សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ក្រីក្រក្នុងទីក្រុងជំរុញឲ្យមានដំណោះស្រាយឲ្យបានលឿនដើម្បីចៀសវាងការបណ្ដេញចេញ

សហគមន៍ផ្លូវរថភ្លើងនៅខណ្ឌទួលគោល រាជធានីភ្នំពេញ ជាទីដែលប្រជាពលរដ្ឋកំពុងប្រឈមការបណ្ដេញចេញដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ រូបភាពថតកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
សហគមន៍ផ្លូវរថភ្លើងនៅខណ្ឌទួលគោល រាជធានីភ្នំពេញ ជាទីដែលប្រជាពលរដ្ឋកំពុងប្រឈមការបណ្ដេញចេញដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ រូបភាពថតកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សមាជិក​សហគមន៍​ក្រីក្រ​ជា​ច្រើន​ដែល​រងផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្ដល់​ដំណោះស្រាយ​ដល់​ពួកគេ ដើម្បីបាន​​រស់​នៅ​ក្នុង​ទីក្រុង ខណៈ​អ្នក​ទាំង​នេះ​កំពុង​ប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​។​

តំណាង​សហគមន៍​យ៉ាង​តិច​ចំនួន​ប្រាំ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ប្រឡាយទឹក និង​មាត់​បឹង​ក្នុង​រាជធានី​ភ្នំពេញ​​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​កាលពី​ថ្ងៃអាទិត្យ​ ទី​៣ ខែតុលា ចំថ្ងៃប្រារព្ធ​ទិវាសិទ្ធិលំនៅ​ដ្ឋាន​ពិភពលោក ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង​។ ប្រជា​សហគមន៍​ក្នុង​ទីក្រុង​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​រង់​ចាំ​អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សម្រាប់​ដំណោះស្រាយ​ពី​អាជ្ញាធរ ដើម្បី​ទទួលបាន​ជំនួយ​បន្ទាប់ពី​មាន​ការជូន​ដំណឹង​ថាពួកគេ​ត្រូវ​រើចេញ​ពី​លំនៅ​ដ្ឋាន​ដើម្បី​យកទីតាំងសម្រាប់​គម្រោងអភិវឌ្ឍន៍​ឯកជន ឬ​គម្រោងហេដ្ឋរចនាសម្ព័ន្ធ​របស់​រដ្ឋ។​

សេចក្ដី​ថ្លែង​ការណ៍​បាន​សរសេរថា៖ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ដោយ​គោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស»។ សេចក្តីថ្លែងការណ៍បន្ថែមថា៖ «​អ្នកអភិវឌ្ឍ​ត្រូវ​តែពិភាក្សាជាមួយ​អ្នក​រង​ផល​បះពាល់ និង​រួមបញ្ចូល​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​គម្រោង​អភិវឌ្ឍន៍ទីក្រុង​ផង​ដែរ»។​

លោក អ៊ឺង សំបូរ តំណាង​សហគមន៍ផ្លូវ​រថ​ភ្លើង លើក​ឡើង​ថា ​ប្រជា​ពល​រដ្ឋ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ព្រោះ​ពួកគេមិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ច្បាស់​លាស់ និង​ចេះ​តែ​ពន្យារ​ពេល​។​

លោក សំបូរ ឲ្យ​ដឹងថា៖ «ពីរ​បី​ឆ្នាំ​ក្រោយពី​មាន​ការជូន​ដំណឹង​ឲ្យ​រើ​ចេញ យើង​មិន​អាច​ធ្វើ​អ្វី​បានទេ​ចំពោះ​ផ្ទះ​របស់​យើង។ ផ្ទះ​របស់​ពួក​យើង​ឥឡូវ​ទ្រុឌទ្រោម​អស់​ហើយ»។ លោកបន្ថែមថា៖ «យើង​មិន​ទាន់ទទួលបាន​ការ​ឆ្លើយ​តប​យ៉ាងម៉េច​ពីអាជ្ញាធរទេ។ ពួក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់»។​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​​កំពុង​អភិវឌ្ឍ​ផ្លូវ​បេតុង​ទទឹង​១២​ម៉ែត្រ និង​ប្រព័ន្ធ​​លូ តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង ដែល​ការណ៍​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពល​រដ្ឋរាប់​សិប​គ្រួសារ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​តាំង​ពី​ខណ្ឌទួលគោក​ដល់​ខណ្ឌដូនពេញ និង​បន្ត​ដល់​ខណ្ឌ​ឫស្សីកែវ​។​

លោក​ សំបូរ បន្ត​ថា សហគមន៍​​ផ្លូវ​រថ​ភ្លើង​ចំនួន​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ផ្ដល់​លក្ខខណ្ឌ​ផ្សេង​គ្នា និង​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ពី​ការ​ផ្ដល់ទីតាំង​ថ្មី​។ លោក​ថា​ អាជ្ញាធរ​ខណ្ឌឫស្សី​កែវ បាន​សន្យា​ផ្លាស់​ទី​ប្រជា​ព​រដ្ឋ​ទៅទីតាំង​ផ្សេង​ក្បែរទីតាំង​ចាស់ ខណៈ​អាជ្ញាធរ​ខណ្ឌទួល​គោក​អាច​ផ្លាស់ទី​ប្រជា​ពល​រដ្ឋទៅ​ទីតាំង​ផ្សេង​​ក្នុង​ខេត្ត​កណ្ដាលប្រហែល​២០​គីឡូម៉ែត្រពី​ភ្នំពេញ​។​ ​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «​ពួក​យើងជាគ្រួសារ​​រង​ផល​ប៉ះពាល់​ដូច​គ្នានៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង យើង​គួរទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា»៊។​ ដោយលោកឲ្យដឹងទៀតថា៖ «យើង​នឹងមិន​ចាក​ចេញ​ពី​ទីក្រុង​នោះទេ»។​

អ្នកស្រី​ ហ៊ួរ សុខនាង វ័យ​៥៥ឆ្នាំ រស់​នៅ​សហគមន៍​ផ្លូវ​រថភ្លើង​ក្នុង​ខណ្ឌឫស្សីកែវ ឲ្យ​ដឹង​ដែរថា កាល​ពី​បី​ឆ្នាំ​មុន​អាជ្ញាធរ​បាន​សន្យា​ថា​នឹងប្ដូរទីតាំង​​អ្នក​ស្រី​ឲ្យទៅ​រស់​នៅ​ទីតាំង​ផ្សេង​ក្នុង​ខណ្ឌ​ដដែល​។ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក អ្នកស្រី​ថា មិន​ទាន់​ទទួលបាន​ព័ត៌មាន​ថ្មី​ទៀត​ពី​អាជ្ញាធរ​នោះទេ​។ ជាមួយ​គ្នា​នេះដែរ អ្នកស្រី​ថា អ្នកស្រី​បាន​បាត់​បង់​ផ្ទះ​ទៅ​ហើយ​។​

អ្នកស្រី​បន្ថែមថា៖ «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានទេ ផ្ទះ​របស់​ខ្ញុំ​ទ្រុឌទ្រោមអស់ហើយ ​គេហាម​មិន​ឲ្យ​យើង​ធ្វើ​អ្វី​នោះទេ»។​

អ្នកស្រី បញ្ជាក់ថា នៅពេល​នោះ​គ្រួសារ​ជាច្រើន​បាន​ត្រឹម​ទទួលការ​សន្យា​ផ្ទាល់​មាត់ពីអាជ្ញាធរ មិនមាន​ឯកសារ​បញ្ជាក់​អ្វី​នោះទេ​។​

អ្នកស្រី​ បានឲ្យដឹងទៀតថា៖ «​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា ​អស់ជំនឿ ពីព្រោះ​វាមាន​រយៈពេល​បី​ឆ្នាំ​ហើយ​តាំងពី​មាន​ការសន្យាមក ហើយ​យើង​នៅ​តែបន្ត​រស់នៅ​តាមបណ្ដោយ​ផ្លូវ​រថភ្លើង»។ ដោយអ្នកស្រីបន្ថែមថា៖ «យើង​ជំរុញ​ឲ្យ​អាជ្ញាធរពន្លឿន​ការ​រក​ទី​តាំង​ដោះ​ដូរ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ឆាប់​តាម​ដែលអាច​ធ្វើទៅ​បាន។ បើ​សិន​ជាអាជ្ញាធរ​ប្តូរ​ចិត្ត និង​ឲ្យ​យើង​ចាកចេញពីទីក្រុង យើង​នឹង​មិន​ទៅទេ ពីព្រោះ​ពួកគេ​បាន​សន្យាហើយ​ថា​ឲ្យ​ពួកយើង​នៅទីនេះ»។​

កាលពី​សប្ដាហ៍​មុន ប្រជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​៣០​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង​បាន​ជួប​ជាមួយ​មន្ត្រី​សាលាក្រុងទាម​ទារ​រស់​នៅ​ក្នុង​ទីក្រុង​បន្ត​ទៀត​។​

លោក ជា ពិសី អភិបាល​ខណ្ឌ​ទួល​គោក​ថ្មី មាន​ប្រសាសន៍​ថា​សាលា​រាជធានី​ភ្នំពេញ​បានណែ​នាំ​លោក​ឲ្យ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ប្រជា​ពល​រដ្ឋ​កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ​ ប៉ុន្តែកិច្ច​ប្រជុំ​បាន​លើកពេល​ទៅ​ថ្ងៃចន្ទវិញ។ យ៉ាងណា លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​។​

អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ និង​អ្នក​នាំពាក្យ​ លោក ម៉េត មាសភក្ដី មិន​អាចទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​

សមាជិក​សហគមន៍​ផ្សេង​ទៀត ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ បាន​​ឲ្យ​ដឹង​ដែរថា​ ពួកគេ​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍​តាំងពី​ឆ្នាំ​២០១៧​ មក​ម្លេះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងនៅឡើយ​។​

សេចក្ដី​ថ្លែងការណ៍​រួម​នោះ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​ដូច​ជា​ផ្លូវ ប្រព័ន្ធអគ្គិសនី និង​ទឹក​ស្អាត​ សម្រាប់​ប្រជា​សហគមន៍​ដែល​ទទួល​បានការអភិវឌ្ឍ​នៅ​នឹង​កន្លែង​។​

​របាយការណ៍​មួយ​ចេញ​ដោយ​អង្គការ​សមាគមធាងត្នោតកាល​ពី​ឆ្នាំ២០២០ ស្ដីពី​ការបណ្ដេញចេញ និង​ដោះដូរទីតាំង ឲ្យ​ដឹង​ថាគិត​តាំង​ពី​ទសវត្សន៍​ឆ្នាំ​១៩៨០​មក សហគមន៍​ជាង​៥០ មាន​ប្រជា​ពល​រដ្ឋ​ជាង​៤០ ០០០​នាក់​រង​ការ​បណ្ដេញចេញ ក្នុង​នោះ​ភាគច្រើន​មិន​ទទួល​បាន​សំណង​សមរម្យ។​

លោក សឿង សារ៉ន នាយកប្រតិបត្តិ​អង្គការ​សមាគមធាងត្នោត មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​មាន​ហេតុ​ផល​ច្បាស់​លាស់​ពេល​ដោះស្រាយ​ជាមួយ​នឹង​សហគមន៍​រង​ផល​ប៉ះពាល់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព​។​

លោក​បន្ត​ថា៖ «យើង​ឃើញ​ថា​ដំណោះស្រាយ​បច្ចុប្បន្ន​ល្អ​ប្រសើ​ជា​ង​ពី​មុន ពេល​ដែល​ប្រជា​ពល​រដ្ឋ​រងការបណ្ដេញ​ចេញ​ពី​ទីក្រុង​ដោយ​បង្ខំ»។ លោក​បន្ថែម​ថា៖ «តាម​អ្វីដែល​យើង​បាន​ឃើញ​នាពេល​កន្លង​មក ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ចង់ចេញពី​ទីក្រុង​ទេ ពួកគេ​ចង់​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ឬ​បាន​ទីតាំង​នៅ​ក្បែរ​ទីតាំង​ចាស់។ អាជ្ញាធរ និង​ភាគីពាក់​ព័ន្ធត្រូវ​ជជែក​គ្នា​ដោយ​ចំហ តម្លាភាព និង​ត្រូវមាន​​គណនេយ្យភាព​»។​ (រាយការណ៍​បន្ថែម​ដោយ សំ សុពេជ្រ)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Urban poor communities urge faster solutions to avoid displacement

334 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម