សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

UN ​បង្ហាញ​ក្តី​កង្វល់​ជុំវិញ​ការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​សកម្មជន​ថៃ​​​

លោក Wanchalearm Satsaksit សកម្មជន​គាំទ្រ​លទ្ធិប្រជាធិតេយ្យ​ថៃ​ល្បី​ឈ្មោះ​មួយ​រូប ដែល​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ចាប់ជំរិត​នៅ​តាម​ដងផ្លូវ​មួយ​ជិត​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា។ នេះ​បើយោង​ទៅ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ។ HRW

ក្រុម​​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​កង្វះខាត​វឌ្ឍនភាព​ក្នុង​ការ​ស៊ើបអង្កេត​ករណី​​បាត់ខ្លួន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ជនជាតិ​ថៃ​មួយ​រូប ដែល​បាន​​និរទេស​ខ្លួន​មក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ និង​ដែល​ត្រូវ​បាន​​ជនមិនស្គាល់​មុខ​ចាប់ពង្រត់​កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា។​

​​នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា និង​ត្រូវ​បាន​ផ្សព្វផ្សាយជាសាធារណៈ​នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា ដោយមាន​ការ​​ស្នើ​សុំ​ព័ត៌មាន​លម្អិត​​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​ ដែល​មន្រ្តី​នគរបាល​ជាតិ​​និយាយ​ថា កំពុង​តែ​ដំណើរការ។​

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​បាត់ខ្លួន​ដោយ​បង្ខំ ឬ​មិនស្ម័គ្រចិត្ត ដែល​រួម​មាន ​​អ្នករាយការណ៍​ពិសេស​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី Rhona Smith និង​អ្នក​ជំនាញ​បី​រូប​ផ្សេង​ទៀត បាន​បញ្ចេញ​​នូវ​លិខិត​ចុងក្រោយ​បង្អស់​មួយ​នេះ បន្ទាប់​ពី​មាន​សំណើ​​សុំ​ព័ត៌មាន​លម្អិត​លើក​ដំបូង​​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា។ ​

នៅ​ក្នុង​លិខិត​នោះ ក្រុម​​អ្នក​ជំនាញ​បាន​និយាយ​ថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញកង្វះខាតវឌ្ឍនភាពនៅក្នុងការស៊ើបអង្កេត ខណៈជោគវាសនា និងកន្លែងស្ថិតនៅរបស់លោក Satsaksit នៅតែមិនទាន់ដឹងច្បាស់»។ ​

លិខិត​នោះ​បាន​បន្ត​ថា៖ «យើងស្វាគមន៍ព័ត៌មានដែលថា ការស៊ើបអង្កេតកំពុងតែត្រូវបានធ្វើឡើង ប៉ុន្តែយើងមានការព្រួយបារម្ភថា អស់រយៈពេលជាងមួយខែមកនេះ មិនមានព័ត៌មានណាមួយបញ្ជាក់ពីវឌ្ឍនភាពនៃការស៊ើបអង្កេត អត្តសញ្ញាណនៃអ្នកប្រព្រឹត្ត ក៏ដូចជា ជោគវាសនា និងកន្លែងស្ថិតនៅរបស់លោក Wanchalearm Satsaksit នៅឡើយទេ»

សកម្មជន​វ័យ ៣៧​ឆ្នាំ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​ លោក Wanchalearm Satsaksit បាន​ចាកចេញ​ពី​មាតុភូមិ​ បន្ទាប់​ពី​មាន​​រដ្ឋប្រហារ​ដោយ​យោធា​កាល​ពី​ឆ្នាំ ២០១៤ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក​ លោក​បាន​រស់​នៅ​​ដោយ​និរទេស​ខ្លួន​​នៅ​កម្ពុជា។ ហើយ​នៅ​កម្ពុជា លោក​ Wanchalearm បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​តាម​ទំព័រ​បណ្តាញ​សង្គម​របស់​លោក​។ ពី​មុន​មក លោក​បាន​ធ្វើ​ការ​ជា​អ្នក​ដឹកនាំ​យុទ្ធនាការ​​ឃោសនា​ឲ្យ​អតីត​រដ្ឋមន្រ្តី​ថៃ​មួយ​រូប​ពី​គណបក្ស​ភឿ​ថៃ​ និង​ជា​អ្នកគាំទ្រ​ចលនា​បាតុកម្ម​ផ្នែក​នយោបាយ​នៃ​ «ក្រុម​អាវ​ក្រហម» ផងដែរ​។

យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​ចុះ​កាល​ពី​ថ្ងៃ​ទី០៥ ខែ​មិថុនា​ ពី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) លោក Wanchalearm ត្រូវ​គេ​ឃើញ​ថា ត្រូវ​បាន​ជនមិនស្គាល់​មុខ​ប្រដាប់​ដោយ​អាវុធ​​ចាប់​រុញ​ចូល​​រថយន្ត​ពណ៌​ខ្មៅ​មួយ​​នៅ​វេលា​ម៉ោង ៥ និង​៥៤នាទី​ល្ងាច កាល​ពី​ថ្ងៃ​ទី០៤ ខែ​មិថុនា នៅ​ជិត​កន្លែង​ស្នាក់​នៅ​​របស់​លោក ហើយ​សក្ខីកម្ម​ពី​អ្នក​ឃើញ​ហេតុការណ៍​គឺ​ស្រប​ជាមួយ​នឹង​ខ្សែ​អាត់​វីដេអូ​សន្តិសុខ​ពី​អគារ​ស្នាក់​នៅ​ក្បែរ​​នោះ។

លិខិត​របស់​អ្នក​រាយការណ៍​ពិសេស​បាន​សរសេរ​ថា កម្ពុជា៖ «គួរតែចាត់នូវគ្រប់វិធានការចំបាច់ដើម្បីស្វែងរក កំណត់ទីតាំង និងការពារលោក Wanchalearm ដែលរួមមានតាមរយៈ​​យុទ្ធសាស្រ្តពេញលេញដើម្បីស្វែងរកនិងស៊ើបអង្កេតលើការបាត់ខ្លួនរបស់លោក» ឲ្យ​ស្រប​ជាមួយ​នឹង​សន្ធិសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី។​​​

​លិខិត​ខាង​លើ​នេះ​ស្ថិត​នៅ​​ក្នុង​ចំណោម​​សំណើជាក់លាក់​មួយ​ចំនួន​ដើម្បី​ទាមទារ​ព័ត៌មាន​បន្ថែម ដែល​រួម​មាន​ «វិធានការ​ដែល​អាជ្ញាធរ​កំពុង​អនុវត្ត​ដើម្បី​កំណត់​ទីតាំង និង​ការពារ​លោក Wanchalearm» ក៏ដូចជា «វិធានការ​ចាត់ចែង​ដើម្បី​កំណត់​​នូវ​អត្តសញ្ញាណ និង​បណ្តាញ​ពាក់ព័ន្ធ​នឹង​ជនដៃដល់»។

លិខិត​នេះ​​ក៏​បាន​ស្នើ​សុំ​នូវ​ភស្តុតាង​ជុំវិញ​ឯករាជ្យភាព​របស់​​អាជ្ញាធរ​ដឹកនាំ​ការ​ស៊ើបអង្កេត​ឯករាជ្យ និង​បែបផែន​ដែល​អាជ្ញាធរ​ទាំង​នោះ​សហការ​ និង​ចែករំលែក​ព័ត៌មាន​ជាមួយ​នឹង​អាជ្ញាធរ​ថៃ​ដែល​ពាក់ព័ន្ធ។ ​

លិខិត​ដដែល​បាន​បន្ថែមថា៖ «យើងសូមសង្កត់ធ្ងន់សាជាថ្មីថា ការស៊ើបអង្កេតត្រូវតែឲ្យបានឆាប់រហ័ស ពេញលេញ និងអព្យាក្រឹត្យ»

​​​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា​ថា លោក​មិន​បាន​ដឹង​ពី​លិខិត​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​នោះ​ទេ ប៉ុន្តែ​បាន​លោក​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ព័ត៌មាន​ជូន​អង្គការសហប្រជាជាតិ​រួច​ហើយ​ជុំវិញ​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​បាត់ខ្លួន​របស់​លោក Wanchalearm ដោយ​យោង​ទៅ​លើ​លិខិត​មួយ​​ចេញ​ដោយ​ស្ថានបេសកម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ទៅកាន់​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ លិខិត​នោះ​បាន​សរសេរ​ថា អាជ្ញាធរ​កម្ពុជា​មិនបាន​ដឹង ឬ​មិន​មាន​តម្រុយ​ពី​ការ​ចាប់ពង្រត់​​នោះ​ទេ។​

លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា៖ «យើងបានប្រាប់ហើយការបាត់ខ្លួនតាំងពីថ្ងៃហ្នឹងមករកមិនទាន់ឃើញ ហើយអ្នកណាបានដឹងសូមជួយផ្តល់ព័ត៌មានឲ្យយើងផង»

ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ឲ្យ​មាន​​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​ខាង​លើ​បាន​និយាយ​ថា អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ពេញលេញ ហើយថា ​ការ​​បង្កើត​ជា​​គណៈកម្មការ​ពិសេស​មួយ​សម្រាប់​ករណី​នេះ​គឺ ​មិនចាំបាច់​នោះ​ទេ។ ​

​​លោក​ខៀវ សុភ័គ​បាន​បន្ត​ថា៖ «យើងរកតាមរបស់យើងឯករាជ្យ មិនឯករាជ្យយើងរកតាមច្បាប់របស់យើងសមត្ថកិច្ចរបស់យើង មានបង្កើតឯករាជ្យអី ពីព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ»

អ្នកនាំពាក្យ​អគ្គស្នងការនគរបាល​ជាតិ​ លោក ឆាយ គឹមខឿន បាន​មានប្រសាសន៍ថា បើទោះ​ជា​មិន​មាន​ការ​ព្រួយបារម្ភ​លើក​ឡើង​ដោយ​​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ក៏​មន្រ្តី​ប៉ូលិស​នៅ​តែ​បន្ត​ស៊ើបអង្កេត​ពី​​ការ​បាត់​ខ្លួន​របស់​លោក Wanchalearm ផង​ដែរ។

​លោក​ ឆាយ គឹមខឿន មានប្រសាសន៍​ថា៖ «រឿងនេះជារឿងរបស់សមត្ថកិច្ច បើយើងខ្ញុំរកអត់ឃើញ ឲ្យយើងខ្ញុំបញ្ជាក់រឿងអីឲ្យគាត់បាន»

លោក​​បាន​បន្ត​ថា៖ «យើងរកអត់ទាន់ឃើញហើយគាត់ចេះតែបង្ខំយើងរកឲ្យឃើញ»

លោក​បាន​បន្ថែម​ថា៖ «យើងនៅតែខិតខំប្រឹងប្រែងត្រង់ថា គាត់ទទួលស្គាល់មិនទទួលស្គាល់រឿងរបស់គាត់។ក៏ប៉ុន្តែបើមានតម្លាភាពគាត់ត្រូវតែថ្លឹងថ្លែងគាត់ត្រូវតែមានហេតុផលឲ្យច្បាស់លាស់កុំវាយតម្លៃអត្តនោម័ត»

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ និង​បាន​​បង្វែរ​សំណួរ​មក​កាន់​ក្រសួង​មហាផ្ទៃ។

លិខិត​របស់​អ្នក​រាយការណ៍​ពិសេស​​ក៏​បាន​សរសេរ​ថា មាន​លិខិត​ស្រដៀងគ្នា​នេះ​ផ្ញើ​ជូន​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ផង​ដែរ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​ថៃ​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក Wanchalearm ដោយ​ចោទប្រកាន់​ថា លោក Wanchalearn បាន​រំលោភបំពាន​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយសារ​តែ​ទំព័រ​ហ្វេសប៊ុក​ដែល​លោក​គ្រប់គ្រង​ បាន​រិះគន់​រដ្ឋាភិបាល​ថៃ។ នេះ​បើ​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ។ សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា មន្រ្តី​ប៉ូលិស​ថៃ​ជាន់ខ្ពស់​បាន​លើកឡើង​​កាល​ពី​គ្រា​នោះ​ថា ដីកា​ចាប់ខ្លួន​ត្រូវ​បាន​ចុះ ហើយ​ប៉ូលិស​នឹង​ស្វែង​រក​មធ្យោបាយ​ដើម្បី​នាំ​ខ្លួន​លោក Wanchalearm មក​កាន់​ប្រទេស​ថៃ​ឲ្យ​បាន​។ ​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏​បាន​និយាយ​ថា ប្រទេស​ថៃ​ក៏​បានតាម​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​ដែល​បាន​រត់ភៀសខ្លួន​ទៅ​ប្រទេស​ជិត​ខាង​នៅ​ឆ្នាំ​២០១៤ ដោយ​ទាមទារ​ឲ្យ​ប្រទេស​ឡាវ វៀតណាម និង​កម្ពុជា​ប្រគល់​ខ្លួន​ជន​ទាំង​នោះ ហើយ​យ៉ាងហោចណាស់​ជន​ប្រាំបី​នាក់​ក្នុង​ចំណោម​នោះ​​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយ​បង្ខំ៕​​

61 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម