិនមានចេតនាធ្វើ​ឱ្យខូច​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នោះដែរ» ។

អង្គការសង់ត្រាល់​បាន​លើកឡើងថា របាយការណ៍​នេះមាន«វិសាលភាពតូចនៅឡើយដោយសារ​សំណាកមាន​ចំនួនតិច» ក្នុងចេតនា​ឱ្យ​យើង​អាចមើលឃើញថា​នេះ​គ្រាន់តែជា​«ឧទាហរណ៍​បង្ហាញ»​ប៉ុណ្ណោះ «ពុំទាន់ជាតំណាង​ឱ្យ​កម្មករនិយោជិត​កាត់ដេរ​កម្ពុជាទាំងអស់​នោះ​ទេ» ។

ជាងនេះទៅទៀត ការអង្កេតត្រូវបានធ្វើឡើង​ជាមួយនឹង​តំណាងម្នាក់​មកពី​សហជីព​ ១៤ ក្នុងចំណោម​សហជីពទាំង ២៤ ដែលបានចូលរួម​កាលពី​ខែធ្នូ ឆ្នាំកន្លងទៅ ។ គិតត្រឹមខែ​មិថុនា​ឆ្នាំនេះ សហជីព​ចំនួន ៦ ត្រូវបានរំលាយ​ដោយសារ​រោងចក្រ​បិទទ្វារ ចំណែក​ឯ​សហជីព​នៅសល់​ចំនួន ៤ទៀត «គឺពុំមាន​របាយការណ៍​នៃភាពអនុលោមតាមច្បាប់ ឬពុំ​បាន​ចុះបញ្ជីជាមួយ BFC ទេ» ។

ស្របពេលជាមួយគ្នានេះ CWPUC បានចោទប្រកាន់​លោក ថារ៉ូ នៃអង្គការ​ សង់ត្រាល់ ពីបទ​បរិហារកេរ្តិ៍ជាសាធារណៈ និង​បទ​ញុះញង់​ឱ្យមានការរើសអើង​ បន្ទាប់ពី​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមិថុនា ។

យោងតាម​ពាក្យបណ្ដឹង​ដែល​ CWPUC បានបញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ថារ៉ូ ត្រូវបានចោទថា​បាន​និយាយពាក្យ«យកសហជីព​ក្លែងក្លាយ​ឱ្យ​វាយប្រហារ​សហជីព​ឯករាជ្យ និងការប្រើប្រាស់​យុវជន​ ឬ​សង្គមស៊ីវិលក្លែងក្លាយ​ឱ្យ​វាយប្រហារ​យុវជន​និង​សង្គមស៊ីវិល​ឯករាជ្យ» ។

បណ្ដឹងរបស់​ CWPUC ក៏បានចោទប្រកាន់ផងដែរថា ការថ្លែងរបស់​លោក ថារ៉ូ គឺជា«ការចោទប្រកាន់ធ្ងន់ធ្ងរ​ដោយ​គ្មានមូលដ្ឋានគតិយុត្ត​ច្បាស់លាស់​ និងប៉ះពាល់សិទ្ធិ​សេរីភាព​ និង​សេចក្ដីថ្លៃថ្នូរ​ និងមូលបង្កាច់ ប្រមាថ បរិហារបង្កាច់កេរ្តិ៍ មកលើអង្គការវិជ្ជាជីវៈ (សហជីព) ក៏ដូចជា​ CWPUC ដែរ» ។

CWPUC បានស្នើសុំ​ឱ្យ​ព្រះរាជអាជ្ញា​ពិនិត្យ​និងសម្រេច​លើ​វិធានការច្បាប់​ ព្រមទាំងទាមទារ​ឱ្យលោក ថារ៉ូ សង​ជំងឺចិត្ត​ ១០០លានរៀល (២៥.០០០ដុល្លារ) ទៅឱ្យ CWPUC ដែល​ប្រាក់សំណងនេះ​នឹង​ត្រូវ​បរិច្ចាគ​ទៅ​ឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ។

លោក ឃុន ថារ៉ូ នៃអង្គការ សង់ត្រាល់ មិនអាចទាក់ទង​សុំ​ការអត្ថាធិប្បាយបានទេ ។

ព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានីភ្នំពេញ លោក ប្លង់ សុផល មិនបានឆ្លើយតបនឹងសំណួរផ្ញើ​តាម​តេឡេក្រាម​​អំពី​បណ្ដឹង​ខាងលើនេះ​ទេ ។

ក្នុងករណីដាច់ដោយឡែកមួយទៀត អគ្គលេខាធិការសហភាពសហជីពពន្លឺកម្មករ (Confederation Union of Cambodia Bright Workers) លោកស្រី ស៊ា គន្ធា បាន​និយាយថា សង់ត្រាល់ បានទទួលស្គាល់ថា របាយការណ៍របស់​ខ្លួន​ពុំពេញលេញ ឬ​គ្រប់ជ្រុងជ្រោយទេ និង​ពុំបាន​ឆ្លុះបញ្ចាំង​ពីការពិត​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ ។

លោកស្រី គន្ធា បាននិយាយថា៖ «ខ្ញុំមិនទទួលយក​[សេចក្ដីថ្លែងការណ៍]នេះ​ទេ លើកលែងតែពួកគេ​កែសម្រួល​របាយការណ៍ដែល​បានចេញផ្សាយ​កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ជាក់ស្ដែង» ។  ស្ថានភាពជាក់ស្ដែង គឺ​លោកស្រី​ចង់​មានន័យថា វាពុំមាន​ការរឹតបន្តឹងទៅលើសេរីភាព​នៃការចងក្រងជាសហជីព​នោះទេ ។ លោកស្រីប្ដេជ្ញាចិត្តថា បើសិនជា​ សង់ត្រាល់ មិន​កែប្រែ​របាយការណ៍របស់ខ្លួនទេ លោកស្រីនឹងធ្វើការតវ៉ា​បន្តទៀត ។

លោកស្រី គន្ធា បាននិយាយថា សង់ត្រាល់ មិនគួរចេញផ្សាយ​របាយការណ៍​ដែល​និយាយពី​ការរឹតបន្តឹង​សេរីភាព​សហជីព​នេះទេ ជាពិសេស នៅពេលដែល​កម្ពុជា​មាន​សហជីព​ប្រហែល ៦០០០ នា​ពេល​បច្ចុប្បន្ន នៅតាម​រោងចក្រ​ប្រមាណ ១០០០រោងចក្រ ។ លោកស្រីបានបន្ថែមថា៖ «បើធៀបចំនួននេះ​ទៅនឹង​ប្រទេស​ដទៃ​ទៀត តើប្រទេសណាខ្លះដែលមាន​សេរីភាព[បង្កើត]សហជីព​ដូច​ប្រទេស​យើង ?»។

បន្ទរ​បន្ថែម​ទៅលើ​អ្វីដែលលោកស្រី គន្ធា បានលើកឡើង លោក គឹម​ ចាន់សំណាង ប្រធាន​សហជីព​សិទ្ធិ​កម្មករ​កម្ពុជា​ (Cambodian Workers’ Rights Union) បានទាមទារ​ឱ្យ សង់ត្រាល់ កែប្រែ​របាយការណ៍របស់ខ្លួន​ដោយសារតែវា​មិន​តំណាងឱ្យ​ស្ថានភាពទូទៅ​នៃ​សហជីព​និង​សហព័ន្ធ​នៅក្នុង​ប្រទេស​នេះ​ឡើយ ។

លោកបាននិយាយថា៖ «សេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺ​គឺគ្រាន់តែជា​លេស​មួយប៉ុណ្ណោះ ពីព្រោះ[អ្វីដែលពួកគេ​បាន​​និយាយនៅក្នុង]សេចក្ដីថ្លែងការណ៍​ផ្ទុយទៅនឹង​របាយការណ៍របស់ពួកគេ» ។ លោក​បាន​បន្ត​ថា របាយការណ៍​បានចេញផ្សាយជា​សាធារណៈ​រួចហើយ ។ លោក សំណាង បានទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​មើល​សកម្មភាព​របស់​ សង់ត្រាល់ និង​ប្រភព​មូលនិធិ​ពីបរទេស​របស់​ពួកគេ ។

អង្គការអន្តរជាតិ ដូចជា CIVICUS និងសម្ព័ន្ធការងារ​វិស័យ​កាត់ដេរ Clean Clothes Campaign បានននិយាយថា សហជីព​គាំទ្រ​រដ្ឋាភិបាល​បានចាប់ផ្ដើម​«កិច្ច​ប្រឹងប្រែង​រួមគ្នា»មួយ​ដើម្បី​បញ្ចុះបញ្ចូល​ក្រសួង​មហាផ្ទៃ​ឱ្យ​ស៊ើបអង្កេត​ប្រតិបត្តិការនិង​ហិរញ្ញវត្ថុរបស់​អង្គការ សង់ត្រាល់ ។ ការណ៍នេះ វានឹង​កាន់តែរឹតត្បិត​លំហ​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ការអនុវត្ត​សិទ្ធិ​សេរីភាពបញ្ចេញមតិ​របស់​ពួកគេ ដែល​សំខាន់​សម្រាប់​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៃការចងក្រងជា​សមាគម ។

សេចក្ដីថ្លែងការណ៍របស់អង្គការ CIVICUS បាននិយាយថា៖ «វាគួរឱ្យបារម្ភ​ខ្លាំង​ណាស់​ដែល​ក្រុមទាំងនេះ​កំពុង​ខិតខំ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អង្គការ[សង់ត្រាល់] និង​ស្វះស្វែង​ឱ្យ​រដ្ឋាភិបាលមាន​ការត្រួតត្រា​ខ្លាំង​ថែមទៀត​ទៅ​លើ​ស្ថាប័ន​អង្គការនេះ ។ សកម្មភាពទាំងនេះ​បញ្ជូន​សារ​ដ៏គួរ​ឱ្យ​ព្រួយបារម្ភមួយ​ទៅដល់​ក្រុមសិទ្ធិមនុស្ស ដែល​ធ្វើការងាររបស់ពួកគេ​នៅក្នុង​ប្រទេសនេះ» ។

អង្គការ​ សមាគមក្នុងស្រុកចំនួន៤៤ ក្នុងនោះរួមទាំង​អង្គការសិទ្ធិមនុស្ស លីកាដូ បាន​ចេញផ្សាយ​សេចក្ដីថ្លែងការណ៍​រួមមួយ «សម្ដែងការជំទាស់»ទៅនឹង​ការអំពាវនាវ​ជាសាធារណៈ​ឱ្យ​មានការ​ស៊ើបអង្កេត​ថ្នាក់​ក្រសួង​ទៅ​លើ​ហិរញ្ញវត្ថុ​និង​ប្រតិបត្តិការ​របស់​ សង់ត្រាល់ ។

អង្គការទាំងនេះបាននិយាយថា «ការប្រើប្រាស់​វិធានការរដ្ឋបាល​ដើម្បីដាក់ពិន័យ​លើ​ការងារ​របស់​អង្គការ​សិទ្ធិ​ការងារ គឺជាការរំលោភ​សេរីភាព​នៃការបញ្ចេញមតិ» ។

កាលពីថ្ងៃចន្ទ មានសេចក្ដីរាយការណ៍ថា ក្រសួងមហាផ្ទៃ​គ្រោងនឹង​បើក​ការស៊ើបអង្កេត​ទៅលើ​ប្រតិបត្តិការ​របស់​ សង់ត្រាល់ និង​ការប្រើប្រាស់​មូលនិធិ​បរទេស ។ ញត្តិមួយ​ក៏បាន​ត្រូវគេ​ដាក់​ជូន​​ទីភ្នាក់ងារសហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍អន្តរជាតិ (USAID) ផងដែរ ដែលញត្តិនេះធ្វើឡើង​ដោយ​សហជីព​និង​សហព័ន្ធ​សហជីពនានា ដើម្បី​ស្នើ​ឱ្យ​ទីភ្នាក់ងារ​អាមេរិកមួយនេះពិចារណាឡើងវិញពីការផ្ដល់​មូលនិធិ​របស់​ខ្លួន​ទៅ​ឱ្យ​អង្គការ សង់ត្រាល់ ។​

នៅថ្ងៃដដែល សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើដំណើរនៅកម្ពុជា (TAFTAC) បាន​ចេញ​សេចក្ដីថ្លែងការណ៍ដ៏ចម្រូងចម្រាស​មួយ​ ដោយ​អះអាងថា សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករកាត់ដេរ​កម្ពុជា (CCAWDU) និង​សហព័ន្ធ​សហជីពកម្ពុជា (CATU) ក៏បាន​បដិសេធ​របាយការណ៍​របស់ សង់ត្រាល់ ដែរ ។

ប៉ុន្តែ CATU បានច្រានចោល​ការអះអាងរបស់ TAFTAC ដែល​ថ្លែងថា សេរីភាព​សមាគម​នៅកម្ពុជា​មាន«ភាពប្រសើរ» ហើ​យ​​សេរីភាព​នេះ​«ក៏មាន​ដូចគ្នាដែរ​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ» ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា គណៈកម្មាធិការស៊ើបអង្កេត​កំពុង​ធ្វើការងារ​លើ​បញ្ហានេះ ។

លោក សុភ័គ បាននិយាយថា៖ «គេកំពុងធ្វើការ ហើយ​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​ទៅ​ឱ្យពួកគេ[សង់ត្រាល់] ក៏​ខុសនិងច្បាប់ទៅទៀត​ ។ ទុក​ឱ្យ​គណៈកម្មាធិការ​ធ្វើការងារ [ជូនដំណឹងទៅ សង់ត្រាល់]» ។ ទោះយ៉ាងណា លោក សុភ័គ ពុំបាន​ផ្ដល់​អត្ថាធិប្បាយ​លម្អិត​ជាងនេះ​បន្ថែមទៀត​ទេ ។

ទាំង​ USAID ប្រចាំ​កម្ពុជា និងទាំង​BFC មិនបានឆ្លើយតប​សំណួរ​របស់ ខេមបូចា ដែល​សួរតាម​សារ​អ៊ីម៉ែល​នោះ​ទេ ។ អង្គការ​ពលកម្ម​អន្តរជាតិ (ILO)​បាននិយាយថា ខ្លួននឹង​ឆ្លើយតប​នៅថ្ងៃសុក្រនេះ ៕

(រាយការណ៍ដោយ៖ ឃួន ណារីម, តាំង ប៉ហ្គិច និង លី រូស្សឡាន)

ប្រែសម្រួលពីអត្ថបទពីភាសាអង់គ្លេស៖ Report Was To Improve Workers’ Condition, CENTRAL Clarifies; Interior Ministry Investigates

82 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម