អាជ្ញាធរឲ្យដឹងថា កម្មករជាង១០០០នាក់ មកពីរោងចក្របិទទ្វារចំនួនពីរនឹងទទួលបានប្រាប់សំណង នៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីអាជ្ញាធរស្វែងរកអ្នកទិញសម្ភារៈដែលរឹបអូសពីរោងចក្រ និងលក់បានតម្លៃជាង១លានដុល្លារ បន្ទាប់ពីកម្មករបានរង់ចាំអស់រយៈពេលជាង១ឆ្នាំក្រោយថៅកែឈប់បើកប្រាក់ខែ និងបានបិទរោងច្រ នៅក្នុងខេត្តកណ្ដាល។
កម្មករប្រមាណជា៥០០នាក់បានរង់ចាំនៅមុខរោងចក្រ Dignity Knitter ដើម្បីចាំស្ដាប់ដំណឹងពីការជួបគ្នារវាងកម្មករ និងមន្ត្រីកាលពីថ្ងៃអង្គារ បន្ទាប់ពីមានអ្នកទិញមិនបញ្ចេញឈ្មោះបានឲ្យតម្លៃ១,១លានដុល្លារលើសម្ភារៈរឹបអូសទាំងនោះ ក្នុងពេលដាក់ដេញថ្លៃលើកទី៣ កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានឲ្យCamboJA ដឹងថា៖ «ជាមួយប្រាក់ដែលម្ចាស់រោងចក្រដំកល់ទុកនៅក្រសួងការងារចំនួន ១៦០ ០០០ដុល្លារ និងការលក់សម្ភារៈទៀត យើងមានប្រាក់ជាង១,២លានដុល្លារ សម្រាប់បើកជូនកម្មករ»។
មន្ត្រីសាលាដំបូងខេត្តកណ្ដាលទទួលបន្ទុកកិច្ចការនេះ លោក យីម កេតធី ឲ្យដឹងដែរថាគណៈកម្មការបានរៀបចំតម្លៃជាថ្មី ដែលតម្លៃត្រូវដាក់បម្រុងមាន ១ ៧៧៧ ០០០ដុល្លារ ប៉ុន្តែគណៈកម្មការព្រមទទួលយកតម្លៃ១ ១១០ ០០៩ ដុល្លារ ដើម្បីបញ្ចប់រឿងដែលកើតឡើងមកជាយូរហើយនេះ និងបន្ទាប់ពីការដេញថ្លៃពីរដងត្រូវបរថាជ័យ។
កម្មករមកពីរោងចក្រ Dignity Knitter និងCEO Base បានដាក់វេនគ្នាយាមសម្ភារៈរោងចក្រ២៤ម៉ោងក្នុងមួយថ្ងៃ អស់ពេលជាច្រើនខែ បន្ទាប់ពីម្ចាស់រោងចក្របានព្យាយាមជាច្រើនដងក្នុងការដឹកសម្ភារៈដូចជាម៉ាស៊ីនដេរ ចេញពីរោងចក្រ។
កម្មករបានទាមទារប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងតាំងពីខែធ្នូ ឆ្នាំ២០១៩ ពេលដែលរោងចក្របានបន្ថយប្រតិបត្តិការ បីខែមុនពេលផ្អាកការងារ រហូតឈានដល់មានការបិទរោងចក្រជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២០។
លោក ភិន សុភា តំណាងសហជីពស៊ីខៅឌូ(CCAWDU) ប្រចាំរោងចក្រ Dignity Knitter និងបានធ្វើការនៅរោងចក្រនេះអស់ពេល១៤ឆ្នាំផងនោះ បានឲ្យដឹងថា៖ «ខ្ញុំគិតថាកម្មករម្នាក់អាចបានទទួលប្រាក់ចន្លោះពី៨០០ដុល្លារ ទៅ១៥០០ដុល្លារ»។
លោក សុភា បានផ្ដល់ដំណឹងនេះទៅកាន់កម្មករប្រហែល៥០០នាក់ បន្ទាប់ពីលោកបានជួបជាមួយមន្ត្រីតុលាការ មន្ត្រីខេត្ត មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីក្រសួងការងារកាលពីព្រឹកថ្ងៃអង្គារ។
លោកបន្ថែមថា៖ «ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាកម្មករពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះពួកយើងបានរង់ចាំជាងមួយឆ្នាំមកហើយសម្រាប់ដំណោះស្រាយនេះ»។
លោក សុភា ឲ្យដឹងថាប្រាក់ដែលលោកនឹងទទួលបានប្រហែល១៤០០ដុល្លារ នឹងមិនគ្រប់សងបំណុល ដែលលោកជំពាក់អំឡុងពេលអត់ការងារធ្វើ និងអំឡុងពេលទាមទារដំណោះស្រាយមួយឆ្នាំកន្លងមកនេះទេ។
អ្នកស្រី ព្រំ ចំរើន ដែលបានធ្វើជាកម្មករនៅរោងចក្រ Dignity Knitter តាំងពីឆ្នាំ២០០៦ បានឲ្យដឹងថា អ្នកស្រីបានធូរចិត្តបន្តិច បន្ទាប់ពីអត់ការងារជាងមួយឆ្នាំកន្លងមកនេះ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំនឹងទទួលបានប្រាក់សំណងជាង១៣០០ដុល្លារ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Staff of shuttered Kandal factories to share $1.2M after sale of seized equipment