សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលារៀនបើកដំណើរការឡើងវិញស្របពេលរដ្ឋាភិបាលប្រកាសចាក់វ៉ាសាំងបង្ការកូវីដ-១៩ដល់កុមារ

សិស្សកំពុងសិក្សាក្នុងថ្នាក់រៀននៅថ្ងៃទី១ នៃការបើកសាលារៀនឡើងវិញ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
សិស្សកំពុងសិក្សាក្នុងថ្នាក់រៀននៅថ្ងៃទី១ នៃការបើកសាលារៀនឡើងវិញ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សាលា​រដ្ឋ និង​ឯកជន​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ទូ​ទាំង​ប្រទេស​ហើយ​នៅ​ថ្ងៃ​ពុធនេះ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​យុទ្ធនា​ការ​​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដល់​កុមារអាយុ​ចន្លោះពី​ប្រាំមួយ​ឆ្នាំ​ដល់​១២​ឆ្នាំ ដើម្បី​អាច​បើក​សាលា​កម្រិត​បឋមសិក្សា​ឡើងវិញ​។​

តាម​រយៈ​សារជាសំឡេង​​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី បាន​បញ្ជា​ទៅ​កាន់អាជ្ញាធរ​រាជធានី​-ខេត្ត ក៏​ដូច​ជា​បុគ្គលិក​សុខាភិបាល​ឲ្យ​ត្រៀម​រៀប​ចំ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​១៧ ខែកញ្ញា ខាងមុខ​តទៅ​។​

លោកនាយករដ្ឋមន្ត្រី មាន​ប្រ​សាសន៍​ថា៖ «យើង​បានសម្រេច​ចាក់វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ចាប់​ពី​ប្រាំមួយ​ទៅ​១២​ឆ្នាំ»។ លោក​បន្ថែម​ថា៖ «បើ​សិន​យើង​មិនចាក់ជូនកុមារពីអាយុប្រាំមួយឆ្នាំទៅ១២​ឆ្នាំទេ​ យើង​​មិន​អាចឈានទៅ​បើក​សាលា​បឋមសិក្សា​បាន​ទេ គ្រោះអាយុនេះនៅក្នុងក្រមខណ្ឌ​បឋមសិក្សា​​ ហើយ​យើងបែរជា​បើក​​តែ​អនុវិទ្យាល័យ ​វិទ្យាល័យ​ និងសកលវិទ្យាល័យ»។

លោកនាយក​រដ្ឋ​មន្ត្រី​ បានមានប្រសាសន៍ទៀត​ថា កុមារ​អាយុ​ចន្លោះពី​ប្រាំមួយ​ទៅ​១២ឆ្នាំ មាន​ចំនួន​ជាង​១,៨​លាន​នាក់ និង​ថា​រដ្ឋាភិបាល​នឹងប្រើ​វ៉ាក់សាំង​ផលិត​នៅ​ប្រទេសចិន​ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)។​

លោក អះអាងថា៖ «​ម្យ៉ាងទៀត​វ៉ាក់សាំង​ក៏​បាន​សិក្សា​នៅតាម​ប្រទេស​នានា ហើយ​គេ​ក៏​បាន​ចាក់ប្រើប្រាស់​សម្រាប់​ក្មេងដែល​មានអាយុ​ក្រោម​១២​ឆ្នាំ ​រួច​មកហើយដែរ ដូចនេះ​បញ្ហា​វ៉ាក់សាំង​មិន​មែន​ជាបញ្ហា​លំបាកទេ យើងមាន​វ៉ាក់សាំងនៅ​ក្នុង​ដៃរួចជាស្រេច»។ លោក​បន្ថែមថា៖ «យើង​ធ្វើយ៉ាង​ដូច្នេះ​ ដើម្បីឲ្យ​​កុមារ​ដែល​ត្រូវ​ចូល​​រៀន​បឋមសិក្សា​អាចចូល​រៀន​បឋមសិក្សាបាន ដោយគ្មានការភ័យខ្លាយ​ ហើយ​ជំហាន​បន្ត​ទៀត​ យើង​ក៏​កំពុង​គិតសម្រាប់ក្មេង​ដែលនៅ​មតេយ្យក្នុងវង្វង់​​អាយុ​​បី​ទៅ​ប្រាំមួយ​ឆ្នាំ​ផងដែរ»។​

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី កុមារ​ និង​យុវវ័យ​អាយុ​ចន្លោះពី​១២ ទៅ​១៧​ឆ្នាំ ចំនួន​ជាង​១,៧ លាន​នាក់​បាន​ចាក់​វ៉ក់សាំង​យ៉ាង​ហោច​ណាស់​ដូសទី​១។ បើ​តាម​ក្រ​សួង​សុខាភិបាល មនុស្ស​ជាង​១១​លាន​នាក់​ហើយ​នៅទូទាំង​ប្រទេស​បាន​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ យ៉ាង​ហោច​ណាស់​មួយ​ដូស​។​

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងអង្គការ​យូនីសេហ្វ មិន​ឆ្លើយ​តប​នឹង​ការ​សុំ​អត្ថាធិប្បាយ​លើករណីចាក់វ៉ាកសាំងលើកុមារអាយុពីប្រាំមួយឆ្នាំដល់១២ឆ្នាំនោះទេ​។​

អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះពិនិត្យ​មើល​តាម​សាលា​រដ្ឋ​នៅ​ក្នុង​ទីក្រុង​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ជួយ​ពង្រឹង​វិធានការ​សុខាភិបាល​នៅ​តាម​សាលាទាំង​នោះ​។​

សិស្ស ​​វ័យ​១៨​ឆ្នាំម្នាក់ ឈ្មោះ ចាង វណ្ណៈ កំពុងសិក្សា​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ច្បារ​អំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​រូប​គេ​សប្បាយ​ចិត្ត​ដែល​បាន​ត្រឡប់​មក​រៀន​នៅ​សាលា​វិញ​។​

សិស្ស​​​រូប​នេះ​បន្ថែម​ថា៖ «ឥឡូវ​យើង​អាច​ជួប​មិត្ត​ភ័ក្តិ​របស់​យើង​​វិញ អាចជជែក​គ្នា និង​ចែក​រំលែក​បទពិសោធន៍»។  ដោយ​បន្ថែម​ថា​៖ «ខ្ញុំ​នឹង​ខំប្រឹង​រៀន​ដើម្បី​ប្រឡង​ឲ្យ​ជាប់ក្នុង​ឆ្នាំនេះ។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​ជាប់​ការ​ប្រឡង​ដោយ​មិន​បាច់​ប្រឡង​ដូច​កាល​ឆ្នាំ​កន្លងទៅ​នោះទេ ពីព្រោះ​សញ្ញាបត្រ​គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក ប៉ុន្តែ​ចំណេះដឹង​របស់​យើង​ទើប​សំខាន់»។​

វណ្ណៈ ​ឲ្យ​ដឹង​ទៀត​ថា៖ «រៀន​នៅ​ផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ធុញថប់ មិន​ស្រួលរៀន​…​យើង​មិន​អាច​ផ្ដោត​អារម្មណ៍​បាន និង​ពេល​ខ្លះ​យើង​ត្រូវ​ការ​ធ្វើ​កិច្ច​ការ​សាលា​នៅ​ពេល​ជាមួយ​គ្នា​ដែល​យើង​កំពុង​រៀន វាធ្វើឲ្យ​រំខាន»។​

កា​ល​ពី​សប្ដាហ៍​មុន សាលា​មួយ​ចំនួន​បាន​តម្រូវ​ឲ្យឪពុក​ម្ដាយ និង​កូន​សិស្ស​ត្រូវ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ មុននឹង​ចូល​រៀន​។ ប៉ុន្តែ​សម្រាប់​វិទ្យាល័យ​ច្បារអំពៅ សិស្ស​លើក​ឡើង​ថា​ពួកគេ​មិន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​មុន​ចូល​រៀន​នោះទេ​។​

វណ្ណៈ ជាសិស្ស​ម្នាក់​ដែល​បាន​ចាក់វ៉ាកសាំង​គ្រប់​ដូស​ហើយ​នោះ បាននិយាយ​ថា ​​ទោះ​បី​ជា​សិស្ស​ទាំង​អស់​ត្រូវ​បានជូន​ដំណឹង​អំពី​វិធានការ​សុខាភិបាល​ដូច​ជា​រក្សា​គម្លាត ពាក់ម៉ាស និង​បាញ់​អាល់កុល​ជា​ដើម​ក៏​ពិត​មែន តែ​ថា​គាត់​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ព្រួយ​​អំពី​ជំងឺ​កូវីដ-១៩ ដែរ​។​

វណ្ណៈ និយាយថា៖ «ខ្ញុំ​ក៏​បារម្ភពី​ជំងឺ​កូវីដ-១៩ដែរ ពីព្រោះ​យើង​នៅ​សាលា យើង​ជួប​មនុស្ស​ច្រើន ហើយ​មិន​ដឹ​ងថា​អ្នក​ណា​មាន​វិជ្ជមាន ឬអត់…​ខ្ញុំ​បារម្ភ​ថា​បើ​មាន​អ្នក​ណា​មួយ​ក្នុង​សាលា​វិជ្ជមាន​ ខ្ញុំ​ក៏​អាច​ចម្លង​វីរុស​នេះ​ទៅ​គ្រួសារ​ខ្ញុំ​ដែរ»។​

យុវតី​ម្នាក់​ទៀត ឈ្មោះ​ ហេង ស្រីនិត ជាសិស្ស​នៅ​អនុវទ្យាល័យ​ក្ដី​តាកុយ មាន​ចម្ងាយ​ប្រហែល​១០គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ បាននិយាយថា ការ​រៀន​នៅ​ក្នុង​ថ្នាក់​បាន​ផល​ល្អ​ប្រសើរ​ជាង​រៀន​នៅ​ផ្ទះ​។ យុវសិស្ស​រូប​នេះ​ប្រាប់ ​ខេមបូចា ថាខ្លួន​បាន​ធ្វើ​តេស្ត​កូវីដ-១៩ រួច​ហើយ​​មុន​ពេល​ចូល​រៀន​។​

ស្រីនិត និយាយថា៖ «​យើង​អាច​រៀន​ផ្ទាល់​ជាមួយ​គ្រូ ហើយ​គ្រូអាច​ពន្យល់​មេរៀន​ដោយ​ផ្ទាល់ និង​​ច្បាស់ៗជាង​រៀន​តាម​អនឡាញ»។​

ខណៈ​ពេល​ដែល​ករណីឆ្លង​ជំងឺ​កូវីដ-១៩ នៅ​តែបន្ត​កើន​ឡើង ស្រីនិត ថា​ខ្លួន​ក៏​បារម្ភ​ពី​​លទ្ធភាព​​អាច​ឆ្លងជំងឺ​នេះ​ដែរ​។

ស្រីនិត បន្ថែម​ថា៖ «ខ្ញុំ​នៅ​តែ​បារម្ភ​ពីជំងឺ​កូវីដ-១៩ ពីព្រោះថាពេល​មាន​អ្នក​ណា​ម្នាក់​ឆ្លង យើង​មិនអាច​​ដឹង ហើយ​ខ្ញុំ​បារម្ភ​ថាសាលានឹង​បិទម្ដង​ទៀត»។​

កូនសិស្សម្នាក់​​វាស់​កម្ដៅ​មុន​ចូល​ថ្នាក់​រៀន​សម្រាប់​ថ្ងៃដំបូង​របស់​នាង​ពេល​សាលា​បើក​ឡើងវិញនៅ​ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
កូនសិស្សម្នាក់​​វាស់​កម្ដៅ​មុន​ចូល​ថ្នាក់​រៀន​សម្រាប់​ថ្ងៃដំបូង​របស់​នាង​ពេល​សាលា​បើក​ឡើងវិញនៅ​ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

នៅអនុវិទ្យាល័យ​ក្ដីតាកុយ​ មានតែបី​ថ្នាក់​ប៉ុណ្ណោះ​ពេល​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃដំបូង​នេះ។​

នាយក​សាលាលោក ឆេង សៀង មាន​ប្រសាសន៍​ថា សាលា​រៀន​លោក​ទើប​បើក​ឲ្យ​រៀន​សម្រាប់តែ​ថ្នាក់ទី​៩​ ប៉ុណ្ណោះ​ សម្រាប់ជំហាន​ដំបូង​នេះ។ លោក​ថា ខាង​សាលា​នឹង​បើក​ជា​បន្ត​បន្ទាប់​ទៀត​សម្រាប់​ថ្នាក់ទី​៧ និង​ទី​៨ នៅ​ពេល​អ្វីៗ​ដំណើរ​ការបាន​ល្អ​។​​

លោក ឆេង សៀង មានប្រសាសន៍ថា៖ «​យើង​អនុញ្ញាត​ឲ្យ​តែអ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់ ហើយ​សាលា​បាន​ផ្ដល់​នូវ​អាល់កុល​គ្រប់​គ្រាន់​សម្រាប់​បុគ្គលិក និងគ្រូបង្រៀន…​យើង​នឹង​ពង្រឹង​វិន័យ​ថែម​ទៀត​ដោយតម្រូវ​ឲ្យ​សិស្ស​រក្សា​គម្លាត​សង្គម និង​អនាម័យ»។​

លោក ឆេង សៀង ឲ្យ​ដឹង​ដែរថា ​ក្នុង​អំឡុងពេល​បិទ​សាលា​នេះ សិស្ស​ក្រីក្រ​ជាច្រើន​មិនអាច​ចូល​សិក្សា​បាន​ ដោយ​ថា​គ្រួសារ​ពួកគេ​មិន​មាន​លទ្ធភាព​ឲ្យ​កូន​រៀន​តាម​អនឡាញ​បាន​។​

លោក​បន្ថែម​ទៀតថា៖ «​សិស្ស​ជា​ច្រើន​រស់​នៅ​តំបន់ដីទំនាប​ខាង​ក្រោម​នេះ មិន​​មាន​ឧបករណ៍​រៀន​តាមអនឡាញ​បានទេ ដូច​នេះ​សាលា​បាន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សម្ភារសម្រាប់​រៀន​ពី​ចម្ងាយ»។​

យុវសិស្ស​ថ្នាក់ទី​១២ ម្នាក់​ទៀត​រៀន​នៅវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ ឈ្មោះ សំ សុជាតិ ឲ្យ​ដឹង​ដែរថា ការ​វិល​មក​រៀន​ក្នុង​ថ្នាក់ជា​ថ្មីនេះ​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​បាន​រំពឹង​ទុក​នោះទេ ដោយ​ថា​ព្រោះ​កូនសិស្ស​មិន​អាច​ជួប​ជុំ​គ្នា​ដូច​ធម្មតា​បាន​​។

សុជាតិ បន្ថែម​ថា៖ «​ថ្នាក់​រៀនត្រូវ​បាន​បំបែក និង​រក្សា​គម្លាត នៅ​ក្នុង​ថ្នាក់មាន​សិស្ស​តែពី​១៥​ទៅ​១៦​នាក់…​យ៉ាងណា​ខ្ញុំ​មាន​អារម្មណ៍​ខ្លាចនៅ​ពេលចូល​​ទៅ​ទីនោះ ព្រោះ​យើង​ប្រឈមហានិភ័យ​ខ្ពស់​នឹង​ការ​ឆ្លង​កូវីដ-១៩ ទោះខ្ញុំ​បានចាក់​វ៉ាក់សាំង​រួច​ក៏​ដោយ​»។​

នៅ​តាម​ខេត្ត​ឯណោះ​វិញ​ កូន​សិស្ស​ក៏​បាន​វិល​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​វិញ​ផង​ដែរ​។ អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក វ៉ី សំណាង មាន​ប្រសាសន៍​ថា​សាលា​រៀន​គ្រប់​កម្រិត​នៅក្នុង​ខេត្ត​បាន​អនុញ្ញាត​​ឲ្យ​បើក​ឡើង​វិញ​តាំងពី​ថ្ងៃទី​១៣ ខែកញ្ញា បន្ទាប់ពី​លោក​នាក​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្ត​ជា​អ្នក​សម្រេច​ចិត្ត​។ លោក​ថា សាលារៀន​ចំនួន​៤០៣ បាន​បើក​ដំណើរការឡើងវិញ ក្នុងចំណោម​សាលារៀន​សរុប​៤១៣​។​

លោក វ៉ី សំណាង ​ឲ្យ​ដឹងថា​៖ ​«​សាលា​រៀន​ដែល​នៅ​សល់​គឺស្ថិត​ក្នុង​តំបន់​ប្រឈម​ខ្ពស់​ជំងឺ​កូវីដ-១៩ ខណៈ​សាលា​មួយ​ចំនួន​ទៀត​នៅ​ទីរួមខេត្ត​ត្រូវ​បាន​យក​ប្រើ​ប្រាស់សម្រាប់​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩»។ លោក ​បន្ថែមថា៖ «​ពេល​អ្នក​ជំងឺ​ជាសះស្បើយ​អស់ យើង​នឹង​មិន​ទទួល​អ្នក​ជំងឺ​ថ្មី​ទេ ពីព្រោះ​យើង​ត្រូវ​បើក​សាលា​ឡើង​វិញ»។​

ឈឿម សុខសាន្ត ជាសិស្សថ្នាក់ទី​១២​ ​រៀន​នៅ​វិទ្យាល័យ​មង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ។​ យុវតី​រូបនេះ បាន​ឲ្យ​ដឹង​ថា​តំបន់ជនបទ​មានការពិបាក​ក្នុងការ​រៀន​អនឡាញ ដោយ​ថា​ពិបាក​ស្ដាប់​​ពេល​គ្រូពន្យល់​អំពី​លំហាត់​។​

សុខសាន្ត និយាយថា៖ «​សម្រាប់ខ្ញុំ ខ្ញុំ​មានអារម្មណ៍​រីក​រាយ ពេល​បើក​សាលាឡើង​វិញ ពីព្រោះ​ឆ្នាំនេះជា​ឆ្នាំប្រឡង ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​រៀន​ឲ្យ​បាន​ច្រើន»។​

កាលពីថ្ងៃទី​១៤ ខែកញ្ញា​ រដ្ឋបាល​រាជធានីភ្នំពេញ បានប្រកាស​ថា ​សាលា​រដ្ឋ និងឯកជន​ចំនួន​២២៧ នៅ​ភ្នំពេញ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ ដែល​មានសិស្ស​សរុប​ចំនួន​១៣៩ ៥៧៨​នាក់​។​

​សេចក្ដីប្រកាសព័ត៌​មាន​ឲ្យ​ដឹង​ថា បុគ្គលិក​សិក្សា និងគ្រូបង្រៀន​ចំនួន​១០ ៤៤៣​នាក់​បានធ្វើ​តេស្ត រក​វីរុស​កូវីដ-១៩ និង​ថា​ក្នុង​នោះមាន​បុគ្គលិក និង​គ្រូ​ចំនួន​២៤​នាក់​មាន​វិជ្ជមាន​កូវីដ​-១៩​។

នៅ​ថ្ងៃពុធ ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ មាន​ចំនួន​៦៥៣​ករណីថ្មី​ និង​មានអ្នកស្លាប់​ចំនូន​៩​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបកើន​ឡើង​ដល់​១០១ ៤៤៣​ករណី និង​ស្លាប់មាន​ចំនួន២ ០៦៧​នាក់​ គិត​ចាប់ពី​មាន​ផ្ទុះ​រាលដាល​ជំងឺ​នេះ​តាំងពី​ដើម​ឆ្នាំ​២០២០​មក។ ក្រ​សួង​ឲ្យ​ដឹង​ដែរថា ​​អ្នក​ជាសះស្បើយ​សរុប​មានចំនួន​៩៤ ៣៥៧​នាក់​៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Schools reopen as government announces child vaccination plan

465 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម