សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចក្នុងការបដិសេធមិនឲ្យនៅក្រៅឃុំចំពោះមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបីនាក់ ដែលរួមមានប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ផងដែរ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ប្លង់ សំណាង បានបញ្ជាក់នូវសេចក្តីសម្រេចខាងលើនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានបន្ថែមនោះទេ។
លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិអាដហុក ដែលបានតាមដានករណីរឿងក្តីនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសវនាការថា សេចក្តីសម្រេចរបស់តុលាការគឺ ធ្វើឡើងក្រោមហេតុផលថា ការដោះលែងអ្នកសហជីពពីការឃុំខ្លួនមុនសវនាការអាចបង្កចលាចលសង្គម ។
អ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំគិតថា នេះគឺគ្រាន់តែជាហេតុផលដោះសារដើម្បីរឹតត្បិតសេរីភាពរបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងមើលទៅករណីដទៃទៀតពាក់ព័ន្ធជាមួយនឹងបុគ្គលមានអំណាច ឬមានទ្រព្យសម្បត្តិស្តុកស្តម្ភ អាជ្ញាធរតែងតែដោះលែងពួកគេឲ្យនៅក្រៅឃុំ ហើយករណីខ្លះមិនបានឆ្លងកាត់នីតិវិធីតុលាការផងដែរ»។
អ្នកស្រីបានបន្តថា តុលាការតែងតែប្រើប្រាស់ការឃុំខ្លួនមុនសវនាការក្នុងករណីផ្សេងៗពាក់ព័ន្ធជាមួយនឹងសកម្មជន និងអ្នកសហជីពការងារ ដែលនេះជាការអនុវត្តមួយផ្ទុយពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
អ្នកស្រីបាននិយាយថា៖ «ការឃុំខ្លួនមុនសវនាការគួរតែជាវិធានការចុងក្រោយមួយ នៅពេលដែលតុលាការរកឃើញថា ការដាក់ឲ្យនៅក្រៅឃុំអាចបង្កជាហានិភ័យផ្នែកសន្តិសុខ ឬធ្វើឲ្យប៉ះពាល់ដល់ភស្តុតាង និងសាក្សី» ដោយអ្នកស្រីបានច្រានចោលការអះអាងថា សមាជិកសហជីពបានបង្កជាការគំរាមកំហែង។
អ្នកស្រីបានលើកឡើងថា អាជ្ញាធរហាក់ដូចជា មិនចាប់អារម្មណ៍នៅក្នុងការដោះស្រាយជម្លោះ និងបានគាំទ្រភាគីក្រុមហ៊ុនណាហ្គាវើលដ៍។
អ្នកស្រីបានថ្លែងថា៖ «យើងមិនដឹងថាអាជ្ញាធរបាននិយាយអ្វីជាមួយក្រុមហ៊ុននោះទេ ពីព្រោះយើងមិនមានព័ត៌មានទាល់តែសោះ ប៉ុន្តែអាជ្ញាធរកំពុងព្យាយាមរឹតត្បិតសិទ្ធិសហជីពទៅវិញ។ អាជ្ញាធរត្រូវតែដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា»។
នយោជិតក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់បានធ្វើកូដកម្មអហិង្សាចាប់តាំងពីខែធ្នូមក ដោយទាមទារឲ្យក្រុមហ៊ុនគោរពតាមគោលការណ៍ការងារ និងអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅធ្វើការឡើងវិញ។ នៅអំឡុងពេលកូដកម្ម សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុគ្គលិក និងសមាជិកសហជីពចំនួន ១១ នាក់ ក្រោមការឃុំខ្លួនមុនសវនាការ ពាក់ព័ន្ធនឹងបទចោទប្រកាន់ញុះញង់ និងរំលោភបំពានវិធានការសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានជួបជាមួយនឹងនគរបាល និងមន្រ្តីពាក់ព័ន្ធ ដើម្បីព្យាយាមដោះស្រាយជម្លោះការងាររបស់បុគ្គលិកនយោជិតក្រុមហ៊ុនណាហ្គាវើលដ៍។
កិច្ចប្រជុំខាងលើនេះរួមមានតំណាងពីក្រសួងការងារ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក៏ដូចជា អភិបាលក្រុងភ្នំពេញ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែលទ្ធផលកិច្ចប្រជុំមិនទាន់បង្ហាញចេញនៅឡើយនោះទេ។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ បដិសេធមិនបញ្ចេញយោបល់ ដោយសុំបង្វែរសំណួរទៅកាន់ក្រសួងការងារ។ យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បាននិយាយថា លោកមិនបានចូលរួមកិច្ចប្រជុំនោះទេ និងស្នើបង្វែរសំណួរទៅក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងប្រាប់ ខេមបូចា កាលពីថ្ងៃពុធថា លោកមិនបានចូលរួមនៅក្នុងកិច្ចប្រជុំខាងលើនោះទេ។
សេចក្តីជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ចេញដោយក្រសួងការងារមិនបានលើកឡើងពីកិច្ចប្រជុំកាលពីថ្ងៃពុធនោះទេ ប៉ុន្តែបានលើកឡើងសាជាថ្មីពីការអំពាវនាវឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ការតវ៉ា ខណៈពេលអាជ្ញាធរកំពុងដោះស្រាយ។
សេចក្តីជូនដំណឹងឲ្យដឹងថា៖ «ក្រសួងនឹងបន្តសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយក្តីកង្វល់របស់បុគ្គលិក ក៏ដូចជា ផលប្រយោជន៍ស្របច្បាប់របស់នយោជិក»។
អ្នកស្រី ហាស់ រិទ្ធីរតនា បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ដែលបានធ្វើកូដកម្មអស់រយៈពេលជាច្រើនខែមកនេះ និយាយថា អ្នកស្រីខកចិត្តនឹងសេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រីបានថ្លែងថា៖ «កាលពីដំបូង យើងគិតថា នឹងមានដំណោះស្រាយ ពីព្រោះវាគ្រាន់តែជាជម្លោះការងារធម្មតា ហើយនៅពេលដែលលោកឧបនាយករដ្ឋមន្រ្តីចេញមុខមកដោះស្រាយបញ្ហា យើងមានក្តីសង្ឃឹមកាន់តែច្រើន»។
អ្នកស្រី រិទ្ធីរតនាបានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជំរុញដោះស្រាយបញ្ហា បើមិនដូច្នេះទេ បញ្ហានឹងនៅតែបន្តអូសបន្លាយពេលទៅមុខ។
អ្នកស្រីបានថ្លែងថា៖ «យើងនឹងបន្តធ្វើការទាមទាររហូតដល់មានដំណោះស្រាយ។ មេដឹកនាំសហជីពត្រូវបានចោទប្រកាន់ពីបទញុះញង់ នេះពិតជាអយុត្តិធម៌សម្រាប់ពួកយើង ពីព្រោះយើងមិនបានបង្កការញុះញង់នោះទេ យើងគ្រាន់តែធ្វើតាមនិតិវិធីច្បាប់ការងារប៉ុណ្ណោះ»។
សេចក្តីថ្លែងការណ៍ចេញនៅសប្តាហ៍នេះដោយអ្នកស្រី Michelle Bachelet ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស បានលើកឡើងថា កាលពីពេលថ្មីៗនេះ អាជ្ញាធរបានប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានធ្វើកូដកម្មដោយអហិង្សា។ សេចក្តីថ្លែងការណ៍របស់អ្នកស្រី Bachelet ក៏បានអំពាវនាវឲ្យអាជ្ញាធរគោរពសិទ្ធិប្រមូលផ្តុំដោយសន្តិវិធី និងចូលរួមពិភាក្សាលើសំណើស្របច្បាប់របស់ក្រុមកូដករ៕ (រាយការណ៍បន្ថែមដោយ ស៊ើង និមល់)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Casino unionists denied bail as inter-ministerial meeting remains closed