សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បក្សកម្លាំងជាតិស្នើនាយករដ្ឋមន្ត្រីដោះស្រាយជម្លោះដីធ្លីនៅព្រលាន​យន្តហោះថ្មី តាមសំណើរបស់តំណាងប្រជាពលរដ្ឋ

តំណាងក្រសួងរៀបចំដែនដី ចេញមកខាងមុខក្រសួង ដើម្បីជួប និងពិនិត្យមើលញត្តិរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)
តំណាងក្រសួងរៀបចំដែនដី ចេញមកខាងមុខក្រសួង ដើម្បីជួប និងពិនិត្យមើលញត្តិរបស់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

គណបក្សកម្លាំងជាតិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយផ្តល់សំណងតាមតម្លៃទីផ្សារឱ្យពលរដ្ឋជាង​៤៥០​គ្រួសារដែលរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈអ្នករងគ្រោះជាង​៥៧០​គ្រួសារផ្សេងទៀត បន្តប្រមូលផ្តុំគ្នានៅមុខក្រសួងដែនដី ដើម្បីជំរុញឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។

តាមរយៈលិខិតចុះនៅថ្ងៃទី២៦ ខែមិថុនា គណបក្សកម្លាំងជាតិបានស្នើឱ្យប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ដោះស្រាយ​បញ្ហាដីធ្លីរបស់ពលរដ្ឋរស់នៅឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងជាប់គាំង ដោយសារការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់ក្រុមហ៊ុន OCIC និងCAIC។ ក្នុងនោះពលរដ្ឋដែលរង​ផល​ប៉ះពាល់នៅក្នុងឃុំបឹងខ្យាង និងឃុំព្រែកស្លែង សរុបមានចំនួន ៣៩គ្រួសារ ដែលមានផ្ទៃដីសរុបជាង​១៦ហិកតា​(១៦១,៨៥៩ ម៉ែត្រការ៉េ) ខណៈពលរដ្ឋរស់នៅឃុំអំពៅព្រៃមានចំនួន៤១៤គ្រួសារ ដែលមានផ្ទៃដីសរុបប្រមាណ៨៣ហិកតា។

ក្នុងសំណើនោះដែរ គណបក្សកម្លាំងជាតិក៏បានគូសបញ្ជាក់ដែរថា ការអូសបន្លាយមិនមានដំណោះស្រាយពីសំណាក់ក្រុមហ៊ុន​សាង​សង់ព្រលានយន្តហោះថ្មីនេះ បានបង្កឱ្យពលរដ្ឋរាប់រយគ្រួសារប្រឈមនឹងការបាត់បង់ស្រែចម្ការ ដីលំនៅឋាន រួមនិងបញ្ហាប្រឈមជាច្រើនទៀត ដែលបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។ បញ្ហានេះ គណបក្សក្រៅរដ្ឋាភិបាលដដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា​ចេញមុខដោះស្រាយ ដើម្បីបញ្ចៀសការរីករាលដាលកាន់តែធំ ដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល​ដែរ។

គណបក្សកម្លាំងជាតិស្នើថា៖ «ដើម្បីដោះស្រាយវិបត្តិនេះ ឆ្ពោះទៅយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា គណបក្សកម្លាំងជាតិសូមស្នើឱ្យ សម្តេចមហាបវរធិបតី មេត្តាចាត់វិធានការពន្លឿនក្នុងការដោះស្រាយ ដោយផ្តល់នូវសំណងសមរម្យតាមតម្លៃទីផ្សារឱ្យបានឆាប់រហ័ស ព្រោះពួកគាត់កំពុងតែប្រឈមបញ្ហាបន្ទាន់ចំពោះមុខ គឺការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបង់ធនាគារជាចាំបាច់»

សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីសំណាក់គណបក្សកម្លាំងជាតិនេះ ធ្វើឡើងក្រោយពីតំណាងប្រជាពលរដ្ឋមកពីឃុំចំនួន៣ខាងលើ បានដាក់សំណើ២ផ្សេងគ្នា សុំឱ្យគណបក្សជំទាស់មួយនេះ ជួយអន្តរាគមន៍ដល់ពួកគាត់ ដែលបាននិងកំពុងរងផលប៉ះពាល់។ ក្នុងនោះ សំណើទី១ ស្នើដោយតំណាងពលរដ្ឋចំនួន៤នាក់មកពីឃុំបឹងខ្យាង និងឃុំព្រែកស្លែង ខណៈ​សំណើទី២ ស្នើដោយតំណាងពលរដ្ឋចំនួន​១០នាក់មកពីឃុំអំពៅព្រៃ។

តំណាងប្រជាពលរដ្ឋនៅឃុំអំពៅព្រៃ អ្នកស្រី មាន លាភ បានគូសបញ្ជាក់ថា ការដែលអ្នកស្រី និងតំណាងពលរដ្ឋរស់នៅឃុំអំពៅព្រៃផ្សេងទៀត សម្រេចដាក់សំណើសុំការអន្តរាគមន៍ទៅគណបក្សកម្លាំងជាតិ ដោយសារតែកន្លងមកពួកគាត់ធ្លាប់បានសុំការអន្តរាគមន៍ពីសំណាក់​ស្ថាប័ន​រដ្ឋជាច្រើនមកហើយ ដូចជាសាលាខេត្តកណ្តាល សាលាក្រុងភ្នំពេញ ក្រសួងរៀបចំដែនដី រួម និងក្រសួងមហាផ្ទៃជាដើម។ ប៉ុន្តែការស្នើសុំនោះ មិនដែលទទួលបានការឆ្លើយតបជាវិជ្ជមាន​ឡើយ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំដាក់គ្រប់កន្លែងអស់ហើយ តែអត់មានដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងឃុំអំពៅព្រៃ។ អ៊ីចឹងក៏បានស្នើសុំឱ្យគាត់(គណបក្សកម្លាំងជាតិ)ជួយ ហើយក៏ស្នើសុំឱ្យខាងសម្តេច ហ៊ុន ម៉ាណែត ជួយស្រាយជូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់នៅក្នុងព្រលានយន្តហោះភ្នំពេញថ្មី»

តំណាងពលរដ្ឋរូបនេះឱ្យដឹងថា ក្នុងចំណោមដីធ្លីរបស់ប្រជាពលរដ្ឋដែលកំពុងជួបផលប៉ះពាល់​សរុបមានចំនួន៨៣ហិកតានោះ ក៏មានដីរបស់អ្នកស្រីចំនួន ៨ ០០០ម៉ែត្រការ៉េដែរ។ អ្នកស្រីសង្កត់ធ្ងន់ថា អ្នកស្រី និងពលរដ្ឋផ្សេងទៀត មិនចង់បានតម្លៃតាមទីផ្សារឡើយ ដោយថាចង់បានស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះ។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំតោងទាមនេះ ដើម្បីដំណោះស្រាយតាមគោលនយោបាយរបស់រដ្ឋ។ រដ្ឋថាឱ្យប៉ុន្មានរៀល (ដុល្លារក្នុងមួយម៉ែត្រការ៉េ) គឺខ្ញុំយកប៉ុណ្នឹង ខ្ញុំអត់មានតោងទាមតាមតម្លៃទីផ្សារទេ ឱ្យតែមានដំណោះស្រាយជូនប្រជាពលរដ្ឋ»

ប្រធានស្តីទីគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹងថា ការដែលគណបក្សរបស់លោកស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះស្រាយជូនប្រជាពលរដ្ឋនេះ ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋទទួលបានយុត្តិធម៌។

