សកម្មជនសង្គមម្នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ កាលពីថ្ងៃទី១១ ខែមីនា និងពិន័យជាប្រាក់ចំនួនបួនលានរៀល។ មេធាវីរបស់លោកបានអះអាងថា កូនក្តីរបស់លោកគ្រាន់តែប្រើប្រាស់សេរីភាពនៃការបញ្ចេញមតិរបស់គាត់ ហើយកូនក្តីលោកនឹងប្តឹងឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។
លោក ធូ វ៉ាឃីម ដែលជាអ្នកនិយាយដោយបើកចំហត្រូវបានឃុំខ្លួននៅរាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំមុន ចំពោះមតិយោបល់សង្គមដែលលោកបានបង្ហោះជាប្រចាំនៅលើហ្វេសប៊ុក។ លោកបានលើកឡើងអំពីការរំលោភសិទ្ធិមនុស្ស រួមទាំងការអំពាវនាវឱ្យមានការដោះលែងអតីតមេដឹកនាំយុវជន កើត សារ៉ាយ សកម្មជនបរិស្ថានចំនួនប្រាំនាក់របស់អង្គការមាតាធម្មជាតិកម្ពុជា និងផ្តល់យុត្តិធម៌សម្រាប់អ្នកវិភាគនយោបាយដែលត្រូវបានសម្លាប់ លោក កែម ឡី នេះបើយោងតាមអង្គការមិនមែនរដ្ឋាភិបាលលីកាដូ។
លោកមេធាវី អែម ចន្ថា បានថ្លែងថា៖ «[…] មិនអាចទទួលយក [ការកាត់ទោស] បានទេ វាអយុត្តិធម៌ចំពោះកូនក្តីរបស់ខ្ញុំ។ គាត់មិនបានប្រព្រឹត្ត [បទល្មើស] ដូចការចោទប្រកាន់នោះទេ។ គាត់គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់គាត់ប៉ុណ្ណោះ»។
លោកបានបន្តថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅលើហ្វេសប៊ុកដោយការចុច «ចែករំលែក» និង «បញ្ចេញមតិ» ទាក់ទងនឹងការរិះគន់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលគួរត្រូវបានលើកឡើង។
ម្តាយមីងរបស់ វ៉ាឃីម គឺអ្នកស្រី ឌឿក សំ បានអំពាវនាវឱ្យមានការដោះលែងក្មួយប្រុសរបស់គាត់ ព្រោះគាត់មិនបានធ្វើអ្វីខុសទេ។
អ្នកស្រីបាននិយាយថា៖ «វាអយុត្តិធម៌ណាស់ ពីព្រោះគាត់មិនបានធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម»។
កញ្ញា ហេង គឹមសួរ មន្ត្រីគោលនយោបាយ និងតស៊ូមតិនៅអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ បានបន្ទរទស្សនៈរបស់លោក ចន្ថា ថា ការផ្តន្ទាទោសនេះមិនយុត្តិធម៌ទេ។
កញ្ញាបានបញ្ជាក់ថា៖ «តាមគំនិតរបស់ខ្ញុំ យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដានបញ្ហាដែលរដ្ឋាភិបាលមិនបានដោះស្រាយ។ រដ្ឋាភិបាលគួរតែលើកទឹកចិត្តយុវជនដែលហ៊ាននិយាយការពិតអំពីបញ្ហាសង្គម»។
លោក វ៉ាឃីម អតីតព្រះសង្ឃ ដែលស្នាក់នៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ បានចាកចេញពីវត្តបន្ទាប់ពីត្រូវបានបញ្ជាឱ្យបញ្ឈប់សកម្មភាពរបស់គាត់។ មុនពេលចាប់ខ្លួនលោកក្នុងខែមករា ឆ្នាំ២០២៥ លោកបានសុំទោសចំពោះមតិយោបល់ដែលលោកបានផ្តល់ឱ្យវិទ្យុអាស៊ីសេរីអំពីសកម្មជនដែលជាប់ពន្ធនាគារដែលត្រូវបានបង្ខំឱ្យធ្វើវីដេអូសុំទោសជាថ្នូរនឹងការដោះលែងពួកគេ។
លោក វ៉ាឃីម គឺស្ថិតក្នុងចំណោមមនុស្សចំនួន ៩៧នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារតែប្រើសិទ្ធិ ពាក់ព័ន្ធនឹងភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ ដែលត្រូវបានចងក្រងដោយអង្គការ លីកាដូ។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ «ការផ្តន្ទាទោសលើលោក [ធូ វ៉ាឃីម] នឹងប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងធ្វើឱ្យយុវជនដទៃទៀតដែលចូលរួមយ៉ាងសកម្មក្នុងសង្គមបាក់ទឹកចិត្ត។ វានឹងធ្វើឱ្យពួកគេមានការភ័យខ្លាចចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ»។
លោកបានបន្ថែមថា ទាំងជាតិ និងអន្តរជាតិមានការព្រួយបារម្ភថា លំហស៊ីវិលនៅក្នុងប្រទេសកម្ពុជាបន្តរួមតូច និងប្រឈមមុខនឹងការរឹតបន្តឹងកាន់តែខ្លាំងឡើងៗ ជាពិសេសតាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីកាត់ទោសអ្នកដែលអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activist Thou Vakhim Convicted, Rights Groups Warn of Shrinking Civic Space










