សាលារដ្ឋកម្រិតអនុវិទ្យាល័យនៅកម្ពុជានឹងមានបន្ថែមមុខវិជ្ជាភាសាចិន ដែលគម្រោងសាកល្បងនេះបានប្រកាសក្នុងពិធីចុះកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៨ ធ្វើឡើងកាលពីថ្ងៃពុធកន្លងទៅរវាងលោកនាកយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) ក្នុងរាជធានីភ្នំពេញក្នុងពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
តាមរយៈកិច្ចព្រមព្រៀងនេះរដ្ឋាភិបាលចិនបានផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាចំនួន ២០០លានយ័ន ឬប្រហែលនឹង២៧,៥លានដុល្លារអាមេរិក លើគម្រោងនានាដូចជាហេដ្ឋរចនាសម្ព័ន្ធ និងគម្រោងមួយចំនួនទៀត។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្សាយកាលពីល្ងាចថ្ងៃពុធ និងបានផ្សាយលើបណ្ដាញសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News ផងដែរ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មានប្រសាសន៍ថា បើតាមអនុស្សារណៈយោគយល់រវាងក្រសួងអប់រំចិន និងក្រសួងអប់រំកម្ពុជា សាលាអនុវិទ្យាល័យចំនួន ២០នៅតាមបណ្ដាខេត្តមួយចំនួននឹងដាក់ឱ្យរៀនភាសាចិន ដែលជាភាសាជម្រើសសម្រាប់សិស្សានុសិស្ស។
លោក រស់ សុវាចា មានប្រសាសន៍ទៀតថា លោកមិនទាន់អាចផ្ដល់ព័ត៌មានលម្អិតសម្រាប់កម្មវិធីសិក្សានេះថានឹងចាប់ផ្ដើមដំណើរការនៅពេលណានោះទេ ហើយលោកក៏មិនអាចបញ្ជាក់ដែរថាតើកម្មវិធីនេះនឹងទទួលជំនួយពីរដ្ឋាភិបាលចិនផ្ទាល់ និងមានបង្រៀនជាភាសាចិនកុកងឺឬយ៉ាងណាដែរ។ លោកថា ព័ត៌មានលម្អិតនឹងត្រូវជជែកពិភាក្សាតាមរយៈគណៈកម្មការក្រសួងអប់រំនៅពេលខាងមុខ។
លោកបន្ថែមថា៖ «អនុស្សារណៈយោគយល់ គឺមានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននឹងប្រជាជន និងពង្រឹងចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន»។
បញ្ញាវ័ន្ត និងក្រុមអ្នកវិភាគបានស្វាគមន៍ទៅនឹងការបន្ថែមភាសាចិនក្នុងកម្មវិធីសិក្សាសាលារដ្ឋនេះ ដោយថានឹងអាចជួយបង្កើនឱកាសការងារសម្រាប់សិស្ស ប៉ុន្តែក៏អាចថាការពង្រឹងអំណាចតាមបែបទន់ភ្លន់របស់ចិនក៏កំពុងលូតលាស់ខ្លាំងមកលើកម្ពុជាផងដែរ។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា៖ «ចិនមានឥទ្ធិពលមកលើកម្ពុជារួចទៅហើយដូចជាផ្នែកវប្បធម៌ និងនយោបាយការបរទេស ហើយពេលមានកម្មវិធីភាសាចិនទៀត នោះវានឹងពង្រីកឥទ្ធិពលចិនមកលើវប្បធម៌[កម្ពុជា]»។

លោក សំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត មានប្រសាសន៍ថា ភាសាចិនបានក្លាយជាភាសាសំខាន់មួយសម្រាប់ពិភពលោក។ លោកថា ទីផ្សារការងារសម្រាប់អ្នកមានជំនាញផ្នែកភាសាចិនកំពុងកើនឡើង ដែលជាហេតុនាំឱ្យសាលាឯកជនជាច្រើនបានបើកបង្រៀនភាសាចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្ថែមថា៖ «គុណតម្លៃនៃការអប់រំពីរភាសាគឺមានសារសំខាន់ និងជាអាទិភាពសម្រាប់ការងារចិញ្ចឹមជីវិតប្រចាំថ្ងៃ»។ លោកបន្តថា៖ «ពេលយើងចេះភាសាកាន់តែច្រើន យើងក៏អាចរកចំណូលបានច្រើនដែរ»។
អ្នកជាតិនិយមកម្ពុជាមួយចំនួនបានអះអាងថាវប្បធម៌ និងអក្សរសាស្រ្តខ្មែរកំពុងរងការគំរាមកំហែងនៅពេលដែលមានបញ្ជូលភាសាបរទេសក្នុងប្រព័ន្ធអប់រំកាន់តែច្រើន។ ក្រុមយុវជនជាតិនិយមមួយក្រុមកាលពីខែសីហា បានដាក់ញត្តិឱ្យមានការលុបចោលកម្មវិធីបង្រៀនភាសាវៀតណាមពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យុវជនម្នាក់ក្នុងចំណោមយុវជនជាតិនិយមផ្សេងទៀត គឺ លោក អ៊ំ ឆុម និយាយថា លោកជឿថាការបន្ថែមភាសាចិននៅថ្នាក់អនុវិទ្យាល័យគឺ «មិនល្អសម្រាប់កម្ពុជានោះទេ»។
ផ្សេងពីកម្ពុជា រដ្ឋាភិបាលអាមេរិកបានប៉ុនប៉ងទប់ស្កាត់ការពង្រីកខ្លួនរបស់វិទ្យាស្ថានខុងជឺដែលគាំទ្រដោយរដ្ឋាភិបាលចិន ដែលវិទ្យាស្ថាននេះមានបណ្ដុះបណ្ដាលភាសាចិន ប៉ុន្តែត្រូវគេរិះគន់ថាបានពង្រឹងការឃោសនាសារនយោបាយបក្សកុម្មុយនីស្តចិនទៅវិញ។
ប៉ុន្តែ សម្រាប់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការលើកឡើងពីការព្រួយបារម្ភពីការបន្ថែមភាសាចិនទៅក្នុងកម្មវិធីសិក្សានៅសាលារដ្ឋថ្នាក់អនុវិទ្យាល័យ គឺជាការមានគំនិតចង្អៀតចង្អល់។ លោកថា បច្ចុប្បន្ននៅតាមសាលារដ្ឋបានតម្រូវឱ្យកូនសិស្សជ្រើសរើសរៀនភាសាអង់គ្លេស ឬបារាំងរួចស្រេចទៅហើយ។
លោកបន្តថា៖ «យើងត្រូវតែដឹងថាភាសាចិន មិនមានអ្វីខុសគ្នាពីភាសាអង់គ្លេស និងបារាំងនោះទេ វាក៏ជាភាសាអន្តរជាតិដែរ»។ លោកឱ្យដឹងទៀតថា៖ «យើងអាចទទួលយកភាសាអង់គ្លេស និងបារាំងនៅតាម[សាលារដ្ឋ] ហេតុអ្វីយើងមិនអាចទទួលយកភាសាចិន?» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Bilateral Agreements Add Chinese Language Classes to Cambodian Schools