សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករក្រុមហ៊ុនវៀតណាម​ហ៊ងអាញ់​យ៉ាឡាយ​​​​នៅបន្តរងគ្រោះ​រាប់ឆ្នាំក្រោយក្រុមហ៊ុនបិទ

ដើមចេកនៅក្នុងដីចម្ការក្រុមហ៊ុន ហ៊ងអាញ់យ៉ាឡាយអណ្ដូងមាស ក្នុងខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុននេះបានបិទចម្ការរបស់ខ្លួន។ រូបថតកាលពីខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ ហ៊ីម ខទៀត)
ដើមចេកនៅក្នុងដីចម្ការក្រុមហ៊ុន ហ៊ងអាញ់យ៉ាឡាយអណ្ដូងមាស ក្នុងខេត្តរតនគិរី បន្ទាប់ពីក្រុមហ៊ុននេះបានបិទចម្ការរបស់ខ្លួន។ រូបថតកាលពីខែឧសភា ឆ្នាំ២០២៤។ (រូបភាព៖ ហ៊ីម ខទៀត)

ស្រុក​អណ្ដូងមាស/ខេត្តរតនគិរី៖ អស់រយៈពេល​ជិត​បី​ឆ្នាំ​ កម្មករ​ក្នុង​ស្រុក​ប្រហែល​ជា​៣០០​នាក់ ដែល​មាន​៥០​ភាគរយ​ជាស្រ្តី បានធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន​វៀតណាម​ហ៊ងអាញ់យ៉ាឡាយ(Hoang Anh Gia Lai) ​លើ​ផ្ទៃ​ដី​ដាំដុះ​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។​

ជីវភាព​របស់​ពួក​គាត់​ពឹង​អាស្រ័យ​លើ​ការ​ធ្វើ​ការ​ក្នុង​ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ប្រួល​ពេល​ក្រុម​ហ៊ុន​សម្រេច​បិទ​ទ្វារ​កាលពី​ឆ្នាំ២០២៣។ នៅ​ពេល​នោះ​ កម្មករ​ក្នុង​ស្រុក​បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជា​ពិសេស​បញ្ហា​សុខភាព ដែល​បង្កដោយ​ថ្នាំពុល​គីមី និង​​ការគាំទ្រ​ផ្នែក​សុខ​ភាព​តិច​តួច​ពី​ក្រុម​ហ៊ុន​។​

ប្រជា​ពល​រដ្ឋ​មូល​ដ្ឋាន ដែល​ធ្លាប់ធ្វើ​ការ​ឲ្យក្រុម​ហ៊ុន បាន​ឲ្យ​ដឹង​ពី​បញ្ហា​សុខ​ភាព​ផ្សេង​ៗ​ដែល​បាន​ជួប​ប្រទះ និង​ផល​ប៉ះពាល់​លើ​បរិស្ថាន​បង្ក​ឡើង​ដោយ​ក្រុម​ហ៊ុន​។​

លោក សំ សុភ័ណ្ឌ វ័យ​៣៣​ឆ្នាំ​ ធ្លាប់​ធ្វើ​ការ​ជា​អ្នក​បាញ់​ថ្នាំ​លើ​ដំណាំចេក​ឲ្យ​ក្រុម​ហ៊ុន​បាន​និយាយ​​ថា ក្រុម​ហ៊ុន​មិន​បាន​ផ្ដល់​សម្ភារៈការពារ​ខ្លួន​បាន​គ្រប់​គ្រាន់​ដល់​កម្មករ​បាញ់​ថ្នាំនោះទេ សូម្បី​តែ​ម៉ាស​។ ដូច​នេះ លោក និង​កម្មករ​ផ្សេង​ទៀត​បាន​ប្រើ​ក្រមា​រុំ​មុខ​ពេល​បាញ់​ថ្នាំ​គីមី​ម្ដងៗ​។ លោក​ឲ្យ​ដឹង​ថា៖ «ក្លិន​ថ្នាំគីមី​គឺ​ខ្លាំង។ ខ្ញុំ​ជឿ​ច្បាស់ថា​វា​មាន​ផល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម និង​សួត​របស់​ខ្ញុំ»។​

លោក​បន្ថែមថា៖ «ខ្ញុំ​នៅ​ចាំ​បាន​ថា​ពេល​មួយ​នោះ​មិត្ត​រួម​ការងារ​ខ្ញុំ​ម្នាក់​ស្រាប់​តែ​ចុះ​ខ្សោយ​កម្លាំង និង​បាន​សន្លប់​បាត់​ស្មារតី ខណៈពេល​បាញ់​ថ្នាំគីមី។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​តាំងពី​ពេល​នោះមក»។​

ដោយសារតែ​គ្មាន​សម្ភារៈ​ការពារ​ខ្លួនបែបនេះ កម្មករ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ​ក្នុងការ​ការពារ​ខ្លួន​ពី​ថ្នាំគីមី​ពុល​ទាំង​នោះ ដែល​គេ​អាច​យល់​បាន​ថា​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខ​ភាព​។​

អតីត​កម្មករ​ម្នាក់ទៀត​ អ្នកស្រី​ តូច ស៊ាងលីម វ័យ​៤៤​ឆ្នាំ ​ធ្លាប់​ធ្វើ​ការ​ជា​​អ្នករុំ​​ថង់ប្លាស្ទិក​ផ្លែចេកដែរ​នោះ បាន​ឲ្យ​ដឹងថា៖ «​ស្ទើរ​តែគ្រប់​កម្មករ» ​រង​ផល​ប៉ះពាល់​ពី​ថ្នាំ​គីមី​ពុល​ទាំង​នោះ​។​

​អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​ក្រុម​ហ៊ុន​តែង​តែ​ប្រើ​រថយន្ត​បាញ់​ថ្នាំ​គីមី​លើ​ដំណាំ​ចេកនៅ​ពេល​យប់​ពី​ម៉ោង​៨​ទៅ​ម៉ោង​១០​យប់​។ ពេល​កម្មករ​ចាប់​ផ្ដើម​ធ្វើ​ការ​ពេល​ព្រឹក​ព្រលឹម ថ្នាំពុល​នៅ​លើ​ដើម​ចេក​មិន​ទាន់​ស្ងួត​នៅឡើយ ហើយ​នៅ​ភាយ[​តាម​ខ្យល់]​ផង​ដែរ»។​

​រូបអ្នកស្រី​ផ្ទាល់ ស្វាមី និង​កូន​បី​នាក់​ទៀត​បានធ្វើ​ការ​ក្នុង​ចម្ការ​របស់​ក្រុម​ហ៊ុន​។ ក្នុង​នាម​ជា​  កម្មករ​កិច្ច​សន្យា គ្រួសារ​អ្នកស្រីធ្វើ​ការពី​ម៉ោង​៦ព្រឹក ដល់​ម៉ោង​៥ល្ងាច ដោយគ្មាន​ថ្ងៃ​ឈប់​សម្រាក ឬ​ចុង​សប្ដាហ៍ឡើយ​។ អ្នកស្រី​អាច​រក​ចំណូល​បាន​ពីការងារ​នេះ​២៥ ០០០​រៀល​ក្នុង​មួយ​ថ្ងៃ​។​

លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថា៖ «​វា​មិន​មែន​មាន​តែ​ខ្ញុំ ឬគ្រួសារ​ខ្ញុំ​ទេ​ដែល​បាន​ឃើញវា ប៉ុន្តែ​កម្មករ​ទាំងអស់​ដឹងថា​ថ្នាំគីមី​មាន​ផល​ប៉ះពាល់ចំពោះ​សុខភាព​របស់​យើង ជាពិសេស​ផ្លូវ​ដង្ហើម និង​សួត ប៉ុន្តែ​យើង​ត្រូវ​ការ​ប្រាក់ ដូច​នេះ​ពួក​យើង​ត្រូវ​ធ្វើ​ការ​នៅ​ទី​នោះ»។​

​បើ​តាម​អង្គការ​សមធម៌​កម្ពុជា ក្រុម​ហ៊ុន​អ៊ង​អាញ់​យ៉ាឡាយ គឺ​ជា​ក្រុម​ហ៊ុន​ឯកជន​ធំបំផុត​មួយ​របស់​វៀត​ណាម និង​ជា​ក្រុម​ហ៊ុនដែល​ទទួល​បាន​ដី​សម្បទាន​​ច្រើន​ជាង​គេ​មួយ​ក្នុង​ខេត្ត​រតនគិរី ដោយ​មាន​ទាំង​ចម្ការ​កៅស៊ូ និង​ចម្ការ​ចេក​។​

កាលពី​ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុង​ហូជីមិញ​មួយ​នេះ​បាន​ប្រកាស​ពី​គម្រោង​ពង្រីក​​ចម្ការ​ដាំ​ចេក​របស់​ខ្លួន​ក្នុង​ខេត្ត​រតនគិរី ដើម្បី​នាំ​ទៅ​កាន់ទី​ផ្សារ​ចិន ដោយ​រំពឹង​ថា​មាន​ទឹក​ប្រាក់​វិនិយោគ​៤២​លាន​ដុល្លារ លើ​ផ្ទៃដី​៥ ០០០​ហិកតា​។​

ក្នុង​ស្រុក​អណ្ដូង​មាស ចម្ការ​ចេក​របស់​ក្រុម​ហ៊ុន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ ដែល​ជា​ដី​មួយ​ផ្នែក​នៃ​ផ្ទៃ​ដី​ទទួលបាន​ពី​សម្បទាន​សេដ្ឋកិច្ច ​៩ ៤៧០​ហិកតា​ពី​រដ្ឋាភិបាល និង​មាន​កិច្ច​សន្យា​៧០​ឆ្នាំ​។ ក្រុម​ហ៊ុន​បាន​ផ្ដើម​ដាំចេក​នៅ​ឆ្នាំ២០២០ ប្រាំបួន​ឆ្នាំ​បន្ទាប់ពី​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម​។​

ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩ កម្មករ​គ្មាន​ជម្រើស មាន​តែ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​បើ​ទោះ​បី​ជា​ទទួល​បាន​ប្រាក់​ចំណូល​តិច និងធ្វើការ​ក្នុង​ស្ថានភាព​ គ្រោះ​ថ្នាក់​។  

អ្នកស្រី តូច ស៊ាងលីម លើក​ឡើង​ថា​ បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​បណ្ដាល​មក​ពី​ថ្នាំគីមីពុលលើ​សុខភាព​​ គឺ​មិន​កើត​ឡើង​ភ្លាមៗ​នោះទេ ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ ឬ​ប៉ុន្មាន​ឆ្នាំ​ក្រោយ វា​នឹង​កើត  ​មាន។​ អ្នកស្រី​បន្ត​ថា៖ «​វា​បាន​កើត​លើ​កូន​ពៅ​របស់​ខ្ញុំដែល​មាន​អាយុ​មិន​ដល់​ប្រាំពី​ឆ្នាំ​ទេ​នៅពេល​នោះ​។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ពេល​នេះ សុខភាព​កូន​របស់​ខ្ញុំ​មិន​ល្អ​។ គាត់​ខ្សោយ និង​មាន​បញ្ហា​សួត​ ដែល​គ្រួ​ពេទ្យ​បញ្ជាក់​ថា​មក​ពី​ផល​ប៉ះពាល់​របស់​ថ្នាំគីមីពុល​»។​

​កម្មករ​ម្នាក់ទៀត គឺ​លោក ឈន ពៅ ដែល​មាន​ស្រុក​កំណើត​ក្នុង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម និង​បាន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ចេក​នោះ​ដែរ​។ បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះបានទៅ​ធ្វើ​ការ​ជាមួយ​នឹ​ង​កូន​ប្រុស​ពីរ​នាក់​ទៀត ដោយ​បាន​ធ្វើការ និង​ស្នាក់​នៅ​ជាមួ​យ​គ្នា​ក្នុង​ចម្ការ​តែម្ដង​។ ពួកគេ​មិន​បាន​ទៅ​សាលារៀន​ទេ ដោយសារតែ​មាន​ចម្ងាយ​ឆ្ងាយ​ប្រហែ​ល​ជា​បួន​គីឡូម៉ែត្រ​។ ជំនួស​មក​វិញ​ពួក​គេ​នៅ​ជួយ​ការ​ងារ​លោក​នៅ​ក្នុង​ចម្ការ​ចេក ដែល​ប្រឈម​នឹង​ថ្នាំគីមី​ពុល​ទាំង​នោះ​។​​

អ្នកគ្រប់​គ្រង​ចម្ការ លោក យ៉ាត់ ខេង ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​បាន​ប្រើ​ជីគីមី​យក​ពី​ប្រទេស​វៀត​ណាម ដូច​នេះ​លើ​បាវជីមិនមាន​អក្សរ​ខ្មែរ​ទេ​។ ​លោក​ថា៖ «​ជីគីមី​ទាំង​នេះ​គឺ​លាយ​ដោយ​ក្រុម​ហ៊ុន​។ យើង​មិន​ដឹង​ឈ្មោះជី​ទេ​ ហើយ​យើង​ក៏​មើល​មិន​យល់​ដែរ​ព្រោះ​វា​សុទ្ធតែ​ជា​ភាសា​វៀតណាម​»។​

​លោក​បន្ថែម​ថា ជា​ធម្មតា​ ពេល​កម្មករ​មាន​ជំងឺ ពួក​គេ​ត្រូវ​ទៅ​រកពេទ្យ​ដោយ​ខ្លួន​ឯង និង​ចំណាយ​លើ​ថ្លៃ​ព្យាបាលដោយ​ខ្លួន​ឯង​។ កម្មក​រ​ជា​អ្នកទទួល​ខុស​ត្រូវ​លើ​សុខភាព និង​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​ពេល​បាញ់​ជីមី​ទៅ​លើ​ដំណាំ​។​

​លោក​បន្ត​ថា​​ក្រុម​ហ៊ុន «​មិន​ទទួល​ខុស​ត្រូវ» លើ​គ្រោះ​ថ្នាក់​សុខភាព និង​គ្រោះ​ថ្នាក់​ការងារ​ទេ​។ លោក​ថា​ក្រុម​ហ៊ុន​បាន​ប្រាប់​រឿង​ទាំង​នេះ​ដល់​កម្មករ​មុន​ពេល​ចូលធ្វើ​ការ។​

លោក​រំឭក​ថា៖ «​មាន​ករណី​មួយ​ គឺ​កម្មក​រ​ក្នុង​ចម្ការ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​កំពុង​ជិះ​មក​ធ្វើ​ការ។ គាត់​មាន​របួស​ធ្ងន់ធ្ងរ និង​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​​ និង​ចេញ​ថ្លៃ​ព្យាបាល​ដោយ​ខ្លួន​ឯង​។ ក្រុម​ហ៊ុន​មិនបាន​ផ្ដល់​ជំនួយ​អ្វីទេ​»។​

​លោក​ថា ​កម្មករ​ឧស្សាហ៍​មាន​ជំងឺ​ ដូច​ជាឈឺក និង​ឈឺ​ពោះ ក្រោយ​ពី​មាន​ទម្លាប់​ញ៉ាំ​បាយ​មិន​ទៀង​ទាត់​។​

លោក យ៉ាត់ ខេង ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ​កាលពី​ខែ​ឧសភា ឆ្នាំ២០២៤​។ (រូបភាពផ្តល់ឱ្យ)

​កម្មករ​ក៏​ប្រឈម​នឹង​បញ្ហា​ធំ​ផ្សេង​ទៀតពេល​មិន​បាន​ទទួល​បណ្ណ​ប.ស.ស ដែល​ជាការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​។ ក្រុមហ៊ុន​គឺ​តម្រូវ​ឲ្យ​ចុះ​បញ្ជី និង​ផ្ដល់​បណ្ណ​ដល់​កម្មករ​។ លោក​ថា៖ «​ប៉ុន្តែ​ពួក​យើង​ភាគច្រើន​មិន​បាន​ទទួល​បណ្ណ​ប.ស.ស ទេ បើទោះ​បីជា​ពួក​យើង​បាន​បង់​ប្រាក់​ប្រចាំ​ខែ​១២ ០០០រៀល​»។ លោក​បន្ត​ថា ​ក្នុង​ចំណោម​១០០​នាក់ មាន​កម្មករ​ប្រហែល​១០​នាក់​បាន​បណ្ណ​ប.ស.ស។ លោក​បន្ថែម​ថា វា​ធ្វើ​ឲ្យ​មានការ​លំបាក​ជាខ្លាំង ដោយសារ​កម្មករ​ត្រូវ​ចំណាយ​អស់ច្រើន​ពេល​ទៅ​មន្ទីរ​ពេទ្យ​ដោយ​គ្មាន​បណ្ណ​ប.ស.ស​។​

អភិបាល​រង​ស្រុក​អណ្ដូង​មាស លោក អ៊ឹម វ៉ា ទទួល​ស្គាល់​ពី​បញ្ហា​នេះដោយ​ថា «ក្រុម​ហ៊ុន​ហ៊ងអាញ់យ៉ាឡាយ មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពីការងារ ក្រុម​ហ៊ុន​មិន​ខ្វល់ពីសុខភាព និង​សុវត្ថិភាព​របស់​កម្មករ» ជាក់ស្ដែង​ដូច​ជា​ការ​ធានា​ឲ្យ​កម្មក​រ​គ្រប់​គ្នា​បានទទួល​បណ្ណ​ប.ស.ស​​។​

លោក​លើក​ឡើង​ទៀត​ថា ​ក្រុម​ហ៊ុន​ក៏​មិន​បាន​សហការ​ល្អ​ និង​មិនមាន​ទំនាក់ទំនង​ល្អ​ជា​មួយ​រដ្ឋបាលស្រុក​ដែរ។ លោក​បន្ថែម​ថា ​​ថ្នាក់​លើ​របស់​លោក ​អភិបាលស្រុក តែងតែធ្វើ​របាយការណ៍​​​ដាក់​ទៅក្រ​សួង​ការងារ ប៉ុន្តែ​មិន​មាន​ដំដោះស្រាយ ឬ​មានភាព​ល្អ​ប្រសើរ​នោះទេ​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ​ការ​ប្រើ​ប្រាស់​ជីគីមី​របស់​ក្រុម​ហ៊ុន «មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​លោក​ទេ» ដោយ​ថា​ខាង​ក្រុម​ហ៊ុន​មិន​ដែល​រាយការណ៍​ទៅ​រដ្ឋបាលស្រុក​។ លោក​ថា​៖ «​ជីគីមី​ភាគច្រើន​នាំ​ចូល​ពី​វៀត​ណាម ហើយ​សរសេរ​ជា​ភាសា​វៀត​ណាម ដែល​លើស​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុងការ​តាមដាន និង​គ្រប់​គ្រង»។​

លោក​បន្ថែមថា ​ថ្នាំគីមី​ទាំង​នោះ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​កម្មករ​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ ដោយថា៖​ «​បាវជី និង​ថង់ប្លាស្ទិក​រាប់​តោន​ត្រូវគេ​យក​ទៅ​ចោល​តាម​អូរ ឬ​បោះ​ចូល​ក្នុង​អូរ​តែម្ដង»។​

នាយក​គ្រប់​គ្រងក្រុម​ហ៊ុន​​ហ៊ងអាញ់យ៉ាឡាយ លោក Le San Phok ទទួល​ស្គាល់​ថា ​ក្រុម​ហ៊ុន​ពិត​ជា​មិន​បាន​ផ្ដល់​បណ្ណប.ស.ស ដល់​កម្មករ​គ្រប់​គ្នា​ ដោយបញ្ជាក់ថា ​ក្រុម​ហ៊ុន​បាន​ឈប់​ដំណើរ​ការ​ដាំ​ចេក​ក្នុង​ឆ្នាំ២០២៣ និង​ថា​កម្មករ​ភាគច្រើន​បាន​ផ្លាស់ទៅធ្វើការ​នៅ​ចម្ការ​ចេក​ផ្សេង​ទៀត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ លោក​ថា​មាន​តែ​កម្មករ​៤០​នាក់​ប៉ុណ្ណោះ​ដែល​បាន​នៅបន្ត​ធ្វើការនៅ​ចម្ការ​ក្រុម​ហ៊ុន​របស់​លោក​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​បិទ​ចម្ការ​ដំណាំចេក​នៅ​ខេត្ត​រតនគិរី​ដោយសារតែ​មាន​ជំងឺ និង​ «សត្វល្អិតច្រើន» បំផ្លាញ​ដំណាំចេក​។ ជំងឺ​ និង​សត្វល្អិត​ទាំង​នោះ​មិន​អាច​គ្រប់គ្រង​បាន​។ ​លោកថា៖ «​ក្រុម​ហ៊ុន​បាន​ព្យាយាម​គ្រប់គ្រង​ការ​រាលដាល​ទាំង​នោះ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​។ ជំងឺ​ និង​សត្វ​ល្អិត​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ដូចនេះក្រុម​ហ៊ុន​ក៏​សម្រេច​បិទ​ចម្ការ​ចេកនៅទី​នោះ»។​

លោក​ថា ពេលនេះ​ក្រុម​ហ៊ុន​បាន​ផ្ដោត​សំខាន់​លើ​ដំណាំ​ដូច​ជា​ស្វាយ ខ្នុរ និង​កៅស៊ូ ជា​ដើម​។​

​ទន្ទឹម​នឹង​នេះ អ្នស្រី ស៊ាងលីម ដែល​​មាន​កូន​ក្នុង​បន្ទុក​បី​នាក់ ក៏​នៅ​បន្ត​ធ្វើ​ការ​នៅ​ចម្កា​រនេះដែរ​។ ស្ថាន​ភាព​កាន់តែ​អាក្រក់​នៅពេល​ក្រុម​ហ៊ុន​បិទ​ចម្ការចេក​នៅ​ក្នុង​ឆ្នាំ​២០២៣​។ ចំណូល​អ្នកស្រី​បាន​ធ្លាក់​ចុះ ហើយ​សុខភាព​គ្រួសារ​ក៏​ធ្លាក់​ចុះ​ដូច​គ្នា​។ អ្នកស្រី​ត្រូវ​ការ​ប្រាក់​ដើម្បី​ព្យាបាល​ជំងឺ សួត​របស់​កូន​ប្រុស​គាត់ជាប្រចាំ​។​

​ដោយ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការ​រក​ចំណួល អ្នកស្រី​បាន​សម្រេច​ចិត្ត​បន្ត​នៅ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន និង​បានធ្វើ​ការ​នៅ​ក្នុង​ចម្ការ​កៅស៊ូ​។​

​សម្រាប់​ថ្ងៃខាងមុខ អ្នកស្រី ស៊ាងលីម យល់ថា​អ្នកវិនិយោគ​បរទេស​ត្រូវ​គោរព​ច្បាប់​ការងារ​របស់​កម្ពុជា និង​ផ្ដល់​សំណង​សមរម្យ​ដល់​កម្មករ​ពេល​ក្រុម​ហ៊ុន​បិទ​ដំណើរ​ការ ឬ​ពេល​ក្រុ​ម​ហ៊ុន​ក្ស័យ​ធន។​

អំពី​ក្រុម​ហ៊ុន​

ក្រុម​ហ៊ុន​វៀត​ណាម​ហ៊ង​អាញ់​យ៉ាឡាយ គឺជា​ក្រុម​ហ៊ុន​ឯកជន​ធំបំផុត​មួយ​នៅ​វៀត​ណាម និង​ជា​ក្រុម​ហ៊ុន​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ធំបំផុត​មួយ​នៅ​ក្នុង​ខេត្ត​រតនគិរី​។ ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្មករ​លើ​វិស័យ​កសិឧស្សាហកម្ម​ដោយ​មាន​ការ​ដាំ​កៅស៊ូ និង​ចេក​។

​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រុម​ហ៊ុន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​មាន​គម្រោង​ពង្រីក​ដីដាំ​ដុះ​ដំណាំចេក​នៅ​ក្នុង​ខេត្ត​រតនគិរី ដើម្បី​បង្កើន​កា​រនាំ​ចេញ​ទៅ​ប្រទេស​ចិន​។ ក្រុម​ហ៊ុន​បាន​វិនិយោគ​ជាទឹក​ប្រាក់​៤២​លាន​ដុល្លារ និង​លើ​ផ្ទៃដី ​៥ ០០០​ហិកតា​​នៅ​ក្នុង​ខេត្ត​ដើម្បី​ដាំ​ចេក​ទុក​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។ បច្ចុប្បន្ន​ ក្រុម​ហ៊ុន​មាន​ចម្ការ​ចេក​​ទំហំ​១ ០០០​ហិកតា នៅ​ភាគឦសាន​ប្រទេស​កម្ពុជា​តាម​រយៈក្រុ​ម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បី​។​

ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ទាំង​នោះ​មាន​ដូច​ជាហ៊ងអាញ់​អណ្ដូង​មាស ហ៊ង​អាញ់លំផាត់ និង​ហ៊ង​   អាញ់ដូនពេញ​អាហ្គ្រីកូ។​

ក្រុម​ហ៊ុន​ហ៊ងអាញ់​អណ្ដូង​មាស​មាន​ផ្ទៃដី​ចម្ការ​ចេក​ចំនួន​២៤៥​ហិកតា​ក្នុង​ឃុំ​តាឡាវ នៃ​ស្រុក​អណ្ដូងមាស​ក្នុង​ចំណោម​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ​៩ ៤៧០​ហិកតា​បាន​ពី​រដ្ឋាភិបាល​ក្នុង​កិច្ច​សន្យា​៧០​ឆ្នាំ​។​

ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ដាំ​ដុះ​នៅ​ក្នុង​ឆ្នាំ​២០២០ ពោល​គឺ​ប្រាំបូន​ឆ្នាំ​ក្រោ​យ​ការ​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១១។​

សម្គាល់៖ ​របាយការណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​អត្ថបទ​សិក្សា​ស្រាវជ្រាវ​អំពី​ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​បរទេស​លើ​ការ​សម្រប​ខ្លួន​ក្នុង​ជីវភាព​រស់នៅ​របស់​កម្មករ​ក្នុង​ស្រុក​នៅ​កម្ពុជា។ ការ​សិក្សា​នេះ​មិន​មែន​ផលិត​ដោយខេមបូចា​នោះទេ​

654 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម