មន្ត្រីយោធាជាន់ខ្ពស់១៣នាក់ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ បានដំឡើងនិងផ្តល់ឋានៈស្មើរដ្ឋមន្ត្រី នេះបើយោងព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។
ព្រះរាជក្រឹត្យចុះហត្ថលេខានៅថ្ងៃទី២៧ ខែសីហា និងផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣០ ខែសីហា ២០២២ បង្ហាញថា មន្ត្រីជាន់ខ្ពស់១២រូបដែលជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវដំឡើងនិងផ្ដល់ឋានៈស្មើរដ្ឋមន្ត្រីទទួលប្រាក់បំណាច់និងមួយរូបទៀតមិនទទួលប្រាក់ បំណាច់។
អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា បុគ្គលដែលត្រូវតែងតាំងទាំង១៣រូបសុទ្ធសឹងជាមន្ត្រីមានស្នាដៃក្នុងកិច្ចការបម្រើសង្គមជាតិ។
លោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថា៖ «សុទ្ធជានាយទាហាននៅបញ្ជាការដ្ឋានអង្គរក្ស ហើយសុទ្ធតែមានស្នាដៃល្អបើមិនល្អឡើងឋានៈម៉េចបាន? »។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បន្តថា ការផ្ដល់ឋានៈដល់ទីប្រឹក្សានាយករដ្ឋមន្ត្រីដែលជាមន្ត្រីយោធាជាន់ខ្ពស់នេះជាការបើកផ្លូវមន្ត្រីទាំងនោះចុះបំពេញការងារនៅមូលដ្ឋាន។
លោក ហ៊ីង ប៊ុនហៀង បន្ថែមថា៖ «បើពួកគាត់នៅតែជាយោធាមួយមុខ ចុះមូលដ្ឋានអត់ទំនងទេ អ៊ីចឹងដើម្បីងាយស្រួលចុះមូលដ្ឋាន(បំពេញការងារបក្ស)គឺផ្ដល់ឋានៈដល់ទីប្រឹក្សាសម្ដេច។ គាត់ទាំងអស់គ្នាជាទីប្រឹក្សាស្រាប់លើកមុនឋានៈស្មើរដ្ឋលេខាធិការ តែព្រះរាជ្យក្រឹត្យលើកនេះផ្ដល់ឋានៈពួកគាត់ស្មើរដ្ឋមន្ត្រី»។
នាយទាហានជាន់ខ្ពស់និងជាអគ្គបញ្ជាការរងកងអង្គរក្សដែលទទួលប្រាក់បំណាច់មានចំនួន១២រូបរួមមាន លោក អ៊ុង សារិទ្ធ លោក ឌៀង សារុន លោក តូច តារា លោក យង់ សារិទ្ធ លោក ភោគ ចន្ថា លោក ប៊ុន ដារ៉ា លោក ដួង ហេង លោក ហ៊ុន ថេរ៉ា លោក រឿង វុទ្ធី លោក រ៉េត ស៊ីថា លោក សួស ស៊ីណា លោក សួន ពិរុណ។ ចំណែកនាយទាហានម្នាក់លោកសេង ស៊ីណារិន មិនបានទទួលប្រាក់បំណាច់ទេ។
ខេមបូចាមិនអាចទាក់ទងមន្ត្រីយោធាដែលត្រូវដំឡើងឋានៈ ដើម្បីធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
អ្នកវិភាគបញ្ហាសង្គមនិងនយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការផ្ដល់ឋានៈតួនាទីឱ្យមន្ត្រីយោធាជាន់ខ្ពស់ដែលជាទីប្រឹក្សានាយករដ្ឋមន្ត្រី គឺជារង្វាន់សម្រាប់អ្នកទទួលឋានៈប៉ុណ្ណោះ ហើយការណ៍នេះនឹងមិនសូវមានប្រយោជន៍សម្រាប់ជាតិនោះទេ។
លោក មាស នី មានប្រសាសន៍ថា៖ « ប្រជាពលរដ្ឋកំពុងតែលំបាកទើបងើបពីកូវីដ បើតែងតាំងដំឡើងឋានៈដល់ថ្នាក់រដ្ឋមន្ត្រី ប្រាកដជាមានដំឡើងប្រាក់ខែហើយប្រាក់ខែទាំងនោះបានពីណា? មិនបានពីពន្ធដែលប្រមូលពីពលរដ្ឋ»។
អ្នកវិភាគបញ្ហានយោបាយដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា ការដំឡើងឋានៈស្មើរដ្ឋមន្ត្រីដល់នាយទាហានជាន់ខ្ពស់ទាំង១៣រូប ជាយុទ្ធសាស្ត្រពង្រឹងអំណាចបន្ថែមទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គឹម សុខ ថ្លែងថា៖ «ហេតុផល២ ទី១ គឺផ្ដល់ឋានៈឱ្យពួកគាត់មានប្រាក់ខែច្រើនជាងមុននៅចំពោះមុខស្ថានភាពសេដ្ឋកិច្ចលំបាក និងទី២ ជាការលើកទឹកចិត្តឱ្យនាយកទាហានទាំងនោះបន្តគាំទ្រខ្លួនជាពិសេសគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែត»។
លោក គឹម សុខ បន្ថែមថា៖ «ចាំបាច់អីតែងតាំងមន្ត្រីយោធា ជាស៊ីវិលដើម្បីចុះមូលដ្ឋាន? ចុះមន្ត្រីស៊ីវិលគរជើងគ្នានោះធ្វើអីវិញ មិនចុះមូលដ្ឋានទៅ»។
ព្រះរាជក្រឹត្យស្ដីពីការគ្រប់គ្រងនិងបើកប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ ចែងថា អ្នកដែលជាទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រីប្រាក់បំណាច់ប្រចាំខែចំនួន២លាន១សែនរៀល។ ចំណែកឯទីប្រឹក្សាដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការមានប្រាក់បំណាច់ប្រចាំខែស្មើនឹង១លាន៧សែន៥ម៉ឺនរៀល។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា តំណែងទីប្រឹក្សានៅកម្ពុជាភាគច្រើនជាតំណែងសម្រាប់លម្អនិងបង្អួតគ្នាប៉ុណ្ណោះ។
លោកបន្ថែមថា៖ « ខ្ញុំសង្កេតឃើញថាតំណែងទីប្រឹក្សាមួយចំនួនជាតំណែងសម្រាប់គេយកទៅកាងរបររកស៊ី អ្នកខ្លះទីប្រឹក្សាដែរតែមិនដឹងកៅអីអង្គុយនៅណា កន្លែងធ្វើការកន្លែងណា ផ្ដល់យោបល់លើបញ្ហាអី អ្នកខ្លះទៀតមិនទាំងយកប្រាក់ខែទៅទៀត។ យើងមិនដឹងថា សម្តេចគាត់មានទីប្រឹក្សាប៉ុន្មានទេ? ឃើញតែតែងតាំងហូរហែរ។ នៅស្រុកយើងដូចជាអតិផរណាតំណែងទីប្រឹក្សាហើយ»៕