សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍សមាគមធាងត្នោតលើកឡើងពីការដោះស្រាយបញ្ហាប្រឈមក្នុងការប្រមូលសំរាមសំណល់រឹងនៅភ្នំពេញ

គ្រួសារ​នៅ​តាម​ប្រឡាយ​បឹងត្របែក​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​សំរាម​មិន​បាន​ប្រមូល​នៅ​ក្នុង និង​ជុំវិញ​ធនាគារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
គ្រួសារ​នៅ​តាម​ប្រឡាយ​បឹងត្របែក​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​សំរាម​មិន​បាន​ប្រមូល​នៅ​ក្នុង និង​ជុំវិញ​ធនាគារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសមាគមធាងត្នោត (STT) បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា ការគ្រប់គ្រងសំរាមសំ​ណល់រឹងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រៀបធៀបបញ្ហាប្រឈមរវាងអ្នករស់នៅក្នុងទីតាំងលំនៅឋានក្រីក្រ និងតំបន់លំនៅឋានទូទៅ។

ការស្រាវជ្រាវបានផ្តោតលើការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ដោយបង្ហាញពីភាពខុសគ្នារវាងតំបន់លំនៅឋានក្រីក្រ និងតំបន់លំនៅឋានទូទៅ ដោយមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព និងសមធម៌ និងផ្តល់ផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ។

របាយការណ៍នេះស្វែងរកការបញ្ជាក់ពីបញ្ហាជាក់លាក់ និងផ្តល់អនុសាសន៍ជាក់ស្តែងដល់ភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម ប្រជាពលរដ្ឋ និងសហគមន៍ក្រីក្រក្នុងទីក្រុង ជាមួយនឹងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងក្នុងទីក្រុង។

ការសិក្សានេះផ្អែកលើការស្ទង់មតិលើប្រជាពលរដ្ឋចំនួន២០៣គ្រួសារដែលរស់នៅក្នុង១៤ ទីតាំងនៃលំនៅឋានក្រីក្រ និង១៤ទីតាំងដែលជាលំនៅឋានទូទៅ។ ទីតាំងទាំងអស់នេះមានក្នុងខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅក្នុងរាជធានីភ្នំពេញ។

របាយការណ៍នេះបានរកឃើញបញ្ហាសំខាន់មួយ គឺកង្វះខាតកន្លែងចាក់សំរាម។ ប្រហែល ២៦ភាគរយនៃប្រពលរដ្ឋបានរាយការណ៍ពីបញ្ហាប្រឈមនេះ ដែលបណ្តាលឱ្យមានការចោលសំរាមនៅកន្លែងសាធារណៈ។ បញ្ហា​នេះ​មិន​ត្រឹម​តែ​បង្ក​ហានិភ័យ​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។

ដោយសារតែមិនមានកន្លែងចោលសំរាមត្រឹមត្រូវ ប្រជាពលរដ្ឋតែងតែងាកមកចោលសំរាមនៅមុខផ្ទះ ឬក្នុងតំបន់ដែលគ្មានការអនុញ្ញាត នាំឲ្យមានជម្លោះក្នុងសង្កាត់ និងការគ្រប់គ្រងសំរាមមិនគ្រប់គ្រាន់។

របាយការណ៍ក៏បានលើកឡើងផងដែរអំពីបញ្ហានៃរថយន្តប្រមូលសំរាមមិនអាចចូលប្រមូលសំរាមដោយកត់សម្គាល់ថាការតាំងទីលំនៅឋានក្រីក្រនៅក្នុងទីក្រុងជាច្រើនមានផ្លូវតូចចង្អៀតដែលរថយន្តប្រមូលសំរាមមិនអាចចូលទៅបាន។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តទុកដាក់សំរាមក្នុងផ្ទះ រហូតដល់ពេលដែលពួកគេត្រូវបោះចោល ដែលនាំឲ្យមានក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាព។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ការតាំងទីលំនៅក្រីក្រនៅតាមទីក្រុងមួយចំនួនបានរៀបចំអ្នកប្រមូលសំរាមស្ម័គ្រចិត្តដែលប្រើរទេះតូចៗសម្រាប់ការប្រមូលប្រចាំថ្ងៃ។ ទោះ​ជា​យ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមទាំងនេះជារឿយៗខ្វះការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ឬក្រុមហ៊ុនគ្រប់គ្រងកាកសំណល់។

អ្នកស្រី ឈី អឹប អាយុ ៥៥ឆ្នាំ រស់នៅសហគមន៍វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ បានប្រាប់ សារព័ត៌មានខេមបូចា ថា កង្វះសេវាពីក្រុមហ៊ុនប្រមូលសំរាម ក៏ជាផ្នែកមួយទទួលខុសត្រូវចំពោះការកកស្ទះសំរាម ហើយហេតុអ្វីបានជាប្រជាពលរដ្ឋជំពាក់លុយអ្នកប្រមូលសំរាមទៅវិញ។ អ្នកស្រីបានបន្ថែមថា ការកកស្ទះសំរាម និងការចោលសំរាមមិនត្រឹមត្រូវប៉ះពាល់ដល់សុខភាពរបស់ពួកគេ រួមទាំងធ្វើឱ្យកុមារងាយនឹងកើតជំងឺផ្តាសាយ រាគ និងគ្រុនក្តៅ។

កង្វះ​ការ​ប្រមូល​សំរាម​នៅ​តែ​ត្រូវ​បង់​ថ្លៃ​សេវា​សំរាម​ធ្វើ​ឱ្យ​អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​នៅតែមានការយល់ច្រលំ។

ទាក់​ទង​នឹង​បទ​ពិសោធន៍​កាលពីមុន អ្នកស្រី​បាន​បង់​ថ្លៃ​សំរាម​ប្រចាំខែ​នៅ​អគ្គិសនី​កម្ពុជា ប៉ុន្តែ​មិន​មាន​ឡាន​ទៅ​ប្រមូល​សំរាម​នៅ​សហគមន៍​ទេ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ភូមិ​តវ៉ា​នៅ​ការិយាល័យ​​ទូទាត់​ថ្លៃ​អគ្គិសនី និង​​ការិយាល័យខណ្ឌ​ដែល​ពួក​គាត់​រស់​នៅ។

ជា​ការ​ឆ្លើយ​តប អាជ្ញាធរ​ស្រុក​បាន​ប្រគល់ធុងសំរាមឲ្យអ្នក​ភូមិ​។ ចាប់​ពី​ពេល​នោះ​មក មាន​ឡាន​ដឹក​សំរាម​មក​ប្រមូល។ ទោះជាយ៉ាងនេះក្តី អ្នកស្រីបានត្អូញត្អែរថា ចាប់តាំងពីឆ្នាំ២០២២មក អ្នកស្រីបានជំពាក់ថ្លៃប្រមូលសំរាមរហូតដល់៤០ម៉ឺនរៀល ទោះជាអ្នកស្រីបានបង់ប្រាក់ជាមួយវិក្កយបត្រអគ្គិសនី តែមិនមានការប្រមូលសំរាមនោះទេ។

អ្នកស្រី អឹប និយាយថា៖ «​នៅ​ភូមិ​ខ្ញុំ​មាន​សំរាម​ច្រើន ​ព្រោះ​អ្នក​ភូមិ​ជំពាក់​លុយ​ថ្លៃសំរាម។ ពួកគេមិន​ហ៊ាន​ដាក់​សំរាម​ក្នុង​ធុងសំរាម​នោះទេ​។ អ្នកភូមិខ្លះមិនយល់ពីរឿងនេះ ហើយបោះសំរាមគ្រប់ទីកន្លែង ដែលបណ្តាលឱ្យមានសំរាមច្រើន [ក្នុងតំបន់] និងប៉ះពាល់ដល់សុខភាពសហគមន៍»

លោក អំ ប៉ូច មេភូមិព្រែកធំ១ ខណ្ឌច្បារអំពៅ អះអាងថា សេវាប្រមូលសំរាមនៅក្នុងភូមិរបស់គាត់គឺទៀងទាត់។ មិន​មាន​ការកកស្ទះសំរាមនោះទេ ដោយសារ​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ប្រមូល​សំរាម​តាម​កាលវិភាគ។

លោក​ថា ប្រជាពលរដ្ឋ​ដែល​ផ្ទះ​ចូលទៅផ្លូវជ្រៅ​ក្នុង​ភូមិ ត្រូវ​ដឹក​សំរាម​ដាក់​តាមរទេះដើម្បីឲ្យឡានសំរាមមកប្រមូល ប៉ុន្តែ​នៅ​តែមាន​អ្នកភូមិខ្លះ​មិន​បាន​សហការ​ក្នុងប្រព័ន្ធ​​ចោល​សំរាម។

លោកបាននិយាយថា៖ «ធ្លាប់​បាន​ប្រាប់​ពីពួកគេពី​មុន​មក​ដែរ ប៉ុន្តែ​វា​នៅ​តែ​ដដែល។ មិន​មាន​ការ​ផាក​ពិន័យ​ទេ ព្រោះ​អ្នក​ភូមិ​តែមួយ។ អ្នក​ភូមិ​ខ្លះ​យល់ ប៉ុន្តែ​អ្នក​ខ្លះ​មិន​យល់»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​សហគមន៍​ចំរើន ក្នុង​ខណ្ឌ​ច្បារអំពៅ គឺ​អ្នកស្រី កប អូន អាយុ៦៨ឆ្នាំ បាន​និយាយ​ថា ​មិន​មាន​ឡាន​ដឹក​សំរាម​មក​តំបន់​គាត់​ដើម្បី​ប្រមូល​សំរាម​ទេ។ ក្រុមហ៊ុនប្រមូលសំរាម «តែងតែសន្យា» ក្នុងការប្រមូលសំរាមក្នុងពេលជួបជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ប៉ុន្តែការពិតពួកគេមិនបានអនុវត្តវាទេ។ ការ​កកស្ទះ​សំរាម​ក៏​បាន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​ផងដែរ ជាពិសេស​កុមារ​តូចៗ​។

អ្នកស្រីនិយាយថា៖ «ផ្លូវ​នៅ​តំបន់​នេះ​តូច​ចង្អៀត ឡាន​ដឹក​សំរាម​មិន​អាច​ចូល​បាន​ទេ ដូច្នេះ​សំរាម​ក៏​ជាប់​នៅ​ក្នុង​តំបន់​ខ្ញុំ។ ពេល​ខ្លះ​អ្នក​ភូមិ​យក​សំរាម​ទៅ​ផ្សារ ហើយ​ផ្ទះ​ដែល​មិន​យក​សំរាម​ចេញ​ត្រូវ​ស៊ូទ្រាំ​នឹង​ក្លិន​អាក្រក់»

អ្នកស្រីបានសំណូមពរដល់ក្រុមហ៊ុនប្រមូលសំរាម រៀបចំរទេះតូចៗ ដើម្បីប្រមូលសំរាមនៅតាមសហគមន៍ដែលមានផ្លូវតូចចង្អៀត ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

អ្នកស្រីបន្តថា៖ «[ដូចដែលយើងឃើញ] ផ្លូវជាតិលេខ១ ស្អាត ប៉ុន្តែផ្លូវតូចៗមិនស្អាតទេ។ អ្នក​រស់​នៅ​ក្នុង​សហគមន៍​តែ​មួយ​ក៏​ចង់​បាន​បរិស្ថាន​ស្អាត​ដូច​អ្នក​ដទៃ​ដែរ»

កម្មករ​ប្រមូល​សំរាម​តាម​ផ្លូវ​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍ STT លើកឡើងថា បញ្ហាប្រឈមធំៗកើតឡើងដោយសារកង្វះការចូលរួមពីអាជ្ញាធរមូលដ្ឋាន។ ប្រព័ន្ធគ្រប់គ្រងកាកសំណល់បច្ចុប្បន្នទទួលរងនូវចន្លោះប្រហោងជាប្រព័ន្ធដ៏សំខាន់។

បញ្ហា​ប្រឈម​សំខាន់​មួយ​ទៀត ​គឺ​ដោយសារ​តែ​​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម។ ការស្រាវជ្រាវបានរកឃើញថាក្រុមហ៊ុនប្រមូលសំរាមមិនបានវិភាគជាប្រព័ន្ធទៅលើក្រុមអ្នកប្រើប្រាស់គោលដៅរបស់ពួកគេ ឬវាយតម្លៃការចូលប្រើប្រាស់ស្មាតហ្វូនរបស់អ្នកស្នាក់នៅនោះទេ។ ដូចគ្នានេះផងដែរ ការផ្សព្វផ្សាយព័ត៌មានរបស់ក្រុមហ៊ុននៅតែមានកម្រិត។ ដោយក្រុមហ៊ុនខ្វះយន្តការវាយតម្លៃសេវាកម្មអតិថិជន។

អង្គការសមាគមធាងត្នោត STT បានផ្តល់អនុសាសន៍ចំនួនប្រាំដោយផ្អែកលើការរកឃើញរបស់ពួកគេ។ ពួកគេបានជំរុញឱ្យមានការពង្រីកហេដ្ឋារចនាសម្ព័ន្ធការចោលសំរាម ដើម្បីធានាបាននូវភាពងាយស្រួល ធានាបាននូវគំនិតផ្តួចផ្តើមបែងចែកសំណល់រឹងដែលជំរុញដោយសហគមន៍ កាលវិភាគប្រមូលសំណល់រឹងឌីជីថល និងការត្រួតពិនិត្យ លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជនសម្រាប់ការកែលម្អអភិបាលកិច្ច និងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ។

លោក ឃៀង វុទ្ធី ប្រធានការិយាល័យសម្អាតទីក្រុងរបស់ក្រុមហ៊ុនស៊ីនទ្រី មានប្រសាសន៍ថា ពួកគេមានវិធីពីរយ៉ាងក្នុងការប្រមូលសំរាម ដោយផ្អែកលើមធ្យោបាយផ្លូវថ្នល់សម្រាប់ការតាំងទីលំនៅក្រីក្រក្នុងទីក្រុង។ សម្រាប់ផ្លូវដែលរថយន្តរបស់ពួកគេមិនអាចចូលបាន ពួកគេ​ប្រើ​ប្រាស់​រទេះជំនួស។ សម្រាប់ផ្លូវតូចចង្អៀតដែលមិនអាចចូលទៅដល់រទេះបាន តម្រូវឱ្យប្រជាជន​យកសំរាមដាក់តាមទីតាំងកំណត់។

លោកនិយាយថា៖ «យើងប្រើរទេះដើម្បីប្រមូលសំរាមដោយផ្ទាល់ពីផ្ទះរបស់ពួកគេ។ លើក​លែង​ផ្លូវតូចចង្អៀត ដូចជានៅក្នុងសង្កាត់ព្រែកឯង ដែលដើរមួយខ្លូនមិនចង់រួច យើងសុំឱ្យប្រជាពលរដ្ឋយកសំរាមទៅដាក់នៅទីតាំងដែលបានកំណត់។ យើង​ផ្តល់​ធុង​សំរាម​នៅ​ទី​នោះ ដើម្បី​កាត់​បន្ថយ​​សំរាមនៅក្រៅធុង»

លោក​ក៏​បាន​លើក​ឡើង​ថា ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ជូន​ដំណឹង​ដល់​អ្នក​ភូមិ​អំពី​កាលវិភាគ​របស់​ឡាន​ដឹក​ជញ្ជូន ដើម្បី​ឱ្យ​ពួក​គេ​អាច​ចោល​សំរាម​ដោយ​ផ្ទាល់​ទៅ​ក្នុង​ឡាន​ដឹក​ជញ្ជូន​នៅ​ចន្លោះ​ម៉ោង៤ព្រឹកដល់៥ព្រឹក។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ក៏​បាន​អប់រំ​ប្រជាពលរដ្ឋ​អំពី​ការ​ចោល​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដោយពួកគេ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​មន្ត្រី​ភូមិ ឃុំ និង​ស្រុក ដើម្បី​លើកកម្ពស់​ការយល់​​ដឹង និង​បង្កើន​ការយល់ដឹង។ លោក​បាន​បន្ត​ថា​៖ «​កុំ​ឱ្យមានហានិភ័យ ​ដោយចោល​វា​ក្នុង ប្រឡាយ ​ទន្លេ ព្រោះ​វា​អាច​បំពុល​ទឹក​ដែល​យើង​កំពុង​ផឹកសព្វថ្ងៃ​»​

លោកស្រី គាំ ច័ន្ទរស្មី ប្រធានគម្រោងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត និយាយថា ដើម្បីដោះស្រាយបញ្ហាប្រឈម អ្នកពាក់ព័ន្ធគួរតែផ្តោតលើការធានាលទ្ធភាពប្រើប្រាស់ និងការពង្រីកកន្លែងសម្រាប់ការគ្រប់គ្រងកាកសំណល់ ការលើកកម្ពស់គំនិតផ្តួចផ្តើមនៃការបំបែកសំណល់រឹងដែលជំរុញដោយសហគមន៍ និងបង្កើតកាលវិភាគប្រមូលសំរាមសំណល់រឹងតាមប្រព័ន្ធឌីជីថល ខណៈពេលដែលធានាបាននូវការត្រួតពិនិត្យត្រឹមត្រូវ។

លោកស្រី ច័ន្ទរស្មី បានបន្ថែមថា ការពង្រឹងភាពជាដៃគូសាធារណៈ និងឯកជនអាចពង្រឹងអភិបាលកិច្ច ខណៈដែលការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាប់លាប់នឹងធានាបាននូវប្រសិទ្ធភាព និងរយៈពេលវែង។

លោកស្រីបានចែករំលែកថា បញ្ហាប្រឈមក្នុងការប្រមូលសំរាម និងអភិបាលកិច្ចគ្មានប្រសិទ្ធភាព មិនមែនគ្រាន់តែជាបញ្ហាអនាម័យប៉ុណ្ណោះទេ «ប៉ុន្តែវាអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ គុណភាពជីវិត និងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព»

លោក​ស្រី​បន្ត​ថា​៖ «​ក្នុង​ពេល​សម្ភាសន៍ មានប្រជាពលរដ្ឋ​គាត់ប្រាប់​ថា អាចប៉ះពាល់​សុខភាព​របស់​គាត់ វា​ក៏​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ផង​ដែរ»

អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ មិន​អាច​ទាក់​ទង​បាន​ទេ។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ STT’s Report Dredges Up Challenges in Solid Waste Collection in Phnom Penh

506 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម