បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពោធិ៍ ស្ថិតក្នុងស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់អាជ្ញាធរក៏ដូចជាសម្បុរសជនជួយកសាងអគារសិក្សានិងផ្តល់សម្ភារៈសិក្សាដោយសារអគារចាស់ទ្រុតទ្រោម ហើយតុ និងកៅអី បាក់បែក។
អ្នកគ្រូ ស៊ីន ចន្ធី នាយិការងនៃសាលាបឋមសិក្សាវត្ដពោធិ៍ បានថ្លែងថា នាពេលកន្លងមកមានសប្បុរសជនក្នុងស្រុកមួយចំនួនបានឧបត្ថមជាថវិកាដើម្បីជួយទិញដីចាក់បំពេញទីធ្លាសាលាដែលស្ថិតក្នុងវត្ដពោធិ៍ បានពាក់កណ្ដាល ប៉ុន្តែនៅខ្វះពាក់កណ្ដាលទៀតមិនទាន់បានចាក់បំពេញ។
អ្នកគ្រូសូមអំពាវនាវដល់សប្បុរសជនសូមជួយជាថវិកា ឬជាដី ដើម្បីចាក់បំពេញទីធ្លាសាលាមួយនេះ និងបានចាក់គ្រួសក្រហមកុំឱ្យទឹកលិចទីធ្លាសាលានៅរដូវរស្សា និងបង្កភាពងាយស្រួលដល់កុមារតូចៗ ហើយនៅពេលមកសិក្សាមានទីធ្លារត់លេងនៅពេលចេញលេង។
ចំណែក អ្នកគ្រូ នាង ជុត បណ្ណារក្សសាលាបឋមសិក្សាវត្ដពោធិ៍ ក៏បានលើកឡើងផងដែរថា សាលាមួយនេះបានជួបបញ្ហាខ្វះខាតជាច្រើនដូចជា ខ្វះសៀវភៅអប់រំក្នុងបណ្ណាល័យសំរាប់ឱ្យសិស្សកុមារតូចៗបានរៀនអានបន្ថែម។ ចំណែក តុ និងកៅអីមានការបាក់បែក មិនគ្រប់គ្រាន់សំរាប់សិស្សអង្គុយ។ កៅអី សំរាប់លោកគ្រូ អ្នកគ្រូក៏បាក់បែកជាបណ្ដើរៗ ក្ដាខៀនសរសេរដោយដីសកូនសិស្សមើលមិនច្បាស់ អគារឈើក៏ចាស់ទ្រុតទ្រោម។
អ្នកគ្រូថាបន្ថែមថា៖«ចំនុចសំខាន់គឺទីធ្លាលិចទឹកតែម្ដង»។
សិស្សកុមារតូចៗ នៃសាលាបឋមសិក្សាពោធិ៍បានលើកឡើងថា ពួកគេមករៀនកាលពីខែវស្សាជួបបញ្ហាទឹកលិចទីធ្លាសាលាគ្មានកន្លែងរត់លេង ពិបាកធ្វើអនាម័យ និងមានពេលខ្លះដើរដួលប្រលាក់សម្លៀកបំពាក់ ដែលធ្វើឲ្យខកខានការសិក្សាជាដើម។
ក្រុមសិស្សដដែលលើកឡើងថា៖ «ពួកខ្ញុំចង់បានអគារថ្មី១ ចង់បានសៀវភៅអប់រំទុករៀនអានបន្ថែមនៅក្នុងបណ្ណាល័យ ចង់បានតុ កៅអី អង្គុយរៀនឱ្យបានស្រួល»។
កាលពីកន្លងទៅពាក់ព័ន្ធនឹងបញ្ហាបរិវេណទីធ្លាសាលា ទឹកលិចគ្មានច្រកបង្ហូរចេញនាំផលពិបាក លោកគ្រូ អ្នកគ្រូបានសម្រេចរួមថវិកាគ្នាទិញដីបាន២០ឡានដើម្បីចាក់បំពេញទីធ្លាដែលទំនាបនេះផងដែរតែដោយសារទីនេះទំនាបខ្លាំងហើយធំដីចាក់មិនគ្រប់។
គួរបញ្ជាក់ថា សាលាបឋមសិក្សាវត្ដពោធិ៍ ស្ថិតក្នុងវត្ដពោធិ៍ ភូមិពោធិ៍ ឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានអគារ ២ខ្នង អគារថ្មមាន៤បន្ទប់ អគារឈើមានសភាពចាស់ទ្រុតទ្រោមមានចំនួន៥បន្ទប់ ថ្នាក់រៀនចំនួន ១៤ថ្នាក់រួមទាំងថ្នាក់មត្តេយ្យ ក្នុងនោះមានគ្រូបង្រៀនចំនួន ២១នាក់ អ្នកគ្រូ ១៤នាក់ មានសិស្សកំពុងសិក្សាចំនួន ៤៦៦នាក់ កុមារី ២១៣ នាក់។ ចំពោះសិស្សដែលចូលមករៀនមានការកើនឡើងពីមួយឆ្នាំទៅមួយផងដែរ៕
ដោយពលរដ្ឋសារព័ត៌មាន បាន ធារ៉ា