សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចស្រុកសូទ្រនិគមដាក់កម្លាំងប្រចាំការ២៤ម៉ោង និងបញ្ចូលប្រព័ន្ធ Hotline នៅតាមទីសាធារណៈ ដើម្បីចុះជួយពលរដ្ឋទាន់ពេលវេលា

លោក ឃឹម ផល្លា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១០ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយជូនសហគមន៍មូលដ្ឋានផ្ទាល់ដែលបានជួបប្រទះ។ រូបថត៖ ពី រចនា
លោក ឃឹម ផល្លា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១០ បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយជូនសហគមន៍មូលដ្ឋានផ្ទាល់ដែលបានជួបប្រទះ។ រូបថត៖ ពី រចនា

សមត្ថកិច្ចឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀម​រាប ​បាន​ដាក់កម្លាំងប្រចាំការ​២៤ម៉ោងលើ២៤ម៉ោង និងដាក់បញ្ចូល​ប្រព័ន្ធ​ទូរសព្ទ​ Hotline ​នៅតាមទីសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចុះ​អន្តរាគមន៍ដល់​ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ​ឲ្យបានទាន់ពេលវេលា។ 

លោកវរៈសេនីទោ ឃឹម ផល្លា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ថ្លែង​នៅក្នុងកមុ្មវិធីសន្ទនាមតិ របស់វិទ្យុFMជាតិ នគរភ្នំ និងទូរទស្សន៍ជាតិខេត្តសៀមរាប ​ថា កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តសៀមរាប បានប្រចាំការសម្រាប់ការងាររបស់ខ្លួន២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងការដើរល្បាត និងការផ្ដល់សេវាសាធារណៈផ្សេងៗ និងការដាក់បញ្ចូលនូវប្រព័ន្ធទូរសព្ទ hotline នៅតាមទីសាធារណៈ តាមផ្ទះសំណាក់ ឬ តាមសណ្ឋាគារ និងរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការឆ្លើយតប ឬ កិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា ក្នុងពេលដែលមានបញ្ហាមិនប្រក្រតីផ្សេងៗ។

លោកបានថ្លែងថា នៅក្នុង​ឆមាសទី១ឆ្នាំ២០២១ ប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២នេះ បទល្មើស​ដែលកម្លាំងសមត្ថកិច្ចបង្រ្កាបបាន មានការ​ថយចុះដូចជា​ ករណីក្មេងទំនើង អំពើហិង្សា និង ល្បែងស៊ីសងជាដើម។

លោក ឃឹម ផល្លា​ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ដើម្បីឱ្យការពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅស្រុកមានប្រសិទ្ធភាពខ្ពស់នោះគឺ តែងតែមានការចុះផ្សព្វផ្សាយយ៉ាងញឹកញាប់នៅតាមមូលដ្ឋាន ដើម្បីជំរុញឱ្យមានការចូលរួមរាយការណ៍ពីប្រជាពលរដ្ឋ។

លោកបន្ថែម​ថា៖ «ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺយើង​​សហការណ៍គ្នា ល្បាត ពួនស្ទាក់ និង​សកម្មភាពប្រចាំការ ដើម្បីទទួលព័ត៌មានបណ្តឹងពីប្រជាពលរដ្ឋ និងបង្កើតភ្នាក់ងារនៅប្រចាំនៅទីតាំងភូមិសាស្រ្តនីមួយៗ»។

ប្រជាពលរដ្ឋរស់នៅក្នុងនៅឃុំចាន់ស ស្រុកសូទ្រនិគម លោក វ៉ុន រិទ្ធ បាន​ឲ្យ​ដឹង​ថា នៅក្នុងឃុំចាន់ស កាលពីរមុនតែងមានបញ្ហាក្មេងទំនើង ប្រើហិង្សាពេលមានបុណ្យទានម្តងៗ តែនាពេលបច្ចុប្បន្ននេះ គឺមានកាត់បន្ថយបានច្រើន ទាំងក្មេងទំនើង ទាំងករណីចោរលួច និង ល្បែងស៊ីសង។

លោកបាននិយាយថា៖ «ខ្ញុំ​សង្កេតឃើញ កម្លាំងសមត្ថកិច្ច និង កម្លាំងប្រជាការពារចុះយាមល្បាតជាប្រចាំ»។​

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០២២នេះ ស្រុកសូទ្រនិគ មានមន្រ្តីនគរបាលសរុបចំនួន ១២០នាក់ មានប៉ុស្តិ៍​ នគរបាលរដ្ឋបាលចំនួន១០ និងមានកម្លាំងប្រជាការពារសរុបចំនួនជាង៧០០នាក់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងស្រុក។ អធិកាស្រុកក៏មានប្រព័ន្ធទូរសព្ទ hotline ដែលមានលេខ 0977780123។ នៅពេលមានបទល្មើសផ្សេងៗកើតឡើង ប្រជាពលរដ្ឋអាចរាយការណ៍ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា៕

អត្ថបទពលរដ្ឋសារព័ត៌មាន ពី រចនា

125 views

ព័ត៌មានទាក់ទង