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ រំពឹងថា សំណើរបស់លោកនឹងជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការពន្លឿនដំណោះស្រាយជូនពលរដ្ឋដែលរងផលប៉ះពាល់ដោយ​សារការសាងសង់ព្រលានយន្តហោះថ្មីនេះ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលព្រងើយកន្តើយនឹងបញ្ហានេះ ដោយទុកឱ្យក្រុមហ៊ុនកេងចំណេញលើផលប្រយោជន៍ប្រជាពលរដ្ឋ នោះ​ជាការខាតបង់ធំរបស់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «ខ្ញុំរំពឹងថា បងប្អូនប្រជាពលរដ្ឋទទួលបានផល តាមកិច្ចអន្តរាគមន៍​។ តែបើរដ្ឋាភិបាលគាត់មិនគិតគូរ​ គាត់ព្រងើយកន្តើយ អាហ្នឹងពេលវេលារបស់បងប្អូននៅតែធ្វើការតវ៉ា។ ហើយការដែលបងប្អូនធ្វើការតវ៉ា ទាំងអស់ហ្នឹងគឺវាធ្វើឱ្យរដ្ឋាភិបាលហ្នឹងមិនសូវជាចំណេញប៉ុន្មានទេ ក្នុងការកៀរគប្រជាពលរដ្ឋឱ្យមានការគាំទ្ររបស់ខ្លួនទៅថ្ងៃអនាគត​ទេ»

ជុំវិញករណីនេះ ខេមបូចា មិនអាចសុំការឆ្លើយតបពីប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បាននៅឡើយទេ ទាំងតាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធតេឡេក្រាម។ រីឯមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានបដិសេធមិនអត្ថាធិប្បាយ ដោយថាសំណើរបស់គណបក្សកម្លាំងជាតិ មិនបានបញ្ចូនមកតាមច្រករបស់លោកឡើយ។ ដោយឡែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបង្វែរសំនួរឱ្យទៅសួរក្រសួងរៀបចំដែនដី។

ពលរដ្ឋរងផលប៉ះពាល់ដោយសារការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល កំពុងកាន់បដានៅមុខក្រសួងរៀបចំដែនដី ដើម្បីទាមទារឱ្យក្រសួងរៀបចំដែនដីកាត់ឆ្វៀលដី និងផ្តល់​ប្លង់កម្មសិទ្ធិជូនពួកគាត់។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

ងាកទៅប្រជាពលរដ្ឋប្រមាណ ២០០នាក់ ដែលតំណាងឱ្យពលរដ្ឋរងផលប៉ះពាល់ចំនួន៥៧៤គ្រួសារផ្សេងទៀត បានទៅប្រមូលផ្តុំគ្នាលើកបដានៅមុខក្រសួងរៀបចំដែនដីនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ក្នុងគោលបំណងតាមដានញត្តិរបស់ពួកគេ ដែលបានដាក់នៅក្រសួងរៀបចំដែនដី កាលពីថ្ងៃទី១ ខែមេសា កន្លងទៅ ដោយស្នើឱ្យកាត់ឆ្វៀលដី និងផ្តល់ប្លង់កម្មសិទ្ធិជូនពួកគេ។ ក្នុងនោះពួកគេមកពីភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិជ្រៃរយោង ឃុំកណ្តោក ស្រុក​កណ្តាល​ស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងដោយឈរលើកបដានៅមុខក្រសួងរៀបចំដែនដីរយៈពេល២ម៉ោង​។ ប៉ុន្តែដោយសារ មិនមានតំណាងមន្ត្រីមកជួបចរចា ពួកគាត់ក៏បានប្រមូលផ្តុំគ្នាបិទច្រកចូលក្រសួងមិនឱ្យយានយន្តធ្វើដំណើរចេញ ឬចូលបាន។ យ៉ាងណា ប្រហែល១៥នាទីក្រោយមក តំណាងក្រសួងរៀបចំដែនដី២នាក់ បានចេញមកជួបក្រុមប្រជាពលរដ្ឋ ហើយហៅតំណាងពលរដ្ឋចូលទៅចរចា។

តំណាងប្រជាពលរដ្ឋ លោក ស៊ុន សំបូរ ដែលបានចូលជួបជាមួយតំណាងក្រសួងរៀបចំដែនដីបានឱ្យដឹងថា ក្រសួងហាក់ដាក់សម្ពាធមិនផ្តល់ឱកាសឱ្យពួកគាត់បានរៀបរាប់ពីផលប៉ះពាល់ឡើយ។ លោកបន្តថា ក្រសួងគ្រាន់តែណែនាំឱ្យប្រមូលព័ត៌មានរបស់ប្រជាពលរដ្ឋ​រងផលប៉ះពាល់ទាំងអស់ ដោយតម្រូវឱ្យបញ្ជាក់ពីទំហំដីសរុប និងឆ្នាំចូលរស់នៅ ក៏ដូចជាគូស​ប្លង់ដីទាំងអស់ ទើបក្រសួងអាចដោះស្រាយបាន។ យ៉ាងណាលោកថា តំណាងក្រសួងបានដាក់លក្ខខណ្ឌថា បើប្រជាពលរដ្ឋប្រមូលផ្តុំគ្នាច្រើន ពេលយកញត្តិថ្មីមកដាក់ នោះក្រសួងមិនដោះស្រាយឱ្យឡើយ។

លោកឱ្យដឹងថា៖ «គាត់ថាបើមកច្រើន គាត់អត់ធ្វើឱ្យតែម្តង គាត់អត់ដោះតែម្តង។ ប៉ុន្តែពួកយើងនឹងមកច្រើន ដោយសារបើមកតិច កាន់តែលែងដោះឱ្យពួកយើង។ ហើយការចូលទៅ យើងនិយាយអត់បានទេ គឺគាត់អត់ចង់ឱ្យពួកយើងនិយាយរាយរ៉ាប់អីទាំងអស់ គឺគាត់ចង់បិទសិទ្ធិមិនចង់ឱ្យយើងនិយាយតែម្តង ឱ្យយើងនិយាយតែមួយម៉ាត់ៗខ្លីៗ»

តំណាងប្រជាពលរដ្ឋដដែលទទូចឱ្យក្រសួងរៀបចំដែនដី ពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្តហោះថ្មីឱ្យបានឆាប់ តាមរយៈការកាត់ឆ្វៀលដី និងចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់ ដើម្បីបញ្ចៀសវិបត្តិនៃការរស់នៅដូចបច្ចុប្បន្ន។​

លោកមានប្រសាសន៍ថា៖ «ពួកខ្ញុំរស់នៅទាំងភ័យខ្លាច ដូច្នេះហើយពួកខ្ញុំចង់ស្នើសុំឱ្យខាងក្រសួងជួយចេញប្លង់កម្មសិទ្ធិ ហើយនិងការអភិវឌ្ឍនៅនឹងកន្លែង ចង់ឱ្យឆ្វៀលចេញពីគម្រោង ដើម្បីឱ្យពួកខ្ញុំមានភាពកក់ក្តៅក្នុងការរស់នៅ»

បើតាមប្រជាពលរដ្ឋ នេះជាលើកទី២ហើយ ដែលពួកគាត់មកស្វែងរកការអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ខណៈពួកគាត់ធ្លាប់បានដាក់ញត្តិ​ចំនួន​៣ ទៅ​កាន់​សាលា​ខេត្ត​កណ្ដាល​រួច​មក​ហើយ ដោយ​ចុង​ក្រោយ​គឺ​នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២៤ ពេល​ដែលអ្នកភូមិ​ស្វែង​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដើម្បី​បញ្ឈប់​ការ​ចាក់​ខ្សាច់​ចូលទៅ​ក្នុង​ប្រឡាយ​ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​ OCIC ព្រម​ទាំង​មាន​ចេតនា​ដាំ​បង្គោល​ព្រំ​ដី​ទៀតផង។ ​

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ថា ក្រសួងបានចាត់ឱ្យមន្ត្រីជំនាញទទួលកិច្ចការងារនេះហើយ។ យ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការឆ្លើយតបជូនប្រជាពលរដ្ឋជុំវិញករណី​នេះបាននៅឡើយទេ ដោយថាមន្ត្រីជំនាញត្រូវការស្រាវជ្រាវជាមុនសិន។ ប៉ុន្តែលោកគូសបញ្ជាក់ថា មន្ត្រីជំនាញនឹងមិនចំណាយ​ពេលយូរនោះឡើយ។

លោកថ្លែងថា៖ «ក្រុមការងារគាត់ធ្វើមិនយូរទេ គាត់ទៅពិនិត្យកិច្ចការហ្នឹង គាត់ស្រាវជ្រាវបានព័ត៌មាន គាត់នឹងសុំគោលការណ៍សម្រេចពីក្រសួង ដើម្បីឆ្លើយតប»។

ប្រធាន​កម្មវិធី​សិទ្ធិរស់នៅក្នុង​ទីក្រុង​នៃ​សមាគម​ធាង​ត្នោត ​លោក ​ស៊ាង មួយឡៃ យល់ថា ករណីនេះ វិវាទដីធ្លីបានក្លាយជាជំងឺរ៉ាំរៃមួយ ដោយសារពលរដ្ឋមួយចំនួនមិនទទួលបានការដាក់បញ្ចូលទៅក្នុងការជជែក និងស្វែងរកដំណោះស្រាយនៅមុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម។ ដូច្នេះលោកជំរុញឱ្យរដ្ឋាភិបាលគួរដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានដាច់ស្រេចសិន មុននឹងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ក្រោយៗ​ទៀត។

លោកមានប្រសាសន៍ថា៖ «បញ្ហាទាំងអស់នេះ វារ៉ាំរៃ វាបានជះឥទ្ធិពលជាអវិជ្ជមាន ធ្វើឱ្យប្រជាពលរដ្ឋមិនសូវជាទុកចិត្តទៅលើប្រព័ន្ធច្បាប់ ឬក៏ស្ថាប័នរបស់រដ្ឋ[..] ពេលក្រោយ រដ្ឋាភិបាល​ដើម្បីកុំឱ្យមានបញ្ហាកើតឡើយ គួរណាតែជជែក ឬក៏ផ្តល់ដំណោះស្រាយជាមុនៗនឹងមានគម្រោងអភិវឌ្ឍន៍នោះកើតឡើង»។

បន្ថែមលើនេះ លោកចង់ឃើញការអភិវឌ្ឍប្រកបដោយតម្លាភាពក្នុងការផ្តល់សំណងដល់អ្នករងផលប៉ះពាល់ ចៀសវាងការលើកឡើងផ្ទុយគ្នា ដូចជាពលរដ្ឋថាទីផ្សារដីមានតម្លៃចន្លោះពី ៨០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាជ្ញាធរអះអាងថាតម្លៃដីមានត្រឹមតែ ២០ដុល្លារក្នុងមួយម៉ែត្រការ៉េជាដើម។

រដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រម​​ផែនការសាងសង់ព្រលានយន្តហោះថ្មីក្នុងឆ្នាំ២០១៨។ អនុក្រឹត្យឆ្នាំ២០២០បានផ្តល់ដីទំហំ ២ ៦០០ហិកតានៅខេត្តកណ្តាល និងខេត្តតាកែវទៅ​ឱ្យ​ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា សម្រាប់​​គម្រោង​​សាង​​សង់​ព្រលានយន្តហោះថ្មី ដែលជាគម្រោងរួមរបស់​ក្រុមហ៊ុនសាជីវកម្ម​វិនិយោគ​ក្រៅប្រទេសកម្ពុជា(OCIC) និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរបស់រដ្ឋាភិបាល។ គម្រោងនេះក៏បានបង្កឱ្យពលរដ្ឋរាប់រយគ្រួសាររងផលប៉ះពាល់ និងតវ៉ាជាបន្តបន្ទាប់ដែរ។

បើ​តាម​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​ទទួ​ល​បាន​លំនៅ​ដ្ឋាន​សមរម្យ​ទាំង​ស្រ្តី បុរស យុវជន និង​កុមារ ហើយ​ពួក​គេ​អាច​មាន​លំនៅ​ដ្ឋាន​មួយ​ និង​សហគមន៍​​​មួយ​ដែល​សុវត្ថិភាព សម្រាប់​រស់​នៅ​ដោយ​សន្តិភាព និង​សេចក្ដី​ថ្លៃថ្នូរ​។​ និយមន័យនេះ គឺស្របទៅតាមធាតុស្នូលនៃសិទ្ធិទទួលបានលំនៅឋានត្រឹមត្រូវ ដូចដែល​កំណត់​​ក្នុង​ឯកសារ GC4 របស់​គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីសិទ្ធិផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​៕

343 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម