សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋភូមិព្រែកត្រប់ ស្រុកឯកភ្នំ ត្អូញត្អែរថាផ្លូវក្នុងសហគមន៍ពិបាកធ្វើដំណើរពេលភ្លៀង

ផ្លូវខូចនៅក្នុងភូមិព្រែកត្រប់ ឃុំនរិន្ទ ដែលពិបាកធ្វើដំណើរខ្លាំងនៅក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់ព្រា។ រូបថត៖ ឈឿន ថៃកឿ
ផ្លូវខូចនៅក្នុងភូមិព្រែកត្រប់ ឃុំនរិន្ទ ដែលពិបាកធ្វើដំណើរខ្លាំងនៅក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់ព្រា។ រូបថត៖ ឈឿន ថៃកឿ

ប្រជាពលរដ្ឋ​រស់នៅ​ ភូមិព្រែកត្រប់ ឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាន​ត្អូញត្អែរ ថាផ្លូវពិបាកធ្វើដំណើរខ្លាំងនៅ​ក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់​ព្រា អស់រយៈពេល​ជាង​៥ឆ្នាំ មកហើយ ប៉ុន្តែ​អាជ្ញាធរ​នៅមិនទាន់ធ្វើ​ការ​ជួសជុលនៅឡើយ​។

គ្រូបង្រៀនមួយរូប គឺអ្នកគ្រូ ឈិន គឹមឡា រស់នៅ​ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ បានថ្លែង​ថា ផ្លូវមួយខ្សែនេះមានការលំបាកយូរមកហើយ ជាពិសេសរដូវវស្សា មានភក់ រអិល ជិះម៉ូតូសឹងមិនកើត និង​ធ្វើឲ្យសិស្សខកខានមករៀន ឬមករៀនមិនទៀតទាត់ជាដើម។

អ្នកស្រី គឹមឡា បន្ដថា៖ «កន្លងទៅប្រជាពលរដ្ឋធ្លាប់បានស្នើសុំឲ្យជួយស្ថាបនាផ្លូវមួយខ្សែនេះ តែនៅមិនទាន់ឃើញ​ខាងមន្រ្ដីពាក់ព័ន្ធណាចុះមកធ្វើទេ»។

ឆ្លើយតបទៅ​នឹង​បញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានថ្លែង​ថា ផ្លូវនេះស្ថិតនៅក្នុងគម្រោងថ្នាក់ខេត្តជា​អ្នកធ្វើ ដោយស្ថាបនាចាក់កៅស៊ូ។ ផ្លូវ​នេះ​ស្ថិតនៅក្នុងគម្រោងនៅឡើយ ដែលគម្រោងផ្លូវនេះធ្លាក់តាមដំណាក់ៗ ប៉ុន្តែលោក​ក៏មិនទាន់ដឹងថាពេលវេលាជាក់លាក់នៅឡើយដែរ។

លោក​បន្ត​ថា៖ «ផ្លូវនេះពិបាក់ធ្វើដំណើរ ក្នុងរដូវវស្សាពិតមែន ចំពោះការលំបាកនេះ ក៏ដោយសារប្រជាពលរដ្ឋមួយចំនួនចាក់ដីខ្ពស់ជាងផ្លូវ ដែលធ្វើឲ្យហូរដីធ្លាក់ចុះមក។ ក្នុងនាមខ្ញុំ​ជា​អភិបាលស្រុក ខ្ញុំសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា រដ្ឋបាលស្រុក មានការខិតខំប្រឹងប្រែងណាស់ ហើយ​បាន​ដាក់គម្រោងស្នើសុំទៅខេត្តអស់ហើយដែរ»។

លោកបាន​ឲ្យ​ដឹង​ទៀត​ថា លោក​សូមឲ្យប្រជាពលរដ្ឋអត់ធ្មត់និងរង់ចាំបន្ដិច ចំពោះការលំបាក ដោយ​សារថវិកាធ្វើមានចំនួនកំណត់ មិនអាចធ្វើអ្វីឲ្យបានទាំងអស់គ្នានោះទេ គឺ​ត្រូវ​ធ្វើតាមកញ្ចប់ថវិកា ។ លោកថ្លែងថា ៖«មិនមែនរដ្ឋបាលស្រុកធ្វើព្រងើយកន្ដើយ អង្គុយមើលបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដោយមិនខិតខំរកគម្រោងថវិកាណាមកធ្វើឬជួសជុលនោះទេ»។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ទទូចស្នើសុំឲ្យមានជួសជុលឬធ្វើឲ្យបានឆាប់កាន់តែល្អព្រោះផ្លូវនេះបំរើផលប្រយោជន៍ដល់ការដឹកជញ្ជូនកសិផលផ្សេងៗ៕

159 views

ព័ត៌មានទាក់ទង