សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រួសាររស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រឈមនឹងអនាគតមិនច្បាស់លាស់ បន្ទាប់ពីការផ្លាស់ទីលំនៅត្រូវជាប់គាំង

ពលរដ្ឋរស់នៅភូមិ ១៧ ខណ្ឌទួលគោក ព្យាយាមជួបជាមួយអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង ដើម្បីស្វែងរកដំណោះស្រាយចំពោះការបង្ខំឲ្យចាកចេញពីទីលំនៅរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ពលរដ្ឋរស់នៅភូមិ ១៧ ខណ្ឌទួលគោក ព្យាយាមជួបជាមួយអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង ដើម្បីស្វែងរកដំណោះស្រាយចំពោះការបង្ខំឲ្យចាកចេញពីទីលំនៅរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​អំពាវនាវ​ ដល់​​អាជ្ញាធរ​ក្រុង​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​រស់​នៅ​ក្នុង​ទីក្រុង បន្ទាប់​ពី​​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្លាស់ទី​លំ នៅ​ទៅ​កាន់​តំបន់​ខាង​ក្រៅ​ក្រុង។

កាល​ពី​ថ្ងៃ​ចន្ទ ពលរដ្ឋ​ចំនួន​១៥​នាក់ដែល​តំណាង​ឲ្យ​ពាក់កណ្តាល​នៃ​គ្រួសារ​រងគ្រោះ ​បាន​ប្រមូល​ផ្តុំ​នៅ​ខាង​មុខ​សាលារាជធានី​ភ្នំពេញ ដើម្បី​សុំជួប​លោក​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញជួយ​​ អន្តរាគមន៍​  ដោយ​និយាយ​ថាពួកគេ​នឹង​មិនចាកចេញ​ពី​ទីក្រុង​នោះ​ទេ។

លោក កូវ សារ៉ុន ពលរដ្ឋ​ភូមិ ១៧ ដែល​លំនៅដ្ឋាន​របស់​លោក​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ផ្លូវ​ថ្មី​មួយ​ ដែល​ត្រូវ​បាន​សាងសង់​តាម​បណ្តោយ​ផ្លូវ​ដែក និយាយ​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​ស្នើ​សុំ​ដី​នៅ​ខណ្ឌ​ឬស្សីកែវ ជា​ទី​ដែល​មួយ​ភាគធំ​នៃ​ពលរដ្ឋ​រស់​នៅ​ក្នុង​​សហគមន៍​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ត្រូវ​បាន​កំណត់​ឲ្យ​តាំង​ទី​​លំនៅ​ថ្មី​​របស់​ពួកគេ។ ​

លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​មិន​ចេញ​ពី​​ភ្នំពេញ​នោះ​ទេ វា​នៅ​ឆ្ងាយ​ពី​ទីក្រុង​ មិនមាន​ហេដ្ឋារចនា សម្ព័ន្ធ​គ្រប់គ្រាន់ ហើយ​មិនមាន​ទឹកស្អាត​នោះ​ទេ។ ដូច្នេះ​ តើ​ឲ្យ​ពួក​យើង​រស់​​នៅ​កើត​យ៉ាង​ដូចម្តេច?» ដោយលោកបន្ថែមថា៖ «យើង​មិនអាច​ទៅ​រស់​នៅ​ទី​នោះ​​បាន​ទេ។ ប្រសិន​បើ​យើង​ទៅ​ គឺ​ដូចជា​កសាងជីវិត​ថ្មី​អញ្ចឹង។ ហើយ​ពាក្យ​ថា កសាង​​ជីវិត​ថ្មី​នេះ​គឺ​​ប្រើសម្រាប់​តែ​សម័យ​ប៉ុល ពត​ប៉ុណ្ណោះ​ទេ»។

​លោក​សារ៉ុន​បាន​បន្ថែម​ថា ទោះបី​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​​ខាង​លើ​បាន ​ស្នើ​ជួប​ជាមួយ​នឹង​ អភិបាល​ក្រុង​ជាច្រើន​លើក​ក៏​ដោយ ពួកគេ​តែង​តែ​រង​ការ​បដិសេធ ដោយ​យោង​លើ​ហេតុផល​​ការ ​រាតត្បាត​​ជំងឺ​កូវីដ១៩។ គ្រួសារ​រងគ្រោះ​ត្រូវ​តម្រូវ​ឲ្យ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​បាន​លើកឡើង​ថា អ្នកភូមិ​ចំនួន​បី​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​នឹង​មន្រ្តី​សាលាក្រុង ​​មួយ​រូប​កាល​ពី​ថ្ងៃ​ចន្ទ។ ហើយ​មន្រ្តី​រូប​នោះ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​តាម​បណ្តោយ​ផ្លូវ​ ដែក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​នឹង​អភិបាល​ខណ្ឌ​ទួលគោក​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ ​

អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​សាងសង់​ផ្លូវ​ប៉េតុង​ទទឹង​ ១២​ម៉ែត្រ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​តាម​បណ្តោយ​ផ្លូវ​ រថភ្លើង​ ដោយ​ការណ៍​នេះ​បាន​ប៉ះពាល់​ដល់​គ្រួសារ​មួយ​ចំនួន ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដែក ដែល​​ លាតសន្ធឹង​ពី​ខណ្ឌ​ទួលគោក​ដល់​​ខណ្ឌ​ដូនពេញ និង​ខណ្ឌ​ឬស្សីកែវ។ មាន​តែ​គ្រួសារ​មក​ពី​ ខណ្ឌ​ទួលគោក​ ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​វិវាទ​ខាង​លើ​នេះ។ ​

លិខិត​មួយ​ពី​សាលាខណ្ឌ​ទួលគោក​ចុះ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០២០ បាន​ទុក​ពេល​ឲ្យ​គ្រួសារ​រងគ្រោះ​ ចាកចេញ​ក្នុង​​រយៈពេល​មួយ​ខែបន្ទាប់​ពីការ​ជូន​ដំណឹង ប៉ុន្តែ​ត្រូវ​បាន​ពន្យាពេល​ដោយ​សារ​តែ​បញ្ហា​កូវដី។

​អ្នកស្រី​ ឈូក រតនា ស្រ្តី​មេម៉ាយ​អាយុ ៥៣​ឆ្នាំ និង​មាន​កូន​បី​នាក់ ដែល​កំពុង​រស់​នៅ​ភូមិ១៦ ហើយបាន​រស់​នៅ​ក្នុង​ភូមិ​​នេះ​ចាប់តាំង​ពី​ឆ្នាំ ១៩៩០​មក។ អ្នកស្រី​បាន​និយាយ​ថា លំនៅដ្ឋាន​របស់​អ្នកស្រី ​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ ដោយ​ការ​ពង្រីក​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​ដែក។

​អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​សល់​ដី​តែ​ពីរ​ម៉ែត្រ​ប៉ុណ្ណោះ​ បន្ទាប់​ពី​កាត់រួច​ ដូច្នេះ​ខ្ញុំ​ និង​គ្រួសារ​ដទៃទៀត ដែល​បាន​រងគ្រោះ​ទាំងស្រុងត្រូវ​តម្រូវ​ឲ្យ​ផ្លាស់​ទៅ​រស់នៅ​ក្រៅ​ក្រុង។ យើង​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ថា យើង​នឹង​មិនទៅ​ទីតាំង​ថ្មី​ក្នុង​ខេត្ត​កណ្តាល​នោះ​ទេ ដោយសារ​មិនមាន​ទឹកស្អាត»។

កុមារី​ម្នាក់​ដើរ​តាម​បណ្តោយ​ផ្លូវ​ដែក​ក្នុង​ភូមិ១៧ ខណ្ឌ​ទួលគោក ក្នុង​ក្រុង​ភ្នំពេញ ជា​ទី​ដែល​សហគមន៍​នៅ​ទី​នោះ​​កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​ចាកចេញ។ រូបភាពថត កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក សារ៉ុន បាន​ថ្លែង​ប្រាប់ ខេមបូចា ថាពលរដ្ឋ​ដែល​លំនៅដ្ឋាន​​របស់​ពួកគេ​បាន​រង​ការ​ប៉ះពាល់​ ដោយ​ផ្នែក​ដោយសារ​ការ​ធ្វើ​ផ្លូវ​ បាន​ទទួល​ប្លង់​ដី​រួចរាល់​ហើយ​សម្រាប់​លំនៅដ្ឋាន​សព្វថ្ងៃ​របស់​ពួក គេ ប៉ុន្តែ​គ្រួសារ​ដែល​ផ្ទះ​របស់​ពួកគេ​បាន​រងផលប៉ះពាល់​ទាំងស្រុង​មិនទាន់​ទទួល​បាន​សេចក្តីជូន​ដំណឹងថ្មី​ណា​មួយ​នោះ​ទេ។ លោក​បាន​បន្ត​ថា គ្រួសារ​មួយ​ចំនួន​បាន​ទាមទារ​សំណង​ជា​សាច់ប្រាក់​ជំនួស​វិញ។

​លោក​ តាំង លាងគ្រី មន្រ្តី​សាលារាជធានី​ភ្នំពេញ​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ជួប​ជាមួយ​ពលរដ្ឋ​រងគ្រោះ​កាល​ពី​ថ្ងៃ​ចន្ទ បដិសេធ​ធ្វើអត្ថាធិប្បាយ ដោយ​បង្វែរ​សំណួរ​ទៅ​កាន់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ​មិនអាច​ទាក់ទង​​បាន​នោះទេ។

​យោង​​តាមរបាយការណ៍របស់ អង្គការសមាគម​​ធាង​ត្នោត បានឲ្យដឹងថា សហគមន៍ជាង៥០ និង​មនុស្ស​ជាង ៤០.០០០​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ក្រុង​ភ្នំពេញ​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០មក ដោយ​ជា​រឿយៗ​មិនមាន​សំណង​ត្រឹមត្រូវ។

​អង្គការ​ខាង​លើ​នេះ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​​បង្ខំ​ឲ្យ​ចាកចេញ​និង​​​ការ​តាំង​ទី​លំនៅ​ថ្មី​​ឆ្នាំ ២០២០​ថា៖ «ការ​ជាប់​បំណុល ការ​បាត់បង់​ជីវភាព​ ការ​វាយប្រហារ​លើ​រាងកាយ និង​ការ​បាត់បង់​លទ្ធភាព​ទទួល​បាន​ការ​គាំពារ​សុខភាព និង​សេវាអប់រំ​គឺ ​គ្រាន់​តែ​ជា​ទម្រង់​មួយចំនួន​នៃ​ការ​រំលោភបំពាន​​ផ្សេងៗ ដែល​ពលរដ្ឋ​ត្រូវ​ប្រឈម​មុខ​នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​តវ៉ា»។

លោក អំ សំអាត នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែង​ប្រាប់​ខេមបូចាថា កាល​ពី​សប្តាហ៍​មុន​ អង្គការ​សង្គមស៊ីវិល​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ឲ្យ​បាន​សមស្រប​នៅ​កន្លែង​សម្រាប់​តាំង​ទី​លំនៅ​​ថ្មី មុន​ពេល​ជម្លៀស​ពលរដ្ឋ។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​កត់សម្គាល់​ឃើញ​ថា ពលរដ្ឋ​មិនចង់​ទៅ​កន្លែង​ថ្មី​ដែល​មិនមាន ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ដូចជា ផ្លូវ​ថ្នល់ ទឹក​ស្អាត អគ្គិសនី​ ជា​ពិសេសបង្គន់​នោះ​ទេ»។ លោកបន្ថែមថា៖​ «នៅ​ពេល​ដែលពួកគេ​ឃើញ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ ពួកគេ​នឹង​ទៅ។ ប៉ុន្តែ​បើ​សិន​ពួកគេ​ត្រូវ​បាន​ទុកចោល​នៅ​កន្លែង​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ នេះ​ជា​ហេតុផល​ដែល​ពួកគេ​មិន​ចង់​ទៅ​នោះ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Railway families face uncertain future amid relocation deadlock

545 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម