ពិព័រណ៍រូបថតដែលបើកឲ្យចូលទស្សនាដោយសេរីរបស់អង្គការសមាគមធាងត្នោត (STT) បានបង្ហាញរូបថតចំនួន៦០សន្លឹកស្តីពីជីវិតរបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញរួមមានអសន្តិសុខនៃការកាន់កាប់ដីធ្លី ការតាំងទីលំនៅថ្មី កង្វះសេវាកម្មនិងហេដ្ឋារចនាសម្ព័ន្ធដែលបានរៀបចំទុកជាមុន និងការបណ្តេញចេញដោយបង្ខំ។
ពិព័រណ៍នេះក៏បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃបឹងនៅក្នុងទីក្រុង និងផលប៉ះពាល់បរិស្ថានដោយសារតែការបំផ្លាញបឹងក្នុងរាជធានីភ្នំពេញពីសំណាក់ក្រុមហ៊ុន វិស័យឯកជន និងបុគ្គលសាធារណៈ នេះបើយោងតាមអង្គការសមាគមធាងត្នោត។
ពិព័រណ៍រយៈពេល១០ថ្ងៃក្រោមប្រធានបទ «ផ្ទះនិងជីវិត» ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា នៅភោជនីយដ្ឋានសួនចំប៉ី ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជន និងឱ្យភាគីពាក់ព័ន្ធ រួមទាំងសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ និងរដ្ឋាភិបាលធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់សិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ។
ក្នុងសុន្ទរកថាស្វាគមន៍នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ លោក សឿង សារ៉ន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោតបានថ្លែងអំណរគុណដល់អង្គការដៃគូសម្រាប់ការគាំទ្រការតាំងពិព័រណ៍នេះ ដែលបានចំណាយពេលប្រាំមួយខែ ដើម្បីរៀបចំ និងការប្រើពេលជាងមួយឆ្នាំចាប់ពីឆ្នាំ២០២២ ដើម្បីប្រមូលរូបថត។
លោកបានមានប្រសាសន៍ថា៖ «គោលបំណងនៃពិព័រណ៍នេះ គឺដើម្បីបង្ហាញពីបញ្ហារបស់សហគមន៍ដែលយើងធ្វើការជាមួយ និងកង្វះសន្តិសុខនៃការកាន់កាប់ដីធ្លីដែលពួកគាត់ជួបប្រទះ និងលទ្ធភាពទទួលបានកន្លែងរស់នៅប្រកបដោយផាសុកភាព ដែលជាបរិយាកាសទូទៅរបស់សហគមន៍នានា» ។
អ្នកចូលរួមប្រមាណ៦០នាក់ រួមទាំងតំណាងសហគមន៍ អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានចូលរួមក្នុងពិធីតាំងពិព័រណ៍នៅថ្ងៃបើក។ ពិព័រណ៍នេះក៏បានផ្តល់វេទិកាមួយសម្រាប់តំណាងសហគមន៍ ដើម្បីបង្ហាញពីគំនិតរបស់ពួកគាត់ផងដែរ។
លោក ហ៊ន ប្រុស តំណាងសហគមន៍ស្ទឹងកំបុតបានចូលរួមក្នុងពិធីតាំងពិព័រណ៍នេះ ដោយសារលោកចង់ស្វែងយល់បន្ថែមអំពីបញ្ហារបស់សហគមន៍ផ្សេងៗទៀតនិងចែករំលែកបទពិសោធន៍របស់លោក ក៏ដូចជាស្វែងរកដំណោះស្រាយ។
លោកបាននិយាយថា៖ «ព្រឹត្តិការណ៍នេះមានសារៈសំខាន់សម្រាប់ខ្ញុំ ព្រោះរូបថតទាំងនេះប្រាប់ពីរឿងពិតដែលកំពុងកើតឡើងនៅក្នុងសង្គមរបស់យើង»។
លោកជឿជាក់ថា ព្រឹត្តិការណ៍បែបនេះផ្តល់ឱកាសសម្រាប់អ្នកតំណាងសហគមន៍ផ្សេងៗ ដើម្បីនិយាយអំពីបញ្ហាប្រឈមរបស់ពួកគាត់ ហើយដាក់សំណើរបស់ខ្លួន ខណៈអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានស្ថិតក្នុងចំណោមអ្នកចូលរួម។
លោក ហ៊ន ប្រុស និយាយថា៖ «នៅពេលអត្ថបទ ឬរបាយការណ៍ត្រូវបានផ្សព្វផ្សាយ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មី និងអ្នកពាក់ព័ន្ធផ្សេងទៀតនឹងផ្តល់ដំណោះស្រាយដល់ពួកយើង»។
យោងតាមរបាយការណ៍របស់អង្គការសមាគមធាងត្នោតបានឲ្យដឹងថា សហគមន៍ ដែលនៅទីនោះតាំងពីឆ្នាំ១៩៧៩មក មាន២១០ខ្នងផ្ទះ ២៤៤គ្រួសារឬសមាជិកសហគមន៍សរុប៨៤៧នាក់ ក្នុងនោះមានស្ត្រី៤៣៧នាក់។
អ្នកចូលរួមពិព័រណ៍ម្នាក់ទៀតគឺអ្នកស្រី ទឹម ស្រីម៉ុច តំណាងសហគមន៍អណ្តូងតាអ៊ាង ដែលមានទីតាំងនៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ អ្នកស្រីមកចូលរួម ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងសិទ្ធិដីធ្លី ដើម្បីចែករំលែកជាមួយអ្នកជិតខាង ក្នុងការការពារខ្លួន ខណៈដែលពួកគាត់មិនបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីបាននិយាយថា៖ «មាន៥០គ្រួសារ។ យើងបានរស់នៅទីនេះជាង២០ឆ្នាំមកហើយ ប៉ុន្តែយើងបន្តភ័យខ្លាចការបណ្តេញចេញដោយបង្ខំ» ។ ទោះបីជាមិនមានការបញ្ជាក់ឬការគំរាមកំហែងទាក់ទងនឹងការបណ្តេញចេញក៏ដោយ ក៏សហគមន៍របស់អ្នកស្រីនៅតែមានការព្រួយបារម្ភ។
អ្នកស្រី ទឹម ស្រីម៉ុច បាននិយាយថា៖ «ខ្ញុំបារម្ភថា វានឹងកើតឡើងនៅពេលអនាគត។ បើយើងមិនមានបណ្ណកម្មសិទ្ធិដីត្រឹមត្រូវទេ យើងនឹងជួបប្រទះការបណ្តេញចេញដូចសហគមន៍ដទៃទៀត»។
ជាការឆ្លើយតប លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹកនាំប្រទេសឆ្ពោះទៅរកកម្រិតនៃការអភិវឌ្ឍខ្ពស់បំផុតក្នុង រយៈពេល «ជាង៥០០ឆ្នាំនេះ»។ លោកមានប្រសាសន៍ថា រាជធានីភ្នំពេញបានប្រែក្លាយពីទីក្រុងដែល «គ្មានអ្វីសោះ» ទៅជាទីក្រុងដ៏ស្រស់ស្អាត ហើយ «មិនអន់ជាងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតទេ»។
លោកមានប្រសាសន៍ថា៖ «ការអភិវឌ្ឍប្រទេស គឺអនុវត្តតាមនយោបាយឈ្នះឈ្នះ ពោលគឺដើម្បីផលប្រយោជន៍របស់ពលរដ្ឋគ្រប់រូប។ រាជធានីភ្នំពេញត្រូវបានប្រែក្លាយទៅជាទីក្រុងទំនើបពោរពេញដោយសកម្មភាពសេដ្ឋកិច្ចរស់រវើក»។ លោកថា ពលរដ្ឋដែលរស់នៅក្នុងអគារមិនស្អាត ស្ថានភាពចង្អៀត ឬគ្មានអនាម័យ ឥឡូវនេះរស់នៅកន្លែងដែលទូលាយជាមួយគ្រឿងបរិក្ខារគ្រប់ប្រភេទ។
លោកមានប្រសាសន៍ថា៖ «ទីតាំងមួយចំនួនដែលធ្លាប់ជាតំបន់ជាយក្រុងឥឡូវនេះបានក្លាយជាចំណុចកណ្តាលនៃទីក្រុង ដីឡើងថ្លៃ»។
ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ លោក បូណា មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងធ្វើការវាស់វែងដីយ៉ាងសកម្ម និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក៏ខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។
លោកមានប្រសាសន៍ថា៖ «ទំនាស់ដីធ្លីត្រូវបានដោះស្រាយស្ទើរទាំងស្រុង ករណីទំនាស់បានថយចុះទាបបំផុតជាប្រវត្តិសាស្ត្រ។ នេះហើយជានយោបាយឈ្នះឈ្នះក្នុងការអភិវឌ្ឍប្រទេស»។
លោក ប៉ែន បូណា ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាពេលដែលកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ស្របពេលជាមួយគ្នានេះដែរ កញ្ញា សន រតនា និស្សិតសាកលវិទ្យាល័យឆ្នាំទី៣ នៅទីក្រុងភ្នំពេញបាននិយាយថា ការតាំងពិព័រណ៍នេះបានធ្វើឱ្យនាងយល់ដឹងស៊ីជម្រៅអំពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋ និងស្ថានភាពរបស់ពួកគាត់។
កញ្ញា សន រតនា បាននិយាយថា៖ «តាមរយៈការតាំងពិព័រណ៍បែបនេះ យើងយល់កាន់តែច្បាស់អំពីបញ្ហារបស់ប្រជាពលរដ្ឋកម្ពុជាដែលជួបការលំបាក បន្ទាប់ពីបាត់បង់ផ្ទះសម្បែង ហើយត្រូវផ្លាស់ទៅកន្លែងថ្មី។ វាក៏ធ្វើឲ្យខ្ញុំដឹងដែរថា ការលុបបឹងក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យទីក្រុងជន់លិច និងប៉ះពាល់ដល់ប្រជាពលរដ្ឋ»។
ក្នុងនាមជាយុវជនកម្ពុជា កញ្ញា រតនា ចង់ឃើញការចូលរួមរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងសិទ្ធិដីធ្លី និងលំនៅឋានសមរម្យ និងដើម្បីបញ្ចប់ការបណ្តេញចេញដោយបង្ខំ ។
Updated: ក្រោយពេលបើកដំណើរការតាំងពិព័រណ៍បានរយៈពេល ២ថ្ងៃ ពោលគឺនៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះមកទីតាំងរៀបចំ និងបានបញ្ជាឱ្យរុះរើសម្ភារតាំងពិព័រណ៍នោះចេញ ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់នោះទេ។
ចំណាត់ការនេះត្រូវបាន នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត លោក សឿង សារ៉ន យល់ឃើញថា អាជ្ញាធរបានរំលោភលើសិទ្ធិសេរីភាពក្នុងការបំពេញការងាររបស់សង្គមស៊ីវិល ហើយក៏ជាការប្រើប្រាស់អំណាចហួសដែនកំណត់តាមរយៈការដាក់សម្ពាធទៅលើម្ចាស់ភោជនីយដ្ឋានឱ្យរុះរើការដាក់តាំងពិព័រណ៍រូបថតស្ដីពី ផ្ទះ និង ជីវិត។
លោកបានប្រាប់ខេមបូចា នៅព្រឹកថ្ងៃចន្ទ នេះថា៖ «ខ្ញុំគិតថាវា ប៉ះពាល់ដល់សេរីភាពនៃការធ្វើការងាររបស់យើង ហើយរាល់ការសម្រេចដោយតក់ក្រហល់បែបនេះវាគួរតែមានការពិគ្រោះយោបល់ និងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយជាមួយនឹងអ្នកពាក់ព័ន្ធ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ STT Photo Exhibition Displays Lives of Urban Poor, Lack of Property Rights To Seek Joint Solutions