សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋនៅឃុំសសរស្តម្ភស្នើតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ

ប្រជាពលរដ្ឋរស់នៅក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបធ្វើអណ្តូងសម្រាប់យកទឹកប្រើប្រាស់។ រូបថត៖ ភី រចនា
ប្រជាពលរដ្ឋរស់នៅក្នុង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបធ្វើអណ្តូងសម្រាប់យកទឹកប្រើប្រាស់។ រូបថត៖ ភី រចនា

សៀមរាប៖ ប្រជាពលរដ្ឋរស់​នៅក្នុង​ ឃុំ​សសរស្តម្ភ និងឃុំពួក ស្រុកពួក ខេត្តសៀមរាប​ ទទូច​ឲ្យអាជ្ញាធរជួយតបណ្តាញទឹកស្អាតឲ្យពលរដ្ឋបានប្រើប្រាស់ ដើម្បីឲ្យពួក​គេ​មានសុខភាពល្អ។

អ្នកស្រី នីន រស់នៅឃុំសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុងមូលដ្ឋានអ្នកស្រី អាជ្ញាធរ​តែងតែគិតគូរ ដោយធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកស្អាត តាមរយៈការផ្តល់ធុងទឹកចម្រោះ និង អណ្តូងស្នប់ជាដើម។

អ្នកស្រីបានបន្ថែមថា ៖«តែការផ្តល់ឲ្យតាមវិធីសាស្រ្តនេះ គឺទឹកមិនទាន់មានសុវត្ថិភាពនៅឡើយនោះទេ ដូចនេះខ្ញុំចង់ឲ្យអាជ្ញាធរជួយតបណ្តាញទឹកស្អាត ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ទឹកស្អាត»។

ចំណែក​ឯ​ពលរដ្ឋមួយរូបសុំមិនបញ្ចេញឈ្មោះ រស់នៅឃុំពួក ស្រុកពួក លើកឡើកថា ទឹក​គឺសំខាន់​ណាស់​សម្រាប់​ជីវភាពប្រចាំថ្ងៃរបស់មនុស្សទូទៅ ព្រមទាំងដើរតួកាន់តែសំខាន់ ក្នុងការរក្សាសុខុមាលភាព និងសុវត្ថិភាព របស់អ្នកប្រើប្រាស់។

ពលរដ្ឋដដែលបាន​លើកឡើងថា៖ «ចំពោះការប្រើប្រាស់ទឹកស្អាតនេះ វាពិតជាមានភាពងាយស្រួល និងជាពិសេសការប្រើប្រាស់ទឹកស្អាត ធ្វើឲ្យប្រជាពលរដ្ឋមានសុខភាពល្អថែមទៀត»។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ គោលនយោបាយ សម្រាប់វិស័យទឹកស្អាត ក្រោមប្រធានបទ គោលនយោបាយទឹកស្អាត ដែលផ្ដោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ទីប្រជុំជន ចំនួន៨៥% នៅឆ្នាំ២០១៨ និង១០០% នៅឆ្នាំ ២០២៥ ។

លោក សាន់ ណារិទ្ធ អភិបាលរងស្រុកពួក ខេត្តសៀមរាប បានបង្ហាញថា បណ្តាញទឹកស្អាតនៅស្រុកពួកកំពុងគ្របដណ្តប់នៅឃុំមួយ​ចំនួន​ ហើយអាជ្ញាធរ​កំពុងបន្តពង្រីកបណ្តាញឲ្យគ្របដណ្តប់ នៅឃុំសសរស្តម្ភ ឃុំល្វា និងឃុំកែវពណ៌។

លោកបន្ត ៖ «ក្រៅពីការផ្គត់ផ្គងទឹកស្អាត ស្រុកក៏បានសហការជាមួយមន្ទីរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ធ្វើការផ្តល់អណ្តូង ធុងទឹកចម្រោះ និង ផ្សព្វផ្សាយឲ្យមានអនាម័យបន្ថែមទៀត។ ហើយផែនការបន្ត គឺ​ធ្វើការជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត បន្តពង្រីកប្រព័ន្ធចែកចាយបន្ថែមទៀត»។

ប្រព័ន្ធចែកចាយទឹកនៅក្នុងខេត្តសៀមរាប មានប្រព័ន្ធចែកចាយទឹក ចែកចេញជាពីរផ្នែកគឺទី១ បណ្តាញមេនាំទឹក ដោយមានទំហំពី ២៥០មីលីម៉ែត្រ រហូតដល់ ៤៥០ មីលីម៉ែត្រ  និង ផ្នែកទី២ គឺបណ្តាញចែកចាយទឹក ដោយមានទំហំពី ៦៣មីលីម៉ែត្រ រហូតដល់ ២១៥ មីលីម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំអនុវត្តនូវគោលនយោបាយនេះ ប្រកបដោយជោគជ័យជាបន្តបន្ទាប់ និងនាំមកនូវវឌ្ឍនភាពដ៏ធំធេងក្នុងការពង្រឹង និងពង្រីកសេវាកម្មទឹកស្អាត ទាំងលើបរិមាណ និងគុណភាព ដោយក្នុងក្របខណ្ឌទូទាំងប្រទេស អត្រាទទួលបានសេវាកម្មផ្គត់ផ្គង់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងទីប្រជុំជន មានចំនួន ៨៨,០២% នៅក្នុងឆ្នាំ២០១៦៕

194 views

ព័ត៌មានទាក់ទង