សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចសង្កាត់ស្លក្រាមអនុវត្តដោយជោគជ័យក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ជាវាគ្មិន នៅក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ភី រចនា
លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ជាវាគ្មិន នៅក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ភី រចនា

ប៉ុស្ដិ៍នគរបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាន​អនុវត្តជោគជ័យក្នុងការថែរក្សា ការពារ​សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​​ទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ បន្ទាប់ពីក្រសួងមហាផ្ទៃបាន​អនុវត្តគោលនយោបាយ« ភូមិ-ឃុំ មានសុវត្ថិភាព » រយៈពេល១០ឆ្នាំកន្លងមក​។

សង្កាត់ស្លក្រាម ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង១២នៃក្រុងសៀមរាប ដែលមាន៨ភូមិ និង មានប្រជាពលរដ្ឋសរុប ចំនួន ៥២.១៨៣នាក់ ស្មើនឹង ១៣.៩៨៨ គ្រួសារ។ បច្ចុប្បន្នសង្កាត់នេះ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ។

លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប មានប្រសាសន៍ថា ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋាន មានភាពល្អប្រសើរ ខណៈរយៈពេល៨ខែក្នុងឆ្នាំ២០២២នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសមជ្ឈិម ដែលកើតឡើង ៥ករណី លើ៥លើក និងធ្វើការឃាត់ខ្លួនបានចំនួន ០៧នាក់ ក្នុងបទល្មើស លួច ០៥ករណី និងបានបញ្ជូលជនសង្ស័យទៅសាលាដំបូងខេត្តតាមនិតិវិធី។

លោកបន្ដថា៖ «ដើម្បីជំរុញការងារបង្ការទប់ស្កាត់បទល្មើស ស្រមតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ប៉ុស្ដិ៍រដ្ឋបាលស្លក្រាមក៏ដូចជាប៉ុស្ដិ៍រដ្ឋបាលដទៃទៀត បានអនុវត្តនូវវិធានការ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលទទួលបានជោគជ័យលើចំណុចមួយចំនួន»។

លោកបាន​ឲ្យ​ដឹង​បន្តទៀតថា ដើម្បីឲ្យការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពកាន់តែមានភាពប្រសើរទៀតនោះ លោក​សូមអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមជាមួយសមត្ថកិច្ចដើម្បីឲ្យការងារនេះកាន់តែមានប្រសិទ្ធភាព។

លោកបានថ្លែងថា៖ «ថ្វីត្បិតតែកន្លងមកយើងទទួលបានជោគជ័យក៏ពិតមែន យើងនៅតែធ្វើបន្តទៀត ជាពិសេសការរៀបចំជាផែនការសម្រាប់អនុវត្តបន្ត»។

ឆ្លងកាត់បទពិសោធន៍អស់រយៈពេល១០ឆ្នាំ កាលពីខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃដោយមានការគាំទ្រ និងចូលរួមពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានចាត់តាំងអនុវត្តប្រកបដោយជោគជ័យ និងបានធ្វើការកែលម្អផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ « ភូមិ-ឃុំ មានសុវត្ថិភាព » ដែលមាន០៩ចំណុច មកជា០៧ចំណុច ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។

លក្ខណៈសម្បត្តិរបស់ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពថ្មី មានចំនួន ០៧ចំណុចរួមមាន៖ ១.ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២.គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៤.គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង ។ ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។ ៦.មានអនាម័យ មានសោភ័ណភាពល្អ និង បរិស្ថានល្អ ។ ៧.ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

131 views

ព័ត៌មានទាក់ទង