អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានរាយការណ៍កាលពីពេលថ្មីៗនេះថា ពន្ធនាគារកម្ពុជាមានចំនួនជនជាប់ឃុំកើនឡើង ២៣ភាគរយ និងច្រើនជាងពាក់កណ្តាលនៃពន្ធនាគារជិត២០ដែលមានសមត្ថភាពអាចដាក់បានប្រមាណ ២០០ភាគរយ ឬខ្ពស់ជាងនេះ ដោយស្នើឱ្យពិចារណាអំពីគម្លាតក្នុងកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ។
ចាប់តាំងពីឆ្នាំ២០១០ អង្គការបានតាមដានថា នៅពេលដែលពន្ធនាគារដែលត្រូវបានត្រួតពិនិត្យឈានដល់១៧៥ភាគរយ ប្រទេសនេះនឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រព័ន្ធពន្ធនាគារដែលមានភាពចង្អៀតណែនបំផុតក្នុងពិភពលោកត្រឹមឆ្នាំ២០១៨។
ត្រឹមខែកក្កដា ឆ្នាំ២០២៣ របាយការណ៍សង្ខេបនៃពន្ធនាគារពិភពលោកបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសទី២ដែលមានពន្ធនាគារមានស្ថានភាពចង្អៀតណែនជាងគេបំផុតក្នុងពិភពលោក។
ពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារទាំងចំនួន១៩កន្លែង ដែលអង្គការ លីកាដូ បានធ្វើការងារជាមួយ បានដាក់ជនជាប់ឃុំលើសពីសមត្ថភាពរបស់ខ្លួន ដោយក្នុងនោះមានពន្ធនាគារចំនួន១១កន្លែង ដែលដាក់ជនជាប់ឃុំយ៉ាងតិចចំនួនលើសពីរដងនៅចុងឆ្នាំ២០២៤។ ប្រសិនបើបូកបញ្ចូលគ្នាចំនួនអ្នកជាប់ឃុំ ពន្ធនាគារទាំងនេះដាក់ជនជាប់ឃុំជាង ៤៥,០០០ នាក់ គឺកើនឡើងចំនួន ២៣% ដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៣។
ជាធម្មតាប្រទេសកម្ពុជាមានពន្ធនាគារមួយក្នុងខេត្តនីមួយៗ លើកលែងតែខេត្តកំពត ដែលបច្ចុប្បន្នកំពុងចែករំលែកការឃុំខ្លួជនជាប់ចោទជាមួយខេត្តកែប ដោយសារពន្ធនាគារខេត្តកែបកំពុងសាងសង់។
របាយការណ៍បានផ្តោតលើចំនួនអ្នកជាបឃុំបណ្តោះអាសន្នជាកត្តាដ៏សំខាន់ ប៉ុន្តែអង្គការបានលើកឡើងថា ការកសាងពន្ធនាគារបន្ថែម ឬការពង្រីកពន្ធនាគារដែលមានស្រាប់នឹងមិនមែនជាដោះស្រាយភាពចង្អៀតណែន ឬកង្វះធនធាននោះទេ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ មនុស្សប្រហែល ៧៥ភាគរយ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ហើយមិនទាន់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋនៅឡើយ នេះបើយោងតាមអង្គការ លីកាដូ។
របាយការណ៍បានបញ្ជាក់ថា៖ «រដ្ឋាភិបាលកំពុងធ្វើការកាត់បន្ថយបន្តិចបន្តួចដោយពឹងផ្អែកលើប្រព័ន្ធយុត្តិធម៌លើការចាប់ឃុំខ្លួនជាដែលការឆ្លើយតបចំពោះអ្នកដែលត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់»។
មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ រួមទាំងអ្នកមកពីអគ្គនាយកដ្ឋានពន្ធនាគារ បានទទួលស្គាល់ពីភាពចង្អៀតណែន និងបានស្នើកំណែទម្រង់ រួមទាំងការពង្រីកសមត្ថភាពឧបករណ៍។
អង្គការ លីកាដូ បាននិយាយនៅក្នុងរបាយការណ៍ថា៖ «ទោះជាយ៉ាងនេះក្តី មធ្យោបាយដែលហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារត្រូវបានកែសម្រួលបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរ» ដោយលើកឡើងពីស្ថានភាពកាន់តែអាក្រក់ទៅៗដល់ការកសាងឡើងវិញរបស់ពន្ធនាគារខេត្តកំពត ដែលបានបែងចែកកោសិកាដែលមានស្រាប់ និងធ្វើឱ្យកន្លែងរស់នៅចង្អៀត និងគ្មានអនាម័យរួចទៅហើយ។
លោក ឆន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បានបង្វែរការសាកសួរទៅអ្នកនាំពាក្យ គឺលោក ឃាង សូណាឌីន ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏មិនអាចទាក់ទងបានដែរ។
បច្ចុប្បន្ននេះ ពន្ធនាគារខេត្តកណ្តាល គឺជាពន្ធនាគារដែលមានភាពចង្អៀតណែនជាងគេ ដោយដាក់ជនជាប់ឃុំជាង ៣ ៩០០នាក់នៅក្នុងទំហំពន្ធនាគារដែលអាចដាក់បានត្រឹមតែ៦០០នាក់ ដែលធ្វើឱ្យពន្ធនាគារនេះមានអត្រាដាក់ជនជាប់ឃុំដល់ទៅជាង ៦៥០ភាគរយ។
ពន្ធនាគារព្រៃសសម្រាប់បុរស រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាមណ្ឌលកែប្រែទី១ (CC1) មានចំនួនជនជាប់ឃុំច្រើនជាងគេ គឺជាង ៨ ០០០នាក់ ជិត ៤០០ភាគរយនៃសមត្ថភាពរបស់ខ្លួន នេះបើតាមទិន្នន័យផ្តល់ដោយអង្គការលីកាដូ។
ប្រធានពន្ធនាគារ CC1 លោក នុត សាវនា មិនបានឆ្លើយតបនឹងសារដែលបានផ្ញើតាមតេឡេក្រាមទេ។
ស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារទាំងនេះបាននាំឱ្យមានបញ្ហាសុខភាពជាច្រើន និងបានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីសិទ្ធិមនុស្ស រួមទាំងតម្រូវការសុខភាពដែលមិនអាចឆ្លើយតបបានរបស់ស្រ្តីជាប់ឃុំ និងអនីតិជន ដូចដែលបានលើកឡើងនៅក្នុងស្តង់ដារអន្តរជាតិ។
ប្រធានពន្ធនាគារខេត្តកណ្តាល លោក ឯម និមល បានទទួលស្គាល់បញ្ហាចង្អៀតណែន ដោយបញ្ជាក់ពីការរកឃើញរបស់អង្គការ លីកាដូ ថា កន្លែងរៀបចំសម្រាប់តែជនជាប់ឃុំចំនួន ៣ ០០០នាក់ ឥឡូវនេះឡើងជិត ៤ ០០០នាក់។ លោកបានចាត់ទុកថា ការកើនឡើងច្រើនពីការចាប់ខ្លួនទាក់ទងនឹងបទល្មើសគ្រឿងញៀន។
លោក និមល បានថ្លែងថា៖ «ការចង្អៀតណែននាំឱ្យមានផលប៉ះពាល់ដូចជាការលំបាកក្នុងការគេង និងបញ្ហាសុខភាព»។
លោកបានបន្តថា ក្នុងឆ្នាំ២០២៤ អ្នកទោសជាង ១៤០០ នាក់ត្រូវបានផ្ទេរទៅកន្លែងផ្សេងទៀត។ លោក និមល បានបន្ថែមថា ក្រសួងមហាផ្ទៃក៏បានអនុម័តផែនការផ្លាស់ប្តូរពន្ធនាគារខេត្តកណ្តាលជាមួយទីតាំងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមានទំហំ១០ហិកតា នៅស្រុកកណ្តាលស្ទឹង ដើម្បីកាត់បន្ថយបញ្ហាចង្អៀតណែន។
បើទោះជាមានចំណាត់ការមួយចំនួនរបស់អាជ្ញាធរក៏ដោយ អង្គការ លីកាដូ អះអាងថា ត្រូវការកំណែទម្រង់ជាប្រព័ន្ធជាបន្ទាន់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាពន្ធនាគារដ៏ចង្អៀតរបស់កម្ពុជា។ ទាំងនេះរួមមានការកំណត់ការឃុំខ្លួនបណ្តោះអាសន្ន ការផ្តល់នៅក្រៅឃុំដល់អ្នកជាប់ឃុំដែលមានសិទ្ធិ ប្រើប្រាស់ជម្រើសក្នុងការឃុំខ្លួនសម្រាប់បទល្មើសអហិង្សា និងការដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយគ្មានហេតុផលផ្លូវច្បាប់។
ក្រុមអង្គការសិទ្ធិមនុស្សក៏អំពាវនាវឱ្យប្រកាន់ខ្ជាប់នូវស្តង់ដារសិទ្ធិមនុស្សអន្តរជាតិនៅក្នុងកន្លែងឃុំឃាំង។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ បានថ្លែងថា៖ «ការឃុំខ្លួនបណ្តោះអាសន្នគួរតែជាជម្រើសចុងក្រោយ ដូចដែលបានកំណត់ដោយច្បាប់។ បន្ថែមពីលើនេះ សូមពិចារណាផ្តល់ការធានានៅក្រៅឃុំដល់អនីតិជន បុគ្គលមានផ្ទៃពោះ និងស្រ្តីមានកូនតូចតាមម្តាយ ជាជាងការចាប់ពួកគេឃុំខ្លួនបណ្តោះអាសន្នបើសិនបទល្មើសអហិង្សា»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Now Ranks Second in Prison Overcrowding, Calls for Reform