សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិស្សដែលបានចូលសិក្សាផ្ទាល់នៅតាមសាលាមានការរីករាយ ខណៈសិស្សមួយចំនួនខកចិត្តព្រោះសាលាមិនទាន់បើក

សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ រូបភាព បាន ធារ៉ា
សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ រូបភាព បាន ធារ៉ា

បាត់ដំបង៖ សិស្សានុសិស្សនៅក្នុងខេត្ដបាត់ដំបងដែលបានចូលសិក្សាឡើងវិញនៅតាមសាលារៀនផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បានបង្ហាញអារម្មណ៍សប្បាយចិត្ដនឹងការសិក្សា ខណៈសិស្សមួយចំនួនអន់ចិត្ដដោយសារតែសាលារបស់ខ្លួនមិនទាន់រៀបចំរួចរាល់ដើម្បីចូលរៀន។

កញ្ញា ស៊ីន សូនីតា ជាសិស្សថ្នាក់ទី១២ នៅក្នុងសាលាវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង បានឲ្យដឹងថា សំរាប់ការចូលសិក្សាឡើងវិញទៅតាមការប្រកាសរបស់ក្រសួងគឺពិតជាធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយ ពីព្រោះ ពេលកន្លងមកជំងឺកូវីដ១៩ តម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញគឺមានសិស្សខ្លះពិបាកក្នុងការសិក្សា។

កញ្ញាបានលើកឡើងថា៖ «សំរាប់ការសិក្សានៅក្នុងសាលាផ្ទាល់គឺមានភាពងាយស្រួល បានជួបលោកគ្រូ អ្នកគ្រូផ្ទាល់ពេលមានចម្ងល់ ឬពិបាកត្រង់ចំនុចណាមួយ នឹងបានពិភាក្សាជាមួយមិត្ដភក្ដិជួយដោះស្រាយគ្នា មិនដូចការសិក្សាតាមប្រព័ន្ធអនឡាញកន្លងមកពេលខ្លះសេវាខ្សោយរអាក់រអួល ពេលខ្លះដាច់សេវាមិនបានសិក្សាក៏មាន ដូចនេះគឺទទួលបានលិទ្ធផលពីការសិក្សាតិចតួច»។

សិស្សានុសិស្សក៏បានលើកឡើងដូចៗគ្នាថា ទោះបីជាខ្លាចជំងឺកូវីដ១៩ ក៏ពិតមែនតែការចូលសិក្សាលើកនេះគ្រប់សិស្សទាំងអស់បានអនុវត្ដន៍តាមវិធានការ ៣កុំ ៣កាពារ និងបានចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់ហើយ ។ សិស្សានុសិស្សក៏បានសម្ដែងការគាំទ្រដែលក្រសួងបានសម្រេចរំកិលកាលបរិច្ឆេទប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យសិស្សថ្នាក់ទី១២មានពេលវេលាបាន សិក្សាបង្កើនសមត្ថភាពបន្ថែម ។

លោកគ្រូបង្រៀននៅក្នុងសាលាវិទ្យាល័យនេតយ៉ង់ បានថ្លែងឱ្យដឹងថា ការបើកដំណើរការឱ្យសិស្សចូលសិក្សាឡើងវិញនេះមានភាពរលូន ហើយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានអនុវត្ដន៍វិធានការរបស់ក្រសួងជានិច្ចដើម្បីការពារខ្លួន។

ពាក់ព័ន្ធនឹងការបើកដំណើរការឱ្យសិស្សានុសិស្សចូលសិក្សាឡើងវិញនេះផងដែរ យុវសិស្សម្នាក់ដែលរៀននៅសាលារៀនព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបងបានថ្លែងឱ្យដឹងថា ឃើញក្រសួងប្រកាសឱ្យបើកសាលាចូលរៀនវិញ រូបគេបានទៅសាលា តែមិនឃើញមានសិស្សទៅរៀនផងមានតែសាលាគេដទៃដែលចូលរៀន។

សិស្សានុសិស្សកំពុងសិក្សាក្នុងថ្នាក់នៃវិទ្យាល័យនេតយ៉ង ក្រុងបាត់ដំបង។ រូបភាព បាន ធារ៉ា

យុវសិស្សដដែលលើកឡើងថា «ខ្ញុំលឺថាបើកសាលា ខំសប្បាយចិត្ដថាបានសិក្សាវិញច្បាស់លាស់ហើយ ព្រោះកន្លងមកដោយសារគ្រួសារខ្ញុំ មានជីវភាពមិនគ្រប់គ្រាន់ ខ្ញុំគ្មានទូរសព្ទរៀនតាមប្រព័ន្ធអនឡាញនោះទេ»។

យុវសិស្សដដែលបន្តថា សំរាប់ព័ត៌មានអំពីសាលាថាចូលសិក្សាវិញថ្ងៃណា រូបគេនៅមិនបានទទួលដំណឹងពីលោកគ្រូ អ្នកគ្រូ ទេ បានត្រឹមដឹងតាមរយៈមិត្ដភក្ដិថាសាលាកំពុងរៀបចំមិនទាន់រួចរាល់ ហើយមិនមែនមានតែសាលាមួយនឹងទេដែលមិនទាន់បើកនៅមានសាលាផ្សេងទៀតក៏ចឹងដែរ ។

យុវសិស្សដដែលលើកឡើងថា «ពួកខ្ញុំមានការខកចិត្ដបន្តិចដែរដែលឃើញសាលាគេចូលរៀនកងរំពងតែសាលារបស់ខ្ញុំនៅមិនទាន់ចូលរៀននឹងគេ»

ពាក់ព័ន្ធនឹងបញ្ហាបើកសាលារៀនឡើងវិញនេះ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បាត់ដំបងបាន ឲ្យដឹងថា មកទល់ពេលនេះសាលាពីថ្នាក់បឋមរហូតដល់មធ្យម បើកស្ទើរ ទាំងអស់ហើយ តាំងពីថ្ងៃទី០៨ខែវិច្ឆិកាមក នៅសល់តិចតួចប៉ុណ្ណោះដែលកំពុង រៀបចំបើកបន្ត បន្ទាប់ទាំងអស់នាសប្តាហ៍ក្រោយ។

លោកបញ្ជាក់ថា វិទ្យាល័យសម្តេចឪ នៅជាប់ជាមណ្ឌលព្យាបាល ជំងឺកូវីដកម្រិតធ្ងន់ ដែលអ្នកជំងឺនឹងត្រៀមផ្ទេរចេញ ឆាប់ៗទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងសាលាវិទ្យាល័យព្រះមន្នីវង្ស កំពុងរៀបចំសម្អាត ដែលសាលាទាំងពីរនេះនឹងដំណើរការ នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ ។

លោកប្រធានមន្ទីរអប់រំ ឲ្យដឹងទៀតថាសាលាចាប់ពីថ្នាក់បឋមរហូតវិទ្យាល័យនៅតាមបណ្តាស្រុកនានា ទូទាំងខេត្ត បាត់ដំបងចំនួន១៣៨៧ សាលា ត្រូវបើកដំណើរការវិញ ដោយឡែកសិស្សថ្នាក់ មត្តេយ្យ ទាំង សាលារដ្ឋ ឯកជននិង សហគមន៍ចំនួន៣៦០សាលានិងបើក ក្រោយពីទទួលវ៉ាក់សាំង រួចនាពេលខាងមុខដែរ។

រដ្ឋបាលខេត្ដបាត់ដំបងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន សំរាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា កាលពីថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០២១ដោយអនុវត្ដន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងប្រកាន់ខ្ជាប់ជានិច្ចនូវធានការ ៣កុំ ៣ការពារ ស្របតាមបរិការណ៍ សកម្មភាពបែបគម្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕

ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា

170 views

ព័ត៌មានទាក់ទង