សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនអតីតគណបក្សសង្រ្គោះជាតិបីនាក់ត្រូវបានចាប់ខ្លួន ពេលព្យាយាមដាក់ញត្តិនៅស្ថានទូតចិន

កងសន្តិសុខខណ្ឌចាប់លើកអ្នកតវ៉ាម្នាក់ចេញពីកន្លែងបាតុកម្មក្នុងការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅខាងក្រៅស្ថានទូតចិនក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ
កងសន្តិសុខខណ្ឌចាប់លើកអ្នកតវ៉ាម្នាក់ចេញពីកន្លែងបាតុកម្មក្នុងការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅខាងក្រៅស្ថានទូតចិនក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​បី​រូប​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ពេល​ពួកគេ​ព្យាយាម​ដាក់​ញត្តិ​ ដើម្បីប្រឆាំង​វត្តមានកងទ័ពចិន​នៅលើកទឹកដីកម្ពុជា ​ ជាមួយ​នឹង​អ្នក​ចូលរួម​ ១០០​នាក់​ផ្សេង​ទៀត ដោយ​អំពាវនាវ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស​ អំឡុង​ថ្ងៃ​​ខួប​លើក​ទី២៩ នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ។ ​

សកម្មជន​ចំនួន​បី​នាក់​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ រួម​មាន​អ្នកស្រី លឹម សាន អាយុ ៥៧​ឆ្នាំ អ្នកស្រី យ៉យ ស្រីមុំ អាយុ ៥០​ឆ្នាំ និងលោក​ តុន​ និមល អាយុ ៤០​ឆ្នាំ ត្រូវ​បាន​មន្រ្តី​ប៉ូលិស និង​កង​​សន្តិសុខ​ខណ្ឌ​ចាប់ខ្លួន​នៅ​ជិត​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​​នៅ​ម៉ោងជាង ៨​ព្រឹក ខណៈ​អ្នកសារព័ត៌មាន​ចំនួន​ ០៦​នាក់​ទៀត​ត្រូវ​រង​ការ​បំពាន និង​ការ​គំរាមកំហែង​ នៅ​ពេល​ព្យាយាម​រាយការណ៍​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​សកម្មជន និង​​កង​សន្តិសុខ។

​លោក​ សាន សុខសីហា អ្នកនាំពាក្យ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ស្រ្តី​ពីរ​នាក់ និង​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​តែ​ពួកគេ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​សាលាក្រុង​ដើម្បី​ធ្វើ​ការ​តវ៉ា និង​បាន​លើកឡើង​ថា ប៉ូលិស​ត្រូវ​ចាត់​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​បុគ្គល​ដទៃ​ទៀត​នៅ​បរិវេណ​ស្ថាន​ទូត​។ ​

លោក​ សុខសីហា បាន​មានប្រសាសន៍​ថា៖ «ដោយសារ​តែ​ពួកគាត់​មិនមាន​ការ​អនុញ្ញាត​ ហើយ​ពួកគាត់​បាន​បង្ក​បញ្ហា អាជ្ញាធរ​បាន​នាំ​ខ្លួន​ពួកគាត់​ចំនួន​បី​នាក់ ដើម្បី​មក​សាកសួរ មិនមែន​ឃាត់ខ្លួន​ពួកគាត់​នោះ​ទេ»

មក​ទល់​ម៉ោង​ប្រាំ​មួយ​ល្ងាច​ថ្ងៃសុក្រ​ដដែល អ្នកនាំពាក្យ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន បាន​មានប្រសាសន៍​ថា សកម្មជន​ទាំង​បី​នាក់​ខាង​លើ​​កំពុងត្រូវ​បាន​សាកសួរ​នៅ​ឡើយ​នៅ​ស្នងការដ្ឋាន​​នគរបាល​រាជធានី​ភ្នំពេញ។ ​​

លោក​បាន​កត់សម្គាល់​ថា មន្រ្តី​ប៉ូលិស​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​រយៈពេល ៤៨​ម៉ោង ហើយ​បន្ទាប់​មក​ត្រូវ​ស្នើ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ ដើម្បី​បន្ត​ការ​សាកសួរ។

លោក​បាន​មានប្រសាសន៍​ថា៖ «ពួកគាត់​បាន​ធ្វើ​ខុស ពួកគាត់​ប្រឆាំង​នឹង​សន្តិសុខ​សាធារណៈ។ កម្រិត​ទោសទណ្ឌ​របស់​ពួកគាត់​គឺ​ផ្អែក​លើ​ការ​សាកសួរ ហើយ [អាជ្ញាធរ] នឹង​ស្នើ​ទៅ​ព្រះរាជអាជ្ញា ប្រសិន​បើ​ព្រះរាជ​អាជ្ញា​គិត​ថា ពួកគាត់​មាន​ទោស»

មុន​ពេល​បាតុករ​ចំនួន​ជិត ១០០​នាក់​បាន​មក​ដល់​នៅ​ពេល​ព្រឹក កងកម្លាំង​​សន្តិសុខ​ចំនួន​ពី ២០០​ទៅ​៣០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ដើម្បី​រារាំង​មិន​ឲ្យ​​​មាន​ការ​ប្រមូល​ផ្តុំ។ ហើយ​នៅ​ពេល​​អ្នក​តវ៉ា​មួយ​ក្រុម​តូច​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ស្ថានទូត​ចិន អាជ្ញាធរ​បាន​បំបែក​ និង​រុញច្រាន​ពួកគេ​ចេញ​ពី​បរិវេណ​ស្ថានទូត។

​ខណៈ​កងសន្តិសុខ​​កំពុង​រុញច្រាន​បាតុករ និង​បាន​ធ្វើ​ការ​ចាប់ខ្លួន​សកម្មជន​ចំនួន​បី​នាក់ អាជ្ញាធរ​មួយ​ចំនួន​បាន​ប៉ះទង្គិច​ជាមួយ​​នឹង​អ្នកសារព័ត៌មាន និង​បាន​ស្រែក​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ថតរូប ឬ​ថត​វីដេអូ។

អ្នកស្រី​ ហុង អាន អាយុ ៤៥​ឆ្នាំ បាតុករ​មួយ​រូប​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ថា ក្រុម​អ្នក​តវ៉ា​មិន​បាន​ជោគជ័យ​នោះ​ទេ​នៅ​ក្នុង​ការ​ដាក់ញត្តិ​ទៅ​ឲ្យ​ស្ថានទូត​ចិន។

ដោយ​សំដៅ​ទៅ​កាន់​​អ្នក​តវ៉ា​​ជា​ស្រ្តី​ចំនួន​ពីរ​នាក់​ ដែល​បាន​រងរបួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​​ជាមួយ​នឹង​កង​សន្តិសុខ​ អ្នកស្រី​ ហុង អាន​ បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា សោកស្តាយ​ណាស់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​បី​នាក់​នៅ​ក្នុង​ក្រុម​យើង ហើយ​បាន​ធ្វើ​បាប ​សានផា និង​បងស្រី​នីសា»

អ្នក​ស្រី ហុង​ អាន​ បាន​កត់សម្គាល់​ថា ស្ថានទូត​អាមេរិក និង​​ស្ថាន​ទូត​បារាំង​​ប្រចាំ​កម្ពុជា​បាន​ទទួល​ញត្តិ​នៅ​ពេល​ដែល​ក្រុម​បាតុករ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានទូត​​ទាំង​ពីរ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ។

អ្នក​ស្រី​​បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រទេស​ហត្ថាលេខី​ជួយ​ស្តា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​បន្ទាន់​ ដោយសារ​តែ​កម្ពុជា​មិន​គោរព​ច្បាប់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស»

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Chad Roedemeir បាន​បញ្ជាក់​ថា ស្ថានទូត​​អាមេរិក​បាន​ទទួល​ញត្តិ​រួច​ហើយ និង​បាន​និយាយ​ថា សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិយោបល់ និង​ការប្រមូលផ្តុំ។ ​

លោក​បាន​និយាយ​ថា«យើង​បាន​លើកឡើង​ជា​ប្រចាំ​នូវ​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​ប្រកប​ដោយ​ផ្លែ​ផ្កា​ដើម្បី​បើក​លំហ​នយោបាយ និង​​សង្គម​ស៊ីវិល​ឡើងវិញ»
 

លោក​បាន​បន្ថែម​ថា៖ «យើង​គាំទ្រ​ប្រជាជន​កម្ពុជា និង​សិទ្ធិ​កំណត់​​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​ជា​មូលដ្ឋាន»

នៅក្នុងញត្តិ​ដែលក្រុមបាតុករ​បានដាក់​ជូនស្ថានទូត​បារាំង និងអាមេរិក បានស្នើ​ឲ្យប្រទេស​ទាំងនេះជួយអន្តរាគន៍​ទៅកាន់ ​​រដ្ឋាភិបាលកម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានាដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស។

នៅក្នុងញត្តិដដែល បានអះអាងថា​ពួកគេ​ប្រឆាំង​ដាច់ខាត​វត្តមាន​របស់កងទ័ពចិន​នៅកំពង់ផែសមុទ្ររាម ក្នុងខេត្តព្រះសីហនុ និងតំបន់អភិវឌ្ឍ​តារាសាគរ ក្នុងខេត្តកោះកុង។

អ្នក​ស្រី​​ កែវ ចិន្តា អាយុ ៤៧​ឆ្នាំ អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ ដែល​មក​ពី​ខេត្ត​សៀមរាប​ដើម្បី​ចូលរួម​​ក្នុង​ការ​ជួបជុំ​ បាន​និយាយ​នៅ​ខាង​ក្រៅ​ស្ថានទូត​បារាំង​​ប្រចាំ​កម្ពុជា​ថា អ្នកស្រី​ចង់ឲ្យ​​រដ្ឋាភិបាល​គោរព​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានាដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស។

អ្នក​​ស្រី​បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ប្រទេស​​យើង​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ»

អ្នក​​ស្រី​បាន​និយាយ​ថា៖ «[រដ្ឋាភិបាល] បាន​រំលោភបំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស… តាមរយៈ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ។ គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាជន ប៉ុន្តែ​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ដើម្បី​រំលាយ​វិញ​ទេ​ ហើយ​ពួកគេ​មិន​បាន​សួរ​គំនិត​ពី​ប្រជាជន​នោះ​ទេ»

អ្នក​ស្រី​បាន​បន្ត​ថា អ្នកស្រី សាន ផា អាយុ ៤៧​ឆ្នាំ សកម្មជន​គណបក្ស​ប្រឆាំង​មួយ​រូប​ទៀត ត្រូវ​បាន​រង​របួស​នៅ​ពេល​ដែល​មន្រ្តី​សន្តិសុខ​​បាន​រុញ​អ្នកស្រី​ផ្ទប់​នឹង​ដី និង​បាន​ជាន់​ជើង​អ្នកស្រី​ពេញ​ទំហឹង ខណៈ​អ្នកស្រី​ព្យាយាម​ជួយ​អ្នក​តវ៉ា​ដទៃ​ទៀត​ដែល​​កំពុង​ត្រូវ​បាន​ចាប់ខ្លួន។

អ្នកស្រី សេង វិសាល អាយុ ៤៦​ឆ្នាំ អ្នក​តវ៉ា​​ម្នាក់​ទៀត​​ដែល​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​ព្រៃវែង​ជាមួយ​នឹង​បាតុករ​ចំនួន​ ១០​នាក់​ផ្សេង​ទៀត​ បាន​និយាយ​ថា​ ​នៅ​ពេល​អ្នកស្រី​ព្យាយាម​ទៅ​ជិត​ស្ថានទូត​ចិន អ្នកស្រី​ត្រូវ​បាន​ចាប់​រុញ​ផ្ទប់​​នឹង​ដី​ជា​ច្រើន​លើក​​ដោយ​កងសន្តិសុខ​ខណ្ឌ។

អ្នក​​ស្រី​បាន​និយាយ​ថា៖«ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​គោរព​តាម​កិច្ចព្រមព្រៀង​​សន្តិភាព​ក្រុង​ប៉ារីស។ សូម កុំ​ប្រើ​អំពើ​ហិង្សា។ រដ្ឋាភិបាល​កំពុង​តែ​រំលោភ​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ។ ខ្ញុំ​គ្រាន់​តែ​មក​ចូលរួម​ជាមួយ​ក្រុម​ខ្ញុំ​ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ត្រូវ​បាន​រុញច្រាន​ទៅ​វិញ»

លោក ចាន់ តុន ឪពុក​សកម្មជន​​​ លោក​​តុន និមល ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន បាន​និយាយ​ថា មិនមែន​ជា​រឿង​យុត្តិធម៌​នោះ​ទេ​ដែល​កូន​ប្រុស​របស់​លោក​ត្រូវ​បាន​​ឃាត់​ខ្លួន។ ​

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​កូនប្រុស​ខ្ញុំ​ និង​មនុស្ស​ពីរ​នាក់​ទៀត​គឺ​ជា ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស និង​ប្រឆាំង​នឹង​ច្បាប់។ ប្រសិន​បើ​ពួកគេ​ចេះ​តែ​អ្វី​តាម​តែ​អំពើ​ចិត្ត​នោះ ប្រទេស​មិន​ចាំបាច់​ត្រូវ​ការ​ច្បាប់​នោះ​ទេ»

​​​លោក​បាន​បន្ថែម​ថា៖ «ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ទៅ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឲ្យ​ដោះលែង​កូន​ប្រុស​របស់​ខ្ញុំ»

នៅ​ស្រប​ពេល​ដូចគ្នា​នេះ អង្គការ​សង្គមស៊ីវិល សមាគម និង​សហជីព​កម្មករ​​ចំនួន ២៤​ បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​ដោយ​ឡែក​មួយ​ទៀត​​ ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង និង​ដាក់​បញ្ចូល​ថ្ងៃ២៣ តុលា ជា​ថ្ងៃឈប់សម្រាក​ផ្លូវ​ការ​ឡើងវិញ។

សមាជិកអង្គការសង្គមស៊ីវិលប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ
សមាជិកអង្គការសង្គមស៊ីវិលប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

លោក មាស នី​ អ្នកសា្រវជ្រាវ​សង្គម និង​អ្នក​វិភាគ​នយោបាយ បាន​ថ្លែង​ទៅ​កាន់​ពិធី​ជួបជុំ​ដែល​មាន​អ្នកចូលរួម​ចំនួន​ប្រហែល​ ៧០០​នាក់ ដោយ​និយាយ​ថា រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខកខាន​នៅ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​សាមគ្គីភាព​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម ដូចដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​​ក្រុង​ប៉ារីស។

លោក​បាន​និយាយ​ថា៖ «យើងមានការព្រួយបារម្ភ ដោយយើងមើលឃើញថា ការបែកបាក់រវាងអ្នកនយោបាយខ្មែរ​ បែកបាក់ជាតិ​ និងគូបក្សដិបក្សនយោបាយខ្មែរ ហើយមកដល់ពេលនេះពុំទាន់មានដំណោះស្រាយ

លោក​​មាស នី​បាន​បន្ថែម​ថា« ប៉ុន្តែ​បញ្ហា​គឺ​ថា យើង​លែង​ដោះស្រាយ​គ្នា​បាន​។ ហើយ​មិនត្រឹម​តែ​យើង​លែង​ដោះស្រាយ​គ្នា​បាន​ទេ គឺ​រហូត​គឺ​យើង​ឈាន​ដល់​កន្លែង​មួយ​គឺ មាន​ការ​ចោទប្រកាន់​គ្នា​ដូចជា ក្នុង​បរិបទ​មាន​អ្នក​ក្បត់​ជាតិ និង​មាន​អ្នកស្នេហា​ជាតិ» ដោយ​លោក​បាន​ពន្យល់​ថា ប្រសិន​បើ​នៅ​តែ​មានការចោទប្រកាន់ថា​ក្រុម​ឧទ្ទាម នោះ​នឹង​មិន​មាន​សាមគ្គីជាតិ​នោះ​ទេ»។

ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់បញ្ចូល​ថ្ងៃ​២៣ តុលា​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ឡើង​វិញ លោក​មាស នី​បាន​ប្រៀបធៀប​ការ​ទទួល​ស្គាល់​​ថ្ងៃ០៧ មករា ​របស់​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ ទៅ​នឹង​​​សេចក្តីសម្រេច​នៅ​ក្នុងការ​ដក​ថ្ងៃ​២៣ តុលា​ចេញ​ពី​បញ្ជី​ថ្ងៃ​ឈប់​សម្រាក។

លោក​បាន​និយាយ​ថា ថ្ងៃ​០៧ មករា​ ត្រូវ​បាន​ចាត់ទុកជា​ ថ្ងៃ​ចាប់​ផ្តើម​ថ្មី​ ដោយ​តំណាង​ឲ្យ​​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរ​ក្រហម ទោះ​បី​ជា​ការ​រំដោះនេះ​​ខកខន​ក្នុង​ការ​នាំ​មក​នូ​វ​សន្តិភាព​ពេញលេញ​ក៏​ដោយ។ ស្រប​ពេល​ដូចគ្នា​នេះ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​បាន​បញ្ចប់​នូវ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា​។ យ៉ាងណាក្តី​​ ថ្ងៃ​ឈប់​សម្រាក​ជាតិ​​ថ្ងៃ​២៣ តុលា លែងត្រូវបាន​ទទួល​ស្គាល់​តទៅ​ទៀត។ ​

ដោយ​ថ្លែង​តាម​ប្រព័ន្ធ Skype នៅ​អំឡុងពេល​ពិធី​ខាង​លើ លោក​ ធន់ សារាយ ​ប្រធាន​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​កម្ពុជា​កុំ​ឲ្យ​ភ្លេច​នូវ​បទពិសោធន៍​របស់​ខ្លួន​កាល​ពី​អតីតកាល និង​​បញ្ចៀស​ពី​ការ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រង​ការ​ឈឺចាប់​បន្ថែម​ទៀត ដែល​ការណ៍​នេះ​រួម​មាន​ការ​គោរព​ទៅ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ។

លោក​បានមានប្រសាសន៍​​ថា៖ «ប្រជាជន​ខ្មែរ​ ដែល​មាន​ការ​អប់រំ និង​ជា​ម្ចាស់​ប្រទេស សូម​​ហ៊ាន​និយាយ និង​ទាមទារ​សិទ្ធិ​ និង​សេរីភាព​របស់​យើង»

​​​​លោក​បាន​​បន្ថែម​ថា៖ «អ្នក​នយោបាយ​យើង​ត្រូវ​ស្តាប់​សំឡេង​ប្រជាជន​ ហើយ​ត្រូវ​ស្តាប់​ទោះ​បី​ជា​រឿង​ឈឺចាប់​ក៏​ដោយ»

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច បាន​ថ្លែង​ប្រាប់​តាម​ទូរសព្ទ​ថា ថ្ងៃ​ជ័យជម្នះ​លើ​អំពើ​ប្រល័យ​ពូជសាសន៍​​ ០៧ មករា តំណាង​ឲ្យ «ជីវិត​ទី​ពីរ​សម្រាប់​ប្រជាជន​កម្ពុជា» ដោយសារ​តែ​ថ្ងៃ​នេះ​បាន​នាំ​មក​នូវ​គោល​នយោបាយ​ផ្សះផ្សា​ជាតិ​ ដែល​នៅ​ទី​បំផុត​នាំ​ឲ្យ​មាន​ការ​ចុះ​ហត្ថលេខា​លើ​​​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

​​​​លោក​បាន​មានប្រសាសន៍​ថា៖ «បើ​គ្មាន​​ថ្ងៃ០៧ មករា​ទេ ថ្ងៃ​២៣ តុលា​ក៏​អត់​មាន​ដែរ» ដោយ​បន្ថែម​ថា រដ្ឋាភិបាល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា​ក្រុង​ប៉ារីស តាមរយៈ​ការ​ដាក់​បញ្ចូល​នូវ​ធាតុ​ផ្សេងៗ​នៃ​សន្ធិសញ្ញា​នេះ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

​​​​លោក សុខ ឥសាន បាន​បន្ថែមថា៖ «អាហ្នឹង​ជា​ការ​យល់​ឃើញ​របស់​គាត់​ ជា​អត្តនោម័តិ​របស់​គាត់​ ជា​បុគ្គល​របស់​គាត់​ទេ។ ដូច្នេះ​ហើយ ការ​យល់​ឃើញ​ម្នាក់​ហ្នឹង​ វា​មិនមែន​គ្រប់​ដណ្តប់​ទៅ​លើ​ការ​យល់​ឃើញ​របស់​ប្រជាជន​ ១៦​លាន​នាក់​បាន​ទេ។ មតិ​គាត់​តែ​មួយ​ទេ ហើយ​ឥឡូវ​១៦​លាន​នាក់​គេ​ឯកភាព​ទៅ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​គណបក្ស​កម្ពុជា» ដោយ​ទទួច​ថា ប្រជាជន​ខ្មែរ​មិនមែន​​បែកបាក់​សាមគ្គី​នោះ​ទេ។ ​

លោក​បាន​បកស្រាយ​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​កាត់​បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​ជាតិ ដែល​ក្នុងនោះ​រួម​មាន​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា។ ​​

លោក សុខ ​ឥសាន ​បាន​បន្ត​ថា រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​លើ​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ និង​គោរព​នីតិរដ្ឋ ស្រប​ពេល​រក្សា​នូវ​សន្តិភាព​ សេ្ថរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សាធារណៈ។​

​​​​លោក អំ សំអាត នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​លីកាដូ បាន​ថ្កោលទោស​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដែល​បាន​​មក​ជួបជុំ​​ដោយ​សន្តិវិធី​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។

​​​​លោក​បាន​និយាយ​ថា៖ «សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​រង​ការ​រឹតត្បិត​ជាង​មុន ជាពិសេស​សិទ្ធិ​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រមូលផ្តុំ» ដោយ​បន្ថែម​ថា អាជ្ញាធរ​គួរ​ស្វែងរក​ដំណោះស្រាយ​ជាជាង​ងាក​ទៅ​រក​ការ​ប្រើប្រាស់​អំពើ​ហិង្សា»។

លោក អំ សំអាត បាន​លើកឡើង​ផងដែរ​ថា វិធានការ​ចាត់ឡើង​ប្រឆាំង​នឹង​បាតុករ​គឺ​ដោយសារ​ការ​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី២១ ខែ​តុលា​ ឲ្យ​បង្រ្កាប​លើ​បុគ្គល​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដូច​ការ​អំពាវនាវ​របស់​​លោក សម រង្ស៊ី ដើម្បីប្រឆាំងវត្តមានកងទ័ពចិន។

លោក​ អំ សំអាត បាន​និយាយ​ថា៖ «យើង​ព្រួយបារម្ភ​ថា [កម្ពុជា] នឹង​រង​ការ​រិះគន់​កាន់​ច្រើន​ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស» ដោយលើកឡើង​ពី​ការ​អំពាវនាវ​​នា​ពេល​ថ្មីៗ​នេះ​ពី​សំណាក់​ក្រុម​​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​​លទ្ធិប្រជាធិបតេយ្យ និង​​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ។

សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​លើ​អ្នកសារព័ត៌មាន​ចំនួន​ប្រាំមួយ​នាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។

ក្រុម​អាជ្ញាធរ​បាន​គំរាមកំហែង​អ្នកសារព័ត៌មាន​ម្នាក់​ពី​ វីអូឌី (VOD) នៅ​ពេល​ដែល​អ្នកសារព័ត៌មាន​រូបនោះ​បាន​ឈរ​ក្បែរ​ ខណៈ​ពេល​អាជ្ញាធរ​កំពុង​សាកសួរ​បាតុករ​ម្នាក់ បន្ទាប់​មក​អាជ្ញាធរ​ព្យាយាម​ទាញ​យក​ទូរសព្ទ​ពី​រូប​លោក ស្រប​ពេល​លោក​ព្យាយាម​ថត​រូប។

អ្នកសារព័ត៌មាន​ពីរ​នាក់​ទៀត​មក​ពី​ វីអូឌី ​ក៏​ត្រូវ​បាន​សាកសួរ​ក្នុង​រយៈពេល​ខ្លី​មួយ​ផង​ដែរ បន្ទាប់​ពី​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ ដែល​ព្យាយាម​បង្ខំ​ឲ្យ​ពួកគេ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ។ ហើយ​អ្នកសារព័ត៌មាន​មួយ​រូប​ទៀត​មក​ពី​ វីអូឌី ​ដូចគ្នា​​ត្រូវ​បាន​​អាជ្ញាធរ​បញ្ជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​​ការ​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ហេ្វសប៊ុក​ពាក់ព័ន្ធ​នឹង​ការ​ជួបជុំ​នៅ​បរិវេណ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។

អាជ្ញាធរ​ក៏​បាន​រឹប​អូស​ម៉ាស៊ីន​ថត​រូប​មួយ​ពី​អ្នក​ថត​រូប​ប្រចាំ​សារព័ត៌មាន Khmer Times និង​បាន​ប្រាប់​ឲ្យ​អ្នកថតរូប​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លុប​ចោល​នូវ​រូបថត និង​បញ្ឈប់​ការ​ថតរូប។

លោក​ ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) បាន​មានប្រសាសន៍​ថា៖ «នេះ​ជា​សញ្ញា​គំរាមកំហែង​ដែល​មិន​អាច​ទទួល​យក​បាន​នៅ​ពេល​ដែល​អ្នកសារព័ត៌មាន​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ។ អាជ្ញាធរ​ហាក់​ចាត់​ទុក​ថា អ្នកសារព័ត៌មាន​នៅ​ជា​អ្នក​ឃ្លាំ​មើល​យ៉ាង​សំខាន់ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​បង្រ្កាប​លើ​ក្រុម​អ្នក​តវ៉ា»។​​​​​​

​​​​លោក អ៊ិត សូធឿត នាយក​ផ្នែក​ផ្សព្វផ្សាយ​ប្រចាំមជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) បាន​មានប្រសាសន៍​ថា៖ «ការ​គំរាមកំហែង​នេះ​នឹង​កាន់​តែ​ដាក់​សម្ពាធ​និង​រឹតត្បិត​ដល់​សេរីភាព​អ្នកសារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»

​​​​​ឆ្លើយ​តប​ទៅ​នឹង​ការ​បំពាន​ទៅ​លើ​ក្រុម​អ្នកសារព័ត៌មាន​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភ័ណ្ឌ បាន​មានប្រសាសន៍​ថា អាជ្ញាធរ​គ្រាន់​តែ​បំពេញ​ភារកិច្ច​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។

លោក​បាន​មានប្រសាសន៍ថា៖ «នៅ​ពេល​ដែល​សមត្ថកិច្ច​បំពេញ​ភារកិច្ច​របស់​ពួកគេ យើង [អ្នកសារព័ត៌មាន​] ត្រូវ​សហការ​ជាមួយ​ពួកគាត់»។ លោក​មាន សុភ័ណ្ឌ​បាន​បន្ថែម​ថា៖ «អ្នកសារព័ត៌មាន​មាន​សិទ្ធិ​យក​ព័ត៌មាន ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​សហការ​ជាមួយ​នឹង​សមត្ថកិច្ច ហើយ​នេះ​មិនមែន​មាន​ន័យ​ថា ប្រសិន​បើ​អ្នកជា​អ្នកសារព័ត៌មាន អ្នក​អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​គ្រប់ពេល​ដោយ​មិន​គោរព​សិទ្ធិ និង​កាតព្វកិច្ច​របស់​សមត្ថកិច្ចនោះ​ទេ»៕

97 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម