ជនមានពិការភាពផ្តល់ថែរក្សាសុខភាពដល់ជនពិការភាព រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប លើកឡើងថា អាជ្ញាធរពាក់ព័ន្ធ បានលើកកម្ពស់ជនមានពិការ យ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាថែទាំសុខភាពដល់ជនពិការដោយមិនគិតថវិកា និងទុកជនពិការជាជនមានអាទិភាពខ្ពស់។
ជាជនពិការមួយរូប អ្នកស្រី ម្លិះ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប លើកឡើងថា រាជរដ្ឋាភិបាល និង អាជ្ញាធរពាក់ព័ន្ធពិតជាបានលើកកម្ពស់ជនមានពិការ យ៉ាងយកចិត្តទុកដាក់។
អ្នកស្រីបានលើកឡើងថា៖ «គ្រូពេទ្យបានផ្តល់សេវាថែទាំសុខភាពដល់ជនពិការដោយមិនគិតថវិកា និងទុកជនពិការជាជនមានអាទិភាពខ្ពស់»។
ផ្ទុយពីការលើកឡើងខាងលើ អ្នកនាង សុខភា រស់នៅក្នុងមូលដ្ឋានដូចគ្នាដែរនោះ រៀបរាប់ថា ចំពោះគ្រួសារអ្នកស្រី ក៏មានជនពិការដែរ នៅពេលដែលពួកគាត់ទៅរកសេវាថែទាំសុខភាព មានគ្រូពេទ្យខ្លះក៏ល្អ តែគ្រូពេទ្យខ្លះ ក៏មិនសូវផ្តល់តម្លៃឲ្យជនពិការ។ អ្នកស្រីបានឲ្យដឹងទៀតថា៖ «បញ្ហានេះ វាពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តជនពិការ ដូចនេះខ្ញុំសំណូមពរឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមទៀត ចំពោះសេវាថែរក្សាសុខភាពដល់ជនពិការ»។
ជនពិការសំដៅដល់ជនទាំងឡាយណាដែលខ្វះខាត បាត់បង់ ខូចខាតសិរីរាង្គណាមួយឬសតិបញ្ញា បណ្តាលឲ្យមានការរំខានដល់ជីវភាព រស់នៅ ឬសកម្មភាពនានាប្រចាំថ្ងៃដូចជាជនពិការរាងកាយ ពិការភ្នែក ពិការក្នុងការស្តាប់ ពិការសតិបញ្ញា មនសិកាវិកលនិងប្រភេទពិការផ្សេងៗទៀត ដែលនាំឲ្យមានលក្ខណៈមិនប្រក្រតី។
លោកស្រី ប្លែក សុផាណា ប្រធានបណ្ឌលសុខភាពជ្រាវ ក្រុងសៀមរាប ឆ្លើយតបថា ជនមានពិការភាពទាំងអស់ ដែលមករកសេវាថែទាំសុខភាពនៅមណ្ឌលសុខភាពជ្រាវ គឺមិនមានការយកតម្លៃសេវានោះទេ ហើយផ្តល់អាទិភាពដល់ពួកគាត់មុន។ លោកស្រីថា៖ «យើងមានការប្រជុំបុគ្គលិកពេទ្យជាប្រចាំ ដើម្បីឲ្យការផ្តល់សេវាមានតម្លាភាព ប្រសិទ្ធភាព និងមានគុណភាពខ្ពស់»។
ចំពោះជនមានពិការភាព ប្រទេសកម្ពុជាបានបង្កើតច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ក្នុងនោះរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់និងប្តេជ្ញាខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងលើកទឹកចិត្តឲ្យជនរួមជាតិទាំងអស់គ្នាបន្តលើកស្ទួយសុខុមាភាពជនមាពិការភាពឲ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។
នៅក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ឆ្នាំ២០២២ កន្លងទៅបានបង្ហាញថា នាយកដ្ឋានសុខុមាភាពជនមានពិការភាព នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននៅទូទាំងប្រទេស។ ការកណត់អត្តសញ្ញាណនេះក្នុងគោលបំណងផ្តល់បណ្ណសំគាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងការទទួលអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមប្រកបដោយសមធម៌ និងបរិយាបន្ន។ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្ភាសន៍ជនមានពិការភាពសរុបចំនួន ២៥៣២៥៧នាក់ ៕