កំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជាប្រឈមមុខនឹងការគំរាមកំហែងខ្លាំងពីបម្រែបម្រួលអាកាសធាតុ ហើយអាចបង្អាក់ការរំពឹងទុករបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
ADB បានព្យាករថា យ៉ាងហោចណាស់១០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងត្រូវបានខាតបង់នៅឆ្នាំ២០៥០ ដោយសារតែបញ្ហាអាកាសធាតុធ្ងន់ធ្ងរ និងការកើនឡើងសីតុណ្ហភាព។
របាយការណ៍បន្តថា៖ «ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងចំពោះមុខនៃការប្រែប្រួលអាកាសធាតុដោយ សារកត្តាភូមិសាស្ត្រ និងអភិបាលកិច្ចខ្សោយជាដើម»។
របាយការណ៍ដដែលបានបញ្ជាក់ថាប្រជាជនដែលពឹងផ្អែកលើវិស័យកសិកម្ម និងនេសាទ គឺងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់សេដ្ឋកិច្ចនៃការប្រែប្រួលអាកាសធាតុ។
យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក ប្រជាជនកម្ពុជា ៦នាក់ក្នុងចំណោម ១០នាក់រស់នៅក្នុងតំបន់ជនបទ ហើយ ៧៧% នៃគ្រួសារនៅជនបទពឹងផ្អែកលើវិស័យកសិកម្ម នេសាទ និងអនុផលពីព្រៃឈើសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ។ កម្ពុជាមានពលរដ្ឋប្រមាណ ១,៧ លានគ្រួសារ ដែលធ្វើកសិកម្ម។ នេះបើតាមរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងនៅឆ្នាំនេះក្នុងអត្រា ៥,៥% និង ៦% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ប៉ុន្តែ ADB បានកត់សម្គាល់ថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ក៏គំរាមកំហែងដល់ឧស្សាហកម្មស្នូលរបស់កម្ពុជាផងដែរតួយ៉ាងដូចជាវិស័យទេសចរណ៍ជាដើម។
លោក សែន សាវ៉េត ប្រជានេសាទ មកពីសហគមន៍នេសាទកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុដែលមិនអាចដឹងមុន និងការថយចុះនៃទឹកទន្លេសាប ដោយសារការអភិវឌ្ឍវារីអគ្គិសនីនៅផ្នែកខាងលើ និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យលោក និងអ្នកជិតខាងកាន់តែពិបាក។
លោក សាវ៉េត មានប្រសាសន៍ថា៖ «នៅពេលភ្លៀងមិនគ្រប់គ្រាន់ កសិករត្រូវបូមទឹកពីទន្លេដាក់ស្រែ ដូច្នេះវាធ្វើឱ្យទឹករាក់ដែលពិបាកឱ្យត្រីមានជីវិតរស់នៅ»។
លោកបានបន្ថែមថា៖ «ឆ្នាំមុនពួកយើងចាប់ត្រីបានច្រើនដោយសារមានភ្លៀងធ្លាក់ច្រើន ប៉ុន្តែយើងមិនអាចទាយបានទេនៅឆ្នាំនេះ។ ហើយយើងថាឆ្នាំហ្នឹងពិបាកដោយសារអាកាសធាតុកាន់តែក្តៅ»។
លោក ឡុង សុចែត ប្រធានសម្របសម្រួលបណ្តាញសម្ព័ន្ធអ្នកនេសាទកម្ពុជា ដែលធ្វើការជាមួយសហគមន៍បឹងទន្លេសាប និងទឹកប្រៃ ចំនួន ១១៦ មានប្រសាសន៍ថា បើទោះបីជាទិន្នផលនេសាទកើនឡើងនៅឆ្នាំ ២០២២យ៉ាងណាក្តី ប៉ុន្តែវាមិនមាននិរន្តរភាពទេ ដោយសាររដូវប្រាំងអូសបន្លាយ និងការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ រួមជាមួយនឹងការនេសាទខុសច្បាប់។
លោកបានថ្លែងបន្តថា៖ «ប្រសិនបើឆ្នាំនេះទឹកតិច វានឹងពិបាកសម្រាប់អ្នកនេសាទ។ ការកាប់បំផ្លាញព្រៃលិចទឹក ធ្វើឱ្យបាត់បង់ទីជម្រកត្រី និងទិន្នផលនេសាទធ្លាក់ចុះ ដោយសារទន្លេមានទឹករាក់។ បម្រែបម្រួលអាកាសធាតុបង្កឱ្យមានការកើនឡើងនៃសីតុណ្ហភាព ធ្វើឱ្យទឹកកាន់តែក្តៅ ធ្វើឲ្យត្រីពិបាករស់និងមិនអាចពងបាន»។
កាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ថាកាលពីឆ្នាំមុនថាភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យប្រសើរឡើងដល់ឧស្សាហកម្មនេសាទដែលកំពុងតែជួបការលំបាក ប៉ុន្តែក៏វាក៏បានបណ្តាលឱ្យមានការកើនឡើងនូវទឹកជំនន់ដែលបានធ្វើឱ្យខូចខាតស្រូវជាង ២០០ ០០០ ហិកតាផងដែរកាលពីឆ្នាំមុន។
ADB ឱ្យដឹងទៀតថា៖ «ការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេទឹកជំនន់ និងគ្រោះរាំងស្ងួត បង្កើនសីតុណ្ហភាពមធ្យម និងបង្កើនកម្រិតទឹកសមុទ្រ ក៏ដូចជាការជ្រៀតអំបិលចូលដីក្នុងតំបន់ទឹកសាបផងដែរ»។ ស្ថាប័នដដែលក៏បានកត់សម្គាល់ថា ប្រទេសកម្ពុជាមានហានិភ័យទឹកជំនន់ខ្ពស់ ដោយសារតំបន់វាលទំនាបធំទូលាយ។
លោក សយ ចាន់ណា កសិករនៅខេត្តកំពង់ឆ្នាំង បាននិយាយថាកាលពីឆ្នាំមុន ស្រូវរបស់លោកមួយហិកតា និងដំណាំផ្សេងទៀតបានរងការខូចខាតដោយទឹកជំនន់។ លោកប្រមូលផលស្រូវបានតែពីរតោនប៉ុណ្ណោះ គឺតិចជាងពាក់កណ្តាលនៃទិន្នផលជាមធ្យមដែលលោកធ្វើបាន។
លោកបានបន្តថា៖ «ខ្ញុំពឹងផ្អែកលើការធ្វើស្រែចម្ការ និងដាំដំណាំសម្រាប់ចិញ្ចឹមជីវិត។កាលពីឆ្នាំទៅ ទឹកជំនន់បានកើតឡើងក្នុងខែវិច្ឆិកា ដែលជារដូវច្រូតកាត់ ដែលធ្វើឱ្យខ្ញុំខាតលុយអស់ជាង ២ លានរៀល » ។
កសិករម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំងដែរ លោកស្រី ចាន់ សុផល បានប្រាប់ថា ស្រែរបស់លោកស្រីមិនប្រឈមនឹងទឹកជំនន់ទេ ប៉ុន្តែវាប៉ះពាល់ដោយគ្រោះរាំងស្ងួតទៅវិញ។
លោកស្រីបានបន្តថា៖«សព្វថ្ងៃនេះកាន់តែលំបាកដោយសារបម្រែបម្រួលអាកាសធាតុដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត»។ លោកស្រីបានបន្ថែមថា៖ «កសិករក៏ប្រឈមនឹងបំណុលដែរព្រោះយើងត្រូវខ្ចីលុយគេធ្វើស្រែចម្ការ ហើយចំណាយទាំងអស់ពេលប្រមូលផល។ មិនមែនតែខ្ញុំទេ ពេលនេះការធ្វើស្រែចម្ការចំណាយច្រើន បានផលមកត្រូវសងគេអស់ ហើយពេលខ្លះយើងនៅតែជំពាក់ [បំណុល]គេទៀត»។
ខណៈ ប្រទេសកម្ពុជាបានធ្វើឱ្យកាន់ប្រសើរក្នុងការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ កាលពីឆ្នាំមុន ធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់កម្ពុជានៅចំណាត់ថ្នាក់ទី១៤៩ ក្នុងចំណោម១៨២ប្រទេស។ ភាគច្រើននៃចំណាត់ថ្នាក់នេះក៏អាស្រ័យលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងក្នុងការតវ៉ានឹងការអភិវឌ្ឍន៍ដែលនឹងធ្វើឱ្យផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលមានកាន់តែធ្ងន់ធ្ងរទៅលើអ្នកនេសាទ និងកសិករ។
នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីបួនរបស់ខ្លួននៅប្រទេសឡាវកាលពីសប្តាហ៍មុន គណៈកម្មការទន្លេមេគង្គបានជំរុញឱ្យមានការរក្សាការពារទន្លេមេគង្គឱ្យបានប្រសើរជាងនេះ ដោយបានប្រកាសថា៖ «វាដល់ពេលដែលត្រូវប្តូរពីពាក្យថាចង់ឃើញ ហើយផ្តោតលើវិធានការ ដែលធ្វើឱ្យមានការផ្លាស់ប្តូរ ប្រកបដោយអត្ថន័យ»។
គណៈកម្មការដែលរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម បានលើកឡើងថា ខណៈដែលវារីអគ្គិសនី ផលិតកម្មស្រូវ និងផលិតកម្មវារីវប្បកម្ម មានការកើនឡើង ដែលបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមប្រសើរឡើងនោះ គ្រួសារប្រជានេសាទ និងកសិកររាប់លាននាក់ក្នុងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គដែលពឹងផ្អែកលើទន្លេនេះសម្រាប់ម្ហូបអាហារ និងជីវភាពរស់នៅ កំពុងរងផលប៉ះពាល់ខ្លាំងជាងគេដែរ។ ប្រទេសនៅប្រភពខ្សែទឹកខាងលើដូចជា ចិន និងមីយ៉ាន់ម៉ា គ្រប់គ្រងទំនប់ចំនួន ១១ ដែលប៉ះពាល់ដល់ប្រទេសជាសមាជិកគណៈកម្មការនេះ។
លោក Bounkham Vorachit រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានមានប្រសាសន៍ថា៖ «ការប្រមូលផ្តុំឆន្ទៈនយោបាយនៅតែមានសារៈសំខាន់។ មានសារៈសំខាន់គឺការគិតឆ្ពោះទៅមុខ និងមានឆន្ទៈក្នុងការពិចារណារកវិធីប្រកបដោយភាពច្នៃប្រឌិត ដើម្បីទៅរកកិច្ចសហប្រតិបត្តិការក្នុងស្រុក តំបន់ និងអន្តរជាតិ»។
ការលាតសន្ធឹងនៃទន្លេមេគង្គនៅជិតរាជធានីភ្នំពេញមានសារៈសំខាន់សម្រាប់ត្រី ដែលផ្លាស់ទីក្នុងរដូវត្រីពង ពីទន្លេមេគង្គក្រោមចូលទៅ បឹងទន្លេសាប។ ត្រីទាំងនេះចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ចិញ្ចឹមមនុស្សរាប់សិបលាននាក់ ប៉ុន្តែការផ្លាស់ប្តូររបបទឹកទន្លេរារាំងការផ្លាស់ទីរបស់ពួកវា។
ខណៈដែលអ្នកនេសាទនៅបឹងទន្លេសាបជាជនរងគ្រោះនៃការអភិវឌ្ឍតាមដងទន្លេភាគខាងលើក្រៅព្រំដែនកម្ពុជា កម្ពុជាខ្លួនឯងផ្ទាល់ក៏បានកែប្រែទន្លេមេគង្គសម្រាប់ការអភិវឌ្ឍ និងទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុសម្រាប់ពួកឥស្សរជនមួយចំនួនផងដែរ។
ក្រៅពីការចោទប្រកាន់ថាបានបើកការនាំចេញខ្សាច់ទៅកាន់ទីផ្សារអន្តរជាតិឡើងវិញកាលពីឆ្នាំមុនបន្ទាប់ពីហាមឃាត់ជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៧ ការអភិវឌ្ឍទីក្រុងរណបកោះនរា កំពុងបង្រួមផ្ទៃទន្លេមេគង្គ ដោយយមានការចាក់បំពេញដីយ៉ាងច្រើនដើម្បីអភិវឌ្ឍទីក្រុងរណបមួយនេះ។
រដ្ឋាភិបាលក៏បានប្តេជ្ញាចិត្តក្នុងការបន្តការអភិវឌ្ឍបៃតង តាមរយៈផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍បៃតង ឆ្នាំ ២០១៣-២០៣០ ដោយផ្តោតលើការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃធនធានធម្មជាតិ និរន្តរភាពបរិស្ថាន រួមទាំងការវិនិយោគនិងការងារបៃតង។
របាយការណ៍របស់ ADB បង្ហាញថា ការកាប់បំផ្លាញព្រៃឈើ ការពង្រីកការដាំដុះស្រូវ និងការកើនឡើងនៃតម្រូវការថាមពលពីផលិតកម្មឧស្សាហកម្ម បានធ្វើឱ្យការបញ្ចេញកាបូនរបស់កម្ពុជាកើនឡើង បើទោះបីជាកម្ពុជានៅតែជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបបើធៀបនឹងប្រទេសដទៃក៏ដោយ។
ADB បានរាយការណ៍ថា៖ «ការពង្រីកការវិនិយោគបៃតងក្នុងវិស័យអាទិភាពនឹងជួយកម្ពុជាបង្កើនសក្តានុពលកំណើនរយៈពេលវែងរបស់ខ្លួន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ខេមបូចាថា៖ «កម្ពុជាបានធ្វើឱ្យមានរីកចម្រើនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ» ដោយផ្តោតលើការការពារព្រៃឈើ ការគ្រប់គ្រងកាកសំណល់និងប្រសិទ្ធភាពថាមពល ខណៈអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា មានប្រសាសន៍ថាក្រសួងសិកម្មកំពុងដាក់ឱ្យប្រើប្រាស់គ្រាប់ពូជស្រូវដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាផ្តល់បច្ចេកទេសកសិកម្មដែលប្រកបដោយភាពធន់។
កញ្ញា រចនា បានលើកឡើងថា៖ «អ្វីដែលយើងកំពុងជំរុញខ្លាំងនាពេលនេះ គឺការលើកកម្ពស់ការធ្វើកសិកម្មផ្ទះសំណាញ់ និងការបង្កាត់ពូជដំណាំថ្មី ដែលអាចជួយកសិករមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងទាំងពីរមិនបានឆ្លើយតបនឹងសំណួរថាតើការកាប់បំផ្លាញព្រៃឈើនឹងធ្វើឱ្យផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែអាក្រក់មកលើប្រទេសកម្ពុជាក្នុងកម្រិតណាស់នោះទេ។
ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជានៅតែមានអត្រាខ្ពស់ ដែលបណ្តាលមកពីក្រុមអ្នកមានអំណាចមួយចំនួនចាប់យកដីនៅក្នុងតំបន់ការពារ។
អ្នកគ្រប់គ្រងកម្មវិធីបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើគឺជាកត្តារួមចំណែកដ៏សំខាន់មួយក្នុងការធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ដោយកត់សម្គាល់ថាក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ គម្របព្រៃឈើធម្មជាតិ ១៤% ត្រូវបានបំផ្លាញ និងជំនួសមកវិញដោយចម្ការ។ លោកបន្តថា ខណៈការអភិវឌ្ឍព្រៃឈើឥណទានកាបូនរ៉េដបូក (REDD+) របស់កម្ពុជាអាចផ្តល់នូវមធ្យោបាយដ៏សំខាន់មួយដើម្បីការពារ និងរកប្រាក់ពីព្រៃឈើដែលនៅសេសសល់ គម្រោងបែបនេះនៅតែ «ផុយស្រួយ ប្រសិនបើការកាប់បំផ្លាញព្រៃឈើនៅតែបន្ត»។
លោក គឹមហុង ថ្លែងថា៖ «យើងមិនអាចបដិសេធបានទេ ដែលថាការកាប់បំផ្លាញព្រៃឈើបានកើនឡើងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែ [សម្បទានដីសេដ្ឋកិច្ច] និងការទន្ទ្រានយកដីព្រៃខុសច្បាប់ ដែលបណ្តាលមកពីអំពើពុករលួយខ្ពស់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ADB Warns Cambodia’s Growth Will Be Stunted by Climate Change