សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ក្រសួងសុខាភិបាលស្នើឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ក្រោយរកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មីប្រភេទJN.1កើនដល់​២១នាក់

បុរសម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ក្រោយទទួលបានដំណឹងនៃករណីឆ្លងថ្មី។ រូបភាពថតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
បុរសម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពមួយកន្លែងក្នុងរាជធានីភ្នំពេញ បន្ទាប់ពីក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំង ក្រោយទទួលបានដំណឹងនៃករណីឆ្លងថ្មី។ រូបភាពថតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងសុខាភិបាលកម្ពុជា បានណែនាំជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើនការប្រុងប្រយ័ត្ន ដោយសារព្រួយបារម្ភពីការរីករាលដាលថ្មីនៃប្រភេទ JN.1 ដែលត្រូវបានរកឃើញថាមានករណីឆ្លងថ្មីកើនឡើងដល់២១ករណីក្នុង​រយៈ​ពេលពីរសប្តាហ៍ក្នុងខែឧសភានេះ។​

ក្តីបារម្ភនោះគឺថា មេរោគប្រភេទនេះបានវិវដ្ដ និងបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ហើយពេលនេះវាកំពុងវាយលុកនៅក្នុងប្រទេសថៃ ដែលអង្គការសុខភាពពិភពលោកបានចាត់ថ្នាក់វាជាការ «វិវដ្តយ៉ាងខ្លាំង» ដោយសារល្បឿន និងលក្ខណៈជីវសាស្រ្តរបស់វា។

ត្រឹមពាក់កណ្តាលខែមីនាឆ្នាំនេះ មេរោគប្រភេទ JN.1 មានច្រើនជាង១៥ភាគរយនៃករណី​កូវីដ-១៩ ដែលត្រូវបានរកឃើញទូទាំងពិភពលោក។

អាស្រ័យហេតុនេះ ក្រសួងបានប្រកាសដល់សាធារណជន ឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបន្តការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមានហានិភ័យខ្ពស់ដែលងាយឆ្លងវីរុស​នេះ រួមទាំងអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ជំងឺរ៉ាំរ៉ៃ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ។

បើតាមការកត់សម្គាល់របស់ក្រសួង ករណីថ្មីនេះមានរោគសញ្ញាស្រដៀងគ្នាទៅនឹងមេរោគកូវីដ-១៩ ពីមុនដែលមានអាការៈគ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ និងក្អួតចង្អោរ ហើយវាក៏មានភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតា។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានសង្កត់ធ្ងន់ថា មេរោគប្រភេទJN.1 នេះគឺ «ឆ្លងកាន់តែច្រើន រីករាលដាលកាន់តែលឿន និងអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សបានយ៉ាង​ងាយ»។ ក្រសួងបន្តថា៖«ទោះបីជាមេរោគប្រភេទ JN.1 នេះបង្កហានិភ័យសុខភាពសាធារណៈពិភពលោកក្នុងកម្រិតទាបក៏ដោយ ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់»

កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកទឹកចិត្តយ៉ាងមុតមាំ ឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការកើនឡើង ក៏ដូចជាប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ»។ ការ​អំពាវនាវ​របស់​លោកស្រី​ធ្វើ​ឡើងក្រោយការចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​កាលពី​ថ្ងៃ​ទី ១២ ខែ​ឧសភា។

លោកស្រី វណ្ណឌីន បានថ្លែងថា៖ «វាចាំបាច់ណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលងាយប្រឈមខ្ពស់ រួមទាំងមនុស្សចាស់ បុគ្គលដែលមានជម្ងឺប្រចាំកាយ និងភាពស៊ាំចុះខ្សោយ ដើម្បីបន្តភាពសកម្ម និងទទួលថ្នាំបង្ការ»

អ្នកស្រីបានបន្ថែមថា៖ «ដើម្បីការពារខ្លួនយើង និងសហគមន៍ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ពីការកើនឡើងនៃជំងឺកូវីដ-១៩ នាពេលអនាគត អ្នកគ្រប់គ្នាគួរតែទទួលយកការចាក់វ៉ាក់សាំង។ វ៉ាក់សាំង Pfizer នឹងត្រូវចែកចាយនៅតាមមណ្ឌលសុខភាពតាមតំបន់ និងមន្ទីរពេទ្យរដ្ឋនៅគ្រប់ខេត្តក្រុង»

ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងឆ្នាំ២០១៩មក ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺនេះ ប្រមាណ ១៣៦ ២៨៥នាក់ ដោយមានអ្នកស្លាប់ចំនួន ៣ ០៥៦នាក់។

បុគ្គលិកសុខាភិបាលកំពុងរៀបចំទុកដាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដើម្បីបង្ការការឆ្លងថ្មី។ រូបភាពថតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

មជ្ឈមណ្ឌលព័ត៌មានស្ដីពីជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលថៃបានបង្ហាញថា ករណីចំនួន ៧១ ០៦៧ និងអ្នកស្លាប់ចំនួន១៩នាក់ត្រូវបានកត់ត្រាក្នុងចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងប្រទេសនេះ។  ដែលវាបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការរីករាលដាលនៃករណីជំងឺកូវីដ-១៩ប្រភេទថ្មីនេះ។

កញ្ញា សុភ័ក្រ កក្កដា ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភអំពីការឆ្លងឡើងវិញនៃជំងឺកូវីដ-១៩ ដោយសារតែ «ការធ្វេសប្រហែសរបស់ពលរដ្ឋ» ដែលមិនបានការពារខ្លួន ឬថែរក្សាសុខភាពរបស់ពួកគេ។ អ្នកស្រីជឿជាក់ថា ករណីថ្មីនេះវានឹងឆ្លង  ហើយមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេដ្ឋកិច្ច និងការអប់រំរបស់កុមារផងដែរ។

កញ្ញាបលើកឡើងថា សេចក្តីប្រកាសរបស់ក្រសួងមានសារៈសំខាន់ណាស់ ហើយប្រជាពលរដ្ឋគួរតែចូលរួមទប់ស្កាត់ការរីករាលដាល និងការពារខ្លួន ដោយមើលឃើញថា គ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ជាមួយនឹងជំងឺនេះ។ កញ្ញាបន្តថា បទពិសោធន៍​កន្លង​មក​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រសើរ​ឡើង ហើយ​មិន​ធ្ងន់ធ្ងរ​ដូច​មុន​ឡើយ ។

កញ្ញា កក្កដា បាននិយាយថា៖ «យើងបានឆ្លងកាត់ការបិទខ្ទប់នាពេលកន្លងមក ដូច្នេះប្រជាជនទាំងអស់ត្រូវតែដឹងពីរបៀបថែរក្សាសុខភាពរបស់ពួកគេ និងប្រកាន់ខ្ជាប់ឱ្យបាននូវ វិធានការ ៣ការពារ និង ៣កុំ ដែលក្រសួងបានដាក់ឱ្យអនុវត្ត»

សិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ធ្វើតេស្តរកជំងឺកូវីដ-១៩ នៅវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក មុនពេលអនុវិទ្យាល័យបើកដំណើរការវិញនៅថ្ងៃទី១៥ ខែកញ្ញា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២១។ (ខេមបូចា)

ត្រលប់ទៅឆ្នាំ២០២០ ទីភ្នាក់ងារអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ដោយវិបត្តិកាន់តែកើនឡើងធ្វើឱ្យប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការសង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ។

ធនាគារពិភពលោក ក៏បានកត់សម្គាល់ផងដែរអំពីការរំខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងវិស័យផ្សេងៗនៃការអភិវឌ្ឍសង្គម ជាពិសេសវិស័យអប់រំ។

នៅពេលនោះ សិស្សានុសិស្សត្រូវការការតភ្ជាប់អ៊ីនធឺណិតដែលមានស្ថិរភាពតាមរយៈឧបករណ៍បច្ចេកវិទ្យា ដើម្បីចូលសិក្សាតាមប្រព័ន្ធអនឡាញ។ តម្រូវការទាំងនេះបានពង្រីកគម្លាតរវាងសិស្សដែលរស់នៅតាមជនបទ និងនៅទីក្រុង។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ សិស្សានុសិស្សប្រមាណ ២១០ ០០០នាក់ បានសិក្សានៅក្នុងសាលាឯកជនចំនួន ១ ២២២កន្លែង ធៀបនឹងសិស្សសាលារដ្ឋចំនួន ៣,២លាននាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Health Ministry Compels People to Get Vaccinated As JN.1 Covid-19 Cases Rise to 21 in Two Weeks

179 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម