សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ជំងឺគ្រុនឈាមឆ្នាំនេះកើនឡើងពីរដង និងមានមនុស្សស្លាប់ចំនួន​៥០នាក់

មន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុកអ្នកជំងឺគ្រុនឈាមនៅមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ២០២៣។ (ខេមបូចា)
មន្ត្រីក្រសួងសុខាភិបាល ចុះសួរសុខទុកអ្នកជំងឺគ្រុនឈាមនៅមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ២០២៣។ (ខេមបូចា)

ជំងឺគ្រុនឈាមឆ្នាំ២០២៥នេះ បានកើនឡើងប្រមាណពីរដងបើធៀបនឹងរយ:ពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៥០នាក់ លើសឆ្នាំចាស់៤នាក់ និងមានអ្នកកើតរាប់ពាន់នាក់ គិតត្រឹមខែសីហា។ យោងតាមមន្ត្រីសុខាភិបាល​បានលើកឡើង។

ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បញ្ជាក់ថា ស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០២៥នេះ មានចំនួនតួលេខអ្នកស្លាប់ចំនួន៥០នាក់ និងកើតចំនួនប្រមាណ៣ម៉ឺន៥ពាន់ករណី នេះបើគិតត្រឹមខែសីហា។

លោកបន្តថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រហូតដល់ ឆ្នាំ២០២៥ គ្រប់បណ្តាប្រទេសទាំងអស់មានការកើនឡើងដូចៗគ្នា រួមមានតំបន់ត្រូពិច អាស៊ីប៉ាស៊ីហ្វិក ជាដើម។ ដោយឡែក ប្រទេសកម្ពុជាក៏មានការកើនឡើងផងដែរ ខណ:ក្រសួងអាចបង្ការបានប្រមាណ​៣ម៉ឺននាក់មិនឱ្យកើតជំងឺគ្រុនឈាម។

លោក វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល មានប្រសាសន៍ថា«បើសិនជាគិតក្នុងរយ:ពេលដូចគ្នាឆ្នាំ២០២៥នេះគឹជាឆ្នាំវិលជុំ ដូច្នេះ ការប្រៀប​ធៀបឆ្នាំ២០២៤កន្លងមកឃើញថា ឆ្នាំនេះកើនឡើងប្រមាណជាងពីរដង ច្រើនជាងឆ្នាំមុន ដោយសារឆ្នាំនេះ ជាឆ្នាំវដ្តនៃជុំរបស់វា»។

លោកបន្តថា៖ «តែយ៉ាងណាជាដំណើរវិវត្តឆ្នាំនេះ ឃើញថា ជំងឺបានកាត់បន្ថយកំពូលនៃឆ្នាំមកនៅត្រឹមសប្តាហ៍ទី២៩ (ចុងខែ៧ ឬដើមខែ៨) ខណ:កាលឆ្នាំ២០២៤ កំពូលកើនឡើងខ្ពស់នៅចុងខែ៨ ឬដើមខែ៩ បានន័យថា ការងារធ្វើបានល្អខ្ពស់ជាងឆ្នាំមុន ដោយ​សារ​កាត់បន្ថយកំពូលនៃជំងឺបានមុនពេលវេលាការគ្រោងទុក»។

បើផ្អែកតាម លោក វេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល ចង្អុលបង្ហាញថា កន្លែងដែលងាយរងគ្រោះ និងមានអត្រាជំងឺគ្រុនឈាមខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា គឺតំបន់ដែលមានដង់ស៊ីតេប្រជាជនច្រើន ដូចជារាជធានីភ្នំពេញ ដែលងាយចម្លង។

លោកអំពាវនាវថា៖ «មេត្តាកុំឱ្យមើលឃើញហើយអត់ធ្វើ! រាល់សម្ភារឈប់ប្រើត្រូវកប់ ដុតចោល កុំឱ្យទឹកដក់ ដើម្បីកុំឱ្យមូសវាចូលទៅពង ឬចិញ្ចឹមកូនត្រី៧ពណ៌ឱ្យស៊ីដង្កូវទឹកក៏បាន ហើយក្នុងករណីរដូវភ្លៀងនេះ បើគ្រុនក្តៅកុំរួសរាន់ទៅមណ្ឌលសុខភាព ជៀសវាង​យឺតយ៉ាវលើសពី២ថ្ងៃ ទៅ៣-៤ថ្ងៃ អ្នកជំងឺអាចវិវត្តន៍ទៅធ្ងន់ធ្ងរពិបាកសង្គ្រោះបាន»។

សកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅសាលារៀនមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើមឆ្នាំ២០២៥។ (រូបភាពផ្តល់ឱ្យ)
សកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅសាលារៀនមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើមឆ្នាំ២០២៥។ (ខេមបូចា)

ពលរដ្ឋម្នាក់រស់នៅខេត្តព្រះសីហនុ លោក ណាក់ រុន ប្រាប់ សារព័ត៌មានខេមបូចា ថា លោកមានកូនចំនួនពីរនាក់បានកើតជំងឺគ្រុនឈាម កាលពីចុងខែសីហាកន្លងទៅនេះ  ដែលពួកគេមានអាការ:ក្តៅខ្លួនខ្លាំង ខណ:គ្រូពេទ្យតេស្តឃើញរោគសញ្ញាជំងឺគ្រុនឈាមកម្រិតធ្ងន់ទៅហើយ។

លោក ណាក់ រុន និយាយថា៖ «ដំបូងខ្ញុំយកទៅមើលពេទ្យនៅកំពង់សោម រួចគេបញ្ជូនទៅពេទ្យតេជោសន្តិភាពភ្នំពេញ ថ្ងៃនោះ គឺគាត់ក្តៅខ្លាំងរហូតមានអាការ:ប្រកាច់   ហើយខាងខ្ញុំសម្បូរមូសណាស់ តែឆ្នាំនេះអាជ្ញាធរអត់មានការបាញ់ថ្នាំ បាញ់អីទេ! »

រីឯពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានបាត់បង់សមាជិកគ្រួសារកាលពីពាក់កណ្តាលខែសីហា លោកស្រី ឈិន ឡាត់ បានប្រាប់ថា កូនលោកស្រីដែលមានវ័យ៣២ឆ្នាំ ត្រូវបានបាត់បង់ជីវិតដោយសារជំងឺគ្រុនឈាម ទាំងមានផ្ទៃពោះចំនួន៨ខែ ដោយ​សារ​គ្រូពេទ្យតេស្តរោគសញ្ញាមិនឃើញ។ លោកស្រីសម្តែងការសោកស្តាយអំពីការបាត់បង់កូនស្រី និងទទូចផ្តាំពលរដ្ឋគ្រប់រូប ពិសេស អាណាព្យាបាលដែលគួរប្រុងប្រយ័ត្នចំពោះជំងឺកាចសាហាវនេះ។

អ្នកស្រី ឈិន ឡាត់ បាននិយាយថា៖ «វាលឿនពេកហើយខ្ញុំជាម្តាយត្រៀមចិត្តមិនទាន់ ជំងឺនេះសាហាវណាស់ ឃើញឈរបាន ដើរសុខៗ ខ្ញុំស្មានមិនអី! ណាមួយបញ្ជូនទៅពេទ្យពីរដង តែពេទ្យថាឈាមមិនអីដូចគ្នា តែស្រាប់ផុតដង្ហើមហើយទើបដឹងថាគ្រុនឈាម»។

អ្នកស្រី ឡាត់ បានបន្តថា៖ «ខ្ញុំបារម្ភសុវត្ថិភាពចៅៗទោះម៉ែស្លាប់ទៅហើយ តែនៅកូនបួននាក់រៀនថ្នាក់អនុ និងបឋម ខ្ញុំចាស់មើលថែពួកគាត់មិនដិតដល់ទេ អង្គុយនឹកភ័យខ្លាចឆ្លងដល់ពួកគាត់ ព្រោះគ្មានលុយមួយរៀលក្នុងខ្លួន»។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ ថ្លែងប្រាប់ សារព័ត៌មានខេមបូចា នៅថ្ងៃទី១០ សីហា ថា ក្នុងឆ្នាំ២០២៥នេះ នៅត្រឹមសប្តាហ៍ទី៣៦ខេត្តព្រះវិហារមានករណីគ្រុនឈាមប្រមាណជាង ១ ៦០០ ករណី និងស្លាប់ ២ករណី ដែលចំនួននេះបានកើនឡើងប្រមាណ៧ដងនៃឆ្នាំ២០២៤។

ឯស្រុកដែលរងផលប៉ះពាល់ច្រើនជាងគេ គឺស្រុកគូលែន មានប្រមាណ៨០០ករណី បន្ទាប់មក គឺស្រុកជាំក្សាន្ត ក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ក្នុងនោះ ស្រុកគូលែនបានចាប់ផ្តើមផ្ទុះមុនគេតាំងពីដើមឆ្នាំមកម្ល៉េះ។

លោក គួង ឡូ ថ្លែងថា៖ «ករណីស្លាប់នេះដោយសារតែគាត់មានការយឺតយ៉ាវផង មកមន្ទីរពេទ្យថ្ងៃទី៤ទីអីហើយបានគាត់មកដល់មន្ទីរពេទ្យ។ អញ្ចឹងស្ថានភាពវាធ្ងន់បានគាត់មកមន្ទីរពេទ្យ តែអ្វីដែលយើងសង្កេតឃើញ គឺមានការថយចុះនៅសប្តាហ៍ទី៣៦នេះ ក្នុងមួយសប្តាហ៍យើងមានរង្វង់ប្រហែល១៨ ឬ១៩ករណី ដែលចំនួននេះទាបមែនទែន»។

ជុំវិញរឿងនេះ នាយកប្រតិបត្តិគណ:កម្មាធិការសម្របសម្រួលសុខភាព(HACC) លោក ទឹម វរ៉ា ថ្លែងថា ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរបង្កើន និងពង្រឹងយុទ្ធនាការផ្សាយ អំពី ជំងឺគ្រុនឈាមឱ្យបានទូលំទូលាយបន្ថែមទៀតដើម្បីបង្ការជាមុន មុនពេលរដូវភ្លៀងឈានមកដល់។

លោក ទឹម វរ៉ា មានប្រសាសន៍ថា៖ «យើងគួរធ្វើតាមរយ:កម្មវិធីជាតិ និងគណ:កម្មការឃុំសង្កាត់ ពង្រឹងនូវយន្តការតាមដាននៃការឆ្លង ពង្រឹងតួនាទីរបស់ក្រុមទ្រទ្រង់សុខភាពភូមិ និងពង្រឹងការបញ្ជូន»។

របាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ដីអំពី «លទ្ធផលនៃការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤» បង្ហាញថា ដំណាច់ឆ្នាំ២០២៤ មានករណីជំងឺគ្រុនឈាមចំនួនសរុប ១៨ ៩៨៧ នាក់ ស្លាប់៤៦នាក់ ខណ:ឆ្នាំ២០២៣ មានចំនួនករណី ៣ ៥៣៩០នាក់ បាត់បង់ជីវិត៩៩នាក់។

ដោយឡែក របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា អំឡុងពេលប្រឡងសញ្ញា​បត្រ​មធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ ឆ្នាំ២០២៥នេះ មានបេក្ខជនចំនួន៩រូបបានកើតជំងឺគ្រុនឈាមកម្រិតធ្ងន់ និងស្រាលអំឡុងពេលប្រឡងបាក់ឌុប ប៉ុន្តែមិនមានចំនួនអ្នកបាត់បង់ជីវិតនោះទេ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆកា បញ្ជាក់ប្រាប់ សារព័ត៌ខេមបូចា៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម