សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​ត្រៀម​ខ្លួន​ទប់ស្កាត់វីរុសនីប៉ាហ៍ ខណៈវីរុស​នេះ​កំពុង​រាតត្បាតនៅឥណ្ឌា​

ជ្រឹងមួយ​ក្បាលកំពុង​ហោះហើរ​ក្បែរមែកឈើ ខណៈជ្រឹងជាច្រើនក្បាលទៀតកំពុងតោងមែកឈើនៅ​សួន​វត្ត​ភ្នំ ​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)
ជ្រឹងមួយ​ក្បាលកំពុង​ហោះហើរ​ក្បែរមែកឈើ ខណៈជ្រឹងជាច្រើនក្បាលទៀតកំពុងតោងមែកឈើនៅ​សួន​វត្ត​ភ្នំ ​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

ក្រ​សួងសុខាភិបាល​បាន​ជំរុញ​ឱ្យ​សាធារណជ​នមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នីប៉ាហ៍ និង​បាន​ដាក់​ចេញ​វិធានការ​ការពារ​មួយ​ចំនួន​ផង​ដែរ ខណៈ​នៅ​ប្រទេស​ឥណ្ឌា​មាន​សេចក្ដី​រាយការ​ណ៍​ពី​ការ​រាតត្បាត​វីរុស​នេះ​នៅតំបន់​ West Bengal ​មាន​​ចំនួន​ប្រាំ​ករណី​បាន​ឆ្លង និង​មាន​មនុស្ស​ជាង​១០០​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក ដែល​រឿង​នេះ​កំពុង​​បង្កជា​កង្វល់​ដល់បញ្ហា​​សុខភាព​​ក្នុង​តំបន់​។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​ចេញ​ផ្សាយ​កាលពីថ្ងៃអាទិត្យ ឲ្យ​ដឹងថា​គិត​មក​ទល់ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លង​វីរុស​នេះ​លើ​មនុស្ស​នៅ​ឡើយទេនៅ​កម្ពុជា​។ បើ​តាម​ក្រសួង​សុខាភិបាល​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាម​រយៈ​ការ​ប៉ះពាល់​ទឹក​សរីរាង្គ​របស់​បុគ្គល​ និង​ថា​ជំងឺ​បង្ក​ដោយ​វីរុសនេះ​ពុំ​ទាន់មាន​​ឱសថ​ព្យាបាល ឬវ៉ាក់សាំង​ជាក់លាក់​ណា​មួយ​សម្រាប់​ការពារ​នៅ​ឡើយ​ដែរ​។​​​​

ប្រចៀវ និង​ជ្រឹង ​ជាភ្នាក់ងារ​ចម្លង​វីរុស​នីប៉ាហ៍ ហើយ​អ្នក​ដែល​​ឆ្លង​វីរុសនេះ​អាច​ប្រឈម​នឹង​អត្រា​ស្លាប់​ចន្លោះពី​៤០ទៅ​៧០ភាគរយ​។ ជ្រូក​ក៏​ងាយ​ឆ្លង​នឹង​ជំងឺ​បង្កដោយ​វីរុសនីប៉ាហ៍​ដែរ​។

ក្រ​សួង​សុខាភិបាល​បញ្ជាក់ថា ​ខ្លួ​ន​បាន​ដាក់​ចេញ​នូវ​វិធានការ​មូយ​ចំនួន​ដើម្បី​ការពារ​វីរុស​នីប៉ាហ៍​ចូល​ក្នុង​ប្រទេស​កម្ពុជា​។​

វីរុស​នីប៉ាហ៍​រក​ឃើ​ញ​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​ ក្នុង​ឆ្នាំ​១៩៩៩ ហើយ​នៅ​ប្រទេស​បង់ក្លាដេស និង​ឥណ្ឌា រក​ឃើញ​នៅ​ឆ្នាំ​២០០១ និង​មាន​សេចក្ដី​រាយការណ៍​ថា​នៅ​បង់ក្លាដេស និង​ផ្នែក​ភាគខាង​កើត​ប្រទេស​ឥណ្ឌា​តែង​មានការ​ឆ្លង​វីរុស​នេះ​។​ គិត​មក​ទល់ពេល​នេះ កម្ពុជា​មិន​ទាន់​រកឃើញ​វត្ត​មាន​វីរុស​នីប៉ាហ៍​លើ​មនុស្ស​នៅឡើយ តែធ្លាប់​រក​ឃើញ​លើ​សត្វ​ប្រចៀវ​។​

នៅ​ប្រទេស​ឥណ្ឌា មន្ត្រី​សុខាភិបាលបាន​ប្រញាប់ប្រញាល់​​គ្រប់គ្រង​វីរុស​នីប៉ាហ៍​ដែល​ផ្ទុះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយក្នុង​ទីក្រុង​ Kolkata និង​មាន​មនុស្ស​ប្រាំនាក់​បាន​ឆ្លង​ជំងឺ​នេះ ក្នុង​នោះ​មាន​​​បុគ្គលិក​ពេទ្យ​ពីរ​នាក់​ផង​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ហើយ​មនុស្ស​ជា​ង​១០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​ចត្តាឡីស័ក។​​

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ ANI ប្រចាំ​ប្រទេសឥណ្ឌា លោក​វេជ្ជបណ្ឌិត Rajeev Jayadevan ដែល​ជាអតីត​ប្រធានសមាគម​គ្រូពេទ្យ​​ក្រុង​ Cochin ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា​​វីរុស​នេះ​អាច​បង្កឲ្យ​មាន​​ការ​រលាក​ខួរ​ក្បាល​ធ្ងន់​ធ្ងរ​ និង​ថា​អត្រាមរណភាព​មាន​រហូត​ដល់​៩១​ភាគរយ​។​

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ​និង​ជា​អ្នក​នាំពាក្យ​ក្រ​សួង​សុខាភិបាល​បាន​ឲ្យ​ដឹងថា ​មិន​ទាន់​មាន​ការរកឃើញ​ករណី​អ្នក​ឆ្លង​វីរុស​នីប៉ាហ៍​នៅកម្ពុជា​នៅឡើយ​ទេ​។ លោក​ថា​នាយក​ដ្ឋាន​របស់​លោក​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ស្ថាន​ភាព​​ និង​ត្រៀម​ខ្លួន​បង្ការ​មិន​ឲ្យ​មានការ​ឆ្លង​រាល​ដាល​នៃវីរុស​នីប៉ាហ៍​។​

ដូច​គ្នា​ដែរ​លោកបញ្ជាក់​ថា កម្ពុជា​ក៏​ពង្រឹង​ការ​តាម​ដាន​លើ​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា ក្រោយ​មានសេចក្ដី​រាយការណ៍​ពី​ការ​ផ្ទុះ​ជំងឺ​ ហើយ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ភ្លាមៗ​​ដើម្បី​អនុវត្ត​វិធានការ​ធ្វើ​ចត្តាឡីស័ក​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ទៀត​ថា​ ជំងឺ​បង្ក​ដោយ​វីរុស​នីប៉ាហ៍​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​មិន​ដូច​ជំងឺ​កូវីដ-១៩ ​ដែល​ឆ្លង​តាម​រយៈ​ខ្យល់​នោះ​ទេ​។ រាល់​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​ដែល​មាន​ផ្ទុះ​ជំងឺ​នឹង​​ត្រូវ​តាមដាន​ដោយ​ដិត​ដល់ ហើយ​វិធានការ​ចត្តាឡីស័ក​ក៏​នឹង​ត្រូវអនុវត្ត​​បើ​សិន​ជាមានករណី​​សង្ស័យ​។​

លោក​ឲ្យ​ដឹង​ទៀតថា ​នាយក​ដ្ឋាន​របស់​លោក​មាន​មន្ទីរពិសោធន៍​ចំនួន​១២ និង​ថា​នាយក​ដ្ឋាន​បន្ត​ពង្រឹង​ប្រព័ន្ធតាមដាន​លើ​ករណី​សង្ស័យ និង​ពង្រឹង​សមត្ថភាព​អ្នកជំនាញ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​ការ​គំរាមកំហែង​ណា​មួយ​ពី​វីរុស​នីប៉ាហ៍​។​

ក្នុង​ស្ថានភាព​ណាមួយ​ដែល​ប្រជាពល​រដ្ឋ​មកពី​ប្រទេស​នានា​ឬតំបន់​ដែលមាន​ជំងឺ​រាតត្បាត​ និង​សង្ស័យ​ថា​ខ្លួន​មាន​ជំងឺ ប្រជាពល​រដ្ឋទាំង​នោះ​ត្រូវ​រាយការណ៍​ទៅអាជ្ញាធរ​​ដើម្បី​ទប់​ស្កាត់ និងទទួល​ការ​​ព្យាបាល​ទាន់ពេល​វេលា។​​

លោក​បន្តថា៖ «នេះជា​ការងារ​របស់​ក្រសួង​ដែល​ត្រូវ​តាម​ដាន​រាល់​អ្នក​ដំណើរ​ចូល​ប្រទេស​កម្ពុជា​​ទាំង​តាម​ផ្លូវអាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក​។ ប៉ុន្តែ​សម្រាប់​ករណី​ឆ្លង​ថ្មី​យើង​ផ្ដោត​សំខាន់​តែ​ប្រទេស​ដែល​មាន​ផ្ទុះ​ជំងឺ​»​។​

ជ្រឹងមួយ​ក្បាលហោះហើរក្បែរមែកឈើ ខណៈជ្រឹងជាច្រើនក្បាលទៀតតោងមែកឈើ​នៅ​សួន​វត្ត​ភ្នំ ​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យ​ចិត្តធម៌កម្ពុជា ប្រាប់សារព័ត៌មានខេមបូចា ​ថា ​ប្រជាពល​រដ្ឋត្រូវ​តែបង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​អនុវត្តវិធានការការពារ​ឲ្យ​បានកម្រិត​ខ្ពស់​ទោះបី​មិន​ទាន់​មានករណី​ឆ្លង​ក្ដី​។​

លោក​មាន​ប្រសាសន៍​ទៀតថា ​ក្រ​សួង​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​តាម​ដាន​បញ្ហា​នេះ​​។ លោកបន្តទៀត​ថា៖ «ជំងឺ​នេះ​រកឃើញ​នៅ​ប្រទេស​ឥណ្ឌា ហើយ​យើង​មិន​ទាន់​រក​ឃើញ​នៅ​កម្ពុជា​នៅ​ឡើយ​ ប៉ុន្តែ​ប្រជាពល​រដ្ឋ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ការពារ​ខ្លួន ព្រោះថា​វីរុស​នេះ​គ្រោះថ្នាក់​ណាស់»។​

បើ​តាម​អង្គការ​សុខភាព​ពិភព​លោក វីរុស​នីប៉ាហ៍ ត្រូវ​បានចាត់ទុក​ថា ​ជា​វីរុស​ដែល​មាន​លទ្ធភាព​ក្នុង​ការ​បង្កជាជំងឺ​រាត​ត្បាត​ខ្ពស់​។ បច្ចុប្បន្ន​មិន​ទាន់​មាន​វ៉ាក់សាំង ឬ​ការ​ព្យាបាល​ជាក់​លាក់​ណាមួយ​លើ​ជំងឺ​នេះ​នៅ​ឡើយ​​។ អ្នក​ឆ្លង​ជំងឺ​នេះ​អាច​​មិន​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដំបូងៗ និង​ក្រោយ​មក​អាច​ចេញ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ស្រូច​ស្រាល់ និង​បង្ក​ការរលាក​ធ្ងន់ធ្ងរ​ដល់​ខួរ​ក្បាល​ដែលនឹង​​បង្ក​​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​៕​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Steps Up Nipah Virus Preparedness as India Confirms Latest Outbreak

ព័ត៌មានថ្មី

អត្ថបទពេញនិយម