សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការព្យាករណ៍បង្ហាញភាពវិជ្ជមាន ប៉ុន្តែលឿនពេកក្នុងការនិយាយពីការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា

រោងចក្រកាត់ដេរដូចជានៅខេត្តកណ្តាល ជាសសរស្តម្ភ សម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មុនពេលមានការរាតត្បាត។ រូបភាពថតក្នុងខែធ្នូ ឆ្នាំ២០១៨។ខេមបូចា/ ព្រីង សំរាំង
រោងចក្រកាត់ដេរដូចជានៅខេត្តកណ្តាល ជាសសរស្តម្ភ សម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មុនពេលមានការរាតត្បាត។ រូបភាពថតក្នុងខែធ្នូ ឆ្នាំ២០១៨។ខេមបូចា/ ព្រីង សំរាំង

របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បាន ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានជួយសម្រាលស្ថានការណ៍បានតិច តួចប៉ុណ្ណោះ ខណៈការសិក្សាត្រូវបានធ្វើឡើងមុនពេលមានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា សេដ្ឋកិច្ចជាតិក្នុងឆ្នាំនេះ នឹង មានកំណើន៤ភាគរយ។ ប៉ុន្តែនៅពេលនេះ អ្នកជំនាញបាននិយាយថា វាចាំបាច់ត្រូវរង់ចាំមើលស្ថានការណ៍បិទខ្ទប់ដែលកំពុងបន្តនេះ ហើយដែលបានធ្វើឲ្យឧស្សាហកម្មធំៗ ផ្អាកសកម្មភាពនៅ មជ្ឈមណ្ឌលសេដ្ឋកិច្ច របស់ប្រទេសនេះ មុនពេលធ្វើការវាយតម្លៃឲ្យបានត្រឹមត្រូវ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាន ឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនកម្មករ សរុប១,២លាននាក់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅបានរងផលប៉ះពាល់ដោយ សារការបិទទ្វាររោងចក្រ និងសហគ្រាសដែលមានជាង ៧.០០០។ ក្នុងចំណោមកម្មករសរុបទាំងអស់ ប្រហែល៥០០.០០០នាក់ បម្រើការនៅក្នុងរោង ចក្រកាត់ដេរ និងវាយនភ័ណ្ឌ។

កាលពីថ្ងៃចន្ទ រដ្ឋាភិបាលបានប្រកាសពន្យារការបិទខ្ទប់មួយសប្តាហ៍បន្ថែមទៀត ដែលវិធានការណ៍បិទខ្ទប់នេះបានចាប់ផ្តើមតាំងពីយប់ថ្ងៃទី១៥ ខែមេសា មកម៉្លេះ។ ទោះបីជាគេពិបាកនិយាយថា នឹងមានអ្វីកើតឡើងបន្ទាប់ ការព្យាករ របស់ធនាគារ អភិវឌ្ឍន៍អាស៊ីក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា កំណើន នេះនឹង ត្រូវវិល ត្រឡប់ មកវិញ។

នៅក្នុងរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា ចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីដែល បានចេញផ្សាយកាលពីថ្ងៃពុធ ធនាគារនេះបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជានឹងកើនឡើងត្រឹម៥,៥ភាគរយនៅក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅក្នុង ចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ បានជំរុញតម្រូវការ សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា និងការវិនិយោគផ្ទាល់ពីបរទេស។
លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជាបានព្រមាននៅក្នុងរបាយការណ៍ថា វាមិនមែនមានន័យថា មនុស្សគ្រប់គ្នារួចផុតពីស្ថានភាពលំបាកទាំងស្រុងនោះទេ។

លោកស្រី Durrani-Jamal បានលើកឡើងថា៖ «មិនមែនគ្រប់វិស័យទាំងអស់ នឹងទទួលបាន ផលប្រយោជន៍ស្មើគ្នានោះទេ ដូច្នេះវាចាំបាច់ណាស់ ក្នុងការឃ្លាំមើល យ៉ាងដិត ដល់ចំពោះសុខុមាលភាពគ្រួសារពលរដ្ឋ និងតម្រូវការការគាំទ្របន្ថែម»។ ដោយបន្ថែមថា៖ «ល្បឿននៃការងើបឡើងមិនស្មើគ្នានៅក្នុងវិស័យនានានឹងបន្តដាក់សម្ពាធលើគ្រួសារពលរដ្ឋ និងក្រុមហ៊ុនមួយចំនួននៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើង វិញនៃសេដ្ឋកិច្ចទាំងមូលមានភាពយឺតយ៉ាវ»។

លោកស្រីបានបន្តថា៖ «ហានិភ័យសំខាន់ៗចំពោះទស្សនវិស័យនេះ រួមមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ទូលំទូលាយ កំណើន យឺតជាងការរំពឹងទុកសម្រាប់ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ការបន្តភាពទន់ខ្សោយ នៅក្នុងតម្រូវការ ក្នុងស្រុកនិង ភាពតាន តឹងលើសេវាកម្មហិរញ្ញ វត្ថុនិងធនាគារ»។ «រដ្ឋាភិបាលចាំបាច់ត្រូវរក្សាជំហរ គោលនយោបាយសារពើពន្ធសម្របសម្រួលរបស់ខ្លួននៅឆ្នាំនេះនិងឆ្នាំបន្ទាប់ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច»។

ធនាគារអភិវឌ្ឍន៍អាស៊ីបានកត់សម្គាល់ថា ត្រឹមខែតុលាឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានផ្ទេរសាច់ប្រាក់ប្រចាំខែជូនដល់ប្រជាពលរដ្ឋជាង៦៦ម៉ឺនគ្រួសារ។ ទោះយ៉ាងណា ការស្ទង់មតិបង្ហាញថា ឆ្នាំ២០២០ក៏មានការធ្លាក់ចុះខ្លាំង នៃប្រាក់ចំណូលប្រចាំគ្រួសារ ដែលបង្ខំឱ្យគ្រួសារពលរដ្ឋប្រើវិធីផ្សេងៗ ដើម្បីដោះស្រាយ ដូចជាប្រើប្រាស់ប្រាក់សន្សំ លក់ទ្រព្យសម្បត្តិនិ ងកាត់បន្ថយការចំណាយជាដើម។

ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា វិធានការណ៍សង្គ្រោះក្នុងរយៈពេលខ្លីទាំង នេះ អាចមានឥទ្ធិពលយូរអង្វែង។ របាយការណ៍បាន លើកឡើងថា៖ «យុទ្ធសាស្រ្តទាំង នេះបានកាត់បន្ថយការប្រើប្រាស់ប្រចាំគ្រួសាររួចទៅហើយ ហើយអាចមានផលប៉ះពាល់យូរអង្វែងទៅលើសុខុមាលភាព ផលិតភាព ប្រសិនបើវានៅតែបន្តដល់ឆ្នាំ ២០២១»។

រោងចក្រកាត់ដេរទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបញ្ជាឱ្យបិទទ្វារ អំឡុងពេលនៃការបិទខ្ទប់ ដោយបានព្យួរការងារ របស់កម្មករ ប្រមាណ៥០០.០០០នាក់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
រោងចក្រកាត់ដេរទាំងអស់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបញ្ជាឱ្យបិទទ្វារ អំឡុងពេលនៃការបិទខ្ទប់ ដោយបានព្យួរការងារ របស់កម្មករ ប្រមាណ៥០០.០០០នាក់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

កាលពីល្ងាចថ្ងៃចន្ទ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងពន្យារការបិទខ្ទប់ដល់ថ្ងៃទី៥ ខែឧសភានៅទីក្រុងភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ។ ក្នុងសេចក្តីជូនដំណឹងថ្មីស្តីពីការបិទខ្ទប់ រដ្ឋាភិបាលបានពង្រីកតំបន់ក្រហម និង កំណត់តំបន់ផ្សេងទៀតមាន ពណ៌លឿងទុំ និងពណ៌លឿង។

តំបន់ក្រហមឥឡូវនេះរួមមានភូមិចំនួន៣ក្នុងសង្កាត់បឹងសាឡាង ភូមិមួយនៅសង្កាត់ព្រៃស ៣ភូមិក្នុងសង្កាត់ដង្កោ សង្កាត់ស្ទឹងមានជ័យ ១, ២, និង៣ សង្កាត់បឹងទំពុន១ សង្កាត់ទួលសង្កែ១ និងសង្កាត់ចោមចៅ១។
លោក Hiroshi Suzuki ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជា (BRIC) បានមានប្រសាសន៍ថា ការបិទខ្ទប់នេះអាចជះឥទ្ធិពលអវិជ្ជមានដល់អត្រា កំណើន ឆ្នាំ២០២១ ប៉ុន្តែក៏បានចង្អុលបង្ហាញពីកត្តាសកល ក្រៅពីការគ្រប់គ្រង របស់កម្ពុជា ផងដែរ ។

លោកថ្លែងថា៖ «ផលប៉ះពាល់អវិជ្ជមាននៃឆ្លងរាលដាលនេះ គឺធ្ងន់ធ្ងរណាស់លើវិស័យ ទេសចរណ៍និងការនាំចេញ។ មានតែការស្ទុះងើបឡើងវិញនៃសេដ្ឋ កិច្ចពិភពលោកប៉ុណ្ណោះ ដែលគេអាចរំពឹងថាជួយដល់ការងើបឡើងវិញនៃឧស្សាហ កម្មទាំងនេះ»។

លោក Suzuki បន្តថា សាច់ប្រាក់ដែលផ្តល់ជូនដល់ ក្រុមគ្រួសារងាយរងគ្រោះ និងក្រីក្រ គឺជាវិធានការណ៍ដ៏ល្អមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការឆ្លងរាលដាល។ ការជំនួយដល់សហគ្រាសធុនតូច និងមធ្យម ក៏ចាំបាច់ផងដែរ ដែលមិនត្រឹមតែ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ជំរុញដល់សេដ្ឋកិច្ចនិងចាប់ផ្តើមការងើបឡើងវិញផងដែរ។

