សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការ EPIC ART កម្ពុជា សំណូមពរឱ្យរដ្ឋាភិបាល ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីយេនឌ័រ និងពិការភាពនៅក្នុងសហគមន៍

ជនមានពិការភាព ចូលរួមក្នុងកិច្ចប្រជុំកន្លងមក។ រូបថត៖ ឆន រីយ៉ា
ជនមានពិការភាព ចូលរួមក្នុងកិច្ចប្រជុំកន្លងមក។ រូបថត៖ ឆន រីយ៉ា

មន្ត្រី​សម្របសម្រួលកម្មវិធីអង្គការ EPIC ART កម្ពុជា សំណូមពរឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយេនឌ័រ និងពិការភាពនៅក្នុងសហគមន៍ ព្រោះវាជាចលនាមួយដែលជំរុញដល់ជនមានពិការភាព មានឱកាសក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និង សង្គមជាតិ។

លោក ភឿន វាសនា មន្ត្រី​សម្របសម្រួលកម្មវិធីអង្គការ EPIC ART បានមានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករា ថា ប្រសិនបើមានការផ្សព្វផ្សាយបានទូលំទូលាយអំពីយេនឌ័រ និងពិការភាព គឺអាចធ្វើឱ្យផ្នត់គំនិតក្នុងសហគមន៍មួយមានការកែប្រែ ហើយកាលណាមានការកែប្រែធ្វើ​ឱ្យជនមានពិការភាពទទួលបានផលប្រយោជន៍នានារបស់សង្គម ។

លោកបន្តថា យេនឌ័រគឺមានសារៈសំខាន់ណាស់សម្រាប់ជនមានពិការភាព ប្រសិនបើក្រុមគ្រួសារ សហគមន៍ និងសង្គមនៅតែមិនទាន់យល់ពីសមភាពយេនឌ័រទេ នោះធ្វើឱ្យពួកគាត់ មិនផ្ដល់តម្លៃ និងសិទ្ធិគ្រប់គ្រាន់ដល់ជនពិការក្នុងការសម្រេចចិត្ត ក៏ដូចជាការចូលរួមគ្រប់សកម្មភាពរបស់សង្គម ឲ្យស្របទៅតាមលទ្ធភាពរបស់ជនពិការ ។ ជាពិសេសគួរផ្តោតលើកុមារ ព្រោះផ្នត់គំនិតតាំងពីដើមមកគិតថា ក្មេងដែលមានពិការភាព ឱ្យពួកគាត់ទៅរៀនបានប្រយោជន៍អ្វី បើគាត់ធ្វើស្អីមិនបានដដែល ។

លោកបានសំណូមពរបន្ថែមថា៖ «ខ្ញុំសូមឱ្យមានការគិតគូរបន្ថែមទៀត លើលទ្ធភាពឬក៏ការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ ខ្ញុំគិតថា ដូចជាជនពិការជិះរទេះ ពួកគាត់ចង់ចូលរួមក្នុងកិច្ចប្រជុំ វគ្គបណ្តុះបណ្តាល ឬវេទិកាផ្សេងៗ​ ប៉ុន្តែមិនមានលក្ខណៈងាយស្រួលដល់ពួកគាត់ ហើយគាត់សុខចិត្តមិនចូលរួម។ ដូច្នេះខាងភាគីពាក់ព័ន្ធគួរតែសម្របសម្រួលបែបណាដើម្បីឱ្យជនមានពិការភាពអាចចូលរូមបាន ដូចជាធ្វើនៅកន្លែងទីវាលរាបស្មើរ និងមានជម្រេលជាដើម» ។

លោកស្រី អុក ឆានី អនុប្រធានការិយាល័យស្ត្រីសុខភាព និងអប់រំ នៃមន្ទីរកិច្ចការនារីខេត្តកំពត បានឱ្យដឹងថា កន្លងមកខាងមន្ទីរបានធ្វើការចុះផ្សព្វផ្សាយ និងអប់រំ នៅតាមមូលដ្ឋានស្តីអំពីយេនឌ័រ និងពិការភាព ក្នុងនោះក៏មានជនពិការបានចូលរួមក្នុងវគ្គផ្សព្វផ្សាយនោះផងដែរ ។

លោកស្រីបានបន្តថា៖ «យើងឃើញថាជនពិការចូលរួមក្នុងកិច្ចផ្សព្វផ្សាយនោះភាគច្រើនជាជនពិការភ្នែក ដែលពួកគាត់មានលទ្ធភាពមកចូលរួមស្តាប់ក្នុងវគ្គផ្សព្វផ្សាយរបស់យើងបាន ចំណែកជនពិការជើងគឺពួកគាត់ពិបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងការផ្សព្វផ្សាយរបស់យើងនៅតាមមូលដ្ឋាន» ។

លោកស្រីបាន​ឲ្យ​ដឹងទៀតថា ជនមានពិការភាពជាជនដែលងាយរងគ្រោះ ដូច្នេះ​គ្រប់វេទិកាសាធារណៈនៅក្នុងសហគមន៍តែងតែផ្សព្វផ្សាយ លើកកម្ពស់ ផ្តល់អាទិភាពសម្រាប់ជនពិការ និងតម្រូវឱ្យជនពិការចូលរួម ព្រោះដើម្បីឱ្យជនពិការទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗ។ នៅពេលដែលជនពិការបានចូលរួមបញ្ចេញមតិយោបល់ពីបញ្ហាណាមួយ ឬសំណូមពរទាក់ទងនឹងតម្រូវការរបស់ជនពិការ សម្រាប់ឱ្យអាជ្ញាធម៌ពាក់ព័ន្ធទាំងអស់បានដឹង និងដោះស្រាយបានទាន់ពេលវេលា ។

គួរបញ្ជាក់​ផងដែរថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះជនពិការលើវិស័យការងារ ដោយបានដាក់ចេញនូវគោលការណ៍ការងារដើម្បីលើកកម្ពស់ជនពិការ ដែលក្នុងនោះរួមមាន ចំពោះអ្នកធ្វើការនៅស្ថាប័នរដ្ឋ ក្នុងចំណោម ១០០% ត្រូវមាន ២% ជាជនពិការ និងស្ថាប័នឯកជនដែលមានអ្នកធ្វើការចាប់ពី១០០នាក់ឡើង ត្រូវមាន ១%ជាជនពិការ៕​

164 views

ព័ត៌មានទាក់ទង