មន្ត្រីយោធាបានឱ្យដឹងថា ទាហានភាគច្រើនដែលបញ្ជូនទៅព្រំដែនវៀតណាមដើម្បីចាំបាញ់ទម្លាក់ដ្រូន ឬយន្តហោះគ្មានមនុស្សបើក បានដកត្រឡប់មកវិញហើយ និងថាមិនមានការបាញ់ទម្លាក់ដ្រូនណាមួយនោះដែរ។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា៖ «មានកម្លាំងខ្លះនៅបន្តប្រចាំការនៅទីនោះ ប៉ុន្តែកម្លាំងមួយភាគធំបានដក [ពីព្រំដែន] មកវិញហើយ»។ យ៉ាងណា លោកបានបដិសេធផ្តល់ព័ត៌មានបន្ថែមទាក់ទងនឹងរឿងនេះ។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ មានប្រសាសន៍ថា៖ «ក្រោយពីមានការមកដល់របស់កម្លាំងកងអង្គរក្ស គ្មានដ្រូនហោះចូលក្នុងទឹកដីកម្ពុជាទៀតទេ»។
លោកបន្ថែមថា៖ «ខណៈដែលស្ថានការណ៍បានវិលមករកភាពប្រក្រតីវិញ កម្លាំងកងអង្គរក្សទាំងអស់បានបញ្ជាឱ្យដកមកវិញ[កាលពីសប្ដាហ៍មុន]»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបញ្ជូនទាហាន៥០០នាក់ទៅកាន់ព្រំដែនវៀតណាមកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីបាញ់ទម្លាក់«ដ្រូន» ដែលមិនមានការបញ្ជាក់ពីប្រភេទច្បាស់លាស់ ដែលគេរាយការណ៍ថា បានហោះចូលទឹកដីកម្ពុជា។ មួយថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ចំនួនទានហានបានកើនដល់ ១០ ០០០នាក់។
លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងដែរថា អង្គភាពណាបាញ់ទម្លាក់ដ្រូនបានមួយនឹងទទួលបានប្រាក់ឧបត្ថម្ភ ២០០ ០០០ដុល្លារ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងដោយទំនងសំដៅថា ដ្រូននោះជារបស់ក្រុមមួយដែលគេចោទថាជាក្រុមភេរវករ ដែលបានវាយប្រហារលើការិយាល័យរដ្ឋរបស់វៀតណាម ក្នុងខេត្តដាឡាក់ ជាប់ព្រំដែនខេត្តមណ្ឌលគិរីរបស់កម្ពុជា។ លោកបានលើកឡើងទៀតថាក្រុមនេះមានជាប់ពាក់ព័ន្ធនឹងក្រុមប្រឆាំងមួយក្នុងទឹកដីកម្ពុជា ដែលលោកទំនងចង់សំដៅលើអតីតក្រុមគណបក្សសង្គ្រោះជាតិ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនជាមួយវៀតណាមមានសភាពស្ងប់ស្ងាត់ មិនមានដ្រូនហោះចូលទឹកដីកម្ពុជាទៀតទេ។
លោកឱ្យដឹងថា៖ «មិនមានដ្រូនហោះចូលទៀតទេ ហើយក៏គ្មានដ្រូន[ត្រូវបាញ់ធ្លាក់ដែរ]»។
ទាហានត្រូវគេរាយការណ៍ថា បានឈរជើងនៅខេត្តមណ្ឌលគិរី និងក្រចេះផងដែរ។ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងអភិបាលខេត្តក្រចេះ លោក វ៉ា ថន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ។ មេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Troops Withdrawn From Vietnam Border, No Drones Shot Down