កាលពីដើមឆ្នាំនេះ ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមាន៤ ភាគរយ។ ទន្ទឹមនឹងនេះដែរ IMFបានព្យាករណ៍ថា នឹងមានកំណើន៤,២ភាគរយ។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រ សាសន៍ថា ក្នុងរយៈពេលដ៏លំបាកសម្រាប់ផលិតកម្ម និងការនាំចេញ រដ្ឋាភិបាលមិន ទាន់បានធ្វើការកែប្រែការព្យាករណ៍កន្លងមកពីកំណើន៤ភាគរយនៅក្នុងឆ្នាំ២០២១ នៅឡើយទេ។ លោកថ្លែងថា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់ចេញនូវ ផែនការស្តារសេដ្ឋកិច្ចថ្មីមួយ ដើម្បីឆ្លើយតបនឹងកាលៈទេសៈបច្ចុប្បន្ន។

លោកបន្តថា៖ «យើងកំពុងធ្វើការលើកិច្ចការនេះយ៉ាងសកម្ម និង មមាញឹក។ សូមរង់ចាំការសម្រេចរបស់សម្តេចតេជោ»។

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា ផលិតកម្មឧស្សាហកម្ម នឹងមានកំណើនខ្លាំង ដោយកើនឡើង៧,១ភាគរយនៅឆ្នាំ២០២១នេះ និង៧,០ ភាគរយនៅឆ្នាំ២០២២ ដែលជំរុញដោយវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងនិងសម្ភារៈធ្វើដំណើរក៏ដូច ជាកំណើនផលិតកម្មធុនស្រាល។

របាយការណ៍ចេញនៅថ្ងៃពុធបង្ហាញថា វិស័យកសិកម្មនឹងកើនឡើង ដោយកើនឡើង១,៣ ភាគរយ ក្នុងឆ្នាំ២០២១និង១,២ភាគ រយនៅឆ្នាំ២០២២ ដែលគាំទ្រដោយ ផលិតកម្មដំណាំច្រើនជាងមុន និងកំណើនការនាំ ចេញកសិកម្មទៅកាន់ប្រទេសចិន។

ធនាគារអភិវឌ្ឍន៍អាស៊ីជឿជាក់ថា ផលិតផលសេវាកម្មនឹងងើបឡើងវិញយឺតៗ ដោយ សម្រេចបានកំណើន៣,៣ភាគរយក្នុងឆ្នាំ២០២១ និង៦,២ភាគរយនៅឆ្នាំ២០២២ នៅពេលការរឹតបន្តឹងការធ្វើដំណើរធូរស្រាល។ វិស័យអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងងើបឡើងវិញជាបណ្តើរៗ ពីការធ្លាក់ចុះ កាលពីឆ្នាំមុន ស្របតាមនិន្នាការស្រដៀងគ្នាសម្រាប់ឧស្សាហកម្មសំណង់ដែរ។

លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ(CPS) មានប្រសា សន៍ថា គ្រប់គ្នាដឹងច្បាស់ណាស់ថា ការឆ្លងរាតត្បាតនេះកំពុងបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។

លោកបន្តថា សេវាកម្មទេសចរណ៍ ដែលពឹងផ្អែកលើភ្ញៀវទេសចរអន្តរជាតិ បានស្លាប់ អស់រយៈពេលមួយឆ្នាំហើយ ហើយមិនទំនងជាវិលត្រឡប់មកវិញនៅចុងឆ្នាំនេះទេ។ លោកបន្តថា កម្មករដែលត្រូវបានបញ្ឈប់ពីការងារបានស្វែង រកការងារផ្សេងទៀតរួច ទៅហើយ។

លោកថ្លែងថា៖ «ខ្ញុំគិតថា ផលប៉ះពាល់ដល់ឧស្សាហកម្មកាត់ ដេរគឺជាក្តីកង្វល់ដ៏ធំមួយ នៅពេលនេះ។ ប៉ុន្តែបញ្ហានេះអាចត្រឡប់ មករកភាពដើមវិញយ៉ាងឆាប់រហ័ស ប្រសិនបើគ្រប់គ្រងបានល្អ»។

លោក សុផល បន្ថែមថា ដើម្បីជួយដល់ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចក្រោយ វិបត្តិកូវីដ បរិយាកាសពាណិជ្ជកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម គួរតែត្រូវបាន កែលម្អឆាប់ជាងនេះនិងហ្មត់ចត់ជាងពេលមុនៗ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលដឹងពីអ្វីដែលត្រូវធ្វើ។ មិនត្រូវមាន ភាពស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហា។ ប្រហែលជារដ្ឋាភិបាលអាចប្រើមេរៀន ដែលបានរៀនសូត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដសម្រាប់ភាពបន្ទាន់ជាងនេះ ក្នុងការធ្វើកំណែទម្រង់»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite positive report, too soon to tell with Cambodia’s economic recovery

500 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម