សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ

អាជ្ញាធរថៃពិនិត្យឯកសាពលរដ្ឋខ្មែរដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)
អាជ្ញាធរថៃពិនិត្យឯកសាពលរដ្ឋខ្មែរដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

ជនភៀសខ្លួន​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ពេល​រៀបចំវគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រម​ព្រៀងសន្ដិភាព​ក្រុង​ប៉ារីស ត្រូវបានដោះលែង​​វិញ​ហើយ​នៅពេល​នេះ។ អ្នក​ទាំង​ប្រាំមួយ​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំខ្លួ​ន​ជនអន្តោប្រវេសន៍​ Suan Plu ក្នុង​ប្រទេស​ និង​ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បន្ត​បន្ទាប់​គិត​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ដល់​ថ្ងៃទី​២៥​ ខែមិថុនា។ ក្នុង​ចំណោម​នោះ​មាន​បី​នាក់​បាន​ទៅ​ដល់​ប្រទេស​ទី​បី​ហើយ​។​

​អាជ្ញាធរ​ថៃ​ដំបូង​ឡើង​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ប្រាំពីរ​នាក់ ប៉ុន្តែក្រោយមក​បាន​ដោះ​លែង​ម្នាក់​​វិញ​​គឺ អ្នកស្រី សំ សុខា។ ពេលនេះ​​អ្នក​ស្រី សំ សុខា ក៏បាន​ទៅរស់​នៅ​ប្រទេស​កាណាដា​​ហើយ​ដែរ​។

អ្នក​ទាំង​ប្រាំ​មួយ​ដែល​ត្រូវ​បាន​ដោះ​លែង​​ក្រោយជាប់ឃុំ​ប្រាំមួយ​ខែ​នោះ​រួម​មាន​ កញ្ញា សូ មេត្តា (អេង ម៉ាឡៃ) សមាជិក​សមាគមន​និស្សិតបញ្ញវន្ត​ខ្មែរ និង​ប្អូនស្រី​ពីរនាក់ទៀត​របស់​​​កញ្ញា​ដែរ គឺ​អេង ដាវ៉ាន់ និង​អេង ចាន់ឌី​ អ្នកស្រី​ សំ សុខា ដែល​ធ្លាប់​គប់​ស្បែង​ជើង​ដាក់​រូបភាព​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ព្រមទាំង ថន ចន្ថា លី ឈួន និងគឹម ធីឡើយ។

​អ្នក​ទាំង​នោះ​ត្រូវ​​ឃុំ​ខ្លួន​ដោយ​សារតែ​មិន​មាន​ឯកសារ​ផ្លូវ​ច្បាប់​ដូច​ជា​លិខិត​ឆ្លង​ដែន បើទោះ​ជា​អ្នក​ទាំង​នោះ​បាន​កាន់​បណ្ណ​ជន​ភៀស​ខ្លួន​របស់​គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន​ (UNHCR) ក៏​ដោយ​។​

កាល​ពី​ខែ​ឧសភា ខេមបូចា​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​អំពី​បញ្ហា​សុខ​ភាព​របស់​អ្នក​ជាប់​ឃុំ​ទាំង​នោះ ដោយសារ​តែ​បញ្ហា​ខ្វះ​ម្ហូប​អាហារ ជំងឺ​រាក ស្រកទម្ងន់ និង​មាន​បញ្ហា​រោគ​ស្រ្តី​។​

សកម្មជន​កិច្ចព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ដែល​បាន​តាម​ដាន​លើ​ករណី​នេះបាន​ឱ្យ​ដឹង​ថា ​អ្នកទាំង​នោះ​មាន​សេរីភាព​វិញ​ហើយ​។ លោក​ថា​ករណី​នេះគឺ «ពិបាកខ្លាំង​បើ​ធៀប​នឹង​ករណី​ផ្សេង​ទៀត»។​

ផ្អែក​តាម​ការ​អង្កេត​របស់​លោក ជន​ភៀសខ្លួន​ជា​ធម្មតា​ឃុំខ្លួន​តែ​មួយ​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ករណីនេះ លោក​ថា​អ្នក​ទាំង​នោះ​ត្រូវ​ជាប់ឃុំ​រហូត​ដល់​ប្រាំមួយ​ខែ ដែល​ថា៖​ «វាអយុត្តិធម៌​សម្រាប់ជនភៀសខ្លួន»។​

ជា​ធម្មតា​រដ្ឋាភិបាលតាម​«ចាប់​ខ្លួន» ​សកម្មជន ដែល​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​ប្រទេស​មួយ​ទៀត ករណី​នេះ ប្រទេសថៃ​ ជា​កន្លែង​ដែល​ពួកគេ​អាច​សុំ​សិទ្ធិ​ជាជនភៀស​ខ្លួន​បាន​។​

លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​គិត​ថា​ រឿង​ទី​មួយ​ប្រហែល​ជា​រដ្ឋាភិបាល​កម្ពុជា​ដាក់ពាក្យ​ប្ដឹង[ទៅ​រដ្ឋាភិបាល​ថៃ]។ រដ្ឋាភិបាល​ថៃធ្វើ​តាម​ពាក្យ​បណ្ដឹង ដើម្បី​កុំឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​​​ទាំងពីរ។ ហេតុនេះ​ហើយ​បាន​ជា​ការ​ឃុំ​ខ្លួន​ដូច​ជា​ពិសេស​ជាង​អ្នក​ចំណាក​ស្រុក​ធម្មតា»។​

ជាមួយ​គ្នា​នេះដែរ កញ្ញា សូ មេត្តា ប្រាប់ ​ខេមបូចា ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​ដោះលែង​ពួក​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែមិថុនា កញ្ញា និង​ប្អូនៗ​បាន​ទៅ​សហរដ្ឋអាមេរិកទាំង​យប់ និង​បាន​ទៅ​ដល់ទី​នោះ​នៅ​ពាក់​កណ្ដាល​យប់​ថ្ងៃទី​២៦ ខែ​មិថុនា​។​

កញ្ញា​បន្ថែម​ថា៖ «អាជ្ញាធរ​[ថៃ] បាន​ដោះលែង​​ពួកខ្ញុំ ហើយ​ពួក​ខ្ញុំ​បាន​មក​ដល់​ប្រទេស​ទីបី គឺ​សហរដ្ឋអាមេរិក​»។​

កញ្ញាបន្តថា៖ «​យើង​មាន​អារម្មណ៍​សប្បាយ​ចិត្ត​តិចតួច​ដែរ​ពេល​មាន​សេរីភាព​ជា​ថ្មី ពីព្រោះ​ថា​អាជ្ញាធរ​ថៃ​បាន​បំពាន​សិទ្ធិ​របស់​ពួក​យើង ឃុំខ្លួន​ពួក​យើង​ជិត​ប្រាំមួយ​ខែ ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ជា​ខ្លាំង»។កញ្ញា​បន្ថែម​ថា ការ​ជាប់​ឃុំ​នេះ​បានធ្វើ​ឲ្យ​គ្រួសារ​នៅ​ស្រុក​ខ្មែរ​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ឪពុក និង​បង​ប្រុស​ធ្លាក់​ខ្លួន​ឈឺ​។​

កញ្ញាបន្ថែមថា៖«​វា​ពិត​ជា​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ខ្ញុំ​ខ្លាំង»។​ 

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មិន​បាន​ឆ្លើយតប​សំណួរ​ពី ​ខេមបូចា ​នោះទេ​។​

លោក ស្រ៊ុន ស្រ៊ន ពន្យល់ថា ​ជនភៀស​ខ្លួន​កម្ពុជា​នៅ​ក្នុ​ង​ប្រទេសថៃ​បាន​ស្វែង​រក​សិទ្ធិជ្រក​កោន​​តាម​រយៈ​ UNCHR និង​បានទទួល​ការគាំទ្រ​ផ្នែក​មនុស្ស​ធម៌​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ថៃ​។ អង្គការ​ទាំង​នោះ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ពេល​ដែល​ក្រុម​សកម្មជន​កិច្ចព្រម​ព្រៀង​សន្តិភាពក្រុង​ប៉ារីស​បានធ្វើ​ការជាមួយ​ពួកគេ​ដើម្បី​បាន​កិច្ច​អន្តរាគមន៍​ក្នុង​​រយៈ​ពេល​ពីរ​បី​ខែ​ដំបូង​។​

យ៉ាងណា លោក​ឲ្យ​ដឹង​ដែរ​ថា ​ក្រោយ​ការ​ឃុំ​ខ្លួន​បាន​មួយ​រយៈ​ក៏​លែង​មាន​ការ​គាំទ្រ​ទៀត ដែល​​ធ្វើ​ឲ្យ​អ្នក​ជាប់​ឃុំ​​ប្រឈម​បញ្ហា​សុខភាព​ជា​ច្រើន​។​

លោក​បន្ថែម​ថា៖ «​យើង​មាន​ការ​យល់​ច្រឡំ យើង​គិត​ថា​អង្គកា​រសហប្រជា​ជាតិ និង​អង្គការ​សង្គមស៊ីវិល​ក្នុង​ប្រទេស​ថៃ​នឹង​នៅ​បន្ត​ជួយ​។ ខ្ញុំ​មិន​នឹកស្មាន​ថា​ពេល​យើង​​ផ្ទេរ​ការងារ​ទៅ​ឲ្យ​ពួកគេ ស្រាប់​តែ​ពួកគេ​ឈប់ជួយ​»។​

​ទីភ្នាក់​ងារ​តំណាង​ UNCHR ប្រចាំ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​សំណួរ​តាម​អ៊ីម៉ែល​ភ្លាមៗ​នោះទេ​។​

​ទោះ​បីជា​កញ្ញា សូ មេត្តា និង​ប្អូនស្រីពីរនាក់​បាន​ទៅ​ដល់​អាមេរិក ដែល​ជា​កន្លែង «ល្អប្រសើរជាង​នៅ​ប្រទេស​ថៃសម្រាប់ជនភៀសខ្លួន» លោក ស្រ៊ន ជឿ​ថា ​ពួកគេ​ក៏​នៅ​បន្ត​ប្រឈម​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​គ្រួសារ​កំពុង​រង​នៅ​ក្នុង​ជីវភាព​ក្រ​លំបាក​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ថា៖ «ខ្ញុំ​គិត​ថា​យ៉ាង​ហោច​ណាស់​ពួកគេ​មាន​សេរីភាព​ល្អ​ប្រសើរ​ជាង​មុន ពីព្រោះពួកគេ​បាន​ទៅ​ដល់​ទឹកដីអាមេរិក ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​មិនទាន់មានសេរីភាពពេញលេញ​នៅឡើ​យទេ ព្រោះ​ឪពុកម្ដាយ​ពួកគេ​នៅ​កម្ពុជា​នៅឡើយ ហើយ​សេរីភាព​របស់​ពួក​គេ​នឹង​ត្រូវ​គាប​សង្កត់​តាមរយៈគ្រួសារ»។​

លោក អេង សេង ប្អូនប្រុស​របស់ សូ មេត្តា បង្ហាញ​ក្ដីរីករាយ​ក្រោ​យទទួល​ដំណឹង​ថា ​បងស្រី​​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​។​

លោក​ឲ្យ​ដឹងថា៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ពីព្រោះ​ពួកគាត់​បាន​ទៅ​ដល់​កន្លែង​មាន​សុវត្ថិភាព»។ លោក​បន្ថែម​ថា បងស្រី​របស់​លោក​ធ្លាប់​អាច​ត្រូវបាន​គេប៉ុនប៉ង​សម្លាប់ (បើសិន​បន្ត​នៅ​កម្ពុជា) ពេល​កំពុង​ជិះ​ម៉ូតូ​មាន​អ្នក​ជិះតាមបុក​គាត់​ជា​ច្រើន​ដង ហើយ​នៅ​បន្ទប់​ជួលនៅ​ភ្នំពេញនៅ​​ពេល​យប់​ក៏​មាន​អ្នក​មក​គំរាម​ដូច​គ្នា​។​

លោក​ អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ ប្រាប់ ​ខេមបូចា​ ថា ​មាន​មន្ត្រី​សង្គមស៊ីវិល សមាជិក​គណបក្ស​នយោបាយ អ្នកតស៊ូខាង​សិទ្ធិមនុស្ស និង​សកម្មជន​ជាច្រើន​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​កាន់ប្រទេស​ទី​បី ដោយសារតែ​បារម្ភ​ពីសុវត្ថិភាព​។​

​លោក​បន្ថែម​ថា៖ «ជនភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោននៅ​ប្រទេស​ទីបី ក៏ព្រោះ​តែ​រង​ការធ្វើ​ទុក្ខបុកម្នេញ ការ​គំរាមកំហែង​លើ​អាយុជីវិត និង​ការ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ពួកគេ ដែល​មិន​អាច​ឲ្យ​អ្នក​ទាំង​នោះ​រស់នៅ​ក្នុង​ប្រទេស​កំណើត​បាន​ បង្ខំ​ឲ្យ​ពួកគេ​សម្រេច​ចិត្ត​ទៅ​រស់​នៅ​ប្រទេស​ទីបី​តាម​រយៈ​ UNHCR»។​

ក្នុង​ពីមុន មាន​ករណី​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​ជនភៀស​ខ្លួន​នៅ​ក្នុង​ប្រទេសថៃ និង​មាន​ខ្លះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​អាជ្ញាធរ​ថៃ​។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «ប្រ​ជាពល​រដ្ឋ​ខ្លះ​ត្រូវ​អាជ្ញាធរ​ថៃចាប់​ឃុំ​ខ្លួន​ពេល​ឆ្លងព្រំដែន​ទៅ​ប្រទេស​ថៃ ឬ​ស្នាក់នៅ​ប្រទេស​ផ្សេង​ទៀត​ដោយ​ខុស​ច្បាប់។ មាន​ករណី​ជា​ច្រើន​ ដែល​ពួកគេ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ថៃ​រហូត​ត្រូវ​ដោះ​លែង​វិញ​មុន​បានទៅ​កាន់ប្រទេស​ទីបី»

លោក​បន្ថែម​ថា នៅពេល​ដែល​មាន​ជនភៀស​ខ្លួន​ចេញ​ពី​ប្រទេស វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាត់​បង់ធនធានមនុស្ស​សម្រាប់អភិវឌ្ឍជាតិ​។​​ ជាតិ​មួយ​អាច​អភិវឌ្ឍ និង​លូត​លាស់​បាន​លឿន គឺ​អាស្រ័យ​លើ​ធនធាន​មនុស្ស៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Frees Six Cambodian Refugees Six Months After Detention At Paris Peace Agreement Training

254 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម