រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយប្ដូរទៅកាន់ទីក្រុងបាងកកវិញ តែមន្ត្រីរដ្ឋាភិបាលថាការសម្រេចចិត្តនេះមិនមែនបង្ហាញពីភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរនោះទេ។
រដ្ឋាភិបាលស៊ុយអែត បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថាស្ថានទូតនឹងបិទដំណើរការទាំងស្រុងនៅចុងឆ្នាំ២០២១ ហើយត្រូវប្ដូរទៅកាន់ទីក្រុងបាងកកវិញ។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថាទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) នឹងនៅបន្តការងារនៅកម្ពុជា។
ក្រសួងការបរទេសស៊ុយអែត បានលើឡើងថា ប្រទេសស៊ុយអែតនឹងរក «មធ្យោបាយថ្មី» ដើម្បីបន្តទំនាក់ទំនងជាមួយកម្ពុជា តែមិនបានបញ្ជាក់ច្បាស់ថាហេតុអ្វីរដ្ឋាភិបាលស៊ុយអែតសម្រេចចិត្តបែបនេះទេ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយរបស់ក្រសួងការបរទេស ក្នុងការបន្តរៀបចំស្ថាប័នក្រៅប្រទេស ដើម្បីតម្រូវតាមការប្រែប្រួលរបស់មជ្ឈដ្ឋានខាងក្រៅ និងតាមតម្រូវការចាំបាច់ទាំងផ្នែកសេវាកម្ម និងការត្រួតពិនិត្យ។ ការផ្លាស់ប្ដូរនេះ ជាដំណើរការប្រក្រតី ហើយពេលខ្លះរដ្ឋាភិបាលស៊ុយអែតមានបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនបែបនេះ»។
ការប្រកាសនេះកើតមានតែប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលស៊ុយអែតប្រកាសបញ្ចប់គ្រប់ជំនួយទ្វេភាគីរបស់ខ្លួនមកកាន់កម្ពុជាត្រឹមខែកក្កដា ឆ្នាំ២០២១។ ការសម្រេចចិត្តផ្ដាច់ជំនួយនេះធ្វើឡើងដោយថាមកពីការធ្លាក់ចុះស្ថានភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយថានឹងបង្វែរមូលនិធិទាំងនោះទៅគាំទ្រដល់អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិផ្នែកលទ្ធិប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហប្រតិបត្តិការអន្តរជាតិស៊ុយអែត Peter Eriksson បានថ្លែងកាលពីខែមិថុនា ថា៖ «រដ្ឋាភិបាលបានសម្រេចចិត្តបង្វែរជំនួយអភិវឌ្ឍន៍ទៅជួយគាំទ្រការធ្វើឲ្យប្រសើរផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា»។
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាមិនអាចសុំការឆ្លើយតបបានទេនៅថ្ងៃសុក្រនេះ។
រដ្ឋាភិបាលស៊ុយអែតជាញឹកញាប់បានបង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដែលរងការចោទថាបានធ្វើទុក្ខបុកម្នេញលើអតីតគណបក្សសង្រ្គោះជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិល។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថាមិនបារម្ភលើការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ុយអែតនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា ការសម្រេចចិត្តបិទ ឬបើកស្ថានទូត ជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលស៊ុយអែត ហើយការផ្លាស់ប្ដូរបេសកកម្មការទូតនេះនឹងមិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរនោះទេ។
លោកបានសរសេរថា៖ «ការប្រកាសបិទស្ថានទូត មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែតនោះទេ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថាកាលពីមុនប្រទេសស៊ុយអែតមានស្ថានទូតនៅប្រទេសថៃ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនៅពេលនោះក៏ល្អប្រសើរដែរ។
លោកមានប្រសាសន៍ថា៖ «ដូចនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ វាគ្រាន់តែជាការផ្លាស់ប្ដូរផ្នែករដ្ឋបាល និងកិច្ចការផ្ទៃក្នុងរបស់គេ»។
លោក ផៃ ស៊ីផាន បានកត់សម្គាល់ថាកម្ពុជា និងស៊ុយអែត មិនដែលមានបញ្ហាទំនាក់ទំនងល្អក់កករអ្វីនឹងគ្នានោះទេ ហើយថាប្រទេសទាំងពីរចាត់ទុកគ្នាជាមិត្ត។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថារដ្ឋាភិបាលស៊ុយអែតនឹងនៅតែបន្តគាំទ្រដល់ក្រុមសង្គមស៊ីវិលនៅកម្ពុជា ដែលជាអ្នក «តស៊ូ» ការពារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ពេលដឹងថារដ្ឋាភិបាលស៊ុយអែតបានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញ…វត្តមានរបស់ស្ថានទូតស៊ុយអែតនៅកម្ពុជាមានសារៈសំខាន់ណាស់ ហើយខ្ញុំព្រួយបារម្ភថា ពួកគេនឹងមិនមានបុគ្គលិកនៅផ្ទាល់ទៅថ្ងៃខាងមុខ»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាការសម្រេចចិត្តប្ដូរស្ថានទូតនេះ បង្ហាញពីរូបភាពមិនល្អដល់រដ្ឋាភិបាលកម្ពុជា ដោយថាបានបរាជ័យក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបន្តថា រដ្ឋាភិបាលស៊ុយអែត ទំនងជាមិនឃើញមានការធ្វើឲ្យប្រសើរឡើង ទោះបីជាបានផ្ដល់ជំនួយគាំទ្រដល់សកម្មភាពអភិបាលកិច្ច និងប្រជាធិបតេយ្យ។
លោកបន្ថែមថា៖ «ដូចនេះ វាជាសារមួយបង្ហាថា រូបភាពនេះមិនល្អសម្រាប់កម្ពុជា នៅលើឆាក អន្តរជាតិ»។