សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មេដឹកនាំសហជីពណាហ្គាវើលដ៏ និងកូដករ៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងយប់ឆ្លងឆ្នាំសកល

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

មេដឹកនាំសហជីពណាហ្គាវើលដ៍ និងកូដករចំនួន៩នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួនក្នុង​យប់ឆ្លងឆ្នាំ​សកល២០២១ចូលឆ្នាំ២០២២ ខណៈពួកគេបានបន្តធ្វើកូដកម្មនៅមុខ​សណ្ឋាគារ និង​កាស៊ីណូណាហ្គាវើលដ៍ដើម្បីទាមទារដំណោះស្រាយការងារ។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៧​យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុគ្គលចំនួន៩រូប ពីបទបាន​រៀបចំបាតុកម្មដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លិខិតនេះបានបញ្ជាក់ថា៖ «ការចាប់ខ្លួនបុគ្គលចំនួន៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤-១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាល​កំពុង​អនុវត្តនីតិវិធីទៅតាមវិធានការច្បាប់»

ក្នុងលិខិតនេះដែរ ស្នងការរាជធានីភ្នំពេញ​ ឱ្យដឹងទៀតថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើន​លើកច្រើនសារ​ ឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់នេះ ប៉ុន្តែពួកមេដឹកនាំបាតុកម្ម​មិនស្តាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣​ថ្ងៃមកហើយ។

សូមបញ្ជាក់ថា សមត្ថកិច្ចព្យាយាមឃាត់ខ្លួនកញ្ញា ឈឹម ស៊ីថរ​ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករខែ្មរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ន្តែត្រូវបរាជ័យ​ក្រោយមានការ​រារាំង​ដោយក្រុមកូដករ។

ក្រុមកូដករណាហ្គាវើលដ៍ដែលគ្រោងធ្វើកូដកម្មតាំងពីម៉ោង២រសៀល រហូតដល់ឆ្លងឆ្នាំថ្មី នៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានរំសាយទៅវិញនាម៉ោង៩ ល្ងាច ដោយពួកគាត់អះអាងថា ការរំសាយនេះគឺធ្វើឡើងតាមការស្នើសុំរបស់អាជ្ញាធរ។

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូ ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ឱ្យដឹងថា សកម្មជន និងថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន ៩ នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួន​នៅការិយាល័យសហជីពស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណៈ​សកម្មជនសហជីពផ្សេងទៀតក៏កំពុងត្រូវតាមចាប់ខ្លួនផងដែរ។ សកម្មជននិងសហជីព​ទាំង​នោះរួមមាន អគ្គលេខាធិការសហជីព ឈឹម សុខន​ និងសកម្មជនសហជីពដូចជា ឃ្លាំង សុបិន្ត សុន ស្រីពេជ្យ ហៃ សុភាព រី សុវណ្ណឌី រិន ផល្លា អេង ស្រីបូ ស៊ុន ស្រីមំ ទូច សេរីមាស។

ក្រោយមានការទទួលដំណឹងពីការឃាត់ខ្លួនប្រធានសហជីព កូដករជាច្រើនបានសម្រុក​ទៅ​កាន់មុខណាហ្គាវើលដ៍២ ដែលជាទីតាំងដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានគេព្យាយាម​ឃាត់​ខ្លួន។ ក្រុមកូដករ​និងនគរបាលស្រី មានការប្រទាញប្រទុងគ្នាយ៉ាងខ្លាំង លុះក្រោយមក​នគរបាលស្រី​បានចាក​ចេញពីកន្លែងកើតហេតុ។

ក្រុមកូដករណាហ្គាវើលដ៍ប្រហែល២០០នាក់បានស្រាក់ដៃគ្នាជារង្វង់ ដោយទុកឱ្យកញ្ញា ស៊ីថរ នៅកណ្ដាល និងបិទផ្លូវមុខណាហ្គាវើលដ៍២ ប្រហែលកន្លះម៉ោង ក្រោយមកពួកគេបាន​ផ្លាស់ប្ដូទី​កន្លែង​ជាច្រើនដង ដោយម្ដង ឈប់ប្រហែល២០នាទី ដោយឆ្ពោះទៅកាន់កន្លែងផ្ញើម៉ូតូ​នៅ​អគារមជ្ឈមណ្ឌលភ្នំពេញ។

ក្រុមកូដករ បានស្រែកទៅកាន់អាជ្ញាធរថា៖ «ពួកយើងបានរំសាយកូដកម្មតាមការស្នើ​សុំរបស់អាជ្ញាធរ ហេតុអ្វីនៅតែចាប់ពួកយើង»។

ក្រុមបាតុករ អំពាវនាវឱ្យគោរពសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន ខណៈពួកគេអះអាងថា កូដកម្មនេះ គឺជាវិវាទរវាងក្រុមហ៊ុន និងបុគ្គលិកប៉ុណ្ណោះ ពុំជាប់ពាក់ព័ន្ធអ្វីជាមួយ​អាជ្ញាធរ​ឡើយ។ សម្លេងស្រែកទ្រហឹងរាល់ពេលមានរថយន្តដឹកសម្ថកិច្ចជិះកាត់មុខពួកគេម្ដងៗ។

បុគ្គលិកណាហ្គាវើលដ៍ បានចាប់ផ្តើមធ្វើកូដកម្មតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយការ​ចចារជាច្រើនលើកនៅតែគ្នានដំណោះស្រាយសមរម្យសម្រាប់ពួកគេដែលអាចទទួលយក​បាន។

យោងតាម កញ្ញា ឈឹម ស៊ីថរ បានបញ្ជាក់កាលពីព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ថា ក្នុងចំណោម​៣៦៥នាក់ដែលមិនព្រមទទួលសំណង ហើយទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍​ទទួលយក​ពួកគេចូលធ្វើការវិញ មាន៨៦នាក់ ថាព្រមទទួលយកសំណង​ ប៉ុន្តែក្រោយមកទៀតថា​ អត់ព្រមទទួល ដូច្នេះពួកគេមានជំហរមិនទាន់ច្បាស់នៅឡើយ។

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស  ជុំរុញឱ្យអាជ្ញាធរ ប្រើប្រាស់តួនាទីរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ ដើម្បីស្វែង​រកដំណោះ​ស្រាយក្នុងវិវាទរវាងក្រុមហ៊ុនណាហ្គាវើលហ៍ និងបុគ្គលិកខ្លួននេះ ព្រមទាំងស្នើឱ្យដោះលែងសកម្មជន និងសហជីពណាហ្គាវើលហ៍ទាំង៩នាក់វិញ។

លោកមានប្រសាសន៍ថា៖ «យើងមានការខកចិត្តយ៉ាខ្លាំង និង ថ្កោលទោស​ចំពោះវិធានការ​របស់អាជ្ញាធរមានសម្ថកិច្ចដែលមិនបានអនុវត្តន៍តួនាទី និងកាត្វកិច្ចរបស់ខ្លួនស្របតាមច្បាប់​ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ដែលជាសិទ្ធិ​មូលដ្ឋានរបស់អង្គការវិជ្ជាជីវៈសហជីពដែលបានប្រើប្រាស់ជម្រើសចុងក្រោយរបស់ខ្លួន​ដែលធានាដោយច្បាប់ក្នុងការជំរុញអោយភាគី និយោជកចូលតុចរចារដើម្បីស្វែងរក​ដំណោះស្រាយដោយសន្តិវិធី»។

នៅវេលាម៉ោងប្រមាណជាង១១យប់ជិតឈានចូលដល់ឆ្លងឆ្នាំថ្ងៃទី១ ខែមករា ឆ្នាំ​២០២២  កម្លាំងសម្ថកិច្ចជាច្រើនឡាន បំពាក់ដោយឧបករណ៍បង្រ្កាបបាតុកម្ម បានធ្វើដំណើរទៅមុខ​ក្រុមហ៊ុនណាហ្គាវើលហ៍២។ ក្រោយមកពួកគេបានឈរជើងនៅរង្វង់មូលសម្ដេច ជូន ណាត។

នៅថ្ងៃទី៣១ ខែធ្នូ ២០២១ អភិបាលរាជធានីភ្នំពេញលោក ឃួ​ង ស្រេង បានចេញសេចក្ដីជូនដំណឹង អំពាវនាវឱ្យថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបាតុកម្មដោយខុសច្បាប់ នៅលើផ្លូវសាធារណៈ និងតាមដងផ្លូវ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងករណី​បន្តសកម្មភាពបាតុកម្មដោយខុសច្បាប់និងត្រូវទទួលទោសចំពោះមុខច្បាប់។

លោកឃួង ស្រេង បានថ្លែងប្រាប់ខេមបូចានៅព្រឹកថ្ងៃទី០១ ខែមករា​២០២២នេះថា សហជីព​និងសកម្មជនដែលឃាត់ខ្លួនទាំង៩នាក់នោះ ត្រូវបានចោទប្រកាន់ពីបទ​ធ្វើឱ្យខូច​សណ្ដាប់​ធ្នាប់សាធារណៈ។ ប៉ុន្តែលោកពុំអាចបញ្ជាក់ថាអ្នកទាំង៩នោះ ប្រឈមការចោទប្រកាន់​គ្រប់គ្នា​នឬយ៉ាងណានោះទេ។

លោក ឃួង ស្រេង មានប្រសាសន៍ថា៖ «បើត្រូវគេមិនចាប់ទេ គ្មានអ្នកណាចង់ចាប់មនុស្ស​ទេ។ មើលលិខិតខ្ញុំឡើងវិញ ខ្ញុំចេញបីបួនសារហើយគាត់អត់ដែលគោរពទេ។ លោកបន្តថា៖ «ចោរអត់ដែលសារភាពថាចោរ អ្នកចាញ់ក្ដីអត់ដែលថាយុត្តិធម៌ទេ»។

កញ្ញា ណេត ចរិយា បុគ្គលិកផ្នែកចែកបៀរ និយាយថា មូលហេតុដែលនាំឱ្យ​ពួកគាត់​សម្រេច​តវ៉ារហូតដល់ឆ្លងឆ្នាំនេះគឺមានបំណងឱ្យភ្ញៀវមកលេងកំសាន្តក្នុងក្រុមហ៊ុនបានឃើញថា ក្រុមហ៊ុនបានទុកពួកគាត់ចោល ពុំស្វែងរកដំណោះស្រាយឱ្យ។

កញ្ញា ចរិយា និយាយថា៖ «ព្រោះក្រុមហ៊ុនអត់មានដំណោះស្រាយឱ្យខ្ញុំ ពួកខ្ញុំធ្វើអស់រយៈ​ពេលច្រើនថ្ងៃ ហើយក្រុមហ៊ុននៅតែពុំមានដំណោះស្រាយឱ្យខ្ញុំ ខ្ញុំនៅតែបន្តធ្វើរហូត»។

នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ (IDEA) ចេញសេចក្ដីថ្លែងការណ៍មួយ ដោយសម្ដែងនូវការខកចិត្ត និងថ្កោលទោស​លើនគរបាលរាជធានីភ្នំពេញ ដែលឃាត់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពណាហ្គាវើលដ៍​ចំនួន៩ នាក់ និងអំពាវនាវឱ្យមានការដោះលែងវិញជាបន្ទាន់។ លិខិតដដែលបន្តថា និយោជិត​នៃក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មដោយសន្តិវិធី ដែលជាការអនុវត្តន៍សិទ្ធិ​ជាមូលដ្ឋាន​របស់ពួកគេ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ស្នងការរាជធានីភ្នំពេញ និងអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ​ខណ្ឌចំការមន មិនអាចសុំការអត្ថាធិប្បាយបានទេជុំវិញករណីខាងលើ៕

423 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម